YouVersion Logo
Search Icon

យ៉ូហាន 21

21
ព្រះ‌យេស៊ូ​បង្ហាញ​ព្រះអង្គ​ឲ្យ​ពួក​សិស្ស​ឃើញ​នៅ​ជិត​មាត់​សមុទ្រ​ទីបេ‌រាស
1ក្រោយ​មក ព្រះ‌យេស៊ូ​បង្ហាញ​ខ្លួន​ឲ្យ​ពួក​សិស្ស​ឃើញ​ម្ដង​ទៀត នៅ​មាត់​សមុទ្រ​ទីបេ‌រាស គឺ​ព្រះអង្គ​បង្ហាញ​ឲ្យ​គេ​ឃើញ​ដូច​ត​ទៅ៖
2លោក​ស៊ីម៉ូន​ពេត្រុស លោក​ថូម៉ាស ហៅ​ឌីឌីម លោក​ណាថា‌ណែល​ពី​ភូមិ​កាណា​ក្នុង​ស្រុក​កាលី‌ឡេ កូន​ទាំង​ពីរ​របស់​លោក​សេ‌បេ‌ដេ និង​សិស្ស​របស់​ព្រះ‌យេស៊ូ​ពីរ​នាក់​ទៀត​នៅ​ជុំ​គ្នា។ 3 លោក​ស៊ីម៉ូន​ពេត្រុស​និយាយ​ទៅ​កាន់​សិស្ស​ឯ​ទៀតៗ​ថា៖ «ខ្ញុំ​ទៅ​រក​ត្រី»។ គេ​ពោល​តប​មក​គាត់​វិញ​ថា៖ «យើង​ទៅ​ជា​មួយ​ដែរ»។ គេ​ក៏​នាំ​គ្នា​ចេញ​ទៅ ហើយ​ចុះ​ទូក​ទាំង​អស់​គ្នា ប៉ុន្តែ នៅ​យប់​នោះ គេ​ឥត​បាន​ត្រី​សោះ។ 4ព្រលឹម​ឡើង ព្រះ‌យេស៊ូ​ឈរ​នៅ​មាត់​ច្រាំង ប៉ុន្តែ ពួក​សិស្ស​មិន​ដឹង​ថា​ជា​ព្រះអង្គ​ទេ។ 5ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «កូន​ចៅ​អើយ! មាន​អ្វី​បរិភោគ​ឬ​ទេ?»។ គេ​ទូល​ព្រះអង្គ​ថា៖ «គ្មាន​ទេ»។ 6 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ទម្លាក់​អួន​ខាង​ស្ដាំ​ទូក​ទៅ មុខ​ជា​បាន​ត្រី​មិន​ខាន»។ គេ​ក៏​ទម្លាក់​អួន ហើយ​ពុំ​អាច​លើក​អួន​ឡើង​វិញ​ឡើយ ព្រោះ​មាន​ត្រី​ច្រើន​ពេក។ 7ពេល​នោះ សិស្ស​ដែល​ព្រះ‌យេស៊ូ​ស្រឡាញ់ និយាយ​ទៅ​លោក​ពេត្រុស​ថា៖ «ព្រះ‌អម្ចាស់​ទេ​តើ!»។ កាល​លោក​ស៊ីម៉ូន​ពេត្រុស​ឮ​ថា ព្រះ‌អម្ចាស់​ដូច្នេះ គាត់​ក៏​ស្លៀក‌ពាក់ ដ្បិត​គាត់​នៅ​ខ្លួន​ទទេ រួច​លោត​ទៅ​ក្នុង​ទឹក។ 8សិស្ស​ឯ​ទៀតៗ​នាំ​គ្នា​ចូល​ទូក​ទៅ​មាត់​ច្រាំង ទាំង​ទាញ​អួន​ដែល​មាន​ត្រី​ពេញ​ទៅ​ជា​មួយ​ផង ព្រោះ​គេ​មិន​នៅ​ឆ្ងាយ​ពី​ច្រាំង​ប៉ុន្មាន​ទេ គឺ​ប្រមាណ​ជា​ពីរ​រយ​ហត្ថ​ប៉ុណ្ណោះ។ 9គេ​ឡើង​ទៅ​លើ​គោក​ឃើញ​រងើក​ភ្លើង មាន​ដាក់​ត្រី និង​នំប៉័ង​អាំង​ពី​លើ​ផង។ 10ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «សុំ​យក​ត្រី​ដែល​អ្នក​រាល់​គ្នា​ទើប​នឹង​ចាប់​បាន​មក​ណេះ!»។ 11លោក​ស៊ីម៉ូន​ពេត្រុស​ចុះ​ទៅ​ក្នុង​ទូក ទាញ​អួន​ដែល​មាន​ត្រី​ពេញ​មក​ដាក់​លើ​គោក គឺ​មាន​ត្រី​ធំៗ​ចំនួន​មួយ​រយ​ហា‌សិប​បី។ ទោះ​បី​មាន​ត្រី​ច្រើន​យ៉ាង​នេះ​ក៏​ដោយ ក៏​អួន​មិន​ធ្លាយ​ដែរ។ 12ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «នាំ​គ្នា​មក​បរិភោគ​ទៅ»។ គ្មាន​សិស្ស​ណា​ម្នាក់​ហ៊ាន​សួរ​ព្រះអង្គ​ថា “លោក​ជា​នរណា”ឡើយ ដ្បិត​គេ​ដឹង​ថា​ជា​ព្រះ‌អម្ចាស់​ទាំង​អស់​គ្នា។ 13ព្រះ‌យេស៊ូ​យាង​ទៅ​ជិត​ពួក​គេ ព្រះអង្គ​យក​នំប៉័ង​មក​ប្រទាន​ឲ្យ​គេ ហើយ​យក​ត្រី​មក​ប្រទាន​ឲ្យ​គេ​ដែរ។
14តាំង​ពី​ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មក នេះ​ជា​លើក​ទី​បី​ហើយ ដែល​ព្រះ‌យេស៊ូ​សម្តែង​ព្រះអង្គ​ឲ្យ​ពួក​សិស្ស​ឃើញ។
ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ផ្ដាំ​លោក​ពេត្រុស
15លុះ​គេ​បាន​បរិភោគ​រួច​រាល់​ហើយ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​លោក​ស៊ីម៉ូន​ពេត្រុស​ថា៖ «ស៊ីម៉ូន កូន​លោក​យ៉ូហាន​អើយ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ ជាង​អ្នក​ទាំង​នេះ​ស្រឡាញ់​ខ្ញុំ​ឬ?»។ គាត់​ទូល​ព្រះអង្គ​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់! ព្រះអង្គ​ជ្រាប​ស្រាប់​ហើយ​ថា ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​ថែ‌រក្សា​កូន​ចៀម​របស់​ខ្ញុំ​ផង!»។ 16ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ជា​លើក​ទី​ពីរ​ថា៖ «ស៊ីម៉ូន កូន​លោក​យ៉ូហាន​អើយ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ?»។ លោក​ពេត្រុស​ទូល​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់! ព្រះអង្គ​ជ្រាប​ស្រាប់​ហើយ​ថា ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្ញុំ​ផង!»។ 17ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ជា​លើក​ទី​បី​ថា៖ «ស៊ីម៉ូន កូន​លោក​យ៉ូហាន​អើយ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ»។ លោក​ពេត្រុស​ព្រួយ​ចិត្ត​ណាស់ ព្រោះ​ព្រះអង្គ​សួរ​គាត់​ដល់​ទៅ​បី​លើក​ថា “អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ”​ដូច្នេះ។ លោក​ទូល​តប​ទៅ​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ព្រះអង្គ​ជ្រាប​អ្វីៗ​សព្វ​គ្រប់​ទាំង​អស់ ព្រះអង្គ​ជ្រាប​ស្រាប់​ហើយ​ថា ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​ថែ‌រក្សា​ហ្វូង​ចៀម​របស់​ខ្ញុំ​ផង។ 18ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា កាល​អ្នក​នៅ​ក្មេង អ្នក​ក្រវាត់​ចង្កេះ​ខ្លួន​ឯង