YouVersion Logo
Search Icon

ហាបាគូក 1

1
1នេះ​ជា​សេចក្ដី​ប្រកាស ដែល​ព្រះ‌ជាម្ចាស់​សម្តែង​ឲ្យ​ព្យាការី​ហាបា‌គូក​ឃើញ​ក្នុង​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ។
ព្យាការី​ហាបា‌គូក​ទូល​សួរ​ព្រះ‌អម្ចាស់
2 ព្រះ‌អម្ចាស់​អើយ តើ​ទូលបង្គំ​ត្រូវ​ស្រែក​អង្វរ
ព្រះអង្គ​ដល់​កាល​ណា​ទៀត
បើ​ព្រះអង្គ​មិន​ស្ដាប់​ទូលបង្គំ​ដូច្នេះ?
ទូលបង្គំ​ស្រែក​ទូល​ព្រះអង្គ​ស្ដី​អំពី
អំពើ​ឃោរ‌ឃៅ​ដែល​ពួក​គេ​ប្រព្រឹត្ត
ម្ដេច​ក៏​ព្រះអង្គ​មិន​សង្គ្រោះ​យើង​ខ្ញុំ?
3ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ឲ្យ​ទូលបង្គំ
ឃើញ​តែ​អំពើ​អាក្រក់
ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ឃើញ​ការ​សង្កត់‌សង្កិន
ហើយ​នៅ​ស្ងៀម​ដូច្នេះ?
នៅ​ជុំ‌វិញ​ទូលបង្គំ មាន​តែ​ការ​លួច​ប្លន់
អំពើ​ឃោរ‌ឃៅ
និង​ការ​ប្ដឹង‌ផ្ដល់ ទាស់‌ទែង​គ្នា។
4គ្មាន​នរណា​គោរព​ក្រឹត្យ‌វិន័យ រីឯ​យុត្តិធម៌
ក៏​គ្មាន​នរណា​ធ្វើ​តាម​ដែរ
មនុស្ស​អាក្រក់​ឈ្នះ​មនុស្ស​សុចរិត
ចៅ‌ក្រម​វិនិច្ឆ័យ​ទោស ដោយ​អយុត្តិ‌ធម៌។
ចម្លើយ​របស់​ព្រះ‌អម្ចាស់
5 «ចូរ​ក្រឡេក​មើល​ប្រជា‌ជាតិ​នានា
ហើយ​នាំ​គ្នា​ងឿង‌ឆ្ងល់ ស្រឡាំង‌កាំង​ទៅ!
ដ្បិត​ហេតុ‌ការណ៍​មួយ​កំពុង​តែ​កើត​មាន
នៅ​ជំនាន់​អ្នក​រាល់​គ្នា។
ប្រសិន​បើ​គ្រាន់​តែ​ឮ​គេ​និយាយ
នោះ​អ្នក​រាល់​គ្នា​រក​ជឿ​ពុំ​បាន​ឡើយ។
6 មើល៍! យើង​នឹង​នាំ​ជន‌ជាតិ​ខាល់ដេ​មក
ពួក​គេ​ជា​ជាតិ​សាសន៍​សាហាវ​កោង​កាច​បំផុត!
ពួក​គេ​ដើរ​កាត់​ផែនដី​ទាំង​មូល
ដណ្ដើម​យក​ទឹក​ដី​ពី​ជាតិ​សាសន៍​ឯ​ទៀតៗ។
7ពួក​គេ​ជា​មនុស្ស​គួរ​ឲ្យ​ព្រឺ​ខ្លាច
និង​ភ័យ​ញ័រ ពួក​គេ​បង្កើត​ច្បាប់
និង​សិទ្ធិ​អំណាច​ខ្លួន​ឯង។
8សេះ​របស់​ពួក​គេ​បោល​លឿន​ជាង​ខ្លា​រខិន
ហើយ​ពូកែ​ជាង​ចចក​ដែល​រក​ស៊ី
នៅ​ពេល​ព្រលប់​ទៅ​ទៀត។
កង‌ទ័ព​សេះ​របស់​ពួក​គេ​បោះ‌ពួយ​មក​ពី​ចម្ងាយ
ដូច​សត្វ​ឥន្ទ្រី​បោះ‌ពួយ​ចុះ​មក​ចាប់​រំពា។
9ពួក​គេ​នាំ​គ្នា​មក ដើម្បី​កម្ទេច​បំផ្លាញ
ទឹក​មុខ​របស់​ពួក​គេ​សាហាវ​ណាស់
ពួក​គេ​ចាប់​បាន​ឈ្លើយ​សឹក
ដែល​មាន​ចំនួន​ច្រើន​ដូច​គ្រាប់​ខ្សាច់។
10ពួក​គេ​ប្រមាថ​មាក់‌ងាយ​ស្ដេច​នានា
ចំអក​ឡក‌ឡឺយ​ដាក់​មេ​ដឹក​នាំ​ទាំង‌ឡាយ។
ពួក​គេ​មិន​ញញើត​នឹង​កំពែង​ក្រុង​ណា​ឡើយ
គឺ​ពួក​គេ​គ្រាន់​តែ​លើក​ទួល​ឡើង
ហើយ​វាយ​យក​បាន​ទាំង​អស់។
11ពេល​មាន​កម្លាំង ពួក​គេ​បន្ត​ដំណើរ​ទៅ​មុខ
ដូច​ខ្យល់​ព្យុះ ដើម្បី​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ
ពួក​គេ​ចាត់​ទុក​កម្លាំង​របស់​ខ្លួន​ជា​ព្រះ»។
ព្យាការី​ហាបា‌គូក​ទូល​សួរ​ព្រះ‌អម្ចាស់​សា​ជា​ថ្មី
12បពិត្រ​ព្រះ‌អម្ចាស់
ព្រះអង្គ​គង់​នៅ​តាំង​ពី​ដើម​រៀង​មក
ព្រះអង្គ​ជា​ព្រះ​នៃ​ទូលបង្គំ ជា​ព្រះ​ដ៏វិសុទ្ធ
យើង​ខ្ញុំ​នឹង​មិន​ស្លាប់​ទេ!
ព្រះ‌អម្ចាស់​ដែល​ជា​ថ្ម‌ដា​នៃ​ទូលបង្គំ​អើយ
ព្រះអង្គ​បាន​តែង‌តាំង​ខ្មាំង​សត្រូវ
ដើម្បី​វិនិច្ឆ័យ​ទោស​យើង​ខ្ញុំ
ព្រះអង្គ​ពង្រឹង​កម្លាំង​ពួក​គេ
ដើម្បី​វាយ​ប្រដៅ​យើង​ខ្ញុំ។
13ព្រះ‌នេត្រ​របស់​ព្រះអង្គ​បរិសុទ្ធ​ពេក
ព្រះអង្គ​ទ្រាំ​ទត​មើល​អំពើ​អាក្រក់​មិន​បាន​ទេ
ព្រះអង្គ​ក៏​ពុំ​អាច​ទត​មើល​ការ​ជិះ‌ជាន់​បាន​ដែរ។
ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ទ្រាំ​ទត​មើល​ជន​ក្បត់
ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ធ្វើ​ព្រងើយ
ពេល​ឃើញ​មនុស្ស​អាក្រក់​បំផ្លាញ​អ្នក​ដែល
សុចរិត​ជាង​ខ្លួន?
14ព្រះអង្គ​ចាត់​ទុក​មនុស្ស​លោក
ដូច​ត្រី​នៅ​ក្នុង​សមុទ្រ
ឬ​ដូច​សត្វ​លូន​វារ​ដែល​គ្មាន​មេ​កើយ។
15ប្រជា‌ជន​ទាំង​អស់​ត្រូវ​ខ្មាំង​ចាប់
ដូច​ត្រី​ជាប់​សន្ទូច និង​ជាប់​អួន។
ខ្មាំង​បង់​សំណាញ់​ចាប់​ពួក​គេ​យក​ទៅ
ទាំង​មាន​អំណរ​សប្បាយ​ដ៏​លើស‌លុប។
16ពេល​នោះ ខ្មាំង​ធ្វើ​យញ្ញ‌បូជា​សែន​អួន​របស់​គេ
និង​ច្រួច​ទឹក​អប់​សែន​សំណាញ់​របស់​គេ
ព្រោះ​គេ​បាន​អាហារ​ឆ្ងាញ់​យ៉ាង​បរិបូណ៌
ដោយ‌សារ​តែ​គ្រឿង​ឧបករណ៍​ទាំង​នោះ។
17តើ​ដល់​ពេល​ណា​ទើប​ពួក​គេ​ឈប់​ហូត​ដាវ
ប្រហារ​ជីវិត​ប្រជា‌ជាតិ​នានា​ដោយ​ឥត​មេត្តា
បែប​នេះ?

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy