YouVersion Logo
Search Icon

ម៉ាថាយ 22

22
ប្រស្នា​អំពី​មង្គល​ការ
(លូកា ១៤.១៥-២៤)
1ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​ទៅ​ពួក​គេ​ម្ដង​ទៀត​ថា៖ 2«ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ*​ប្រៀប​បាន​នឹង​ស្ដេច​មួយ​អង្គ ដែល​រៀប​វិវាហ‌មង្គល​ការ​ព្រះ‌រាជ​បុត្រ។ 3ព្រះ‌រាជា​ចាត់​រាជ​បម្រើ​ឲ្យ​ទៅ​អញ្ជើញ​ភ្ញៀវ​មក​ជប់‌លៀង ក្នុង​ឱកាស​មង្គល​ការ​នោះ តែ​គ្មាន​នរណា​មក​សោះ។ 4ព្រះអង្គ​ចាត់​រាជ​បម្រើ​ផ្សេង​ទៀត​ឲ្យ​ទៅ​ជម្រាប​ភ្ញៀវ​ថា: “យើង​បាន​រៀបចំ​ភោជនា‌ហារ​សម្រាប់​ជប់‌លៀង គឺ​បាន​សម្លាប់​គោ និង​សម្លាប់​សត្វ​ដែល​បាន​បំប៉ន​នោះ​រួច​រាល់​អស់​ហើយ សូម​អញ្ជើញ​មក​ពិសា​ការ!”។ 5ប៉ុន្តែ ភ្ញៀវ​មិន​រវី‌រវល់​អើពើ​ឡើយ អ្នក​ខ្លះ​ទៅ​ចម្ការ អ្នក​ខ្លះ​ទៅ​ធ្វើ​ជំនួញ 6អ្នក​ខ្លះ​ទៀត​ចាប់​ពួក​រាជ​បម្រើ​វាយ​ធ្វើ​បាប ព្រម​ទាំង​សម្លាប់​ចោល​ថែម​ទៀត។ 7ព្រះ‌រាជា​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង ក៏​ចាត់​ទាហាន​ឲ្យ​ទៅ​ប្រហារ​ជីវិត​ឃាតក​ទាំង​នោះ ហើយ​ដុត​កម្ទេច​ស្រុក​ភូមិ​របស់​គេ​ផង។ 8បន្ទាប់​មក ទ្រង់​មាន​រាជ‌ឱង្ការ​ទៅ​ពួក​រាជ​បម្រើ​ថា: “យើង​បាន​រៀបចំ​ពិធី​មង្គល‌ការ​រួច​ស្រេច​ហើយ ប៉ុន្តែ ភ្ញៀវ​ទាំង​នោះ​មិន​សម​នឹង​មក​ចូល​រួម​ទេ។ 9ហេតុ​នេះ ចូរ​នាំ​គ្នា​ចេញ​ទៅ​តាម​ផ្លូវ​កែង ហើយ​អញ្ជើញ​មនុស្ស​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​ជួប ឲ្យ​មក​ជប់‌លៀង”។ 10ពួក​រាជ​បម្រើ​ក៏​ចេញ​ទៅ​តាម​ផ្លូវ ប្រមូល​មនុស្ស‌ម្នា ដែល​គេ​បាន​ជួប​ទាំង​ប៉ុន្មាន​មក ទាំង​អាក្រក់ ទាំង​ល្អ។ ពេល​នោះ មាន​ភ្ញៀវ​ពេញ​រោង​ការ។
11ព្រះ‌រាជា​យាង​ចូល​មក​មើល​ភ្ញៀវ​នៅ​ក្នុង​រោង​ការ ទត​ឃើញ​បុរស​ម្នាក់​ស្លៀក​ពាក់​មិន​ត្រូវ​នឹង​របៀប​ពិធី​ការ 12ព្រះរាជា​ក៏​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​នោះ​ថា “សម្លាញ់​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​ចូល​មក​ទី​នេះ ដោយ​មិន​ស្លៀក​សម្លៀក‌បំពាក់​សម្រាប់​មង្គល‌ការ​ដូច្នេះ” បុរស​នោះ​រក​និយាយ​អ្វី​មិន​ចេញ​ឡើយ។ 13 ព្រះ‌រាជា​បង្គាប់​ទៅ​ពួក​រាជ​បម្រើ​ថា “ចូរ​ចង​ដៃ​ចង​ជើង​អ្នក​នេះ សែង​យក​ទៅ​ចោល​នៅ​ទី‌ងងឹត​ខាង​ក្រៅ ជា​កន្លែង​យំ​សោក​ខឹង​សង្កៀត​ធ្មេញ​នោះ​ទៅ!”»។
14ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ​មនុស្ស​ទាំង​អស់ តែ​ព្រះអង្គ​ជ្រើស​រើស​យក​បាន​ចំនួន​តិច​ទេ»។
អំពី​ពន្ធ​ដារ
(ម៉ាកុស ១២.១៣-១៧ លូកា ២០.២០-២៦)
15ពួក​ខាង​គណៈ​ផារីស៊ី*​ចេញ​ទៅ​ពិគ្រោះ​គ្នា រិះ​រក​មធ្យោ‌បាយ​ចាប់​កំហុស​ព្រះ‌យេស៊ូ នៅ​ពេល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល។ 16គេ​ក៏​ចាត់​សិស្ស​របស់​គេ និង​ពួក​ខាង​ស្ដេច​ហេរ៉ូដ ឲ្យ​ទៅ​ជួប​ព្រះអង្គ ហើយ​ទូល​ថា៖ «លោក​គ្រូ! យើង​ខ្ញុំ​ដឹង​ថា​ពាក្យ​ដែល​លោក​មាន​ប្រសាសន៍​សុទ្ធ​តែ​ពិត​ទាំង​អស់។ លោក​គ្រូ​ប្រៀន‌ប្រដៅ​អំពី​របៀប​រស់​នៅ ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់​តាម​សេចក្ដី​ពិត គឺ​លោក​គ្រូ​ពុំ​យោគ‌យល់ ហើយ​ក៏​ពុំ​រើស​មុខ​នរណា​ឡើយ។ 17ហេតុ​នេះ សូម​លោក​គ្រូ​ឲ្យ​យោបល់​យើង​ខ្ញុំ​មើល៍ តើ​ក្រឹត្យ‌វិន័យ​របស់​យើង​អនុញ្ញាត​ឲ្យ​បង់​ពន្ធ​ដារ​ថ្វាយ​ព្រះចៅ​អធិ‌រាជ​រ៉ូម៉ាំង​ឬ​ទេ?»។ 18ព្រះ‌យេស៊ូ​ឈ្វេង​យល់​គំនិត​អាក្រក់​របស់​ពួក​គេ ទើប​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​មាន​ពុត​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចង់​ចាប់​កំហុស​ខ្ញុំ​ដូច្នេះ? 19ចូរ​បង្ហាញ​ប្រាក់​សម្រាប់​បង់​ពន្ធ​នោះ​ឲ្យ​ខ្ញុំ​មើល​មើល៍!»។ គេ​ក៏​យក​ប្រាក់​មួយ​កាក់​មក​ថ្វាយ​ព្រះអង្គ។ 20ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «តើ​លើ​កាក់​នេះ មាន​រូប​នរណា ឈ្មោះ​នរណា?»។ 21គេ​ទូល​ថា៖ «រូប និង​ឈ្មោះ​ព្រះចៅ​អធិ‌រាជ»។ ព្រះអង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្វីៗ​ដែល​ជា​របស់​ព្រះចៅ​អធិ‌រាជ ចូរ​ថ្វាយ​ទៅ​ព្រះចៅ​អធិ‌រាជ​វិញ​ទៅ ហើយ​អ្វីៗ​ដែល​ជា​របស់​ព្រះ‌ជាម្ចាស់ ចូរ​ថ្វាយ​ទៅ​ព្រះ‌ជាម្ចាស់​វិញ​ដែរ»។ 22ពួក​គេ​ងឿង‌ឆ្ងល់​នឹង​ចម្លើយ​របស់​ព្រះអង្គ ហើយ​នាំ​គ្នា​ចាក​ចេញ​ពី​ព្រះអង្គ​ទៅ។
អំពី​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ
(ម៉ាកុស ១២.១៨-២៧ លូកា ២០.២៧-៤០)
23 នៅ​ថ្ងៃ​នោះ មាន​ពួក​ខាង​គណៈ​សាឌូ‌ស៊ី*​ចូល​មក​គាល់​ព្រះអង្គ។ ពួក​សាឌូ‌ស៊ី​មិន​ជឿ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ទេ។ គេ​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ 24 «លោក​គ្រូ! លោក​ម៉ូសេ*​មាន​ប្រសាសន៍​ថា: “បើ​បុរស​ណា​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ ត្រូវ​ឲ្យ​ប្អូន​ប្រុស​របស់​បុរស​នោះ​រៀបការ​នឹង​បង​ថ្លៃ ដើម្បី​បន្ដ​ពូជ​ឲ្យ​បង​ប្រុស​របស់​ខ្លួន”25ឧបមា​ថា នៅ​ក្នុង​ចំណោម​យើង មាន​បងប្អូន​ប្រុស​ប្រាំ‌ពីរ​នាក់។ បង​បង្អស់​រៀបការ ហើយ​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ ទុក​ប្រពន្ធ​ឲ្យ​ប្អូន។ 26ប្អូន​ទី​ពីរ ប្អូន​ទី​បី រហូត​ដល់​ប្អូន​ទី​ប្រាំ‌ពីរ សុទ្ធ​តែ​បាន​រៀបការ​ជា​មួយ​នាង ហើយ​ស្លាប់​ទៅ​គ្មាន​កូន​ដូច​គ្នា។ 27នៅ​ទី​បំផុត ស្ត្រី​នោះ​ក៏​ស្លាប់​ទៅ​ដែរ។ 28លុះ​ដល់​ពេល​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ តើ​នាង​បាន​ទៅ​ជា​ប្រពន្ធ​នរណា បើ​បងប្អូន​ទាំង​ប្រាំ‌ពីរ​នាក់​សុទ្ធ​តែ​បាន​រៀបការ​ជា​មួយ​នាង​គ្រប់​គ្នា​ដូច្នេះ?»។ 29ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​យល់​ខុស​ហើយ! ដ្បិត​អ្នក​រាល់​គ្នា​មិន​យល់​គម្ពីរ ទាំង​មិន​ស្គាល់​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់​ផង។ 30ពេល​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ គេ​មិន​រៀបការ​ប្ដី​ប្រពន្ធ​ទៀត​ឡើយ គឺ​គេ​នឹង​បាន​ដូច​ទេវតា*​នៅ​ស្ថាន​បរម‌សុខ*។ 31ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​អំពី​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ថា: 32 “យើង​ជា​ព្រះ​របស់​អប្រាហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប” តើ​អ្នក​រាល់​គ្នា​ធ្លាប់​អាន​ឬ​ទេ? ព្រះ‌ជាម្ចាស់​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​របស់​មនុស្ស​ដែល​មាន​ជីវិត»។ 33កាល​មហា‌ជន​បាន​ឮ​សេចក្ដី​ដែល​ព្រះអង្គ​បង្រៀន គេ​ងឿង‌ឆ្ងល់​ជា​ខ្លាំង។
បទ‌បញ្ជា​សំខាន់​ជាង​គេ
(ម៉ាកុស ១២.២៨-៣៤ លូកា ១០.២៥-២៨)
34ពេល​នោះ ពួក​ខាង​គណៈ​ផារីស៊ី*​ប្រជុំ​គ្នា ព្រោះ​គេ​ឮ​ថា ព្រះ‌យេស៊ូ​បាន​ធ្វើ​ឲ្យ​ពួក​ខាង​គណៈ​សាឌូ‌ស៊ី*​ទ័ល​ប្រាជ្ញ រក​និយាយ​អ្វី​ទៀត​មិន​កើត។ 35 ក្នុង​ចំណោម​ពួក​គេ មាន​ម្នាក់​ជា​បណ្ឌិត​ខាង​វិន័យ​ទូល​សួរ​ព្រះ‌យេស៊ូ ក្នុង​គោល​បំណង​ល្បង‌ល​មើល​ព្រះអង្គ​ថា៖ 36«លោក​គ្រូ! ក្នុង​ក្រឹត្យ‌វិន័យ* តើ​មាន​បទ‌បញ្ជា​ណា​សំខាន់​ជាង​គេ?»។ 37 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «“ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី និង​អស់​ពី​ប្រាជ្ញា” 38ហ្នឹង​ហើយ​ជា​បទ‌បញ្ជា​ទី​មួយ ដែល​សំខាន់​ជាង​គេ​បំផុត។ 39 រីឯ​បទ‌បញ្ជា​ទី​ពីរ​ក៏​សំខាន់​ដូច​គ្នា​ដែរ “គឺ​ត្រូវ​ស្រឡាញ់​បងប្អូន​ឯ​ទៀតៗ​ឲ្យ​ដូច​ស្រឡាញ់​ខ្លួន​ឯង”40បទ‌បញ្ជា​ទាំង​ពីរ​នេះ​ជា​ឫស​គល់​របស់​គម្ពីរ‌វិន័យ និង​គម្ពីរ​ព្យាការី*​ទាំង​អស់»។
ព្រះ‌គ្រិស្ត​ជា​ព្រះ‌អម្ចាស់​លើ​ស្ដេច​ដាវីឌ
(ម៉ាកុស ១២.៣៥-៣៧ លូកា ២០.៤១-៤៤)
41ពេល​នោះ ពួក​ខាង​គណៈ​ផារីស៊ី*​នៅ​ជុំ​គ្នា ព្រះ‌យេស៊ូ​ក៏​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ 42«តើ​អ្នក​រាល់​គ្នា​យល់​ថា ព្រះ‌គ្រិស្ត​ជា​ព្រះ‌រាជ‌វង្ស​របស់​អ្នក​ណា?»។ គេ​ទូល​ថា៖ «ព្រះអង្គ​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ»។ 43ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ប្រសិន​បើ​ព្រះ‌គ្រិស្ត​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​មែន ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌បាទ​ដាវីឌ ដែល​មាន​ព្រះ‌វិញ្ញាណ​បំភ្លឺ ហៅ​ព្រះ‌គ្រិស្ត​ថា “ព្រះ‌អម្ចាស់” ទៅ​វិញ​ដូច្នេះ គឺ​ស្ដេច​មាន​រាជ‌ឱង្ការ​ថា:
44 “ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល
ទៅ​កាន់​ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ថា
សូម​គង់​ខាង​ស្ដាំ​យើង ទម្រាំ​ដល់​យើង​បង្ក្រាប
ខ្មាំង​សត្រូវ​របស់​ព្រះអង្គ
មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះអង្គ”
45បើ​ព្រះ‌បាទ​ដាវីឌ​ហៅ​ព្រះ‌គ្រិស្ត​ថា “ព្រះ‌អម្ចាស់” ដូច្នេះ តើ​ឲ្យ​ព្រះ‌គ្រិស្ត​ត្រូវ​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះអង្គ​ដូច​ម្ដេច​កើត!»។ 46គ្មាន​នរណា​ម្នាក់​អាច​ឆ្លើយ​ទៅ​ព្រះអង្គ​វិញ សូម្បី​តែ​មួយ​ម៉ាត់​ក៏​មិន​បាន​ផង ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក គ្មាន​នរណា​ហ៊ាន​សួរ​ដេញ​ដោល​ព្រះអង្គ​ទៀត​ឡើយ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy