លោកុប្បត្តិ 4
4
លោកកាអ៊ីន និងលោកអេបិល
1លោកអដាំ រួមរស់ជាមួយនាងអេវ៉ាជាភរិយា នាងមានផ្ទៃពោះសម្រាលបានកូនមួយ ឈ្មោះកាអ៊ីន នាងពោលថា៖ «ខ្ញុំបានបង្កើតមនុស្សម្នាក់ ព្រោះព្រះអម្ចាស់ប្រទានឲ្យ»។ 2នាងសម្រាលបានកូនមួយទៀត គឺអេបិល ជាកូនប្អូន។ ក្រោយមក លោកអេបិលបានប្រកបរបរជាគង្វាលចៀម រីឯលោកកាអ៊ីនជាអ្នកធ្វើស្រែចម្ការ។
3លុះដល់ពេលប្រមូលផលហើយ លោកកាអ៊ីនក៏យកភោគផលពីស្រែចម្ការរបស់គាត់មកថ្វាយព្រះអម្ចាស់។ 4 លោកអេបិលក៏បាននាំយកកូនសត្វ ដែលកើតមុនគេបង្អស់ក្នុងហ្វូងសត្វរបស់គាត់ ព្រមទាំងខ្លាញ់ របស់វាមកថ្វាយដែរ។ ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងលោកអេបិល ព្រមទាំងតង្វាយរបស់គាត់ 5តែព្រះអង្គមិនគាប់ព្រះហឫទ័យនឹងលោកកាអ៊ីន ព្រមទាំងតង្វាយរបស់គាត់ទេ។ លោកកាអ៊ីនក្ដៅក្រហាយយ៉ាងខ្លាំង ហើយក្រពុលមុខទៀតផង។ 6ព្រះអម្ចាស់មានព្រះបន្ទូលមកលោកកាអ៊ីនថា៖ «ហេតុអ្វីបានជាអ្នកក្ដៅក្រហាយ? ហេតុអ្វីបានជាអ្នកក្រពុលមុខដូច្នេះ? 7ប្រសិនបើអ្នកប្រព្រឹត្តល្អ អ្នកនឹងបានរីករាយឡើងវិញជាមិនខាន ផ្ទុយទៅវិញ បើអ្នកមិនប្រព្រឹត្តល្អទេ បាបក្រាបនៅមាត់ទ្វាររបស់អ្នក ដើម្បីជំរុញអ្នកឲ្យធ្វើតាមវា តែអ្នកត្រូវបង្ក្រាបវាវិញ»។
8 លោកកាអ៊ីនបានបបួលលោកអេបិលជាប្អូនទៅចម្ការ លុះដល់ហើយ គាត់ក៏ស្ទុះទៅប្រហារប្អូនឲ្យស្លាប់បាត់បង់ជីវិត។
9 ព្រះអម្ចាស់សួរលោកកាអ៊ីនថា៖ «អេបិលប្អូនរបស់អ្នកនៅឯណា?»។ គាត់ទូលព្រះអង្គថា៖ «ទូលបង្គំមិនដឹងទេ! តើទូលបង្គំជាអ្នកឃ្វាលប្អូនរបស់ទូលបង្គំឬ?»។ 10 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកកាអ៊ីនថា៖ «ម្ដេចក៏អ្នកប្រព្រឹត្តដូច្នេះ? សម្រែកឈាមប្អូនរបស់អ្នកបានលាន់ឮពីដីឡើងមកដល់យើង។ 11ឥឡូវនេះ អ្នកត្រូវបណ្ដាសាហើយ អ្នកត្រូវឃ្លាតឆ្ងាយពីដីដែលបានស្រូបយកឈាមប្អូនរបស់អ្នក ជាឈាមដែលអ្នកបានបង្ហូរដោយផ្ទាល់ដៃ។ 12ពេលណាអ្នកភ្ជួររាស់ដី ដីនឹងលែងឲ្យភោគផលដល់អ្នកទៀតហើយ អ្នកនឹងទៅជាមនុស្សអនាថា សាត់ព្រាត់នៅលើផែនដី»។ 13លោកកាអ៊ីនទូលព្រះអម្ចាស់ថា៖ «ព្រះអង្គដាក់ទោសទូលបង្គំយ៉ាងនេះ ធ្ងន់ពេកណាស់ ទូលបង្គំទ្រាំមិនបានទេ។ 14ថ្ងៃនេះ ព្រះអង្គដេញទូលបង្គំចេញពីដីដែលមានជីជាតិល្អ ទូលបង្គំក៏ត្រូវចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គទៀត ហើយនឹងទៅជាមនុស្សអនាថា សាត់ព្រាត់នៅលើផែនដី បើមាននរណាម្នាក់ជួបទូលបង្គំ គេមុខជាសម្លាប់ទូលបង្គំមិនខាន»។ 15ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖ «បើអ្នកណាសម្លាប់កាអ៊ីន គេនឹងសងសឹកអ្នកនោះវិញមួយជាប្រាំពីរ»។ បន្ទាប់មក ព្រះអម្ចាស់ដៅសញ្ញាសម្គាល់មួយនៅលើលោកកាអ៊ីន។ ដូច្នេះ ពេលមាននរណាជួបគាត់ គេនឹងមិនប្រហារជីវិតគាត់ឡើយ។ 16បន្ទាប់មកទៀត លោកកាអ៊ីនបានចាកចេញឆ្ងាយពីព្រះភ័ក្ត្រ របស់ព្រះអម្ចាស់ ទៅរស់នៅឯស្រុកណូដ ដែលស្ថិតនៅខាងកើតស្រុកអេដែន។
ពូជពង្សរបស់លោកកាអ៊ីន
17លោកកាអ៊ីនបានរួមរស់ជាមួយភរិយារបស់គាត់ នាងក៏មានផ្ទៃពោះ ហើយបង្កើតបានកូនមួយ ឈ្មោះហេណុក។ បន្ទាប់មក គាត់កសាងក្រុងមួយ ហើយដាក់ឈ្មោះថាក្រុងហេណុក តាមឈ្មោះកូនរបស់គាត់។ 18លោកហេណុកមានកូនឈ្មោះអ៊ីរ៉ាដ បន្ទាប់មក លោកអ៊ីរ៉ាដបង្កើតមហ៊ូយ៉ែល លោកមហ៊ូយ៉ែលបង្កើតមទូសែល លោកមទូសែលបង្កើតឡាម៉េក។
19លោកឡាម៉េកបានយកភរិយាពីរ ម្នាក់ឈ្មោះនាងអដា ម្នាក់ទៀតឈ្មោះនាងស៊ីឡា។ 20នាងអដាបង្កើតកូនមួយឈ្មោះយ៉ាបាល ជាបុព្វបុរសរបស់ជនជាតិដែលបោះជំរំរស់នៅ ហើយចិញ្ចឹមហ្វូងសត្វ។ 21ប្អូនរបស់លោកយ៉ាបាលឈ្មោះលោកយូបាល ជាបុព្វបុរសរបស់ពួកអ្នកលេងពិណ និងចាប៉ី។ 22រីឯនាងស៊ីឡាវិញ នាងបង្កើតបានកូនឈ្មោះទូបាល-កាអ៊ីន ជាបុព្វបុរសរបស់ពួកជាងលង្ហិន និងជាងដែក។ ប្អូនស្រីរបស់លោកទូបាល-កាអ៊ីន ឈ្មោះនាងណាអាម៉ា។
23លោកឡាម៉េកនិយាយទៅកាន់ភរិយាទាំងពីរថា៖
«អដា និងស៊ីឡាអើយ ចូរស្ដាប់សម្ដីខ្ញុំ!
ភរិយារបស់ឡាម៉េកអើយ
ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលខ្ញុំនិយាយ!
ខ្ញុំបានសម្លាប់មនុស្សម្នាក់
ព្រោះតែគេធ្វើឲ្យខ្ញុំមានមុខរបួសមួយ
ហើយខ្ញុំបានសម្លាប់ក្មេងម្នាក់
ព្រោះតែស្នាមជាំមួយ។
24 បើគេវាយសម្លាប់លោកកាអ៊ីន
ត្រូវសម្លាប់ប្រាំពីរនាក់សងសឹកវិញ
ប៉ុន្តែ បើគេវាយសម្លាប់ឡាម៉េក
ត្រូវសម្លាប់រហូតដល់ទៅចិតសិបប្រាំពីរនាក់
ដើម្បីសងសឹក»។
25លោកអដាំរួមរស់ជាមួយភរិយាម្ដងទៀត នាងបង្កើតបានកូនប្រុសមួយ ហើយដាក់ឈ្មោះថា សេថ ដ្បិតនាងពោលថា «ដ្បិតព្រះជាម្ចាស់ប្រទានកូនមួយទៀតមកឲ្យខ្ញុំ ដើម្បីបន្តពូជជំនួសអេបិល ដែលកាអ៊ីនបានសម្លាប់»។
26លោកសេថបង្កើតបានកូនប្រុសមួយ ដែលគាត់ដាក់ឈ្មោះថា អេណុស។ ចាប់តាំងពីពេលនោះមក គេនាំគ្នាគោរពថ្វាយបង្គំព្រះជាម្ចាស់ ដោយហៅព្រះអង្គថា «ព្រះអម្ចាស់»។
Currently Selected:
លោកុប្បត្តិ 4: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.
លោកុប្បត្តិ 4
4
1អ័ដាមក៏ស្គាល់អេវ៉ាជាប្រពន្ធ ហើយនាងមានទំងន់បង្កើតបានកាអ៊ីន រួចនាងនិយាយថា អញបានកូនប្រុស១ ដោយព្រះយេហូវ៉ាទ្រង់ប្រោសប្រទាន 2នាងក៏បង្កើតបាន អេបិលជាប្អូនទៀត ឯអេបិលជាអ្នកគង្វាលហ្វូងសត្វ តែកាអ៊ីនជាអ្នកធ្វើស្រែចំការវិញ 3កន្លងក្រោយមក កាអ៊ីនបានយកផលដែលកើតពីដី មកថ្វាយជាដង្វាយដល់ព្រះយេហូវ៉ា 4ហើយអេបិលក៏ធ្វើដូចគ្នា គឺគាត់យកកូនជាដំបូង១ពីហ្វូងសត្វមកថ្វាយ ព្រមទាំងខ្លាញ់វាផង រួចព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យចំពោះអេបិល នឹងដង្វាយរបស់គាត់ 5តែមិនសព្វព្រះហឫទ័យចំពោះដង្វាយរបស់កាអ៊ីនទេ នោះកាអ៊ីនក៏ក្តៅក្រហាយ ហើយឡើងទឹកមុខក្រញូវ 6ព្រះយេហូវ៉ាទ្រង់មានបន្ទូលសួរកាអ៊ីនថា ឯងខឹងធ្វើអី ហេតុអ្វីបានជាឯងធ្វើទឹកមុខក្រញូវដូច្នេះ 7បើឯងធ្វើល្អ តើមិនបានទឹកមុខរីករាយវិញទេឬអី បើឯងធ្វើមិនល្អ នោះមានដង្វាយលោះបាបដេកនៅមាត់ទ្វារស្រាប់ហើយ ចិត្តវានឹងបណ្តោយតាមឯង ហើយឯងមានអំណាចលើវាដែរ។
8កាអ៊ីនក៏ដំណាលប្រាប់ដល់អេបិលជាប្អូន រួចមានកាល១ថ្ងៃកំពុងដែលគេនៅឯវាល នោះស្រាប់តែកាអ៊ីនក្រោកឡើងសំឡាប់អេបិលជាប្អូនទៅ 9ព្រះយេហូវ៉ាក៏មានបន្ទូលសួរកាអ៊ីនថា អេបិលប្អូនឯងនៅឯណា គាត់ទូលឆ្លើយថា ទូលបង្គំមិនដឹងទេ តើទូលបង្គំជាអ្នកថែរក្សាប្អូនឬអី 10នោះទ្រង់មានបន្ទូលសួរថា ឯងបានធ្វើអ្វីដូច្នេះ ពីព្រោះឮសូរសំរែកនៃឈាមរបស់ប្អូនឯងពីដីឡើងទៅដល់អញ 11ឥឡូវនេះ ឯងត្រូវដីដាក់បណ្តាសា