ហើយ​អ្នក​ទៅ​ណា​តាម​តែ​ចិត្ត​អ្នក​ចង់។ លុះ​ដល់​អ្នក​ចាស់ អ្នក​នឹង​លើក​ដៃ​ឡើង ហើយ​មាន​ម្នាក់​ទៀត​ក្រវាត់​ចង្កេះ​ឲ្យ​អ្នក ទាំង​នាំ​អ្នក​ទៅ​កន្លែង​ដែល​អ្នក​មិន​ចង់​ទៅ​ថែម​ទៀត​ផង»។ 19ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ បង្ហាញ​អំពី​របៀប​ដែល​លោក​ពេត្រុស​ស្លាប់ ដើម្បី​សម្តែង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់។ បន្ទាប់​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ!»។
ព្រះ‌យេស៊ូ និង​សិស្ស​ដែល​ព្រះអង្គ​ស្រឡាញ់
20 លោក​ពេត្រុស​ងាក​មើល​ក្រោយ​ឃើញ​សិស្ស* ដែល​ព្រះ‌យេស៊ូ​ស្រឡាញ់ ដើរ​តាម​មក​ដែរ។ សិស្ស​នោះ​ហើយ ដែល​បាន​ឱន​ទៅ​ជិត​ព្រះ‌ឱរា​របស់​ព្រះ‌យេស៊ូ​នៅ​ពេល​ជប់‌លៀង ហើយ​ទូល​សួរ​ព្រះអង្គ​ថា “បពិត្រ​ព្រះ‌អម្ចាស់! តើ​នរណា​នាំ​គេ​មក​ចាប់​ព្រះអង្គ?”។ 21កាល​លោក​ពេត្រុស​ឃើញ​គាត់ លោក​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «ព្រះ‌អម្ចាស់​អើយ! រីឯ​អ្នក​នោះ​វិញ តើ​នឹង​មាន​កើត​អ្វី​ដល់​គាត់?»។ 22ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​ថា៖ «ប្រសិន​បើ​ខ្ញុំ​ចង់​ឲ្យ​គាត់​មាន​ជីវិត​រស់​រហូត​ដល់​ខ្ញុំ​ត្រឡប់​មក​វិញ តើ​នឹង​កើត​អំពល់​អ្វី​ដល់​អ្នក? 23ឯ​អ្នក សុំ​អញ្ជើញ​មក​តាម​ខ្ញុំ!»។ តាំង​ពី​ពេល​នោះ​មក មាន​លេច​ឮ​ពាក្យ​ក្នុង​ចំណោម​ពួក​បងប្អូន​ថា សិស្ស​នោះ​មិន​ត្រូវ​ស្លាប់​ទេ។ តាម​ពិត ព្រះ‌យេស៊ូ​ពុំ​បាន​ប្រាប់​លោក​ពេត្រុស​ថា សិស្ស​នោះ​មិន​ត្រូវ​ស្លាប់​ឡើយ ព្រះអង្គ​គ្រាន់​តែ​មាន​ព្រះ‌បន្ទូល​ថា “ប្រសិន​បើ​ខ្ញុំ​ចង់​ឲ្យ​គាត់​មាន​ជីវិត​រស់​រហូត​ដល់​ខ្ញុំ​ត្រឡប់​មក​វិញ តើ​នឹង​កើត​អំពល់​អ្វី​ដល់​អ្នក?”។
អវសាន​កថា
24សិស្ស*​នោះ​ហើយ ដែល​បាន​ផ្ដល់​សក្ខីភាព​អំពី​ហេតុ‌ការណ៍​ទាំង​អស់​នេះ ព្រម​ទាំង​បាន​កត់‌ត្រា​ទុក​មក​ផង។ យើង​ដឹង​ថា​សក្ខីភាព​របស់​គាត់​ពិត​ជា​ត្រឹម​ត្រូវ​មែន។ 25ព្រះ‌យេស៊ូ​បាន​ធ្វើ​កិច្ចការ​ឯ​ទៀតៗ​ជា​ច្រើន។ ប្រសិន​បើ​មាន​គេ​កត់‌ត្រា​ហេតុ‌ការណ៍​ទាំង​នោះ​ឲ្យ​បាន​ល្អិត‌ល្អន់ ខ្ញុំ​យល់​ថា ពិភព​លោក​នេះ​ពុំ​អាច​នឹង​មាន​កន្លែង​ល្មម​សម្រាប់​ទុក​សៀវភៅ ដែល​គេ​កត់‌ត្រា​នោះ​ឡើយ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy