YouVersion Logo
Search Icon

ម៉ាថាយ 28

28
ព្រះ‌យេស៊ូ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ
(ម៉ាកុស ១៦.១-៨ លូកា ២៤.១-១២ យ៉ូហាន ២០.១-១០)
1ក្រោយ​ថ្ងៃ​សប្ប័ទ* គឺ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដា‌ឡា និង​នាង​ម៉ារី​ម្នាក់​ទៀត​នាំ​គ្នា​ទៅ​មើល​ផ្នូរ។ 2ពេល​នោះ ស្រាប់​តែ​ផែនដី​រញ្ជួយ​យ៉ាង​ខ្លាំង ដ្បិត​មាន​ទេវតា*​របស់​ព្រះ‌អម្ចាស់​ចុះ​ពី​ស្ថាន​បរម‌សុខ* មក​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​ផ្នូរ ហើយ​អង្គុយ​លើ​ថ្ម​នោះ​ថែម​ទៀត​ផង។ 3ទេវតា​នោះ​មាន​ទ្រង់‌ទ្រាយ​ភ្លឺ​ដូច​ផ្លេក​បន្ទោរ និង​មាន​សម្លៀក‌បំពាក់​ស​ដូច​សំឡី។ 4ទាហាន​ភ័យ​ញ័រ​ជា​ខ្លាំង ភាំង​ស្មារតី​ដូច​មនុស្ស​ស្លាប់។ 5ទេវតា​និយាយ​ទៅ​កាន់​ស្ត្រីៗ​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី! ខ្ញុំ​ដឹង​ថា​នាងៗ​មក​រក​ព្រះ‌យេស៊ូ ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​ដែល​គេ​បាន​ឆ្កាង។ 6ព្រះអង្គ​មិន​នៅ​ទី​នេះ​ទេ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដូច​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​រួច​មក​ហើយ សុំ​មក​មើល​កន្លែង​ដែល​គេ​ដាក់​ព្រះ‌សព​ព្រះអង្គ​ឯ‌ណេះ​សិន 7ហើយ​សឹម​អញ្ជើញ​ទៅ​ប្រាប់​ពួក​សិស្ស​របស់​ព្រះអង្គ​ជា​ប្រញាប់ ថា​ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ហើយ ឥឡូវ​នេះ ព្រះអង្គ​យាង​ទៅ​ស្រុក​កាលី‌ឡេ​មុន​អ្នក​រាល់​គ្នា។ នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះអង្គ សុំ​នាង​ជ្រាប!»។
8ស្ត្រី​ទាំង​នោះ​ប្រញាប់‌ប្រញាល់​ចេញ​ពី​ផ្នូរ ទាំង​ភ័យ​ទាំង​អរ​យ៉ាង​ខ្លាំង នាំ​ដំណឹង​នេះ​រត់​ទៅ​ជម្រាប​ពួក​សិស្ស។ 9ពេល​នោះ ស្រាប់​តែ​ព្រះ‌យេស៊ូ​យាង​មក​ជួប​ពួក​នាង ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ជម្រាប​សួរ​នាង!»។ នាង​ទាំង​នោះ​ក៏​ចូល​មក​ឱប​ព្រះ‌បាទា ហើយ​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ។ 10ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! សុំ​ទៅ​ប្រាប់​បងប្អូន​ខ្ញុំ​ឲ្យ​ទៅ​ស្រុក​កាលី‌ឡេ​ទៅ គេ​នឹង​ឃើញ​ខ្ញុំ​នៅ​ទី​នោះ»។
11កាល​ស្ត្រី​ទាំង​នោះ​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ ទាហាន​ខ្លះ​នាំ​គ្នា​ចូល​ទៅ​ទីក្រុង ជម្រាប​ពួក​នាយក​បូជា‌ចារ្យ​អំពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​កើត​ឡើង។ 12ពួក​នាយក​បូជា‌ចារ្យ​ក៏​ប្រជុំ​ពិភាក្សា​គ្នា​ជា​មួយ​ពួក​ព្រឹទ្ធា‌ចារ្យ ហើយ​សម្រេច​ចិត្ត​ឲ្យ​ប្រាក់​យ៉ាង​ច្រើន​ដល់​ពួក​ទាហាន 13ទាំង​ប្រាប់​ថា៖ «ត្រូវ​និយាយ​ថា “ពេល​យើង​ខ្ញុំ​កំពុង​ដេក​លក់ មាន​សិស្ស​របស់​អ្នក​នោះ​មក​លួច​យក​សព​ទៅ​ទាំង​យប់”។ 14ប្រសិន​បើ​រឿង​នេះ​លេច​ឮ​ដល់​លោក​ទេសា‌ភិបាល ចាំ​យើង​ជួយ​ដោះ​ស្រាយ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ទោស»។
15ពួក​ទាហាន​ទទួល​យក​ប្រាក់ ហើយ​ធ្វើ​តាម​សេចក្ដី​ដែល​គេ​បង្គាប់។ រឿង​នេះ​ក៏​លេច​ឮ​សុស‌សាយ​ក្នុង​ចំណោម​ជន‌ជាតិ​យូដា រហូត​មក​ទល់​សព្វ​ថ្ងៃ។
ព្រះ‌យេស៊ូ​បង្ហាញ​ខ្លួន​ឲ្យ​ពួក​សិស្ស​ឃើញ
(ម៉ាកុស ១៦.១៤-១៨ លូកា ២៤.៣៦-៤៩ យ៉ូហាន ២០.១៩-២៣ កិច្ចការ ១.៦-៨)
16 សិស្ស*​ទាំង​ដប់​មួយ​រូប​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​ស្រុក​កាលី‌ឡេ ហើយ​ឡើង​ទៅ​លើ​ភ្នំ​ដែល​ព្រះ‌យេស៊ូ​បាន​ប្រាប់​ឲ្យ​គេ​ទៅ។ 17កាល​គេ​បាន​ឃើញ​ព្រះអង្គ គេ​ក្រាប​ថ្វាយ‌បង្គំ ប៉ុន្តែ មាន​អ្នក​ខ្លះ​នៅ​សង្ស័យ។ 18ព្រះ‌យេស៊ូ​យាង​ចូល​មក​ជិត​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​បាន​ទទួល​គ្រប់​អំណាច ទាំង​នៅ​ស្ថាន​បរម‌សុខ* ទាំង​នៅ​លើ​ផែនដី។ 19 ដូច្នេះ ចូរ​ចេញ​ទៅ​នាំ​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យ​ធ្វើ​ជា​សិស្ស ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​គេ ក្នុង​ព្រះ‌នាម​ព្រះ‌បិតា ព្រះ‌បុត្រា និង​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*។ 20ត្រូវ​បង្រៀន​គេ​ឲ្យ​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា។ ចូរ​ដឹង​ថា ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​អវសាន​កាល​នៃ​ពិភព​លោក»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy