YouVersion Logo
Search Icon

ម៉ាឡាគី 1

1
ព្រះ‌អម្ចាស់​បាន​ជ្រើស​រើស​ជន‌ជាតិ​អ៊ីស្រា‌អែល
1សេចក្ដី​ប្រកាស។
នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​ជន‌ជាតិ​អ៊ីស្រា‌អែល តាម​រយៈ​លោក​ម៉ាឡា‌គី។
2 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖
«យើង​ស្រឡាញ់​អ្នក​រាល់​គ្នា
តែ​អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថា
“តើ​មាន​អ្វី​បញ្ជាក់​ថា
ព្រះអង្គ​ស្រឡាញ់​យើង​ខ្ញុំ?”។
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ -
ទោះ​បី​អេសាវ​ជា​បង​របស់​យ៉ាកុប​ក្ដី
ក៏​យើង​ស្រឡាញ់​យ៉ាកុប​ជាង
3គឺ​យើង​មិន​ពេញ​ចិត្ត​នឹង​អេសាវ​ទេ
យើង​បាន​ធ្វើ​ឲ្យ​ភ្នំ​នៅ​ស្រុក​អេសាវ
ក្លាយ​ទៅ​ជា​ទី​ស្មសាន
ហើយ​យើង​បាន​ឲ្យ​ឆ្កែ​ព្រៃ​មក​រស់​នៅ​ក្នុង
ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​គេ។
4ប្រសិន​បើ​អេដុម​ពោល​ថា
“ពួក​យើង​នឹង​សង់​ស្រុក
ដែល​វិនាស​នេះ​ឡើង​វិញ!”
ឲ្យ​ពួក​គេ​សង់​ទៅ!
យើង​នឹង​កម្ទេច​ស្រុក​នោះ​សា​ជា​ថ្មី។
គេ​នឹង​ហៅ​ស្រុក​នោះ​ថា “ទឹក​ដី​របស់​ជន​ទុច្ចរិត”
“ប្រជា‌ជន​ដែល​ព្រះ‌អម្ចាស់​ខ្ញាល់​រហូត”។
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
នៃ​ពិភព​ទាំង​មូល។
5អ្នក​រាល់​គ្នា​នឹង​ឃើញ​ហេតុ‌ការណ៍​នេះ
ហើយ​ពោល​ថា: “ព្រះ‌អម្ចាស់​សម្តែង​មហិទ្ធិ‌ឫទ្ធិ
ហួស​ព្រំ‌ដែន​ស្រុក​អ៊ីស្រា‌អែល​ទៅ​ទៀត!”»។
ការ​ថ្វាយ‌បង្គំ​មិន​ត្រឹម​ត្រូវ
6«ធម្មតា កូន​តែងតែ​គោរព​ឪពុក
ហើយ​អ្នក​បម្រើ​តែងតែ​គោរព​ម្ចាស់​របស់​ខ្លួន។
ប្រសិន​បើ​យើង​ជា​បិតា​មែន
ម្ដេច​ក៏​មិន​ឃើញ​អ្នក​រាល់​គ្នា​គោរព​យើង
ក្នុង​ឋានៈ​ជា​បិតា?
ប្រសិន​បើ​យើង​ជា​ម្ចាស់​មែន
ម្ដេច​ក៏​មិន​ឃើញ​អ្នក​រាល់​គ្នា​គោរព​យើង
ក្នុង​ឋានៈ​ជា​ម្ចាស់?
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
នៃ​ពិភព​ទាំង​មូល។
រីឯ​អ្នក​រាល់​គ្នា ដែល​ជា​បូជា‌ចារ្យ​វិញ
អ្នក​រាល់​គ្នា​មាក់‌ងាយ​នាម​របស់​យើង
តែ​អ្នក​រាល់​គ្នា​ពោល​ថា “តើ​យើង​ខ្ញុំ​មាក់‌ងាយ
ព្រះ‌នាម​របស់​ព្រះអង្គ​ត្រង់​ណា?”។
7អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារ​សៅហ្មង
មក​ដាក់​នៅ​លើ​អាសនៈ​របស់​យើង
ហើយ​អ្នក​រាល់​គ្នា​ពោល​ថា
“តើ​យើង​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ព្រះអង្គ​សៅហ្មង
ត្រង់​ណា?”
គឺ​មក​ពី​អ្នក​រាល់​គ្នា​ពោល​ថា:
តុ​របស់​ព្រះ‌អម្ចាស់​មិន​សូវ​សំខាន់​ទេ!
8 ពេល​អ្នក​រាល់​គ្នា​យក​សត្វ​ខ្វាក់
មក​ធ្វើ​យញ្ញ‌បូជា
តើ​មិន​មែន​ជា​ការ​អាក្រក់​ទេ​ឬ?
ពេល​អ្នក​រាល់​គ្នា​យក​សត្វ​បាក់​ជើង
ឬ​សត្វ​មាន​ជំងឺ​មក​ធ្វើ​យញ្ញ‌បូជា
តើ​មិន​មែន​ជា​ការ​អាក្រក់​ទេ​ឬ?
បើ​អ្នក​យក​សត្វ​បែប​នេះ​ទៅ​ជូន
ទេសា‌ភិបាល​របស់​អ្នក
តើ​គាត់​សុខ​ចិត្ត​ទទួល​យក
ហើយ​ទទួល​អ្នក​ដោយ​រាក់‌ទាក់​ឬ?»
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
នៃ​ពិភព​ទាំង​មូល។
9ឥឡូវ​នេះ ចូរ​នាំ​គ្នា​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់
សូម​ព្រះអង្គ​ប្រណី​សន្ដោស​ពួក​យើង!
«បើ​អ្នក​រាល់​គ្នា​នៅ​តែ​ធ្វើ​អំពើ​អាក្រក់​ដូច្នេះ
តើ​អ្នក​រាល់​គ្នា​ស្មាន​ថា យើង​ទទួល​អ្នក​រាល់​គ្នា
ដោយ​រាក់‌ទាក់​ឬ?
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
នៃ​ពិភព​ទាំង​មូល។
10បើ​នៅ​តែ​ដូច្នេះ គួរ​ឲ្យ​នរណា​ម្នាក់
ក្នុង​ចំណោម​អ្នក​រាល់​គ្នា​បិទ​ទ្វារ​ព្រះ‌វិហារ
ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​បង្កាត់​ភ្លើង
ជា​អសារ‌បង់​នៅ​លើ​អាសនៈ​របស់​យើង​ទៀត!
យើង​មិន​ពេញ​ចិត្ត​នឹង​អ្នក​រាល់​គ្នា​ទេ
ហើយ​យើង​ក៏​មិន​ទទួល​តង្វាយ​ពី​ដៃ
របស់​អ្នក​រាល់​គ្នា​ដែរ!
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
នៃ​ពិភព​ទាំង​មូល។
11ចាប់​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិច
នាម​របស់​យើង​ប្រសើរ​ឧត្ដុង្គ‌ឧត្ដម
ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា។
នៅ​គ្រប់​ទី​កន្លែង គេ​នាំ​គ្នា​ដុត​គ្រឿង​ក្រអូប
ដើម្បី​លើក​តម្កើង​នាម​របស់​យើង
ព្រម​ទាំង​នាំ​យក​តង្វាយ​បរិសុទ្ធ​មក​ជា​មួយ​ផង
ដ្បិត​នាម​របស់​យើង​ប្រសើរ​ឧត្ដុង្គ‌ឧត្ដម
ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
នៃ​ពិភព​ទាំង​មូល។
12ប៉ុន្តែ អ្នក​រាល់​គ្នា​បង្អាប់‌បង្អោន​នាម​របស់​យើង
ដោយ​ពោល​ថា:
“តុ​របស់​ព្រះ‌អម្ចាស់​សៅហ្មង​ហើយ
មិន​បាច់​យក​អាហារ​ថ្លៃ‌ថ្នូរ
ទៅ​តម្កល់​លើ​តុ​នោះ​ទេ”។
13អ្នក​រាល់​គ្នា​ពោល​ថា
“ពិធី​ទាំង​នេះ​គួរ​ឲ្យ​ធុញ‌ទ្រាន់​ណាស់!”
ហើយ​ក៏​នាំ​គ្នា​មើល‌ងាយ​យើង
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
នៃ​ពិភព​ទាំង​មូល។
អ្នក​រាល់​គ្នា​យក​សត្វ​ដែល​លួច​គេ
សត្វ​ពិការ ឬ​សត្វ​មាន​ជំងឺ​មក​ឲ្យ​យើង
ទុក​ជា​តង្វាយ តើ​យើង​ទទួល​តង្វាយ​នេះ
ពី​ដៃ​របស់​អ្នក​រាល់​គ្នា​កើត​ឬ?
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
14ជន​បោក​ប្រាស់​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!
ដ្បិត​គេ​ទុក​សត្វ​ល្អៗ​ក្នុង​ហ្វូង​សត្វ​របស់​ខ្លួន
ហើយ​បែរ​ជា​យក​សត្វ​ពិការ
មក​ធ្វើ​ជា​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អម្ចាស់​ទៅ​វិញ!
យើង​ជា​ព្រះ‌មហា‌ក្សត្រ​ដ៏​ឧត្ដម
ប្រជា‌ជាតិ​នានា​ស្ញែង​ខ្លាច​នាម​របស់​យើង»
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
នៃ​ពិភព​ទាំង​មូល។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy