YouVersion Logo
Search Icon

ហាបាគូក 2

2
ការ​ដាក់​ទោស​ជន‌ជាតិ​ខាល់ដេ
1ខ្ញុំ​នឹង​ឡើង​ទៅ​យាម‌ល្បាត
ខ្ញុំ​នឹង​ទន្ទឹង​រង់‌ចាំ​នៅ​លើ​ប៉ម
ចង់​ដឹង​ថា តើ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល
មក​កាន់​ខ្ញុំ​យ៉ាង​ណា
តើ​ព្រះអង្គ​ឆ្លើយ​តប​នឹង​ពាក្យ​តវ៉ា​របស់​ខ្ញុំ
យ៉ាង​ណា​ខ្លះ។
2 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តប​មក​ខ្ញុំ​ដូច​ត​ទៅ៖
«ចូរ​កត់‌ត្រា​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ
ចូរ​ចារ​ទុក​នៅ​លើ​បន្ទះ​ថ្ម
ដើម្បី​ឲ្យ​គេ​ស្រួល​អាន។
3 និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នឹង​សម្រេច​ជា​រូប​រាង
នៅ​គ្រា​ដែល​បាន​កំណត់​ទុក
គឺ​នឹង​មាន​ព្រឹត្តិ‌ការណ៍​កើត​ឡើង
ស្រប​តាម​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ
ឥត​ខុស​ត្រង់​ណា​ឡើយ។
ប្រសិន​បើ​ក្រ​មក​ដល់ ចូរ​ទន្ទឹង​រង់‌ចាំ
ដ្បិត​ព្រឹត្តិ‌ការណ៍​ពិត​ជា​កើត​មាន
ជាក់​ជា​មិន​ខាន។
4 មនុស្ស​ព្រហើន​កោង‌កាច​មុខ​ជា​ត្រូវ​វិនាស
រីឯ​មនុស្ស​សុចរិត​នឹង​រស់​ដោយ‌សារ​ជំនឿ។
5ទ្រព្យ​សម្បត្តិ ​រមែង​នាំ​ឲ្យ​ខក​ចិត្ត
មនុស្ស​អួត​បំប៉ោង​មិន​ដែល​ស្កប់​ចិត្ត​ទេ
គេ​បើក​មាត់​ចំហ​យ៉ាង​ធំ​ដូច​ស្ថាន​មនុស្ស​ស្លាប់
គេ​ប្រៀប​ដូច​ជា​មច្ចុរាជ​ដែល​មិន​ចេះ​ស្កប់​ចិត្ត
គេ​វាយ​លុក​ប្រជា‌ជាតិ​ទាំង​អស់
ហើយ​ប្រមូល​ជាតិ​សាសន៍​ទាំង​អស់
ឲ្យ​មក​នៅ​ក្រោម​អំណាច​របស់​ខ្លួន»។
6ប៉ុន្តែ ប្រជា‌ជាតិ​ទាំង​នោះ​នាំ​គ្នា​និយាយ​ផ្លែ​ផ្កា
ប្រមាថ​មាក់‌ងាយ​ពួក​គេ ដោយ​ពោល​ថា:
អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន
ព្រោះ​អ្នក​ប្រមូល​ទ្រព្យ​អ្នក​ដទៃ
យក​មក​ធ្វើ​ជា​ទ្រព្យ​របស់​ខ្លួន!
តើ​អ្នក​ប្រព្រឹត្ត​ដូច្នេះ​ដល់​កាល​ណា​ទៀត?
អ្នក​ជំពាក់​បំណុល​គេ​កាន់​តែ​ធ្ងន់​ទៅៗ
7ម្ចាស់​បំណុល​នឹង​ក្រោក​ឡើង​ច្របាច់​-ក​អ្នក
ព្រម​ទាំង​អង្រួន​អ្នក
ពួក​គេ​ក៏​នឹង​រឹប​អូស​យក​ទ្រព្យ​របស់​អ្នក
ដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ជន​ដទៃ​ដែរ។
8អ្នក​បាន​ប្លន់​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ
ពី​ប្រជា‌ជាតិ​ជា​ច្រើន​យ៉ាង​ណា
ជាតិ​សាសន៍​ឯ​ទៀតៗ​ក៏​នឹង​ប្លន់​រឹប​អូស
យក​ទ្រព្យ‌សម្បត្តិ​ពី​អ្នក​យ៉ាង​នោះ​ដែរ
ព្រោះ​អ្នក​បាន​បង្ហូរ​ឈាម​មនុស្ស
ហើយ​ប្រព្រឹត្ត​អំពើ​ព្រៃ‌ផ្សៃ​ចំពោះ
ប្រជា‌ជន​ទាំង​អស់​ដែល​រស់​នៅ​ស្រុក
និង​ក្រុង​នានា។
9អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!
ព្រោះ​អ្នក​រក​ទ្រព្យ​បាន​ដោយ​ទុច្ចរិត
ដើម្បី​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​ខ្លួន
ក្លាយ​ទៅ​ជា​អ្នក​មាន
ហើយ​សង់​ផ្ទះ​របស់​ខ្លួន​យ៉ាង​ខ្ពស់
ដោយ​ចង់​គេច​ផុត​ពី​មហន្ត‌រាយ។
10គម្រោង‌ការ​របស់​អ្នក​នឹង​នាំ​ឲ្យ​ក្រុម​គ្រួសារ
របស់​អ្នក​ត្រូវ​អាម៉ាស់។
ដោយ​អ្នក​កម្ទេច​ជាតិ​សាសន៍​ជា​ច្រើន​ដូច្នេះ
អ្នក​នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្លួន​ត្រូវ​វិនាស។
11សូម្បី​តែ​ថ្ម​កំពែង​ក្រុង​ក៏​ចោទ​ប្រកាន់​អ្នក​ដែរ
ហើយ​ឈើ​ធ្នឹម​ស្រែក​បន្ទរ យល់​ស្រប។
12អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!
ព្រោះ​អ្នក​បាន​សង់​ទី​ក្រុង
ដោយ​បង្ហូរ​ឈាម និង​ប្រព្រឹត្ត​បទ‌ឧក្រិដ្ឋ។
13 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ធ្វើ​ឲ្យ
ស្នាដៃ​របស់​ជាតិ​សាសន៍​នានា​រលាយ​ក្នុង​ភ្លើង
ហើយ​ឲ្យ​កិច្ចការ​ដែល​មហា‌ជន​ទាំង‌ឡាយ
ប្រឹង‌ប្រែង​ធ្វើ​ត្រូវ​រលាយ​សូន្យ។
14 សមុទ្រ​ពោរ‌ពេញ​ដោយ​ទឹក​យ៉ាង​ណា
នៅ​ផែនដី​ក៏​មាន​សុទ្ធ​តែ​មនុស្ស​ស្គាល់
សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​យ៉ាង​នោះ​ដែរ។
15អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!
ព្រោះ​អ្នក​បង្អក​ស្រា​ដែល​ប្រៀប​បាន​នឹង
ពិស‌ពុល​ឲ្យ​អ្នក​ដទៃ​ផឹក​ស្រវឹង
ដើម្បី​មើល​កេរ‌ខ្មាស​របស់​គេ!
16អ្នក​មិន​ទទួល​កិត្តិយស​ទេ
ផ្ទុយ​ទៅ​វិញ ទទួល​តែ​ភាព​អាម៉ាស់​យ៉ាង​ខ្លាំង
ចូរ​ផឹក​ស្រា​នេះ​ខ្លួន​ឯង ហើយ​បើក​កេរ‌ខ្មាស
ដែល​មិន​កាត់​ស្បែក​ឲ្យ​គេ​ឃើញ​ទៅ!
ព្រះ‌អម្ចាស់​នឹង​បែរ​ទៅ​ដាក់​ទោស​អ្នក
ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ
ភាព​រុងរឿង​របស់​អ្នក នឹង​ក្លាយ​ទៅ​ជា
ភាព​អាម៉ាស់​វិញ!
17អ្នក​មុខ​ជា​រង​គ្រោះ ព្រោះ​តែ​អំពើ​ឃោរ‌ឃៅ
ដែល​អ្នក​បាន​ប្រព្រឹត្ត​នៅ​ស្រុក​លីបង់។
អ្នក​បាន​សម្លាប់​រង្គាល​ហ្វូង​សត្វ
ដូច្នេះ ហ្វូង​សត្វ​ធ្វើ​ឲ្យ​ភ័យ​ខ្លាច!
អ្នក​បាន​បង្ហូរ​ឈាម​មនុស្ស
ហើយ​ប្រព្រឹត្ត​អំពើ​ព្រៃ‌ផ្សៃ​ចំពោះ
ប្រជា‌ជន​ទាំង​អស់​ដែល​រស់​នៅ​ស្រុក
និង​ក្រុង​នានា។
18តើ​ជាង​ឆ្លាក់​រូប​បដិមា​បាន​ប្រយោជន៍​អ្វី?
គេ​ប្រើ​រូប​ដែល​ធ្វើ​ពី​លង្ហិន
ដើម្បី​ប្រៀន‌ប្រដៅ​បោក​ប្រាស់។
ហេតុ​អ្វី​បាន​ជា​ជាង​ចម្លាក់​ផ្ញើ​ជីវិត​លើ
ព្រះ​ក្លែង‌ក្លាយ មិន​ចេះ​និយាយ​ស្ដី
ជា​រូប​ដែល​គេ​សូន​ដោយ​ដៃ​ខ្លួន​ឯង​ដូច្នេះ?
19អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!
ព្រោះ​អ្នក​ពោល​ទៅ​កាន់​រូប​ឈើ​ថា
“សូម​ក្រោក​ឡើង” ហើយ​ពោល​ទៅ​កាន់​ថ្ម
ដែល​មិន​ចេះ​និយាយ​ថា “សូម​តើន​ឡើង!”។
តើ​ថ្ម​នោះ​បង្រៀន​កើត​ឬ?
រូប​ទាំង​នោះ​ស្រោប​មាស និង​ប្រាក់​មែន
តែ​សុទ្ធ‌សឹង​ជា​រូប​ដែល​គ្មាន​វិញ្ញាណ។
20ផ្ទុយ​ទៅ​វិញ ព្រះ‌អម្ចាស់​គង់​នៅ​ក្នុង​ព្រះ‌វិហារ
ដ៏វិសុទ្ធ​របស់​ព្រះអង្គ
ចូរ​ឲ្យ​ផែនដី​ទាំង​មូល​ស្ងៀម​ស្ងាត់
នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ!

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy