លោកុប្បត្តិ 48
48
លោកយ៉ាកុបឲ្យពរកូនរបស់លោកយ៉ូសែប
1ក្រោយមក មានគេជម្រាបលោកយ៉ូសែបថា ឪពុករបស់លោកមានជំងឺ។ លោកក៏ទៅជួបឪពុក ទាំងនាំកូនប្រុសរបស់លោកទាំងពីរនាក់ គឺម៉ាណាសេ និងអេប្រាអ៊ីមទៅជាមួយផង។ 2គេជម្រាបលោកយ៉ាកុបថា៖ «លោកយ៉ូសែបជាកូនមករកជួបលោក»។ លោកអ៊ីស្រាអែលក៏ប្រមូលកម្លាំង ក្រោកអង្គុយលើគ្រែ។ 3#លប. ២៨.១៣-១៩លោកយ៉ាកុបមានប្រសាសន៍ទៅលោកយ៉ូសែបថា៖ «ព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត ដែលយាងមកឲ្យពុកឃើញនៅលូស#៤៨.៣ សូមអាន ២៨.១៩។ ក្នុងស្រុកកាណាន បានប្រទានពរពុក។ 4ព្រះអង្គមានព្រះបន្ទូលមកពុកថា “យើងនឹងធ្វើឲ្យអ្នកមានកូនចៅជាច្រើន និងកើនចំនួនឡើងបានទៅជាប្រជាជាតិដ៏ច្រើន។ យើងនឹងប្រគល់ទឹកដីនេះឲ្យពូជពង្សរបស់អ្នក ទុកជាកម្មសិទ្ធិរហូតតទៅ”។ 5ឥឡូវនេះ កូនទាំងពីររបស់កូនដែលកើតនៅស្រុកអេស៊ីប មុនពេលពុកមកដល់ ត្រូវរាប់ជាកូនរបស់ពុក គឺអេប្រាអ៊ីម និងម៉ាណាសេ នឹងត្រូវរាប់ជាកូនរបស់ពុកដូចរូបេន និងស៊ីម្មានដែរ។ 6ចំពោះកូនឯទៀតៗដែលកូនបានបង្កើតមកតាមក្រោយ ទើបរាប់ថាជាកូនរបស់កូន។ កូនៗដែលកើតមកតាមក្រោយនោះនឹងទទួលកេរមត៌ក តាមរយៈអេប្រាអ៊ីម និងម៉ាណាសេ។ 7#លប. ៣៥.១៦-១៩ពេលពុកត្រឡប់មកពីស្រុកប៉ាដាន់វិញ រ៉ាជែល ម្ដាយកូន បានស្លាប់នៅនឹងដៃឪពុក ជិតភូមិអេប្រាតា នៅស្រុកកាណាន ពុកបានបញ្ចុះសពម្ដាយកូននៅទីនោះ តាមផ្លូវទៅអេប្រាតា គឺភូមិបេថ្លេហិម»។
8លោកអ៊ីស្រាអែលសម្លឹងមើលកូនប្រុសរបស់លោកយ៉ូសែប ហើយសួរថា៖ «អ្នកទាំងពីរជានរណា?»។ 9លោកយ៉ូសែបឆ្លើយថា៖ «នេះជាកូនៗដែលព្រះជាម្ចាស់ប្រទានមកកូន នៅស្រុកនេះ»។ លោកអ៊ីស្រាអែលមានប្រសាសន៍ថា៖ «ចូរកូននាំវាចូលមកជិតពុកមក៍ ពុកនឹងឲ្យពរវា»។ 10ពេលនោះ ភ្នែករបស់លោកអ៊ីស្រាអែលចុះអន់ថយ ព្រោះលោកចាស់ហើយ មើលអ្វីពុំឃើញទៀតទេ។ លោកយ៉ូសែបនាំកូនចូលទៅជិតឪពុក លោកអ៊ីស្រាអែលក៏ឱបថើបចៅ។ 11លោកអ៊ីស្រាអែលមានប្រសាសន៍ថា៖ «កាលពីមុន ពុកគ្មានសង្ឃឹមថានឹងឃើញមុខកូនទៀតទេ។ ក៏ប៉ុន្តែឥឡូវនេះ ព្រះជាម្ចាស់បានប្រោសឲ្យពុកឃើញពូជពង្សរបស់កូនថែមទៀត!»។ 12លោកយ៉ូសែបបានយកកូនៗចេញពីភ្លៅឪពុក រួចលោកក្រាបចុះ ឱនមុខដល់ដី#៤៨.១២ ជាពិធីមួយដែលបញ្ជាក់ថា លោកយ៉ាកុបទទួលអេប្រាអ៊ីម និងម៉ាណាសេជាកូនចិញ្ចឹម។។ 13បន្ទាប់មក លោកយ៉ូសែបនាំកូនទាំងពីរចូលមកជិតឪពុក លោកកាន់អេប្រាអ៊ីមនៅដៃស្ដាំ គឺឲ្យនៅខាងឆ្វេងលោកអ៊ីស្រាអែល និងកាន់ម៉ាណាសេនៅដៃឆ្វេង គឺនៅខាងស្ដាំលោកអ៊ីស្រាអែល។ 14លោកអ៊ីស្រាអែលបានខ្វែងដៃ គឺលោកដាក់ដៃស្ដាំលើក្បាលអេប្រាអ៊ីមជាប្អូន និងដាក់ដៃឆ្វេងលើក្បាលម៉ាណាសេជាកូនច្បង 15រួចលោកឲ្យពរលោកយ៉ូសែបថា៖
«សូមព្រះជាម្ចាស់ដែលលោកអប្រាហាំ
និងលោកអ៊ីសាកធ្លាប់គោរពបម្រើ
សូមព្រះជាម្ចាស់ដែលថែរក្សាពុក
តាំងពីពុកកើតមក រហូតដល់សព្វថ្ងៃ
16សូមទេវតា ដែលបានរំដោះពុកឲ្យរួចផុត
ពីគ្រោះថ្នាក់គ្រប់យ៉ាង
ប្រទានពរកូនប្រុសទាំងពីរ!
សូមឲ្យគេរំឭកឈ្មោះពុក
ឈ្មោះរបស់លោកអប្រាហាំជាជីតា
និងឈ្មោះរបស់លោកអ៊ីសាកជាឪពុករបស់ពុក
តាមរយៈកូនទាំងពីរ។
សូមឲ្យកូនទាំងពីរមានកូនចៅ
ជាច្រើនអនេកនៅក្នុងស្រុកនេះ!»។
17លោកយ៉ូសែបឃើញឪពុកដាក់ដៃស្ដាំលើក្បាលអេប្រាអ៊ីមដូច្នេះ លោកមិនពេញចិត្តទេ។ លោកទាញដៃឪពុកចេញពីក្បាលអេប្រាអ៊ីម យកទៅដាក់លើក្បាលរបស់ម៉ាណាសេ។ 18លោកយ៉ូសែបជម្រាបឪពុកថា៖ «មិនមែនដូច្នេះទេពុក កូនបងនៅខាងនេះ សូមដាក់ដៃស្ដាំលើក្បាលវាឯណេះវិញ»។ 19ប៉ុន្តែ ឪពុកលោកប្រកែកថា៖ «ពុកដឹងហើយកូន ពុកដឹងហើយថាម៉ាណាសេជាកូនច្បង វាក៏នឹងបានទៅជាប្រជាជាតិមួយដ៏ធំដែរ។ ប៉ុន្តែ ប្អូនរបស់វានឹងបានទៅជាប្រជាជាតិមួយធំជាងវាទៅទៀត។ ពូជពង្សរបស់អេប្រាអ៊ីមនឹងបានទៅជាប្រជាជាតិដ៏ធំ»។ 20#ហប. ១១.២១នៅថ្ងៃនោះ លោកអ៊ីស្រាអែលឲ្យពរកូនទាំងពីរនាក់ថា៖ «ជនជាតិអ៊ីស្រាអែលនឹងយកឈ្មោះកូនទាំងពីរទៅឲ្យពរគ្នាថា: សូមព្រះជាម្ចាស់ប្រោសប្រទានឲ្យអ្នកបានចម្រុងចម្រើន ដូចអេប្រាអ៊ីម និងម៉ាណាសេ!»។ លោកអ៊ីស្រាអែលហៅឈ្មោះអេប្រាអ៊ីមមុនម៉ាណាសេ។ 21លោកអ៊ីស្រាអែលមានប្រសាសន៍ទៅលោកយ៉ូសែបថា៖ «មើល៍ ពុកជិតលាចាកលោកនេះហើយ! ប៉ុន្តែ ព្រះជាម្ចាស់គង់នៅជាមួយកូនៗទាំងអស់គ្នា ព្រះអង្គក៏នឹងនាំកូនៗវិលត្រឡប់ទៅស្រុករបស់ដូនតាកូនវិញដែរ។ 22ពុកឲ្យតំបន់ស៊ីគែមដល់កូន គឺមួយចំណែកលើសបងប្អូនរបស់កូន ជាដីដែលពុកបានរឹបយកពីជនជាតិអាម៉ូរី ដោយដាវ និងធ្នូរបស់ពុកផ្ទាល់»។
اکنون انتخاب شده:
លោកុប្បត្តិ 48: គខប
هایلایت
به اشتراک گذاشتن
کپی
می خواهید نکات برجسته خود را در همه دستگاه های خود ذخیره کنید؟ برای ورودثبت نام کنید یا اگر ثبت نام کرده اید وارد شوید
Khmer Standard Version © 2005 United Bible Societies.