លោកុប្បត្តិ 3
3
1 ពស់ជាសត្វមួយមានកលល្បិចជាងគេ ក្នុងចំណោមសត្វព្រៃទាំងអស់ដែលព្រះជាអម្ចាស់បង្កើតមក។ វាពោលទៅកាន់ស្ត្រីថា៖ «តើព្រះជាម្ចាស់ពិតជាមានព្រះបន្ទូលថា អ្នកទាំងពីរមិនត្រូវបរិភោគផ្លែឈើទាំងប៉ុន្មាន ដែលនៅក្នុងសួនឧទ្យានមែនឬ?»។ 2ស្ត្រីពោលទៅកាន់ពស់ថា៖ «យើងអាចបរិភោគផ្លែឈើទាំងឡាយនៅក្នុងសួនឧទ្យានបាន 3រីឯដើមឈើដែលស្ថិតនៅកណ្ដាលសួនឧទ្យាននោះវិញ ព្រះជាម្ចាស់បានហាមថា “កុំបរិភោគផ្លែវាឡើយ ហើយក៏មិនត្រូវប៉ះពាល់ដែរ បើពុំនោះទេ អ្នកទាំងពីរនឹងស្លាប់ជាមិនខាន”»។ 4ពេលនោះ ពស់ប្រាប់ស្ត្រីថា៖ «ទេ! អ្នកទាំងពីរនឹងមិនស្លាប់ទេ។ 5ផ្ទុយទៅវិញ ព្រះជាម្ចាស់ជ្រាបថា ថ្ងៃណាអ្នកបរិភោគផ្លែឈើនោះ ភ្នែកអ្នកនឹងបានភ្លឺ ហើយអ្នកនឹងបានដូចព្រះ ដែលស្គាល់ល្អស្គាល់អាក្រក់ជាមិនខាន»។
6ស្ត្រីមើលទៅដើមឈើ ឃើញថាមានរសជាតិឆ្ងាញ់ពិសា គួរឲ្យគយគន់ ហើយថែមទាំងអាចធ្វើឲ្យមានប្រាជ្ញាទៀតផង នាងក៏បេះផ្លែមកបរិភោគ ព្រមទាំងចែកឲ្យប្ដីដែលនៅជាមួយ ហើយប្ដីក៏បរិភោគដែរ។ 7ពេលនោះ ស្រាប់តែភ្នែករបស់អ្នកទាំងពីរបានភ្លឺឡើង ហើយដឹងថា គេនៅខ្លួនទទេ។ អ្នកទាំងពីរក៏បេះស្លឹកល្វាមកខ្ទាស់ធ្វើជាប៉ឹងបិទបាំងកាយ។
8អ្នកទាំងពីរបានឮព្រះសូរសៀងរបស់ព្រះជាអម្ចាស់ ដែលយាងកាត់សួនឧទ្យាន នៅពេលមានខ្យល់បក់រំភើយៗ បុរស និងស្ត្រីក៏នាំគ្នារត់ពួនក្រោយដើមឈើក្នុងសួនឧទ្យាន កុំឲ្យព្រះជាអម្ចាស់ទតឃើញ។ 9ព្រះជាអម្ចាស់មានព្រះបន្ទូលហៅមនុស្សប្រុសថា៖ «អ្នកនៅឯណា?» 10គាត់ទូលព្រះអង្គវិញថា៖ «ទូលបង្គំបានឮព្រះសូរសៀងរបស់ព្រះអង្គនៅក្នុងសួនឧទ្យាន ទូលបង្គំភ័យណាស់ ព្រោះទូលបង្គំនៅខ្លួនទទេ ហេតុនេះហើយបានជាទូលបង្គំពួន»។ 11ព្រះអង្គមានព្រះបន្ទូលថា៖ «នរណាប្រាប់អ្នកឲ្យដឹងថាអ្នកនៅខ្លួនទទេដូច្នេះ? តើអ្នកបរិភោគផ្លែឈើដែលយើងហាមនោះឬ?»។ 12បុរសឆ្លើយថា៖ «ស្ត្រីដែលព្រះអង្គប្រទានឲ្យមកនៅជាមួយទូលបង្គំនោះ បានឲ្យផ្លែឈើទូលបង្គំ ហើយទូលបង្គំក៏ទទួលទានដែរ»។ 13 ព្រះជាអម្ចាស់មានព្រះបន្ទូលទៅកាន់ស្ត្រីថា៖ «ម្ដេចក៏នាងធ្វើដូច្នេះ?» ស្ត្រីឆ្លើយថា៖ «ពស់បានមកបញ្ឆោតខ្ញុំម្ចាស់ ហើយខ្ញុំម្ចាស់ក៏ទទួលទានផ្លែឈើនោះទៅ»។ 14ព្រះជាអម្ចាស់មានព្រះបន្ទូលមកសត្វពស់ថា៖
«ដោយឯងបានធ្វើដូច្នេះ
ក្នុងបណ្ដាសត្វស្រុក សត្វព្រៃទាំងប៉ុន្មាន
ឯងនឹងត្រូវបណ្ដាសាហើយ។
ឯងត្រូវតែលូននឹងពោះ
ហើយស៊ីតែធូលីដីអស់មួយជីវិត។
15 យើងនឹងធ្វើឲ្យឯង និងស្ត្រី
ព្រមទាំងពូជឯង និងពូជស្ត្រី
ក្លាយទៅជាសត្រូវនឹងគ្នា
ពូជនាងនឹងជាន់ក្បាលរបស់ឯង
ហើយឯងនឹងចឹកកែងជើងពូជនាង»។
16ព្រះអង្គមានព្រះបន្ទូលមកស្ត្រីថា៖
«នៅពេលនាងមានផ្ទៃពោះ
យើងនឹងធ្វើឲ្យនាងរងទុក្ខលំបាកយ៉ាងខ្លាំង
នាងនឹងសម្រាលកូនទាំងឈឺចុកចាប់។
តណ្ហាជំរុញនាងឲ្យត្រូវការប្ដី
តែប្ដីនឹងធ្វើជាម្ចាស់លើនាង»។
17 ព្រះអង្គមានព្រះបន្ទូលមកលោកអដាំថា៖ «ដោយអ្នកបានស្ដាប់តាមពាក្យប្រពន្ធ ហើយបរិភោគផ្លែឈើដែលយើងហាមប្រាមនោះ
ដីនឹងត្រូវបណ្ដាសា ព្រោះតែអ្នក។
ដូច្នេះ អ្នកនឹងកាប់គាស់ដីចិញ្ចឹមជីវិតយ៉ាងវេទនា
ជារៀងរាល់ថ្ងៃ អស់មួយជីវិត។
18ដីនឹងដុះចេញជាបន្លា និងអញ្ចាញ
ហើយអ្នកនឹងបរិភោគតិណជាតិទាំងឡាយ
ដែលដុះនៅតាមទីវាល។
19អ្នកត្រូវរកស៊ីចិញ្ចឹមជីវិតទាំងបង្ហូរញើស
រហូតដល់ថ្ងៃដែលអ្នកត្រឡប់ទៅជាដីវិញ
ដ្បិតអ្នកមានកំណើតមកពីដី។
អ្នកកើតពីធូលីដី
អ្នកត្រូវតែត្រឡប់ទៅជាធូលីដីវិញ»។
20បុរសដាក់ឈ្មោះឲ្យប្រពន្ធថា “អេវ៉ា” ដ្បិតនាងជាមាតារបស់មនុស្សទាំងអស់ដែលមានជីវិត។ 21ព្រះជាអម្ចាស់បានយកស្បែកសត្វមកធ្វើជាសម្លៀកបំពាក់ឲ្យលោកអដាំ និងភរិយារបស់គាត់។ 22 ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ឥឡូវនេះ មនុស្សក៏ស្គាល់ល្អ ស្គាល់អាក្រក់ បានទៅជាម្នាក់ដូចយើងដែរ ដូច្នេះ គួរតែយើងរារាំងគេ កុំឲ្យលូកដៃបេះផ្លែពីដើមឈើ ដែលផ្ដល់ជីវិតថែមទៀតឡើយ ក្រែងគេបរិភោគទៅមានជីវិតអស់កល្បជានិច្ច»។
23 ព្រះជាអម្ចាស់ក៏បណ្ដេញមនុស្សចេញពីសួនឧទ្យានអេដែន ដើម្បីទៅភ្ជួររាស់ដីដែលព្រះអង្គបានសូនបង្កើតគេមកនោះ។ 24ក្រោយពីបណ្តេញមនុស្សចេញពីសួនឧទ្យានអេដែនហើយ ព្រះអង្គដាក់ចេរូប៊ីន*នៅខាងកើតសួន កាន់ដាវភ្លើងដែលជារន្ទះការពារផ្លូវ មិនឲ្យមនុស្សចូលទៅកាន់ដើមឈើ ដែលផ្ដល់ជីវិតនោះបានឡើយ។
Currently Selected:
លោកុប្បត្តិ 3: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.
លោកុប្បត្តិ 3
3
1ឯពស់ជាសត្វចេះឧបាយកលលើសជាងអស់ទាំងសត្វព្រៃ ដែលព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានបង្កើត វានិយាយទៅកាន់ស្ត្រីថា តើព្រះមានបន្ទូលហាមមិនឲ្យអ្នកបរិភោគផ្លែឈើណានៅក្នុងសួនច្បារមែនឬ 2ស្ត្រីឆ្លើយតបថា យើងបរិភោគអស់ទាំងផ្លែឈើនៅក្នុងសួនច្បារបាន 3តែត្រង់ដើមឈើ១ដែលនៅកណ្តាលសួនច្បារនោះ ព្រះទ្រង់មានបន្ទូលថា កុំឲ្យបរិភោគផ្លែនោះឡើយ ថែមទាំងកុំឲ្យពាល់ប៉ះផង ក្រែងលោស្លាប់ 4រួចពស់ក៏និយាយទៅស្ត្រីថា អ្នកមិនស្លាប់ជាពិតមែនទេ 5ដ្បិតព្រះទ្រង់ជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង 6កាលស្ត្រីបានឃើញថា ផ្លែឈើនោះបរិភោគបាន ក៏ជាទីគាប់ដល់ភ្នែក ហើយជាដើមដែលល្មមគួរនឹងចង់បាន ដើម្បីឲ្យបានប្រាជ្ញា នោះនាងក៏យកផ្លែមកបរិភោគ ព្រមទាំងចែកឲ្យដល់ប្ដីដែរ គាត់ក៏បរិភោគតាម 7នោះស្រាប់តែភ្នែករបស់អ្នកទាំង២បានភ្លឺឡើង ហើយគេដឹងថាខ្លួននៅជាអាក្រាត ក៏យកស្លឹកល្វាមកក្លាស់ធ្វើជាប្រដាប់ប៉ឹង 8រួចមកបានឮសំឡេងព្រះយេហូវ៉ាដ៏ជាព្រះ ដែលទ្រង់យាងក្នុងសួនច្បារនៅពេលថ្ងៃល្ហើយ នោះអ័ដាម នឹងប្រពន្ធគាត់ ក៏ពួននឹងព្រះយេហូវ៉ាដ៏ជាព្រះនៅកណ្តាលដើមឈើក្នុងសួនច្បារ។
9ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ហៅរកអ័ដាមដោយបន្ទូលថា ឯងនៅឯណា 10គាត់ទូលឆ្លើយថា ទូលបង្គំបានឮសំឡេងទ្រង់នៅក្នុងសួនច្បារ ក៏រត់ទៅពួន ដោយនឹកភ័យខ្លាច ពីព្រោះនៅខ្លួនទទេ 11នោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលសួរថា តើអ្នកណាប្រាប់ឲ្យឯងដឹងថា ឯងនៅខ្លួនទទេដូច្នេះ តើឯងបានស៊ីផ្លែឈើដែលអញហាមមិនឲ្យស៊ីឬអី 12អ័ដាមទូលទ្រង់ថា ស្ត្រីដែលទ្រង់បានប្រទានឲ្យនៅជាមួយនឹងទូលបង្គំ វាឲ្យផ្លែឈើនោះមកទូលបង្គំ ទូលបង្គំក៏ទទួលទានទៅ 13រួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលសួរទៅស្ត្រីថា ឯងបានធ្វើអ្វីដូច្នោះ នាងទូលឆ្លើយថា ពស់វាមកល្បួងបញ្ឆោតខ្ញុំម្ចាស់ ហើយខ្ញុំម្ចាស់បានទទួលទាន 14រួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលទៅពស់ថា ដោយព្រោះឯងបានធ្វើដូច្នេះ នោះនៅក្នុងអស់ទាំងពួកសត្វស្រុក សត្វព្រៃ ឯងជាសត្វត្រូវបណ្តាសាហើយ គឺឯងត្រូវលូនតែនឹងពោះ ហើយត្រូវស៊ីធូលីដីអស់១ជីវិត 15អញនឹងធ្វើឲ្យឯង ហើយនឹងស្ត្រី គឺទាំងពូជឯង នឹងពូជនាងមានសេចក្ដីខ្មាំងនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ 16ទ្រង់ក៏មានបន្ទូលទៅស្ត្រីវិញថា អញនឹងចំរើនឲ្យឯងមានសេចក្ដីព្រួយលំបាកជាច្រើនឡើង ក្នុងវេលាដែលមានផ្ទៃពោះ ឯងនឹងបង្កើតកូនដោយឈឺចាប់ ចិត្តឯងនឹងប្រាថ្នាខាងឯប្ដី ហើយប្ដីនឹងត្រួតត្រាលើឯង 17រួចទ្រង់ក៏មានបន្ទូលទៅអ័ដាមថា ដោយព្រោះឯងបានស្តាប់តាមប្រពន្ធឯង ហើយស៊ីផ្លែឈើនោះ ដែលអញបានហាមមិនឲ្យស៊ីឡើយ នោះដីត្រូវបណ្តាសាដោយព្រោះឯង ឯងត្រូវរកស៊ីពីដីដោយនឿយហត់អស់១ជីវិត 18ដីនឹងដុះជាបន្លា ហើយនឹងអញ្ចាញឲ្យឯង ឯងត្រូវស៊ីអស់ទាំងតិណជាតិដែលដុះនៅស្រែចំការ 19ឯងនឹងបានអាហារស៊ីដោយការបែកញើស ដរាបដល់ឯងត្រឡប់ទៅជាដីវិញ ពីព្រោះអញបានយកឯងពីដីមក ដ្បិតឯងជាធូលីដី ក៏ត្រូវត្រឡប់ទៅជាធូលីដីវិញ 20អ័ដាមបានឲ្យឈ្មោះប្រពន្ធគាត់ថា «អេវ៉ា» ពីព្រោះនាងជាម្តាយនៃមនុស្សទាំងអស់ 21នោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ក៏ធ្វើអាវពីស្បែក ឲ្យអ័ដាម នឹងប្រពន្ធគាត់ពាក់បិទបាំងកាយ។
22រួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលថា មើលមនុស្សបានត្រឡប់ដូចជាយើង១ដែរ ទាំងដឹងខុសត្រូវផង ឥឡូវខ្លាចក្រែងវាលូកដៃទៅបេះផ្លែជីវិតស៊ីទៀត ហើយរស់ជារៀងរាបដរាបទៅ 23ដូច្នេះ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ក៏បណ្តេញគាត់ពីសួនច្បារអេដែនចេញ ឲ្យទៅភ្ជួររាស់ដីដែលទ្រង់បានយកមកបង្កើតគាត់នោះវិញ 24ទ្រង់បណ្តេញមនុស្សចេញ ហើយដាក់ចេរូប៊ីននៅខាងកើតសួនច្បារអេដែន នឹងដាវ ដែលជាអណ្តាតភ្លើងរេបែរទៅគ្រប់ទិស ដើម្បីនឹងរក្សាផ្លូវទៅឯដើមជីវិត។
Currently Selected:
:
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.