YouVersion Logo
Search Icon

ហាបាគូក 3

3
ទំនុកតម្កើង របស់​លោក​ហាបា‌គូក
1 ពាក្យ​អធិស្ឋាន​របស់​លោក​ហាបា‌គូក
ស្មូត្រ​ជា​ទំនុក​សោក​សង្រេង:
2ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​បាន​ឮ​សេចក្ដី
ដែល​គេ​ថ្លែង​អំពី​ព្រះអង្គ
ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​កោត​ស្ញប់‌ស្ញែង
ស្នា​ព្រះ‌ហស្ដ​ដែល​ព្រះអង្គ​បាន​ធ្វើ។
សូម​សម្តែង​ឲ្យ​មនុស្ស​លោក​ស្គាល់
ស្នា​ព្រះ‌ហស្ដ​ទាំង​នេះ ត​ទៅ​មុខ​ទៀត!
ប៉ុន្តែ ពេល​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ
សូម​នឹក​ដល់​ព្រះ‌ហឫទ័យ​អាណិត​មេត្តា
របស់​ព្រះអង្គ​ផង។
3ព្រះ‌ជាម្ចាស់​យាង​មក​ពី​ស្រុក​ថេម៉ាន
ព្រះ​ដ៏វិសុទ្ធ​យាង​មក​ពី​ភ្នំ​ប៉ារ៉ាន។
- សម្រាក
ភាព​ថ្កុំ‌ថ្កើង​របស់​ព្រះអង្គ​ចែង​ចាំង
ពាស​ពេញ​ផ្ទៃ​មេឃ
ហើយ​ផែនដី​ទាំង​មូល​សរសើរ​តម្កើង​ព្រះអង្គ។
4ព្រះអង្គ​ប្រកប​ដោយ​ពន្លឺ​ដ៏​ត្រចះ‌ត្រចង់
មាន​កាំ​រស្មី​ចាំង​ចេញ​ពី​ព្រះ‌ហស្ដ
ដែល​បង្កប់​ទុក​នូវ​ព្រះ‌ចេស្ដា​របស់​ព្រះអង្គ។
5ព្រះអង្គ​ចាត់​ជំងឺ​អាសន្ន‌រោគ
ឲ្យ​ទៅ​ពី​មុខ​ព្រះអង្គ។
ព្រះអង្គ​យាង​ទៅ​ទី​ណា
ជំងឺ​រាត‌ត្បាត​ទៅ​តាម​ពី​ក្រោយ។
6ពេល​ព្រះអង្គ​ឈប់ ផែនដី​កក្រើក។
ពេល​ព្រះអង្គ​ទត​មើល
ប្រជា‌ជាតិ​នានា​នាំ​គ្នា​ភ័យ​ញាប់‌ញ័រ
ភ្នំ​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច
ប្រេះ​ចេញ​ពី​គ្នា
ភ្នំ​តូចៗ​ដែល​នៅ​ស្ថិត‌ស្ថេរ​តាំង​ពី​ដើម​រៀង​មក
ជា​ផ្លូវ​ដែល​ព្រះអង្គ​ធ្លាប់​យាង​កាត់
ក៏​ត្រូវ​រលាយ​សូន្យ​អស់​ដែរ។
7ខ្ញុំ​ឃើញ​ជំរំ​របស់​ជន‌ជាតិ​គូសាន រលាយ​សូន្យ
ជម្រក​របស់​ស្រុក​ម៉ាឌាន​ត្រូវ​ញ័រ​កក្រើក។
8តើ​ព្រះ‌អម្ចាស់​ខ្ញាល់​នឹង​ទន្លេ​ទាំង‌ឡាយ​ឬ?
តើ​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង‌ក្លា
ទាស់​នឹង​ទន្លេ ព្រម​ទាំង​សមុទ្រ​ឬ?
ព្រះអង្គ​យាង​នៅ​លើ​ពពក ដូច​គេ​ជិះ​សេះ
និង​រទេះ​ចម្បាំង ទៅ​វាយ​យក​ជ័យ‌ជម្នះ។
9ព្រះអង្គ​យឹត​ធ្នូ​របស់​ព្រះអង្គ
ព្រះ‌បន្ទូល​ដ៏​ម៉ឺង‌ម៉ាត់
ជា​ព្រួញ​របស់​ព្រះអង្គ។
- សម្រាក
ព្រះអង្គ​ធ្វើ​ឲ្យ​ដី​ប្រេះ​ចេញ​ពី​គ្នា
និង​ឲ្យ​ទឹក​ទន្លេ​ផុស​ចេញ​មក។
10ភ្នំ​ឃើញ​ព្រះអង្គ នាំ​គ្នា​ភ័យ​ញាប់‌ញ័រ
ភ្លៀង​ក៏​បង្អុរ​ចុះ​មក​ដែរ
មហា​សាគរ​ពុះ​កញ្ជ្រោល​យ៉ាង​គគ្រឹក‌គគ្រេង
ធ្វើ​ឲ្យ​មាន​រលក​ធំៗ។
11ក្រោម​រស្មី​នៃ​ព្រួញ និង​ពន្លឺ​ដ៏​ចិញ្ចែង‌ចិញ្ចាច
នៃ​លំពែង​របស់​ព្រះអង្គ
ព្រះ‌អាទិត្យ និង​ព្រះ‌ច័ន្ទ​ឈប់​នៅ​នឹង​កន្លែង។
12ព្រះអង្គ​យាង​កាត់​ផែនដី ទាំង​ព្រះ‌ពិរោធ
ព្រះអង្គ​ជាន់​កម្ទេច​ប្រជា‌ជាតិ​នានា​ទាំង​ខ្ញាល់។
13ព្រះអង្គ​យាង​ចេញ​មក
ដើម្បី​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ
និង​សង្គ្រោះ​ស្ដេច​ដែល​ព្រះអង្គ​ចាក់​ប្រេង​អភិសេក។
ព្រះអង្គ​ប្រហារ​មេ​គ្រួសារ​របស់​មនុស្ស​អាក្រក់
ព្រះអង្គ​កម្ទេច​ពួក​គេ​ឲ្យ​វិនាស​សូន្យ
ទាំង​អស់​គ្នា។
- សម្រាក
14ព្រះអង្គ​ប្រើ​ព្រួញ​របស់​ពួក​គេ
ទម្លុះ​ក្បាល​មេ​ដឹក​នាំ​របស់​ពួក​គេ
នៅ​ពេល​អ្នក​ទាំង​នោះ​លើក​គ្នា ដូច​ខ្យល់​ព្យុះ
មក​កម្ទេច​ខ្ញុំ ទាំង​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ
ពួក​គេ​ពួន​ស្ទាក់​ប្រហារ​ជន​ទុគ៌ត។
15ព្រះអង្គ​ត្រួស‌ត្រាយ​ផ្លូវ​ឲ្យ​សេះ​របស់​ព្រះអង្គ
នៅ​ក្នុង​ទឹក​សមុទ្រ
ដែល​កំពុង​តែ​កញ្ជ្រោល​យ៉ាង​ខ្លាំង។
16ខ្ញុំ​បាន​ឮ​សូរ​សន្ធឹក​នេះ
ខ្ញុំ​ក៏​ភ័យ​រន្ធត់ ហើយ​ញ័រ​បបូរ​មាត់
ឆ្អឹង​របស់​ខ្ញុំ​កាន់​តែ​ពុក​ទៅៗ។
ខ្ញុំ​ទន់​ដៃ​ទន់​ជើង នៅ​ស្ងៀម​ឥត​កម្រើក
ទន្ទឹង​រង់‌ចាំ​ថ្ងៃ​អាសន្ន
គឺ​នៅ​ពេល​ដែល​ពួក​ឈ្លាន‌ពាន
លើក​គ្នា​មក​ប្រហារ​ប្រជា‌ជន​របស់​យើង។
17ដើម​ឧទុម្ពរ​លែង​ផ្កា
ទំពាំង‌បាយជូរ​លែង​មាន​ផ្លែ
ដើម​អូលីវ​លែង​ផ្ដល់​ប្រេង
ស្រែ​ចម្ការ​លែង​ផ្ដល់​ភោគ‌ផល​ជា​អាហារ
លែង​មាន​ចៀម​នៅ​តាម​វាល​ស្មៅ
ហើយ​ក៏​លែង​មាន​គោ​ក្នុង​ក្រោល​ទៀត​ដែរ។
18រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​សប្បាយ​រីក‌រាយ
ហើយ​មាន​អំណរ​ដ៏​លើស‌លុប
ដោយ​ព្រះ‌ជាម្ចាស់​សង្គ្រោះ​ខ្ញុំ។
19 ព្រះ‌ជា‌អម្ចាស់​នៃ​ខ្ញុំ​ជា​កម្លាំង​របស់​ខ្ញុំ
ព្រះអង្គ​ប្រទាន​ឲ្យ​ខ្ញុំ​រត់​លឿន​ដូច​ឈ្លូស
ព្រះអង្គ​ប្រទាន​ឲ្យ​ខ្ញុំ​ដើរ​នៅ​លើ​ទី​ខ្ពស់ៗ។
ទំនុក​របស់​គ្រូ​ចម្រៀង ប្រគំ​ដោយ​តន្ត្រី​ដែល​មាន​ខ្សែ

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy