YouVersion Logo
Search Icon

លោកុប្បត្តិ 27

27
លោក​យ៉ាកុប​លួច​យក​ពរ​របស់​លោក​អេសាវ
1លោក​អ៊ីសាក​មាន​វ័យ​ចាស់​ជរា ហើយ​ភ្នែក​របស់​លោក​ចុះ​អន់‌ថយ រហូត​មើល​លែង​ឃើញ​ទៀត។ ពេល​នោះ លោក​ហៅ​លោក​អេសាវ ជា​កូន​ច្បងមក​ថា៖ «កូន​អើយ!»។ លោក​អេសាវ​តប​មក​វិញ​ថា៖ «បាទ លោក​ឪពុក!»។ 2លោក​មាន​ប្រសាសន៍​ទៀត​ថា៖ «ឪពុក​ចាស់​ហើយ ពុំ​ដឹង​ជា​ស្លាប់​ថ្ងៃ​ណា​ទេ។ 3ហេតុ​នេះ ចូរ​កូន​យក​ប្រដាប់​បរ​បាញ់ គឺ​ព្រួញ និង​ធ្នូ ចេញ​ទៅ​បាញ់​សត្វ​នៅ​ព្រៃ យក​សាច់​មក​ឲ្យ​ឪពុក។ 4បន្ទាប់​មក ចូរ​ធ្វើ​ម្ហូប​យ៉ាង​ឆ្ងាញ់ តាម​ឪពុក​ចូល​ចិត្ត ហើយ​យក​មក​ឲ្យ​ឪពុក​បរិភោគ។ ឪពុក​នឹង​ឲ្យ​ពរ​កូន មុន​ពេល​ឪពុក​ស្លាប់»។
5ពេល​លោក​អ៊ីសាក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អេសាវ លោក​ស្រី​រេបិកា​ក៏​បាន​លួច​ស្ដាប់​ដែរ។ លោក​អេសាវ​ចេញ​ដំណើរ​ទៅ​ព្រៃ ដើម្បី​បរ​បាញ់​សត្វ​នាំ​យក​មក​ផ្ទះ​វិញ។ 6ពេល​នោះ លោក​ស្រី​រេបិកា​ពោល​ទៅ​កាន់​លោក​យ៉ាកុប ជា​កូន​ថា៖ «ម្ដាយ​បាន​ឮ​ឪពុក​កូន​និយាយ​ទៅ​កាន់​អេសាវ ជា​បង​របស់​កូន​ថា 7“ចូរ​ទៅ​បាញ់​សត្វ​នៅ​ព្រៃ​យក​មក ហើយ​ធ្វើ​ម្ហូប​យ៉ាង​ឆ្ងាញ់​ឲ្យ​ឪពុក​បរិភោគ។ ឪពុក​នឹង​ឲ្យ​ពរ​កូន​នៅ​មុខ​ព្រះ‌អម្ចាស់ មុន​ពេល​ឪពុក​ស្លាប់”។ 8ឥឡូវ​នេះ កូន​អើយ ចូរ​ស្ដាប់​ពាក្យ​ដែល​ម្ដាយ​ប្រាប់​ឲ្យ​ធ្វើ។ 9ចូរ​ទៅ​យក​កូន​ពពែ​ធាត់​ល្អៗ​ពីរ​មក ម្ដាយ​នឹង​ធ្វើ​ម្ហូប​យ៉ាង​ឆ្ងាញ់​តាម​ដែល​ឪពុក​កូន​ចូល​ចិត្ត។ 10បន្ទាប់​មក កូន​នឹង​យក​ម្ហូប​នោះ​ជូន​ឪពុក​ពិសា គាត់​នឹង​ឲ្យ​ពរ​កូន​មុន​ពេល​គាត់​ស្លាប់»។ 11លោក​យ៉ាកុប​តប​ទៅ​លោក​ស្រី​រេបិកា ជា​ម្ដាយ​វិញ​ថា៖ «បង​អេសាវ​មាន​រោម​ពេញ​ខ្លួន តែ​កូន​អត់​មាន​ទេ។ 12ប្រសិន​បើ​លោក​ឪពុក​ស្ទាប​កូន ហើយ​ឃើញ​ថា​កូន​បញ្ឆោត​លោក នោះ​កូន​មុខ​ជា​ទទួល​បណ្ដាសា​មិន​ខាន គឺ​មិន​មែន​ទទួល​ពរ​ទេ»។ 13ម្ដាយ​តប​មក​វិញ​ថា៖ «កូន​អើយ ទុក​ឲ្យ​បណ្ដាសា​នោះ​ធ្លាក់​មក​លើ​ម្ដាយ​ចុះ! រីឯ​កូន​គ្រាន់​តែ​ស្ដាប់​ពាក្យ​ម្ដាយ​ប៉ុណ្ណោះ ចូរ​ទៅ​យក​កូន​ពពែ​មក»។ 14លោក​យ៉ាកុប​ក៏​ទៅ​យក​កូន​ពពែ​មក​ជូន​ម្ដាយ ហើយ​ម្ដាយ​ក៏​ធ្វើ​ម្ហូប​យ៉ាង​ឆ្ងាញ់ តាម​ដែល​ឪពុក​ចូល​ចិត្ត។ 15បន្ទាប់​មក លោក​ស្រី​រេបិកា​យក​សម្លៀក‌បំពាក់​របស់​លោក​អេសាវ​ជា​កូន​ច្បង គឺ​សម្លៀក‌បំពាក់​ស្អាត​ជាង​គេ​នៅ​ក្នុង​ផ្ទះ មក​ពាក់​ឲ្យ​លោក​យ៉ាកុប ជា​កូន​ពៅ។ 16គាត់​ក៏​យក​រោម​ពពែ​មក​រុំ​ដៃ និង​រុំ​ក​របស់​លោក​យ៉ាកុប ត្រង់​កន្លែង​ដែល​គ្មាន​រោម។ 17បន្ទាប់​មក​ទៀត គាត់​យក​ម្ហូប​ដ៏​ឆ្ងាញ់ និង​នំប៉័ង​ដែល​គាត់​បាន​ធ្វើ មក​ឲ្យ​លោក​យ៉ាកុប​ជា​កូន​កាន់។ 18លោក​យ៉ាកុប​យក​ទៅ​ជូន​ឪពុក ទាំង​ពោល​ថា៖ «លោក​ឪពុក!»។ លោក​អ៊ីសាក​ឆ្លើយ​ឡើង​ថា៖ «ឪពុក​នៅ​ឯ‌ណេះ! តើ​កូន​ណា​មួយ​ហ្នឹង?»។ 19លោក​យ៉ាកុប​ឆ្លើយ​ទៅ​ឪពុក​វិញ​ថា៖ «ខ្ញុំ​ជា​អេសាវ កូន​ច្បង​របស់​លោក​ឪពុក កូន​ធ្វើ​ដូច​លោក​ឪពុក​បាន​ប្រាប់ សូម​លោក​ឪពុក​ក្រោក​ឡើង ហើយ​អញ្ជើញ​ពិសា​សាច់​ដែល​កូន​បាន​បាញ់​ពី​ព្រៃ​សិន រួច​សឹម​ឲ្យ​ពរ​កូន»។ 20លោក​អ៊ីសាក​តប​វិញ​ថា៖ «កូន​បាញ់​សត្វ​បាន​រហ័ស​ណាស់!»។ លោក​យ៉ាកុប​ឆ្លើយ​ថា៖ «មក​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​ឪពុក បាន​ជួយ​កូន»។ 21លោក​អ៊ីសាក​មាន​ប្រសាសន៍​ទៅ​លោក​យ៉ាកុប​ទៀត​ថា៖ «ចូរ​កូន​ខិត​មក​ជិត​ឪពុក​បន្តិច ឪពុក​នឹង​ស្ទាប​មើល ដើម្បី​ឲ្យ​ដឹង​ថា កូន​ពិត​ជា​អេសាវ​មែន ឬ​មិន​មែន»។ 22លោក​យ៉ាកុប​ចូល​ទៅ​ជិត​លោក​អ៊ីសាក ជា​ឪពុក ហើយ​លោក​ក៏​ស្ទាប​មើល​គាត់ ទាំង​ពោល​ថា៖ «សំឡេង​ជា​សំឡេង​យ៉ាកុប តែ​ដៃ​ជា​ដៃ​របស់​អេសាវ»។ 23លោក​ពុំ​បាន​ដឹង​ថា​ជា​លោក​យ៉ាកុប​ទេ ព្រោះ​ដៃ​គាត់​មាន​រោម​ដូច​ដៃ​របស់​លោក​អេសាវ​ដែរ។ ប៉ុន្តែ មុន​នឹង​ឲ្យ​ពរ 24លោក​សួរ​បញ្ជាក់​ថា៖ «កូន​ពិត​ជា​អេសាវ​មែន​ឬ?» លោក​យ៉ាកុប​ឆ្លើយ​ថា៖ «បាទ​មែន!»។ 25លោក​អ៊ីសាក​ក៏​មាន​ប្រសាសន៍​ថា៖ «លើក​ម្ហូប​ឲ្យ​ឪពុក​មក ឪពុក​នឹង​បរិភោគ​សាច់​ដែល​កូន​បាញ់​បាន រួច​សឹម​ឪពុក​ឲ្យ​ពរ​កូន»។ លោក​យ៉ាកុប​រៀបចំ​ជូន​ឪពុក​ពិសា គាត់​បាន​ចាក់​ស្រា​ទំពាំង‌បាយជូរ​ជូន​លោក​ពិសា​ដែរ។ 26បន្ទាប់​មក លោក​អ៊ីសាក​ជា​ឪពុក​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «កូន​អើយ ចូរ​ខិត​មក​ជិត​ឪពុក ហើយ​ថើប​ឪពុក​សិន»។ 27 លោក​យ៉ាកុប​ក៏​ខិត​ទៅ​ជិត​ឪពុក ហើយ​ថើប​គាត់។ ពេល​នោះ លោក​អ៊ីសាក​ស្គាល់​ក្លិន​សម្លៀក‌បំពាក់​របស់​លោក​អេសាវ ក៏​ឲ្យ​ពរ​លោក​យ៉ាកុប ដូច​ត​ទៅ​នេះ៖
«ក្លិន​របស់​កូន​ប្រៀប​បាន​នឹង​ក្លិន​ចម្ការ
មួយ​ដែល​ទទួល​ពរ​ពី​ព្រះ‌អម្ចាស់
28សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ទឹក​សន្សើម
ពី​លើ​មេឃ​មក​ឲ្យ​កូន
ព្រម​ទាំង​ដី​ដែល​មាន​ជី‌ជាតិ​ល្អ​ផង​ដែរ។
ព្រះអង្គ​ប្រទាន​ឲ្យ​កូន​មាន​ស្រូវ
និង​មាន​ស្រា​ទំពាំង‌បាយជូរ​ថ្មី​យ៉ាង​បរិបូណ៌។
29 សូម​ឲ្យ​ជាតិ​សាសន៍​នានា​បាន​ទៅ​ជា
ខ្ញុំ​បម្រើ​របស់​កូន
ហើយ​ឲ្យ​ប្រជា‌ជាតិ​ជា​ច្រើន
ក្រាប​ថ្វាយ‌បង្គំ​កូន!។
សូម​ឲ្យ​កូន​គ្រប់‌គ្រង​លើ​បងប្អូន​របស់​កូន!
សូម​ឲ្យ​បងប្អូន​បង្កើត​ទាំង​ប៉ុន្មាន​របស់​កូន
ក្រាប​ថ្វាយ‌បង្គំ​កូន!
អ្នក​ណា​ដាក់​បណ្ដាសា​កូន
អ្នក​នោះ​មុខ​ជា​ទទួល​បណ្ដាសា​មិន​ខាន!
រីឯ​អ្នក​ណា​ឲ្យ​ពរ​កូន
អ្នក​នោះ​ក៏​នឹង​ទទួល​ពរ​ដែរ»។
30ពេល​លោក​អ៊ីសាក​ឲ្យ​ពរ​លោក​យ៉ាកុប​ចប់​សព្វ​គ្រប់​ហើយ លោក​យ៉ាកុប​ក៏​ចាក​ចេញ​ពី​ឪពុក​ទៅ។ លោក​អេសាវ​វិល​ត្រឡប់​មក​ពី​បាញ់​សត្វ​វិញ។ 31គាត់​រៀបចំ​ម្ហូប​យ៉ាង​ឆ្ងាញ់​យក​មក​ជូន​ឪពុក​ដែរ គាត់​ជម្រាប​ឪពុក​ថា៖ «សូម​អញ្ជើញ​លោក​ឪពុក​ក្រោក​ឡើង ពិសា​សាច់​ដែល​កូន​បាញ់​បាន​នេះ​ទៅ រួច​សឹម​ឲ្យ​ពរ​កូន»។ 32លោក​អ៊ីសាក​ជា​ឪពុក​សួរ​ថា៖ «នរណា​ហ្នឹង?» លោក​អេសាវ​តប​ថា៖ «ខ្ញុំ អេសាវ ជា​កូន​ច្បង​របស់​លោក​ឪពុក»។ 33លោក​អ៊ីសាក​ញ័រ​រន្ធត់​យ៉ាង​ខ្លាំង សួរ​ថា៖ «តើ​អ្នក​ដែល​បាន​បាញ់​សត្វ​យក​មក​ឲ្យ​ឪពុក អម្បាញ់‌មិញ​នេះ ជា​នរណា? មុន​កូន​មក​ដល់ ឪពុក​បាន​បរិភោគ​អស់​ស្រេច​ទៅ​ហើយ ឪពុក​ក៏​ឲ្យ​ពរ​វា វា​នឹង​ទទួល​ពរ​រហូត»។
34ពេល​លោក​អេសាវ​ឮ​ពាក្យ​របស់​ឪពុក​ដូច្នេះ ក៏​ស្រែក​ឡើង​យ៉ាង​ខ្លាំង ព្រោះ​ក្ដៅ​ក្រហាយ​ពេក គាត់​អង្វរ​ឪពុក​ថា៖ «លោក​ឪពុក សូម​ឲ្យ​ពរ​មក​កូន​ផង​ដែរ!»។ 35លោក​អ៊ីសាក​ឆ្លើយ​វិញ​ថា៖ «ប្អូន​របស់​កូន​បាន​ប្រើ​កល‌ល្បិច ដណ្ដើម​យក​ពរ​របស់​កូន​បាត់​ទៅ​ហើយ!»។ 36 លោក​អេសាវ​ពោល​ថា៖ «គេ​ដាក់​ឈ្មោះ​វា​ថា “យ៉ាកុប” ដូច្នេះ​ត្រូវ​ហើយ ព្រោះ​វា​បាន​បោក​បញ្ឆោត​ខ្ញុំ​ដល់​ទៅ​ពីរ​ដង គឺ​វា​ដណ្ដើម​យក​សិទ្ធិ​ជា​កូន​ច្បង​ពី​ខ្ញុំ រួច​ស្រេច​ទៅ​ហើយ ឥឡូវ​នេះ វា​បោក​យក​ពរ​ពី​ខ្ញុំ​ទៀត! តើ​លោក​ឪពុក​នៅ​មាន​សល់​ពរ​ណា​ទៀត​សម្រាប់​កូន​ឬ​ទេ?»។ 37លោក​អ៊ីសាក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អេសាវ​វិញ​ថា៖ «ឪពុក​បាន​ឲ្យ​វា​ធ្វើ​ជា​ម្ចាស់​លើ​កូន​ឯង និង​ឲ្យ​បងប្អូន​របស់​វា​ទាំង​អស់​ទៅ​ជា​អ្នក​បម្រើ​របស់​វា​ហើយ។ ឪពុក​ក៏​បាន​ឲ្យ​ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ​ថ្មី​ទៅ​វា​ដែរ ដូច្នេះ ឪពុក​មិន​អាច​ធ្វើ​អ្វី​ទៀត​សម្រាប់​កូន​ទេ»។ 38 លោក​អេសាវ​អង្វរ​ឪពុក​ទៀត​ថា៖ «តើ​លោក​ឪពុក​មាន​ពរ​តែ​មួយ​ហ្នឹង​ទេ​ឬ? លោក​ឪពុក​អើយ សូម​ឲ្យ​ពរ​កូន​ផង​ដែរ!»។ ពេល​នោះ លោក​អេសាវ​ទ្រហោ​យំ។
