YouVersion Logo
Search Icon

ម៉ាថាយ 1

1
បញ្ជី‌រាយ​នាម​ព្រះ‌អយ្យ‌កោ​របស់​ព្រះ‌យេស៊ូ
(លូកា ៣.២៣-៣៨)
1នេះ​ជា​បញ្ជី‌រាយ​នាម​ព្រះ‌អយ្យ‌កោ​របស់​ព្រះ‌យេស៊ូ​គ្រិស្ត* ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ ដែល​ត្រូវ​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ*។
2លោក​អប្រាហាំ​បង្កើត​លោក​អ៊ីសាក លោក​អ៊ីសាក​បង្កើត​លោក​យ៉ាកុប លោក​យ៉ាកុប​បង្កើត​លោក​យូដា និង​បងប្អូន​របស់​គាត់ 3លោក​យូដា និង​នាង​តាម៉ារ​បង្កើត​លោក​ពេរេស និង​លោក​សេ‌រ៉ាស លោក​ពេរេស​បង្កើត​លោក​ហេស្រុន លោក​ហេស្រុន​បង្កើត​លោក​អើរ៉ាម 4លោក​អើរ៉ាម​បង្កើត​លោក​អមីណា‌ដាប់ លោក​អមីណា‌ដាប់​បង្កើត​លោក​ណា‌សូន លោក​ណា‌សូន​បង្កើត​លោក​សាល‌ម៉ូន 5លោក​សាល‌ម៉ូន និង​នាង​រ៉ាហាប​បង្កើត​លោក​បូអូស លោក​បូអូស និង​នាង​រស់​បង្កើត​លោក​អូបេដ លោក​អូបេដ​បង្កើត​លោក​អ៊ីសាយ 6 លោក​អ៊ីសាយ​បង្កើត​ស្ដេច​ដាវីឌ។
ស្ដេច​ដាវីឌ និង​ភរិយា​របស់​លោក​អ៊ូរី​បង្កើត​ស្ដេច​សាឡូម៉ូន 7ស្ដេច​សាឡូម៉ូន​បង្កើត​ស្ដេច​រេហូ‌បោម ស្ដេច​រេហូ‌បោម​បង្កើត​ស្ដេច​អប៊ី‌យ៉ា ស្ដេច​អប៊ី‌យ៉ា​បង្កើត​ស្ដេច​អេសា 8ស្ដេច​អេសា​បង្កើត​ស្ដេច​យ៉ូសា‌ផាត ស្ដេច​យ៉ូសា‌ផាត​បង្កើត​ស្ដេច​យ៉ូរ៉ាម ស្ដេច​យ៉ូរ៉ាម បង្កើត​ស្ដេច​អូសៀស 9ស្ដេច​អូសៀស​បង្កើត​ស្ដេច​យ៉ូថាម ស្ដេច​យ៉ូថាម​បង្កើត​ស្ដេច​អេហាស ស្ដេច​អេហាស​បង្កើត​ស្ដេច​ហេ‌សេគា 10ស្ដេច​ហេ‌សេគា​បង្កើត​ស្ដេច​ម៉ាណា‌សេ ស្ដេច​ម៉ាណា‌សេ​បង្កើត​ស្ដេច​អាំម៉ូន ស្ដេច​អាំម៉ូន​បង្កើត​ស្ដេច​យ៉ូសៀស 11ស្ដេច​យ៉ូសៀស​បង្កើត​ស្ដេច​យេកូ‌នាស និង​អនុជ​របស់​ព្រះអង្គ ក្នុង​គ្រា​ដែល​គេ​កៀរ​ជន‌ជាតិ​អ៊ីស្រា‌អែល យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន។
12ក្រោយ​គ្រា​ដែល​គេ​កៀរ​ជន‌ជាតិ​អ៊ីស្រា‌អែល​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន ស្ដេច​យេកូ‌នាស​បង្កើត​លោក​សាល‌ធាល លោក​សាល‌ធាល​បង្កើត​លោក​សូរ៉ូ‌បាបិល 13លោក​សូរ៉ូ‌បាបិល​បង្កើត​លោក​អប៊ី‌យូដ លោក​អប៊ី‌យូដ​បង្កើត​លោក​អេលា‌គីម លោក​អេលា‌គីម​បង្កើត​លោក​អេសូរ 14លោក​អេសូរ​បង្កើត​លោក​សាដុក លោក​សាដុក​បង្កើត​លោក​អេគីម លោក​អេគីម​បង្កើត​លោក​អេលី‌យូដ 15លោក​អេលី‌យូដ​បង្កើត​លោក​អេឡា‌សារ លោក​អេឡា‌សារ​បង្កើត​លោក​ម៉ាថាន លោក​ម៉ាថាន បង្កើត​លោក​យ៉ាកុប 16លោក​យ៉ាកុប​បង្កើត​លោក​យ៉ូសែប ជា​ស្វាមី​របស់​នាង​ម៉ារី ដែល​បង្កើត​ព្រះ‌យេស៊ូ​ហៅ​ថា​ព្រះ‌គ្រិស្ត*។
17ដូច្នេះ ចាប់​ពី​លោក​អប្រាហាំ​មក​ទល់​ស្ដេច​ដាវីឌ មាន​ដប់‌បួន​តំណ ចាប់​ពី​ស្ដេច​ដាវីឌ​មក​ទល់​នឹង​គ្រា​ដែល​គេ​កៀរ​ជន‌ជាតិ​អ៊ីស្រា‌អែល យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន មាន​ដប់‌បួន​តំណ ហើយ​ចាប់​ពី​គ្រា​ដែល​គេ​កៀរ​ជន‌ជាតិ​អ៊ីស្រា‌អែល​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន មក​ទល់​ព្រះ‌គ្រិស្ត ក៏​មាន​ដប់‌បួន​តំណ​ដែរ។
កំណើត​ព្រះ‌យេស៊ូ​គ្រិស្ត
(លូកា ២.១-៧)
18 នេះ​ជា​ដំណើរ​រឿង​អំពី​កំណើត​របស់​ព្រះ‌យេស៊ូ​គ្រិស្ត។ នាង​ម៉ារី មាតា​របស់​ព្រះអង្គ ត្រូវ​ជា​គូ​ដណ្ដឹង​របស់​លោក​យ៉ូសែប។ មុន​ពេល​អ្នក​ទាំង​ពីរ​រួម​រស់​ជា​មួយ​គ្នា នាង​ម៉ារី​មាន​ផ្ទៃ​ពោះ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​រួច​ទៅ​ហើយ។ 19លោក​យ៉ូសែប ស្វាមី​របស់​នាង​ជា​មនុស្ស​សុចរិត លោក​មិន​ចង់​បំបាក់​មុខ​នាង​ឡើយ គឺ​លោក​សម្រេច​ចិត្ត​ថា​នឹង​ផ្ដាច់​ពាក្យ​ដោយ​ស្ងាត់ៗ​វិញ។ 20ពេល​លោក​កំពុង​គិត​ដូច្នេះ ស្រាប់​តែ​មាន​ទេវតា*​របស់​ព្រះ‌អម្ចាស់​មក​ប្រាប់​លោក ក្នុង​សុបិន​និមិត្ត​ថា៖ «លោក​យ៉ូសែប​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ*​អើយ សូម​កុំ​ខ្លាច​នឹង​ទទួល​នាង​ម៉ារី​មក​ធ្វើ​ជា​ភរិយា​ឡើយ! បុត្រ​ដែល​នៅ​ក្នុង​ផ្ទៃ​នាង កើត​មក​ពី​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*។ 21 នាង​នឹង​សម្រាល​បាន​បុត្រ​មួយ ហើយ​លោក​ត្រូវ​ថ្វាយ​ព្រះ‌នាម​ថា “យេស៊ូ” ដ្បិត​បុត្រ​នោះ​នឹង​សង្គ្រោះ​ប្រជា‌រាស្ត្រ​ព្រះអង្គ​ឲ្យ​រួច​ពី​បាប​របស់​គេ»។
22ហេតុ‌ការណ៍​នេះ​កើត​ឡើង​ស្រប​នឹង​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល តាម​រយៈ​ព្យាការី*​ថា៖
23 «មើល! ស្ត្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃ​ពោះ
នាង​នឹង​សម្រាល​បាន​បុត្រ​មួយ​ដែល​គេ​នឹង​ថ្វាយ
ព្រះ‌នាម​ថា “អេម៉ាញូ‌អែល”»
ប្រែ​ថា «ព្រះ‌ជា​ម្ចាស់​គង់​ជា​មួយ​យើង»។
24លុះ​លោក​យ៉ូសែប​ភ្ញាក់​ឡើង លោក​ក៏​ធ្វើ​តាម​បង្គាប់​ទេវតា*​របស់​ព្រះ‌អម្ចាស់ គឺ​លោក​ទទួល​នាង​ម៉ារី​មក​ធ្វើ​ជា​ភរិយា 25 ប៉ុន្តែ លោក​ពុំ​បាន​រួម​បវេណី​ជា​មួយ​នាង រហូត​ដល់​នាង​សម្រាល​បាន​បុត្រ ដែល​លោក​ថ្វាយ​ព្រះ‌នាម​ថា “យេស៊ូ”។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy