YouVersion Logo
Search Icon

យ៉ូអែល 2

2
ថ្ងៃ​របស់​ព្រះ‌អម្ចាស់
1ចូរ​ផ្លុំ​ស្នែង​នៅ​ក្រុង​ស៊ីយ៉ូន!
ចូរ​នាំ​គ្នា​ស្រែក​ហ៊ោ​នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ
របស់​ព្រះ‌ជាម្ចាស់!
ចូរ​ឲ្យ​អ្នក​ស្រុក​ទាំង​អស់​ញ័រ​រន្ធត់!
ដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​កំពុង​តែ​មក
ថ្ងៃ​នោះ​នៅ​ជិត​បង្កើយ។
2ថ្ងៃ​នោះ​ជា​ថ្ងៃ​ងងឹត​អន្ធការ
ជា​ថ្ងៃ​ដែល​មាន​ពពក និង​ចុះ​អ័ព្ទ។
ហ្វូង​កណ្ដូប​ដ៏​ច្រើន​លើស‌លុប
ប្រៀប​បាន​នឹង​កង‌ទ័ព​ខ្លាំង​ពូកែ
កំពុង​តែ​ចូល​មក ដូច​ពន្លឺ​នៅ​ពេល​ថ្ងៃ​រះ
ចាំង​មក​លើ​ភ្នំ។
តាំង​ពី​ដើម​មក​មិន​ដែល​មាន​ដូច្នេះ​ទេ
ហើយ​នៅ​ពេល​ខាង​មុខ រហូត​ត​រៀង​ទៅ
ក៏​មិន​មាន​ទៀត​ដែរ។
3នៅ​ពី​មុខ​ពួក​វា មាន​ដូច​ជា​ភ្លើង​ឆាប‌ឆេះ
នៅ​ពី​ក្រោយ មាន​ដូច​ជា​អណ្ដាត​ភ្លើង​ដែល
ឆេះ​បំផ្លាញ​ទាំង​អស់​នៅ​មុខ​ពួក​វា
ស្រុក​ប្រៀប​ដូច​ជា​សួន​អេដែន
លុះ​ពួក​វា​ឆ្លង​ផុត ស្រុក​នោះ​ប្រៀប​ដូច​ជា
វាល​រហោ‌ស្ថាន​ដ៏​ហួត‌ហែង
គឺ​គ្មាន​អ្វី​គេច​ផុត​ពី​ពួក​វា​បាន​ទេ។
4 ពួក​វា​ប្រៀប​បី​ដូច​ជា​ទ័ព​សេះ
ពួក​វា​បោល​ទៅ​មុខ​ដូច​កង‌ពល​សេះ
5សន្ធឹក​របស់​ពួក​វា​ឮ​ដូច​សន្ធឹក​រទេះ​ចម្បាំង
ដែល​បោះ‌ពួយ​ទៅ​មុខ​នៅ​លើ​កំពូល​ភ្នំ។
សន្ធឹក​ពួក​វា​ឮ​សូរ​ដូច​ភ្លើង​ឆាប‌ឆេះ​ចំបើង។
ពួក​វា​ប្រៀប​បី​ដូច​ជា​កង‌ទ័ព​ដ៏​ខ្លាំង​ពូកែ
តម្រៀប​គ្នា​ចូល​ប្រយុទ្ធ។
6ជាតិ​សាសន៍​នានា​ញ័រ​រន្ធត់​នៅ​មុខ​ពួក​វា
មនុស្ស​គ្រប់ៗ​គ្នា​មាន​ទឹក​មុខ​ស្លេក‌ស្លាំង។
7ពួក​វា​រត់​ទៅ​មុខ​ដូច​ទាហាន​ដ៏​អង់‌អាច
ពួក​វា​ឡើង​កំពែង​ដូច​អ្នក​ចម្បាំង​ដ៏​ពូកែ
ម្នាក់ៗ​សម្រុក​ទៅ​មុខ
ដោយ​ឥត​ងាក​ចេញ​ពី​ផ្លូវ​របស់​ខ្លួន។
8គ្មាន​នរណា​រុញ​អ្នក​ដែល​នៅ​ក្បែរ​ខ្លួន​ទេ
គឺ​ម្នាក់ៗ​សម្រុក​ទៅ​មុខ​យ៉ាង​ត្រង់
ពួក​វា​លោត​ឆ្លង​ឧបសគ្គ​ទាំង‌ឡាយ
ដោយ​ឥត​បែក​ចេញ​ពី​ជួរ​របស់​ខ្លួន​ឡើយ។
9ពួក​វា​សម្រុក​ចូល​ទៅ​ក្នុង​ទីក្រុង
រត់​នៅ​លើ​កំពែង​ក្រុង
ឡើង​តាម​បង្អួច​ចូល​ទៅ​ក្នុង​ផ្ទះ​នានា
ដូច​ចោរ​ចូល​លួច។
10 ផែនដី​ញ័រ​នៅ​មុខ​ពួក​វា
ផ្ទៃ​មេឃ​ក៏​កក្រើក​រំពើក
ព្រះ‌អាទិត្យ និង​ព្រះ‌ច័ន្ទ​បាត់​រស្មី
ហើយ​ផ្កាយ​ទាំង‌ឡាយ​នឹង​លែង​មាន​ពន្លឺ។
11 ព្រះ‌អម្ចាស់​ចេញ​បញ្ជា​ទៅ​កង‌ទ័ព​របស់​ព្រះអង្គ
ដែល​មាន​ចំនួន​ច្រើន​លើស‌លុប និង​ខ្លាំង​ពូកែ។
ពួក​វា​ធ្វើ​តាម​បញ្ជា​របស់​ព្រះអង្គ
ដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​ជា​ថ្ងៃ​ដ៏​មហិមា
និង​គួរ​ឲ្យ​ស្ញែង​ខ្លាច
គ្មាន​នរណា​អាច​ទ្រាំ‌ទ្រ​បាន​ឡើយ។
ការ​កែ​ប្រែ​ចិត្ត​គំនិត ដោយ​តម​អាហារ
12«ឥឡូវ​នេះ ចូរ​នាំ​គ្នា​វិល​មក​រក​យើង
ដោយ​ស្មោះ​អស់​ពី​ចិត្ត
ចូរ​តម​អាហារ យំ​សោក ហើយ​កាន់​ទុក្ខ»
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
13ចូរ​កែ​ប្រែ​ចិត្ត​គំនិត
កុំ​ហែក​តែ​សម្លៀក‌បំពាក់​ប៉ុណ្ណោះ!
ចូរ​វិល​មក​រក​ព្រះ‌អម្ចាស់
ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​វិញ
ដ្បិត​ព្រះអង្គ​តែងតែ​ប្រណី​សន្ដោស
ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ
ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់
ពោរ‌ពេញ​ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា
ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​ដាក់​ទោស​ទេ។
14ដូច្នេះ ប្រហែល​ជា​ព្រះអង្គ​លែង
ដាក់​ទោស​អ្នក​រាល់​គ្នា
ហើយ​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា​វិញ
គឺ​អ្នក​រាល់​គ្នា​នឹង​មាន​ម្សៅ
ស្រា​ទំពាំង‌បាយជូរ និង​ប្រេង
ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។
15ចូរ​ផ្លុំ​ស្នែង​នៅ​ក្រុង​ស៊ីយ៉ូន!
ចូរ​ធ្វើ​ពិធី​តម​អាហារ ដើម្បី​ញែក​ខ្លួន​ជា​សក្ការៈ
ហើយ​ប្រកាស​ពិធី​បុណ្យ​យ៉ាង​ឱឡា‌រិក!
16ចូរ​ហៅ​ប្រជា‌ជន​មក​ជួប‌ជុំ​គ្នា
ជា​អង្គ​ប្រជុំ​ដ៏វិសុទ្ធ
ចូរ​ប្រមូល​ពួក​ចាស់​ទុំ​ឲ្យ​មក​ជួប‌ជុំ​គ្នា
ចូរ​ប្រមូល​ផ្ដុំ​កូន​ក្មេង
សូម្បី​តែ​ក្មេង​ដែល​នៅ​បៅ​ក៏​ឲ្យ​វា​មក​ដែរ!
ចូរ​ឲ្យ​គូ​ស្វាមី​ភរិយា​ថ្មោង‌ថ្មី​ចេញ​ពី​បន្ទប់!
17ចូរ​ឲ្យ​ក្រុម​បូជា‌ចារ្យ​ជា​អ្នក​បម្រើ​ព្រះ‌អម្ចាស់
នាំ​គ្នា​យំ​សោក​នៅ​ចន្លោះ​ក្លោង​ទ្វារ
និង​អាសនៈ ទាំង​ពោល​ថា:
ព្រះ‌អម្ចាស់​អើយ សូម​អាណិត​មេត្តា​យើង​ខ្ញុំ
ដែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ផង!
សូម​កុំ​បណ្ដោយ​ឲ្យ​ប្រជា‌ជាតិ​ដទៃ
ប្រមាថ​មាក់‌ងាយ និង​ចំអក​ដាក់​ប្រជា‌រាស្ត្រ
របស់​ព្រះអង្គ​ផ្ទាល់​នោះ​ឡើយ។
សូម​កុំ​បណ្ដោយ​ឲ្យ​ជាតិ​សាសន៍​ទាំង‌ឡាយ
ពោល​ថា “តើ​ព្រះ​របស់​ពួក​គេ​នៅ​ឯ​ណា”?
ព្រះ‌បន្ទូល​សន្យា
18 ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​ស្រុក
របស់​ព្រះអង្គ​ខ្លាំង​ណាស់
ព្រះអង្គ​អាណិត‌អាសូរ​ប្រជា‌ជន​របស់​ព្រះអង្គ។
19 ព្រះ‌អម្ចាស់​ឆ្លើយ​តប​នឹង​ពាក្យ​ទូល‌អង្វរ​របស់​ពួក​គេ
ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ពួក​គេ​ថា:
«មើល៍!​យើង​នឹង​ផ្ដល់​ស្រូវ ស្រា​ទំពាំង‌បាយជូរ​ថ្មី
និង​ប្រេង​ឲ្យ​អ្នក​រាល់​គ្នា
អ្នក​រាល់​គ្នា​នឹង​បាន​សម្បូណ៌​ហូរ‌ហៀរ
យើង​នឹង​មិន​ប្រគល់​អ្នក​រាល់​គ្នា​ទៅ​ឲ្យ
ប្រជា‌ជាតិ​ដទៃ​ប្រមាថ​មាក់‌ងាយ​ឡើយ។
20យើង​បណ្ដេញ​ខ្មាំង​សត្រូវ​ដែល​មក​ពី​ស្រុក
ខាង​ជើង​ឲ្យ​ចេញ​ឆ្ងាយ​ពី​អ្នក​រាល់​គ្នា
យើង​នឹង​កម្ចាត់​ពួក​គេ​ឲ្យ​ទៅ​នៅ
វាល​រហោ‌ស្ថាន​ដ៏​ស្ងួត​ហួត‌ហែង។
យើង​នឹង​បោះ​ជួរ​ទ័ព​របស់​គេ​ដែល​នៅ​ខាង​មុខ
ទៅ​ក្នុង​សមុទ្រ​ខាង​កើត
ហើយ​ជួរ​ទ័ព​ដែល​នៅ​ខាង​ក្រោយ
ទៅ​ក្នុង​សមុទ្រ​ខាង​លិច។
សាក‌សព​របស់​ពួក​គេ​នឹង​ចោល​ក្លិន​អសោច
ក្លិន​គំរង់​របស់​ពួក​គេ​ក៏​សាយ​ឡើង​ដែរ
ដ្បិត​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ព្រៃ‌ផ្សៃ​បំផុត»។
21ទឹក​ដី​អើយ ចូរ​កុំ​ភ័យ​បារម្ភ​អ្វី
ចូរ​ត្រេក​អរ​សប្បាយ​រីក‌រាយ​ឡើង
ដ្បិត​ព្រះ‌អម្ចាស់​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យ​បំផុត!
22សត្វ​ព្រៃ​ទាំង‌ឡាយ​អើយ ចូរ​កុំ​ភ័យ​បារម្ភ​អ្វី
ដ្បិត​វាល​ស្មៅ​នឹង​មាន​ស្មៅ​ដុះ​ខៀវ​ខ្ចី​ឡើង​វិញ
ដើម​ឈើ​នឹង​មាន​ផ្លែ
ហើយ​ដើម​ឧទុម្ពរ និង​ចម្ការ​ទំពាំង‌បាយជូរ
ក៏​បង្កើត​ភោគ‌ផល​ឡើង​វិញ​ដែរ។
23អ្នក​រាល់​គ្នា​ជា​ប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូន​អើយ
ចូរ​អរ​សប្បាយ​រីក‌រាយ​ឡើង
ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា
ប្រទាន​ទឹក​ភ្លៀង​មក​សង្គ្រោះ​អ្នក​រាល់​គ្នា​ហើយ!
ព្រះអង្គ​បង្អុរ​ភ្លៀង​មក​ឲ្យ​អ្នក​រាល់​គ្នា
តាំង​ពី​ដើម​រដូវ​រហូត​ដល់​ចុង​រដូវ
ដូច​កាល​ពី​មុន​ដែរ។
24លាន​បោក​ស្រូវ​នឹង​មាន​ពោរ‌ពេញ
ដោយ​ស្រូវ​ឡើង​វិញ
ហើយ​ពាង​ក៏​មាន​ស្រា​ទំពាំង‌បាយជូរ​ថ្មី
និង​ប្រេង ពេញ​ហូរ‌ហៀរ​ឡើង​វិញ​ដែរ។
25រីឯ​ភោគ‌ផល​របស់​អ្នក​រាល់​គ្នា
ខាត​បង់​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ដែល
យើង​ចាត់​ហ្វូង​កណ្ដូប ចង្រិត ដង្កូវ និង​ក្រា
ដូច​កង‌ទ័ព​មួយ​យ៉ាង​ធំ ឲ្យ​មក​ស៊ី​បង្ហិន
យើង​នឹង​សង​អ្នក​រាល់​គ្នា​វិញ។
26អ្នក​រាល់​គ្នា​នឹង​មាន​អាហារ​បរិភោគ
យ៉ាង​ឆ្អែត​បរិបូណ៌
រួច​អ្នក​រាល់​គ្នា​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់
ជា​ព្រះ​របស់​អ្នក​រាល់​គ្នា
ព្រោះ​ព្រះអង្គ​បាន​ធ្វើ​ការ​អស្ចារ្យ
សម្រាប់​អ្នក​រាល់​គ្នា។
ពេល​នោះ ប្រជា‌រាស្ត្រ​របស់​យើង
នឹង​លែង​អាម៉ាស់​មុខ​ទៀត​ហើយ។
27អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា
យើង​គង់​នៅ​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល
យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា
ក្រៅ​ពី​យើង គ្មាន​ព្រះ​ណា​ផ្សេង​ទៀត​ទេ
ពេល​នោះ ប្រជា‌ជន​របស់​យើង
នឹង​លែង​អាម៉ាស់​ទៀត​ហើយ។
ព្រះ‌អម្ចាស់​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​លើ​មនុស្ស​ទាំង​អស់
28 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:
ក្រោយ​មក​ទៀត
យើង​នឹង​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​របស់​យើង
មក​លើ​មនុស្ស​លោក​ទាំង​អស់។
កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា
នឹង​ថ្លែង​ព្រះ‌បន្ទូល
ពួក​ចាស់​ទុំ​របស់​អ្នក​រាល់​គ្នា​នឹង​យល់​សុបិន‌និមិត្ត
ហើយ​ពួក​យុវជន​នឹង​និមិត្ត​ឃើញ​ការ​អស្ចារ្យ។
29ក្រោយ​មក សូម្បី​តែ​អ្នក​បម្រើ​ប្រុស​ស្រី
ក៏​យើង​នឹង​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​របស់​យើង
ទៅ​លើ​ពួក​គេ​ដែរ។
30យើង​នឹង​សម្តែង​ឫទ្ធិ‌បាដិហារិយ៍
នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី
គឺ​មាន​ឈាម មាន​ភ្លើង និង​កម្សួល​ផ្សែង។
31 ពេល​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​មក​ដល់
គឺ​ជា​ថ្ងៃ​ដ៏​ឧត្ដុង្គ‌ឧត្ដម គួរ​ឲ្យ​ស្ញែង​ខ្លាច
ព្រះ‌អាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត បាត់​រស្មី
ព្រះ‌ច័ន្ទ​នឹង​ប្រែ​ទៅ​ជា​ឈាម។
32 ពេល​នោះ អ្នក​ណា​អង្វរ​រក​ព្រះ‌នាម
ព្រះ‌អម្ចាស់ អ្នក​នោះ​នឹង​ទទួល​ការ​សង្គ្រោះ។
នៅ​លើ​ភ្នំ​ស៊ីយ៉ូន និង​នៅ​ក្រុង​យេរូ‌សាឡឹម
អ្នក​ខ្លះ​នឹង​គេច​ផុត​ពី​មហន្ត‌រាយ
ដូច​ព្រះ‌អម្ចាស់​បាន​សន្យា​ទុក។
អស់​អ្នក​ដែល​ព្រះ‌អម្ចាស់​ត្រាស់​ហៅ
នឹង​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​រួច​ជីវិត​ទាំង​នោះ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy