និក្ខមនំ 11
11
ការប្រកាសអំពីគ្រោះកាចចុងក្រោយ
1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងនាំគ្រោះកាចមួយទៀត ជាគ្រោះកាចចុងក្រោយ មកប្រហារស្ដេចផារ៉ោន និងស្រុកអេស៊ីប។ លើកនេះ ស្ដេចពិតជាបើកឲ្យអ្នករាល់គ្នាចេញទៅពុំខាន។ ស្ដេចមិនត្រឹមតែបើកឲ្យអ្នករាល់គ្នាទៅតែប៉ុណ្ណោះទេ គឺថែមទាំងដេញអ្នករាល់គ្នាឲ្យទៅរហូត។ 2ចូរប្រាប់កូនចៅអ៊ីស្រាអែលទាំងប្រុសទាំងស្រី ឲ្យសុំរបស់របរជាមាសជាប្រាក់ពីអ្នកជិតខាង»។ 3ព្រះអម្ចាស់ធ្វើឲ្យជនជាតិអេស៊ីបស្រឡាញ់រាប់អានជនជាតិអ៊ីស្រាអែល។ ម្យ៉ាងទៀត ពួកនាម៉ឺនមន្ត្រីរបស់ស្ដេចផារ៉ោន និងប្រជាជននៅស្រុកអេស៊ីប នាំគ្នាគោរពលោកម៉ូសេយ៉ាងខ្លាំង។
4លោកម៉ូសេទូលព្រះចៅផារ៉ោនថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “នៅកណ្ដាលអធ្រាត្រ យើងនឹងឆ្លងកាត់ស្រុកអេស៊ីប។ 5កូនច្បងទាំងអស់នៃស្រុកអេស៊ីបនឹងត្រូវស្លាប់ គឺចាប់ពីបុត្រច្បងរបស់ស្ដេចផារ៉ោន ដែលត្រូវឡើងសោយរាជ្យ រហូតដល់កូនប្រុសច្បងរបស់ទាសី ដែលជាអ្នកកិនស្រូវ ព្រមទាំងកូនដំបូងនៃហ្វូងសត្វទៀតផង។ 6ពេលនោះ ក្នុងស្រុកអេស៊ីបទាំងមូល គេនឹងឮសូរសម្រែកទ្រហោយំ។ តាំងពីដើមរៀងមកមិនធ្លាប់មានដូច្នេះទេ ហើយទៅមុខទៀតក៏គ្មានដែរ។ 7ប៉ុន្តែ ក្នុងចំណោមជនជាតិអ៊ីស្រាអែលវិញ គេមិនឮសំឡេងអ្វីឡើយ សូម្បីឆ្កែក៏មិនឮព្រុសដាក់មនុស្ស ឬសត្វណាមួយផង។ ដូច្នេះ អ្នករាល់គ្នានឹងដឹងថា ព្រះអម្ចាស់មិនធ្វើទោសជនជាតិអ៊ីស្រាអែល ដូចព្រះអង្គធ្វើទោសជនជាតិអេស៊ីបឡើយ”។ 8ពេលនោះ នាម៉ឺនមន្ត្រីទាំងអស់របស់ព្រះករុណានឹងមកក្រាបចុះនៅមុខទូលបង្គំ ហើយពោលថា “សូមលោក និងប្រជាជនរបស់លោកអញ្ជើញទៅចុះ!” ទូលបង្គំនឹងចាកចេញទៅ»។ លោកម៉ូសេចាកចេញពីព្រះចៅផារ៉ោនទៅ ទាំងក្ដៅក្រហាយ។
9 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេទៀតថា៖ «ស្ដេចផារ៉ោននឹងមិនស្ដាប់អ្នករាល់គ្នាទេ ដូច្នេះ យើងនឹងសម្តែងឫទ្ធិបាដិហារិយ៍កាន់តែច្រើនឡើងៗក្នុងស្រុកអេស៊ីប»។
10លោកម៉ូសេ និងលោកអើរ៉ុន បានសម្តែងឫទ្ធិបាដិហារិយ៍ទាំងនោះនៅមុខព្រះចៅផារ៉ោន តែព្រះអម្ចាស់បានធ្វើឲ្យស្ដេចមានព្រះហឫទ័យមានះ មិនព្រមបើកឲ្យកូនចៅអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីបឡើយ។
اکنون انتخاب شده:
និក្ខមនំ 11: គខប
هایلایت
به اشتراک گذاشتن
کپی
می خواهید نکات برجسته خود را در همه دستگاه های خود ذخیره کنید؟ برای ورودثبت نام کنید یا اگر ثبت نام کرده اید وارد شوید
Khmer Standard Version © 2005 United Bible Societies.