និក្ខមនំ 3
3
1លោកម៉ូសេឃ្វាលហ្វូងសត្វរបស់លោកយេត្រូ ជាឪពុកក្មេករបស់លោក និងជាបូជាចារ្យនៅស្រុកម៉ាឌាន។ លោកនាំហ្វូងសត្វទៅខាងនាយវាលរហោស្ថាន រហូតដល់ភ្នំហោរែប#៣.១ ភ្នំហោរែប និងភ្នំស៊ីណៃ ជាកន្លែងតែមួយ។ ជាភ្នំរបស់ព្រះជាម្ចាស់។ 2#កក. ៧.៣០-៣៤នៅទីនោះ ទេវតា*របស់ព្រះអម្ចាស់បង្ហាញខ្លួនក្នុងអណ្ដាតភ្លើង ដែលឆេះចេញពីកណ្ដាលគុម្ពោត ឲ្យលោកឃើញ។ លោកឃើញភ្លើងចេញពីគុម្ពោត តែគុម្ពោតមិនឆេះទេ។ 3លោកម៉ូសេក៏គិតថា៖ «ខ្ញុំនឹងឆៀងទៅមើលអព្ភូតហេតុនេះ ហេតុអ្វីបានជាគុម្ពោតមិនឆេះ?»។ 4ព្រះអម្ចាស់ឃើញលោកម៉ូសេឆៀងចូលមកជិតដូច្នេះ ព្រះអង្គហៅលោកពីក្នុងគុម្ពោតថា៖ «ម៉ូសេអើយ! ម៉ូសេ!»។ លោកម៉ូសេទូលឆ្លើយថា៖ «ក្រាបទូល!»។ 5ព្រះអង្គមានព្រះបញ្ជាថា៖ «កុំមកជិតកន្លែងនេះ! ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងដែលអ្នកឈរនេះជាដីដ៏វិសុទ្ធ។ 6យើងជាព្រះដែលឪពុកអ្នកតែងគោរពបម្រើ គឺព្រះរបស់អប្រាហាំ អ៊ីសាក និងយ៉ាកុប»។ លោកម៉ូសេខ្ទប់មុខ ព្រោះមិនហ៊ានមើលព្រះជាម្ចាស់។ 7ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងបានឃើញទុក្ខលំបាករបស់ប្រជារាស្ត្រយើងនៅស្រុកអេស៊ីប យើងក៏បានឮសម្រែករបស់គេ ព្រោះតែមេត្រួតត្រាវាយដំដែរ។ យើងដឹងអំពីទុក្ខវេទនារបស់ពួកគេហើយ។ 8ដូច្នេះ យើងចុះមក ដើម្បីរំដោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប។ យើងនឹងនាំពួកគេចេញពីស្រុកនោះទៅនៅស្រុកមួយមានជីជាតិល្អ ធំទូលាយ ជាស្រុកដែលមានភោគទ្រព្យសម្បូណ៌ហូរហៀរ#៣.៨ ឃ្លាដើម «ស្រុកដែលពេញហូរហៀរដោយទឹកដោះគោ និងទឹកឃ្មុំ»។ គឺស្រុករបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។ 9ឥឡូវនេះ សម្រែករបស់ជនជាតិអ៊ីស្រាអែលបានលាន់ឮដល់យើង ហើយយើងក៏ឃើញជនជាតិអេស៊ីបជិះជាន់សង្កត់សង្កិនពួកគេដែរ។ 10ឥឡូវនេះ យើងចាត់អ្នកឲ្យទៅជួបស្ដេចផារ៉ោន។ ចូរទៅនាំជនជាតិអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់យើងចេញពីស្រុកអេស៊ីប»។#៣.១០ ពីខ ២ ដល់ ១០ សូមអាន កក. ៧.៣០-៣៤។
ព្រះជាម្ចាស់សម្តែងឲ្យលោកម៉ូសេស្គាល់ព្រះនាមរបស់ព្រះអង្គ
11លោកម៉ូសេទូលព្រះជាម្ចាស់ថា៖ «តើទូលបង្គំមានឋានៈអ្វីបានជាទូលបង្គំត្រូវទៅជួបព្រះចៅផារ៉ោន និងនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីបដូច្នេះ?»។
12ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងនៅជាមួយអ្នកហើយ! កាលណាអ្នកនាំជនជាតិអ៊ីស្រាអែលចេញផុតពីស្រុកអេស៊ីប អ្នករាល់គ្នាត្រូវមកគោរពបម្រើយើងនៅលើភ្នំនេះ ដែលជាទីសម្គាល់ថា យើងបានចាត់អ្នកឲ្យទៅមែន»។
13 #
នក. ៦.២-៣
លោកម៉ូសេទូលព្រះជាម្ចាស់ថា៖ «បពិត្រព្រះជាម្ចាស់! ទូលបង្គំនឹងទៅជួបជនជាតិអ៊ីស្រាអែល ហើយប្រាប់ពួកគេថា: ព្រះរបស់បុព្វបុរសអ្នករាល់គ្នាបានចាត់ខ្ញុំឲ្យមកជួបអ្នករាល់គ្នា។ ប្រសិនបើពួកគេសួរថា ព្រះអង្គព្រះនាមអ្វីនោះ តើទូលបង្គំប្រាប់ពួកគេដូចម្ដេច?»។ 14#វវ. ១.៤, ៨ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «យើងជាព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ#៣.១៤ ពាក្យដើម «ខ្ញុំ គឺជាខ្ញុំ» មានន័យថា ព្រះអម្ចាស់ ជាព្រះដែលមានព្រះជន្មគង់នៅរហូត គ្មានដើមកំណើត គ្មានចុងបញ្ចប់។ ក្នុងភាសាហេប្រឺ គេអានព្រះនាមដែលព្រះអង្គសម្តែងប្រាប់លោកម៉ូសេនេះថា «យ៉ាវ៉េ» ដែលយើងប្រែថា «ព្រះអម្ចាស់»។។ អ្នកត្រូវប្រាប់ជនជាតិអ៊ីស្រាអែលថា “ព្រះអម្ចាស់ដែលមានជីវិតគង់នៅ” ចាត់ខ្ញុំឲ្យមកជួបអ្នករាល់គ្នា»។ 15ព្រះជាម្ចាស់មានព្រះបន្ទូលថែមទៀតថា៖ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅនេះ: “ព្រះអម្ចាស់ជាព្រះរបស់បុព្វបុរសអ្នករាល់គ្នា គឺព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ចាត់ខ្ញុំឲ្យមកជួបអ្នករាល់គ្នា”។ នេះជានាមរបស់យើង ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច សម្រាប់ឲ្យមនុស្សលោកនឹកដល់យើងអស់កល្បជាអង្វែងតរៀងទៅ។ 16ចូរទៅប្រមូលចាស់ទុំនៃជនជាតិអ៊ីស្រាអែល ប្រាប់ថា “ព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា គឺព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប បានបង្ហាញឲ្យខ្ញុំឃើញព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលថា: យើងបានឃើញគេជិះជាន់សង្កត់សង្កិនអ្នករាល់គ្នានៅស្រុកអេស៊ីប។ 17យើងនឹងនាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ជាកន្លែងដែលអ្នករាល់គ្នារងទុក្ខ ឆ្ពោះទៅកាន់ស្រុករបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស ជាស្រុកដែលមានភោគទ្រព្យសម្បូណ៌ហូរហៀរហើយ”។ 18ពួកគេនឹងស្ដាប់ពាក្យរបស់អ្នក រួចអ្នកនឹងចូលទៅជួបស្ដេចស្រុកអេស៊ីបជាមួយចាស់ទុំជនជាតិអ៊ីស្រាអែល ហើយទូលថា “ព្រះអម្ចាស់ជាព្រះនៃជនជាតិហេប្រឺ បានយាងមកជួបយើងខ្ញុំ។ ឥឡូវនេះ សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅវាលរហោស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ”។ 19យើងដឹងថា ស្ដេចស្រុកអេស៊ីបមិនអនុញ្ញាតឲ្យអ្នករាល់គ្នាចេញមកទេ ទាល់តែយើងប្រើបារមីដ៏ខ្លាំងពូកែបង្ខំ ទើបស្ដេចយល់ព្រម។ 20យើងនឹងសម្តែងបារមីប្រហារស្រុកអេស៊ីប ដោយធ្វើការអស្ចារ្យគ្រប់យ៉ាង នៅក្នុងចំណោមពួកគេ។ បន្ទាប់មក ទើបស្ដេចអនុញ្ញាតឲ្យអ្នករាល់គ្នាចេញពីស្រុកនោះ។ 21#នក. ១២.៣៥-៣៦យើងនឹងធ្វើឲ្យជនជាតិអេស៊ីបអនុគ្រោះដល់ប្រជាជនរបស់អ្នក ហើយពេលអ្នករាល់គ្នាចេញមកនោះ មិនមែនចេញមកដោយដៃទទេឡើយ។ 22ស្ត្រីអ៊ីស្រាអែលម្នាក់ៗនឹងសុំរបស់របរពីស្ត្រីជាតិអេស៊ីប ដែលនៅជិតខាង ឬរស់នៅជាមួយគ្នា គឺមានមាសប្រាក់ ព្រមទាំងសម្លៀកបំពាក់ដែលអ្នករាល់គ្នាយកមកឲ្យកូនប្រុសកូនស្រីរបស់ខ្លួន។ អ្នករាល់គ្នានឹងរឹបអូសអ្វីៗទាំងអស់ពីជនជាតិអេស៊ីប»។
اکنون انتخاب شده:
និក្ខមនំ 3: គខប
هایلایت
به اشتراک گذاشتن
کپی
می خواهید نکات برجسته خود را در همه دستگاه های خود ذخیره کنید؟ برای ورودثبت نام کنید یا اگر ثبت نام کرده اید وارد شوید
Khmer Standard Version © 2005 United Bible Societies.