YouVersion Logo
Search Icon

លោកុប្បត្តិ 48

48
លោក​យ៉ាកុប​ឲ្យ​ពរ​កូន​របស់​លោក​យ៉ូសែប
1ក្រោយ​មក មាន​គេ​ជម្រាប​លោក​យ៉ូសែប​ថា ឪពុក​របស់​លោក​មាន​ជំងឺ។ លោក​ក៏​ទៅ​ជួប​ឪពុក ទាំង​នាំ​កូន​ប្រុស​របស់​លោក​ទាំង​ពីរ​នាក់ គឺ​ម៉ាណា‌សេ និង​អេប្រាអ៊ីម​ទៅ​ជា​មួយ​ផង។ 2គេ​ជម្រាប​លោក​យ៉ាកុប​ថា៖ «លោក​យ៉ូសែប​ជា​កូន​មក​រក​ជួប​លោក»។ លោក​អ៊ីស្រា‌អែល​ក៏​ប្រមូល​កម្លាំង ក្រោក​អង្គុយ​លើ​គ្រែ។ 3 លោក​យ៉ាកុប​មាន​ប្រសាសន៍​ទៅ​លោក​យ៉ូសែប​ថា៖ «ព្រះ‌ជាម្ចាស់​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត ដែល​យាង​មក​ឲ្យ​ពុក​ឃើញ​នៅ​លូស ក្នុង​ស្រុក​កាណាន បាន​ប្រទាន​ពរ​ពុក។ 4ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ពុក​ថា “យើង​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​កូន​ចៅ​ជា​ច្រើន និង​កើន​ចំនួន​ឡើង​បាន​ទៅ​ជា​ប្រជា‌ជាតិ​ដ៏​ច្រើន។ យើង​នឹង​ប្រគល់​ទឹក​ដី​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក ទុក​ជា​កម្មសិទ្ធិ​រហូត​ត​ទៅ”។ 5ឥឡូវ​នេះ កូន​ទាំង​ពីរ​របស់​កូន​ដែល​កើត​នៅ​ស្រុក​អេស៊ីប មុន​ពេល​ពុក​មក​ដល់ ត្រូវ​រាប់​ជា​កូន​របស់​ពុក គឺ​អេប្រាអ៊ីម និង​ម៉ាណា‌សេ នឹង​ត្រូវ​រាប់​ជា​កូន​របស់​ពុក​ដូច​រូបេន និង​ស៊ីម្មាន​ដែរ។ 6ចំពោះ​កូន​ឯ​ទៀតៗ​ដែល​កូន​បាន​បង្កើត​មក​តាម​ក្រោយ ទើប​រាប់​ថា​ជា​កូន​របស់​កូន។ កូនៗ​ដែល​កើត​មក​តាម​ក្រោយ​នោះ​នឹង​ទទួល​កេរ‌មត៌ក តាម​រយៈ​អេប្រាអ៊ីម និង​ម៉ាណា‌សេ។ 7 ពេល​ពុក​ត្រឡប់​មក​ពី​ស្រុក​ប៉ាដាន់​វិញ រ៉ាជែល ម្ដាយ​កូន បាន​ស្លាប់​នៅ​នឹង​ដៃ​ឪពុក ជិត​ភូមិ​អេប្រាតា នៅ​ស្រុក​កាណាន ពុក​បាន​បញ្ចុះ​សព​ម្ដាយ​កូន​នៅ​ទី​នោះ តាម​ផ្លូវ​ទៅ​អេប្រាតា គឺ​ភូមិ​បេថ្លេ‌ហិម»។
8លោក​អ៊ីស្រា‌អែល​សម្លឹង​មើល​កូន​ប្រុស​របស់​លោក​យ៉ូសែប ហើយ​សួរ​ថា៖ «អ្នក​ទាំង​ពីរ​ជា​នរណា?»។ 9លោក​យ៉ូសែប​ឆ្លើយ​ថា៖ «នេះ​ជា​កូនៗ​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​មក​កូន នៅ​ស្រុក​នេះ»។ លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ថា៖ «ចូរ​កូន​នាំ​វា​ចូល​មក​ជិត​ពុក​មក៍ ពុក​នឹង​ឲ្យ​ពរ​វា»។ 10ពេល​នោះ ភ្នែក​របស់​លោក​អ៊ីស្រា‌អែល​ចុះ​អន់‌ថយ ព្រោះ​លោក​ចាស់​ហើយ មើល​អ្វី​ពុំ​ឃើញ​ទៀត​ទេ។ លោក​យ៉ូសែប​នាំ​កូន​ចូល​ទៅ​ជិត​ឪពុក លោក​អ៊ីស្រា‌អែល​ក៏​ឱប​ថើប​ចៅ។ 11លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ថា៖ «កាល​ពី​មុន ពុក​គ្មាន​សង្ឃឹម​ថា​នឹង​ឃើញ​មុខ​កូន​ទៀត​ទេ។ ក៏​ប៉ុន្តែ​ឥឡូវ​នេះ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​ពុក​ឃើញ​ពូជ‌ពង្ស​របស់​កូន​ថែម​ទៀត!»។ 12លោក​យ៉ូសែប​បាន​យក​កូនៗ​ចេញ​ពី​ភ្លៅ​ឪពុក រួច​លោក​ក្រាប​ចុះ ឱន​មុខ​ដល់​ដី ។ 13បន្ទាប់​មក លោក​យ៉ូសែប​នាំ​កូន​ទាំង​ពីរ​ចូល​មក​ជិត​ឪពុក លោក​កាន់​អេប្រាអ៊ីម​នៅ​ដៃ​ស្ដាំ គឺ​ឲ្យ​នៅ​ខាង​ឆ្វេង​លោក​អ៊ីស្រា‌អែល និង​កាន់​ម៉ាណា‌សេ​នៅ​ដៃ​ឆ្វេង គឺ​នៅ​ខាង​ស្ដាំ​លោក​អ៊ីស្រា‌អែល។ 14លោក​អ៊ីស្រា‌អែល​បាន​ខ្វែង​ដៃ គឺ​លោក​ដាក់​ដៃ​ស្ដាំ​លើ​ក្បាល​អេប្រាអ៊ីម​ជា​ប្អូន និង​ដាក់​ដៃ​ឆ្វេង​លើ​ក្បាល​ម៉ាណា‌សេ​ជា​កូន​ច្បង 15រួច​លោក​ឲ្យ​ពរ​លោក​យ៉ូសែប​ថា៖
«សូម​ព្រះ‌ជាម្ចាស់​ដែល​លោក​អប្រាហាំ
និង​លោក​អ៊ីសាក​ធ្លាប់​គោរព​បម្រើ
សូម​ព្រះ‌ជាម្ចាស់​ដែល​ថែ‌រក្សា​ពុក
តាំង​ពី​ពុក​កើត​មក រហូត​ដល់​សព្វ​ថ្ងៃ
16សូម​ទេវតា ដែល​បាន​រំដោះ​ពុក​ឲ្យ​រួច​ផុត
ពី​គ្រោះ​ថ្នាក់​គ្រប់​យ៉ាង
ប្រទាន​ពរ​កូន​ប្រុស​ទាំង​ពីរ!
សូម​ឲ្យ​គេ​រំឭក​ឈ្មោះ​ពុក
ឈ្មោះ​របស់​លោក​អប្រាហាំ​ជា​ជីតា
និង​ឈ្មោះ​របស់​លោក​អ៊ីសាក​ជា​ឪពុក​របស់​ពុក
តាម​រយៈ​កូន​ទាំង​ពីរ។
សូម​ឲ្យ​កូន​ទាំង​ពីរ​មាន​កូន​ចៅ
ជា​ច្រើន​អនេក​នៅ​ក្នុង​ស្រុក​នេះ!»។
17លោក​យ៉ូសែប​ឃើញ​ឪពុក​ដាក់​ដៃ​ស្ដាំ​លើ​ក្បាល​អេប្រាអ៊ីម​ដូច្នេះ លោក​មិន​ពេញ​ចិត្ត​ទេ។ លោក​ទាញ​ដៃ​ឪពុក​ចេញ​ពី​ក្បាល​អេប្រាអ៊ីម យក​ទៅ​ដាក់​លើ​ក្បាល​របស់​ម៉ាណា‌សេ។ 18លោក​យ៉ូសែប​ជម្រាប​ឪពុក​ថា៖ «មិន​មែន​ដូច្នេះ​ទេ​ពុក កូន​បង​នៅ​ខាង​នេះ សូម​ដាក់​ដៃ​ស្ដាំ​លើ​ក្បាល​វា​ឯ‌ណេះ​វិញ»។ 19ប៉ុន្តែ ឪពុក​លោក​ប្រកែក​ថា៖ «ពុក​ដឹង​ហើយ​កូន ពុក​ដឹង​ហើយ​ថា​ម៉ាណា‌សេ​ជា​កូន​ច្បង វា​ក៏​នឹង​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ដ៏​ធំ​ដែរ។ ប៉ុន្តែ ប្អូន​របស់​វា​នឹង​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ធំ​ជាង​វា​ទៅ​ទៀត។ ពូជ‌ពង្ស​របស់​អេប្រាអ៊ីម​នឹង​បាន​ទៅ​ជា​ប្រជា‌ជាតិ​ដ៏​ធំ»។ 20 នៅ​ថ្ងៃ​នោះ លោក​អ៊ីស្រា‌អែល​ឲ្យ​ពរ​កូន​ទាំង​ពីរ​នាក់​ថា៖ «ជន‌ជាតិ​អ៊ីស្រា‌អែល​នឹង​យក​ឈ្មោះ​កូន​ទាំង​ពីរ​ទៅ​ឲ្យ​ពរ​គ្នា​ថា: សូម​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​អ្នក​បាន​ចម្រុង‌ចម្រើន ដូច​អេប្រាអ៊ីម និង​ម៉ាណា‌សេ!»។ លោក​អ៊ីស្រា‌អែល​ហៅ​ឈ្មោះ​អេប្រាអ៊ីម​មុន​ម៉ាណា‌សេ។ 21លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ទៅ​លោក​យ៉ូសែប​ថា៖ «មើល៍ ពុក​ជិត​លា​ចាក​លោក​នេះ​ហើយ! ប៉ុន្តែ ព្រះ‌ជាម្ចាស់​គង់​នៅ​ជា​មួយ​កូនៗ​ទាំង​អស់​គ្នា ព្រះអង្គ​ក៏​នឹង​នាំ​កូនៗ​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ដូនតា​កូន​វិញ​ដែរ។ 22ពុក​ឲ្យ​តំបន់​ស៊ីគែម​ដល់​កូន គឺ​មួយ​ចំណែក​លើស​បងប្អូន​របស់​កូន ជា​ដី​ដែល​ពុក​បាន​រឹប​យក​ពី​ជន‌ជាតិ​អាម៉ូរី ដោយ​ដាវ និង​ធ្នូ​របស់​ពុក​ផ្ទាល់»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy