ម៉ាថាយ 1
គខប

ម៉ាថាយ 1

1
បញ្ជី‌រាយ​នាម​ព្រះ‌អយ្យ‌កោ​របស់​ព្រះ‌យេស៊ូ
(លូកា ៣.២៣-៣៨)
1នេះ​ជា​បញ្ជី‌រាយ​នាម​ព្រះ‌អយ្យ‌កោ​របស់​ព្រះ‌យេស៊ូ​គ្រិស្ដ* ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ ដែល​ត្រូវ​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ*។
2លោក​អប្រាហាំ​បង្កើត​លោក​អ៊ីសាក លោក​អ៊ីសាក​បង្កើត​លោក​យ៉ាកុប លោក​យ៉ាកុប​បង្កើត​លោក​យូដា និង​បងប្អូន​របស់​គាត់ 3លោក​យូដា និង​នាង​តាម៉ារ​បង្កើត​លោក​ពេរេស និង​លោក​សេ‌រ៉ាស លោក​ពេរេស​បង្កើត​លោក​ហេស្រុន លោក​ហេស្រុន​បង្កើត​លោក​អើរ៉ាម 4លោក​អើរ៉ាម​បង្កើត​លោក​អមីណា‌ដាប់ លោក​អមីណា‌ដាប់​បង្កើត​លោក​ណា‌សូន លោក​ណា‌សូន​បង្កើត​លោក​សាល‌ម៉ូន 5លោក​សាល‌ម៉ូន និង​នាង​រ៉ាហាប​បង្កើត​លោក​បូអូស លោក​បូអូស និង​នាង​រស់​បង្កើត​លោក​អូបេដ លោក​អូបេដ​បង្កើត​លោក​អ៊ីសាយ 6 លោក​អ៊ីសាយ​បង្កើត​ស្ដេច​ដាវីឌ។
ស្ដេច​ដាវីឌ និង​ភរិយា​របស់​លោក​អ៊ូរី​បង្កើត​ស្ដេច​សាឡូម៉ូន 7ស្ដេច​សាឡូម៉ូន​បង្កើត​ស្ដេច​រេហូ‌បោម ស្ដេច​រេហូ‌បោម​បង្កើត​ស្ដេច​អប៊ី‌យ៉ា ស្ដេច​អប៊ី‌យ៉ា​បង្កើត​ស្ដេច​អេសា 8ស្ដេច​អេសា​បង្កើត​ស្ដេច​យ៉ូសា‌ផាត ស្ដេច​យ៉ូសា‌ផាត​បង្កើត​ស្ដេច​យ៉ូរ៉ាម ស្ដេច​យ៉ូរ៉ាម បង្កើត​ស្ដេច​អូសៀស 9ស្ដេច​អូសៀស​បង្កើត​ស្ដេច​យ៉ូថាម ស្ដេច​យ៉ូថាម​បង្កើត​ស្ដេច​អេហាស ស្ដេច​អេហាស​បង្កើត​ស្ដេច​ហេ‌សេគា 10ស្ដេច​ហេ‌សេគា​បង្កើត​ស្ដេច​ម៉ាណា‌សេ ស្ដេច​ម៉ាណា‌សេ​បង្កើត​ស្ដេច​អាំម៉ូន ស្ដេច​អាំម៉ូន​បង្កើត​ស្ដេច​យ៉ូសៀស 11ស្ដេច​យ៉ូសៀស​បង្កើត​ស្ដេច​យេកូ‌នាស និង​អនុជ​របស់​ព្រះអង្គ ក្នុង​គ្រា​ដែល​គេ​កៀរ​ជន‌ជាតិ​អ៊ីស្រា‌អែល យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន។
12ក្រោយ​គ្រា​ដែល​គេ​កៀរ​ជន‌ជាតិ​អ៊ីស្រា‌អែល​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន ស្ដេច​យេកូ‌នាស​បង្កើត​លោក​សាល‌ធាល លោក​សាល‌ធាល​បង្កើត​លោក​សូរ៉ូ‌បាបិល 13លោក​សូរ៉ូ‌បាបិល​បង្កើត​លោក​អប៊ី‌យូដ លោក​អប៊ី‌យូដ​បង្កើត​លោក​អេលា‌គីម លោក​អេលា‌គីម​បង្កើត​លោក​អេសូរ 14លោក​អេសូរ​បង្កើត​លោក​សាដុក លោក​សាដុក​បង្កើត​លោក​អេគីម លោក​អេគីម​បង្កើត​លោក​អេលី‌យូដ 15លោក​អេលី‌យូដ​បង្កើត​លោក​អេឡា‌សារ លោក​អេឡា‌សារ​បង្កើត​លោក​ម៉ាថាន លោក​ម៉ាថាន បង្កើត​លោក​យ៉ាកុប 16លោក​យ៉ាកុប​បង្កើត​លោក​យ៉ូសែប ជា​ស្វាមី​របស់​នាង​ម៉ារី ដែល​បង្កើត​ព្រះ‌យេស៊ូ​ហៅ​ថា​ព្រះ‌គ្រិស្ដ*។
17ដូច្នេះ ចាប់​ពី​លោក​អប្រាហាំ​មក​ទល់​ស្ដេច​ដាវីឌ មាន​ដប់‌បួន​តំណ ចាប់​ពី​ស្ដេច​ដាវីឌ​មក​ទល់​នឹង​គ្រា​ដែល​គេ​កៀរ​ជន‌ជាតិ​អ៊ីស្រា‌អែល យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន មាន​ដប់‌បួន​តំណ ហើយ​ចាប់​ពី​គ្រា​ដែល​គេ​កៀរ​ជន‌ជាតិ​អ៊ីស្រា‌អែល​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន មក​ទល់​ព្រះ‌គ្រិស្ដ ក៏​មាន​ដប់‌បួន​តំណ​ដែរ។
កំណើត​ព្រះ‌យេស៊ូ​គ្រិស្ដ
(លូកា ២.១-៧)
18 នេះ​ជា​ដំណើរ​រឿង​អំពី​កំណើត​របស់​ព្រះ‌យេស៊ូ​គ្រិស្ដ។ នាង​ម៉ារី មាតា​របស់​ព្រះអង្គ ត្រូវ​ជា​គូ​ដណ្ដឹង​របស់​លោក​យ៉ូសែប។ មុន​ពេល​អ្នក​ទាំង​ពីរ​រួម​រស់​ជា​មួយ​គ្នា នាង​ម៉ារី​មាន​ផ្ទៃ​ពោះ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​រួច​ទៅ​ហើយ។ 19លោក​យ៉ូសែប ស្វាមី​របស់​នាង​ជា​មនុស្ស​សុចរិត លោក​មិន​ចង់​បំបាក់​មុខ​នាង​ឡើយ គឺ​លោក​សម្រេច​ចិត្ត​ថា​នឹង​ផ្ដាច់​ពាក្យ​ដោយ​ស្ងាត់ៗ​វិញ។ 20ពេល​លោក​កំពុង​គិត​ដូច្នេះ ស្រាប់​តែ​មាន​ទេវតា*​របស់​ព្រះ‌អម្ចាស់​មក​ប្រាប់​លោក ក្នុង​សុបិន​និមិត្ត​ថា៖ «លោក​យ៉ូសែប​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ*​អើយ សូម​កុំ​ខ្លាច​នឹង​ទទួល​នាង​ម៉ារី​មក​ធ្វើ​ជា​ភរិយា​ឡើយ! បុត្រ​ដែល​នៅ​ក្នុង​ផ្ទៃ​នាង កើត​មក​ពី​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*។ 21 នាង​នឹង​សម្រាល​បាន​បុត្រ​មួយ ហើយ​លោក​ត្រូវ​ថ្វាយ​ព្រះ‌នាម​ថា “យេស៊ូ” ដ្បិត​បុត្រ​នោះ​នឹង​សង្គ្រោះ​ប្រជា‌រាស្ត្រ​ព្រះអង្គ​ឲ្យ​រួច​ពី​បាប​របស់​គេ»។
22ហេតុ‌ការណ៍​នេះ​កើត​ឡើង​ស្រប​នឹង​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល តាម​រយៈ​ព្យាការី*​ថា៖
23 «មើល! ស្ត្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃ​ពោះ
នាង​នឹង​សម្រាល​បាន​បុត្រ​មួយ​ដែល​គេ​នឹង​ថ្វាយ
ព្រះ‌នាម​ថា “អេម៉ាញូ‌អែល”»
ប្រែ​ថា «ព្រះ‌ជា​ម្ចាស់​គង់​ជា​មួយ​យើង»។
24លុះ​លោក​យ៉ូសែប​ភ្ញាក់​ឡើង លោក​ក៏​ធ្វើ​តាម​បង្គាប់​ទេវតា*​របស់​ព្រះ‌អម្ចាស់ គឺ​លោក​ទទួល​នាង​ម៉ារី​មក​ធ្វើ​ជា​ភរិយា 25 ប៉ុន្តែ លោក​ពុំ​បាន​រួម​បវេណី​ជា​មួយ​នាង រហូត​ដល់​នាង​សម្រាល​បាន​បុត្រ ដែល​លោក​ថ្វាយ​ព្រះ‌នាម​ថា “យេស៊ូ”។