39 លោក​អ៊ីសាក​ជា​ឪពុក​មាន​ប្រសាសន៍​តប​ទៅ​គាត់​វិញ​ថា៖
«កូន​នឹង​រស់​នៅ​លើ​ដី​ដែល​គ្មាន​ជី‌ជាតិ
ហើយ​ក៏​គ្មាន​ទឹក​សន្សើម​ធ្លាក់​ពី​លើ​មេឃ​មក​ដែរ។
40 កូន​នឹង​ចិញ្ចឹម​ជីវិត​ដោយ​មុខ​ដាវ
កូន​នឹង​បាន​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​ប្អូន​កូន
ក៏​ប៉ុន្តែ សន្សឹមៗ​កូន​នឹង​រើ‌បម្រះ​ចេញ​ផុត​ពី
នឹម​របស់​ប្អូន​កូន»។
លោក​យ៉ាកុប​ទៅ​នៅ​ជា​មួយ​លោក​ឡាបាន់
41លោក​អេសាវ​ចង​គំនុំ​លោក​យ៉ាកុប​យ៉ាង​ខ្លាំង ព្រោះ​លោក​យ៉ាកុប​បាន​ទទួល​ពរ​ពី​ឪពុក។ គាត់​គិត​នៅ​ក្នុង​ចិត្ត​ថា៖ «ឪពុក​អញ​នឹង​លា​ចាក​លោក​នេះ​ទៅ​ក្នុង​ពេល​ឆាប់ៗ ចាំ​ដល់​ពេល​នោះ សឹម​អញ​សម្លាប់​យ៉ាកុប​ចោល»។ 42មាន​គេ​ជម្រាប​លោក​ស្រី​រេបិកា​អំពី​បំណង​កូន​ច្បង​របស់​គាត់ គាត់​ក៏​ឲ្យ​គេ​ទៅ​ហៅ​លោក​យ៉ាកុប ជា​កូន​ពៅ មក​ប្រាប់​ថា៖ «មើល៍ អេសាវ​បង​របស់​កូន​ចង់​សម្លាប់​កូន ដើម្បី​សង​គំនុំ។ 43ឥឡូវ​នេះ កូន​អើយ ចូរ​ស្ដាប់​ម្ដាយ គឺ​កូន​ត្រូវ​រត់​ភៀស​ខ្លួន​ទៅ​នៅ​ជា​មួយ​លោក​ឡាបាន់ ជា​ឪពុក​ធំ​របស់​កូន នៅ​ឯ​ស្រុក​ខារ៉ាន​ទៅ។ 44កូន​ត្រូវ​ទៅ​នៅ​ជា​មួយ​គាត់​មួយ​រយៈ​សិន ទម្រាំ​បង​របស់​កូន​ត្រជាក់​ចិត្ត​វិញ។ 45ពេល​ណា​បង​របស់​កូន​បាត់​ខឹង​នឹង​កូន ព្រម​ទាំង​ភ្លេច​នូវ​អំពើ​ដែល​កូន​បាន​ប្រព្រឹត្ត​ចំពោះ​វា​ហើយ​នោះ ម្ដាយ​នឹង​ប្រើ​គេ​ឲ្យ​ទៅ​ហៅ​កូន​មក​វិញ ដ្បិត​ម្ដាយ​មិន​ចង់​ឲ្យ​កូន​ទាំង​ពីរ​នាក់​បាត់​បង់​ជីវិត​ក្នុង​ថ្ងៃ​តែ​មួយ​ឡើយ»។
46លោក​ស្រី​រេបិកា​ជម្រាប​លោក​អ៊ីសាក​ថា៖ «ខ្ញុំ​ឆ្អែត​ចិត្ត​នឹង​ស្ត្រី​ជន‌ជាតិ​ហេត​នេះ​ណាស់។ បើ​យ៉ាកុប​រៀបការ​នឹង​ស្ត្រី​ជន‌ជាតិ​ហេត​នៅ​ស្រុក​នេះ​ដែរ នោះ​ជីវិត​ខ្ញុំ​នឹង​គ្មាន​ន័យ​អ្វី​ទៀត​ឡើយ!»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy