និក្ខមនំ ពាក្យលំនាំ
ពាក្យលំនាំ
ក្នុងកណ្ឌ «និក្ខមនំ» មានរៀបរាប់អំពីព្រះជាម្ចាស់រំដោះប្រជាជនអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់ព្រះអង្គ។ ព្រះអង្គបង្ហាញឲ្យពួកគេស្គាល់ព្រះអង្គ ដោយរំដោះពួកគេពីទាសភាព នៅស្រុកអេស៊ីប: «យើងព្រះអម្ចាស់ ជាព្រះរបស់អ្នក! យើងបាននាំអ្នកចេញពីស្រុកអេស៊ីប ជាស្រុកដែលអ្នកធ្វើជាទាសករ»(នក២០.២)។ បទបញ្ជាទាំងដប់ប្រការក៏ជាគ្រឹះនៃសេរីភាពថ្មីនេះដែរ គឺព្រះជាម្ចាស់ដែលមានព្រះហឫទ័យមេត្តាករុណារំដោះជនជាតិយូដា ទ្រង់សព្វព្រះហឫទ័យឲ្យពួកគេបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះអង្គ ដោយប្រព្រឹត្តតាមវិន័យទាំងនេះ។
ក្នុងកណ្ឌគម្ពីរ «និក្ខមនំ» មានរៀបរាប់អំពីព្រឹត្តិការណ៍ដូចតទៅ៖
• ប្រជាជនអ៊ីស្រាអែលដែលភៀសខ្លួនទៅនៅស្រុកអេស៊ីបបានកើនចំនួនឡើង ប៉ុន្តែ ពួកគេក្លាយទៅជាទាសកររបស់ម្ចាស់ស្រុក។ ព្រះអម្ចាស់ត្រាស់ហៅលោកម៉ូសេ និងចាត់លោកឲ្យទៅរំដោះប្រជាជនអ៊ីស្រាអែលចេញពីស្រុកអេស៊ីប (១.១-១៥.២១)។
• ព្រះជាម្ចាស់នាំអ៊ីស្រាអែលឆ្លងកាត់វាលរហោស្ថានរហូតដល់ភ្នំស៊ីណៃ (១៥.២២-១៨.២៧)។
• ព្រះជាម្ចាស់ចងសម្ពន្ធមេត្រីជាមួយប្រជាជនអ៊ីស្រាអែល (១៩.១-២៤.១៨) គឺព្រះអង្គទទួលពួកគេធ្វើជាប្រជារាស្ដ្រផ្ទាល់របស់ព្រះអង្គ ហើយពួកគេក៏ប្ដេជ្ញាចិត្តគោរពបម្រើព្រះអង្គ ទុកជាព្រះរបស់ពួកគេ ដោយប្រតិបត្តិតាមវិន័យរបស់ព្រះអង្គ។
• ព្រះជាម្ចាស់ប្រទានបទបញ្ជាសម្រាប់សង់ព្រះពន្លា (២៥-៣១)។
• ជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើបាប ដោយគោរពថ្វាយបង្គំរូបកូនគោ ព្រះអង្គដាក់ទោសពួកគេ (៣២-៣៤)។
• ជនជាតិអ៊ីស្រាអែលសង់ទីសក្ការៈ (៣៥-៤០)។
ព្រឹត្តិការណ៍ទាំងនេះកើតមាននៅសតវត្សរ៍ទី១៣ មុនគ.ស. គឺក្នុងសម័យលោកម៉ូសេ។ តាំងពីជំនាន់នោះរហូតដល់សតវត្សរ៍ទី១០ អ្នកស្រុកតែងតំណាលពីព្រឹត្តិការណ៍ទាំងនេះប្រាប់កូនចៅតៗគ្នា។ ក្រោយមក ជនជាតិអ៊ីស្រាអែលបានកត់ត្រាព្រឹត្តិការណ៍ទាំងនោះជាលាយលក្ខណ៍អក្សរបន្តបន្ទាប់គ្នា ដោយមានបំណងចង់អប់រំជំនឿដល់ប្រជាជនដែលរស់នៅក្នុងជំនាន់របស់ពួកគេរៀងៗខ្លួន។
សេចក្ដីដែលមានចែងក្នុងកណ្ឌ «និក្ខមនំ»នេះ ជួយអប់រំមនុស្សយើងឲ្យស្គាល់ព្រះជាម្ចាស់កាន់តែច្បាស់ឡើងៗ និងឲ្យស្គាល់គម្រោងការរបស់ព្រះអង្គដែរ គឺព្រះជាម្ចាស់បានជ្រើសរើសប្រជាជនមួយ ហើយណែនាំគេ ដើម្បីរៀបចំផ្លូវថ្វាយព្រះយេស៊ូ ដែលយាងមកចងសម្ពន្ធមេត្រីថ្មី និងសង្គ្រោះមនុស្សលោកទាំងអស់។
اکنون انتخاب شده:
និក្ខមនំ ពាក្យលំនាំ: គខប
هایلایت
به اشتراک گذاشتن
کپی
می خواهید نکات برجسته خود را در همه دستگاه های خود ذخیره کنید؟ برای ورودثبت نام کنید یا اگر ثبت نام کرده اید وارد شوید
Khmer Standard Version © 2005 United Bible Societies.