ដោយបានទទួលឈាមនៃប្អូនពីដៃឯង 12កាលណាឯងធ្វើស្រែចំការ នោះដីនឹងមិនបង្កើតផលឲ្យឯងដ៏ពេញកំឡាំងទៀតទេ ឯងត្រូវសាត់ព្រាត់ ហើយអណ្តែតទៅមកលើផែនដីវិញ 13នោះកាអ៊ីនទូលទៅព្រះយេហូវ៉ាថា ទោសរបស់ទូលបង្គំធ្ងន់ពេកណាស់ នឹងទ្រាំទ្រមិនបានទេ 14មើល នៅថ្ងៃនេះ ទ្រង់បានបណ្តេញទូលបង្គំចេញពីស្រុកហើយ ដូច្នេះ ទូលបង្គំនឹងត្រូវនៅឃ្លាតពីទ្រង់ទៅ ហើយត្រូវសាត់ព្រាត់អណ្តែតទៅមកលើផែនដី រួចអស់អ្នកណាដែលឃើញទូលបង្គំ គេនឹងសំឡាប់ទូលបង្គំបង់ 15តែព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅគាត់ថា ដូច្នេះបើអ្នកណាដែលសំឡាប់ឯង នោះនឹងត្រូវទោស១ជា៧សួនរួចព្រះយេហូវ៉ាទ្រង់ក៏ដៅចំណាំកាអ៊ីន ដើម្បីកុំឲ្យអ្នកណាដែលឃើញគាត់បានសំឡាប់បង់ឡើយ។
16នោះកាអ៊ីនក៏ចេញពីចំពោះព្រះយេហូវ៉ា ទៅនៅឯស្រុកណូឌ ខាងកើតអេដែនទៅ 17ហើយកាអ៊ីនបានស្គាល់ប្រពន្ធគាត់ នោះនាងមានផ្ទៃពោះបង្កើតបានអេណុក គាត់ក៏សង់ទីក្រុង១ ហើយដាក់ឈ្មោះទីក្រុងនោះតាមឈ្មោះអេណុកកូនខ្លួន 18អេណុកបង្កើតបានអ៊ីរ៉ាឌៗបង្កើតមហ៊ូយ៉ែលៗបង្កើតមទូសែល ហើយមទូសែលបង្កើតឡាមេក 19ឯឡាមេកគាត់យកប្រពន្ធ២មួយឈ្មោះអ័ដា មួយទៀតឈ្មោះស៊ីឡា 20នាងអ័ដាបង្កើតបានយ៉ាបាល ដែលជាឪពុកនៃអស់ពួកអ្នកនៅក្នុងត្រសាល ហើយមានហ្វូងសត្វ 21ប្អូនគាត់ឈ្មោះយូបាល ជាឪពុកនៃពួកអ្នកលេងស៊ុងនឹងខ្លុយ 22ឯនាងស៊ីឡាក៏បង្កើតបានទូបាល-កាអ៊ីន ជាមេបង្រៀនពួកជាងលង្ហិន នឹងជាងដែក ប្អូនស្រីទូបាល-កាអ៊ីន គឺនាងន៉ាអាម៉ា។
23ឯឡាមេក គាត់និយាយទៅប្រពន្ធទាំងពីរថា ម្នាលអ័ដានឹងស៊ីឡាអើយ ចូរស្តាប់ពាក្យអញចុះ ឱប្រពន្ធឡាមេករាល់គ្នាអើយ ចូរផ្ទៀងត្រចៀកស្តាប់ពាក្យអញចុះ ដ្បិតអញបានសំឡាប់មនុស្សម្នាក់ ពីព្រោះវាបានធ្វើឲ្យអញមានរបួស គឺជាមនុស្សកំឡោះម្នាក់ ដោយហេតុវាបានវាយអញឲ្យជាំ 24បើសិនជាត្រូវសងសឹកជួសកាអ៊ីន១ជា៧ដង នោះក៏ត្រូវសងសឹកជួសឡាមេក១ជា៧៧ដងវិញ។
25រួចមក អ័ដាមបានស្គាល់ប្រពន្ធម្តងទៀត ហើយនាងបង្កើតបានកូនប្រុស១ ឲ្យឈ្មោះថា សេត ព្រោះនាងថា ព្រះទ្រង់បានប្រទានពូជ១ទៀតមកអញជំនួសអេបិល ដែលកាអ៊ីនបានសំឡាប់ទៅនោះ 26ឯសេត គាត់ក៏បង្កើតបានកូនប្រុស១ដែរ ដាក់ឈ្មោះថា អេណុស ហើយនៅជាន់នោះ គេចាប់តាំងអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា។
Currently Selected:
:
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.