YouVersion Logo
Search Icon

ម៉ាថាយ 17

17
សិរី‌រុងរឿង​របស់​ព្រះ‌យេស៊ូ
(ម៉ាកុស ៩.២-៨, លូកា ៩.២៨-៣៦)
1 ប្រាំ​មួយ​ថ្ងៃ​ក្រោយ​មក ព្រះ‌យេស៊ូ​នាំ​លោក​ពេត្រុស លោក​យ៉ាកុប និង​លោក​យ៉ូហាន ជា​ប្អូន ឡើង​ទៅ​លើ​ភ្នំ ដាច់​ឡែក​ពី​គេ។ 2ពេល​នោះ ព្រះអង្គ​ប្រែ​ជា​មាន​ទ្រង់‌ទ្រាយ​ប្លែក​ពី​មុន នៅ​មុខ​សិស្ស*​ទាំង​បី គឺ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​បញ្ចេញ​រស្មី​ចែង​ចាំង​ដូច​ពន្លឺ​ថ្ងៃ ហើយ​ព្រះ‌ពស្ដ្រ​របស់​ព្រះអង្គ​ត្រឡប់​ជា​មាន​ពណ៌​ស​ដូច​ពន្លឺ។ 3សិស្ស​ទាំង​បី​បាន​ឃើញ​លោក​ម៉ូសេ* និង​ព្យាការី*​អេលីយ៉ា​សន្ទនា​ជា​មួយ​ព្រះ‌យេស៊ូ។ 4លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌អម្ចាស់! យើង​ខ្ញុំ​បាន​នៅ​ទី​នេះ​ប្រសើរ​ណាស់ បើ​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ ទូលបង្គំ​នឹង​សង់​ជម្រក​បី គឺ​មួយ​សម្រាប់​ព្រះអង្គ មួយ​សម្រាប់​លោក​ម៉ូសេ និង​មួយ​ទៀត​សម្រាប់​ព្យាការី​អេលីយ៉ា»។ 5 កាល​លោក​ពេត្រុស​កំពុង​តែ​មាន​ប្រសាសន៍​នៅ​ឡើយ ស្រាប់​តែ​មាន​ពពក*​ដ៏​ភ្លឺ​មក​គ្រប​បាំង​គេ​ទាំង​អស់​គ្នា ហើយ​មាន​ព្រះ‌សូរសៀង​បន្លឺ​ពី​ក្នុង​ពពក​មក​ថា៖ «នេះ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់​ព្រះ‌ហឫទ័យ​នឹង​ព្រះអង្គ​ណាស់ ចូរ​ស្ដាប់​ព្រះអង្គ​ចុះ!»។ 6ពួក​សិស្ស​ឮ​ដូច្នោះ ក៏​នាំ​គ្នា​ក្រាប​ចុះ ឱន​មុខ​ដល់​ដី ព្រោះ​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។ 7ព្រះ‌យេស៊ូ​យាង​ចូល​ទៅ​ជិត ដាក់​ព្រះ‌ហស្ដ​លើ​គេ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​នាំ​គ្នា​ក្រោក​ឡើង កុំ​ខ្លាច​អី!»។ 8កាល​ពួក​សិស្ស​ងើប​មុខ​ឡើង ឃើញ​តែ​ព្រះ‌យេស៊ូ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ ពុំ​ឃើញ​មាន​នរណា​ទៀត​ឡើយ។ 9ពេល​ព្រះអង្គ​យាង​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​សិស្ស*​ទាំង​បី ព្រះ‌យេស៊ូ​ហាម‌ប្រាម​គេ​ថា៖ «កុំ​និយាយ​ប្រាប់​នរណា​អំពី​ហេតុ‌ការណ៍ ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​នេះ​ឲ្យ​សោះ ត្រូវ​ចាំ​រហូត​ដល់​បុត្រ​មនុស្ស*​មាន​ជីវិត​រស់​ឡើង​វិញ»។ 10 ពួក​សិស្ស*​ទូល​សួរ​ព្រះអង្គ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​អាចារ្យ*​ចេះ​តែ​និយាយ​ថា ព្យាការី​អេលីយ៉ា​ត្រូវ​អញ្ជើញ​មក​មុន?»។ 11ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ព្យាការី​អេលីយ៉ា​អញ្ជើញ​មក​មែន ដើម្បី​រៀបចំ​សព្វ​គ្រប់​ទាំង​អស់​ឡើង​វិញ។ 12 ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្យាការី​អេលីយ៉ា​បាន​អញ្ជើញ​មក​រួច​ហើយ តែ​ពួក​គេ​មិន​ព្រម​ទទួល​ស្គាល់​លោក​ទេ មិន​តែ​ប៉ុណ្ណោះ​សោត គេ​ថែម​ទាំង​បាន​ធ្វើ​បាប​លោក​សព្វ​បែប​យ៉ាង តាម​អំពើ​ចិត្ត​របស់​គេ​ទៀត​ផង។ បុត្រ​មនុស្ស​ក៏​នឹង​ត្រូវ​គេ​ធ្វើ​បាប​ដូច្នោះ​ដែរ»។ 13ពេល​នោះ ពួក​សិស្ស​យល់​ថា ព្រះអង្គ​មាន​ព្រះ‌បន្ទូល​អំពី​លោក​យ៉ូហាន‌បាទីស្ដ*។
ព្រះ‌យេស៊ូ​ដេញ​អារក្ស​ចេញ​ពី​ក្មេង​ម្នាក់
(ម៉ាកុស ៩.១៤-២៧, លូកា ៩.៣៧-៤៣)
14កាល​ព្រះ‌យេស៊ូ និង​សិស្ស*​ទាំង​បី​រូប មក​ដល់​កន្លែង​ដែល​បណ្ដា‌ជន​នៅ​ជុំ​គ្នា មាន​បុរស​ម្នាក់​ចូល​មក​គាល់​ព្រះអង្គ។ គាត់​លុត​ជង្គង់​ចុះ 15ទូល​ថា៖ «លោក​ម្ចាស់​អើយ សូម​លោក​អាណិត​មេត្តា​កូន​ប្រុស​របស់​ខ្ញុំ​ប្របាទ​ផង វា​ឆ្កួត​ជ្រូក បណ្ដាល​ឲ្យ​វា​ឈឺ​ចុក​ចាប់​ខ្លាំង​ណាស់ វា​ដួល​ទៅ​ក្នុង​ភ្លើង និង​ធ្លាក់​ទឹក ជា​ញឹក​ញាប់។ 16ខ្ញុំ​ប្របាទ​បាន​នាំ​វា​មក​ជួប​សិស្ស​របស់​លោក​ដែរ តែ​គេ​ពុំ​អាច​មើល​វា​ឲ្យ​ជា​ទេ»។ 17ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «នែ​ពួក​មនុស្ស​អាក្រក់​មិន​ព្រម​ជឿ​អើយ! តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា​ទៀត! ចូរ​នាំ​ក្មេង​នោះ​មក​ឲ្យ​ខ្ញុំ»។ 18បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​គំរាម​អារក្ស អារក្ស​ក៏​ចេញ ហើយ​ក្មេង​នោះ​បាន​ជា​តាំង​ពី​ពេល​នោះ​មក។
19ពេល​នោះ ពួក​សិស្ស​ចូល​មក​គាល់​ព្រះ‌យេស៊ូ ដាច់​ឡែក​ពី​គេ ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​ពុំ​អាច​ដេញ​អារក្ស​នោះ​បាន?»។ 20 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «មក​ពី​អ្នក​រាល់​គ្នា​មាន​ជំនឿ​តិច​ពេក។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​អ្នក​រាល់​គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់​ពូជ​មួយ​ដ៏​ល្អិត អ្នក​រាល់​គ្នា​នឹង​បញ្ជា​ទៅ​ភ្នំ​នោះ​ថា “ចូរ​ចេញ​ពី​នេះ ទៅ​នៅ​កន្លែង​ផ្សេង​ទៅ!” ភ្នំ​មុខ​ជា​ធ្វើ​តាម​ពាក្យ​អ្នក​រាល់​គ្នា​មិន​ខាន ដ្បិត​គ្មាន​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​ធ្វើ​មិន​កើត​ឡើយ។ 21[គេ​អាច​ដេញ​អារក្ស​ប្រភេទ​នេះ​ឲ្យ​ចេញ​បាន លុះ​ត្រា​តែ​អធិស្ឋាន* និង​តម​អាហារ]»។
ព្រះ‌យេស៊ូ​ប្រកាស​អំពី​ព្រះអង្គ​ត្រូវ​សោយ​ទិវង្គត
(ម៉ាកុស ៩.៣០-៣២, លូកា ៩.៤៣-៤៥)
22កាល​ពួក​សិស្ស*​នៅ​ជុំ​គ្នា​ក្នុង​ស្រុក​កាលី‌ឡេ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «បុត្រ​មនុស្ស​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​លោក​ជា​មិន​ខាន។ 23គេ​នឹង​សម្លាប់​លោក ប៉ុន្តែ នៅ​ថ្ងៃ​ទី​បី លោក​នឹង​មាន​ជីវិត​រស់​ឡើង​វិញ»។ ឮ​ដូច្នោះ ពួក​សិស្ស*​ព្រួយ​ចិត្ត​ជា​ខ្លាំង។
ការ​បង់​ពន្ធ​ព្រះ‌វិហារ​នៅ​ក្រុង​យេរូ‌សាឡឹម
24 លុះ​ព្រះ‌យេស៊ូ​យាង​មក​ដល់​ក្រុង​កាពើ‌ណិម​ជា​មួយ​ពួក​សិស្ស អ្នក​ហូត​ពន្ធ​សម្រាប់​ព្រះ‌វិហារ នាំ​គ្នា​ចូល​មក​រក​លោក​ពេត្រុស ហើយ​សួរ​ថា៖ «លោក​គ្រូ​របស់​អ្នក​បង់​ពន្ធ​សម្រាប់​ព្រះ‌វិហារ​ឬ​ទេ?»។ 25លោក​តប​វិញ​ថា៖ «បាទ! លោក​បង់!»។ កាល​លោក​ពេត្រុស​ទៅ​ដល់​ផ្ទះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​មុន​ថា៖ «ស៊ីម៉ូន! តាម​យោបល់​អ្នក ស្ដេច​នៅ​ផែនដី​នេះ​ទារ​ពន្ធ​អាករ​ពី​នរណា? ពី​បុត្រ​របស់​ស្ដេច ឬ​ពី​អ្នក​ផ្សេង?»។ 26លោក​ទូល​ថា៖ «ពី​អ្នក​ផ្សេង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «មែន បើ​ដូច្នេះ បុត្រ​របស់​ស្ដេច​មិន​ត្រូវ​បង់​ពន្ធ​ឡើយ 27ប៉ុន្តែ ដើម្បី​កុំ​ឲ្យ​អ្នក​ទាំង​នោះ​ទាស់​ចិត្ត ចូរ​ទៅ​ស្ទូច​ត្រី​សមុទ្រ ហើយ​យក​ត្រី​ដែល​ស្ទូច​បាន​មុន​គេ មក​បើក​មាត់ អ្នក​នឹង​ឃើញ​កាក់​មួយ ចូរ​យក​កាក់​នោះ​ទៅ​បង់​ពន្ធ​ឲ្យ​ខ្ញុំ និង​ឲ្យ​អ្នក​ចុះ!»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy