YouVersion Logo
Search Icon

លោកុប្បត្តិ 13

13
លោក​ឡុត​បែក​ចេញ​ពី​លោក​អាប់រ៉ាម
1លោក​អាប់រ៉ាម​បាន​វិល​ត្រឡប់​មក​ពី​ស្រុក​អេស៊ីប​វិញ ឆ្ពោះ​ទៅ​កាន់​តំបន់​ណេកិប​ជា​មួយ​ភរិយា និង​អ្វីៗ​ដែល​ជា​កម្មសិទ្ធិ​របស់​លោក។ លោក​ឡុត​ក៏​មក​ជា​មួយ​ដែរ។ 2លោក​អាប់រ៉ាម​មាន​ហ្វូង​សត្វ និង​មាន​មាស​ប្រាក់​ជា​ច្រើន។ 3លោក​បាន​ធ្វើ​ដំណើរ​ជា​ច្រើន​ដំណាក់ ពី​តំបន់​ណេកិប​រហូត​ទៅ​ដល់​បេត‌អែល ជា​កន្លែង​ដែល​លោក​ធ្លាប់​បោះ​ជំរំ​កាល​ពី​ដំបូង នៅ​ចន្លោះ​បេត‌អែល និង​ក្រុង​អៃ 4គឺ​នៅ​កន្លែង​ដែល​លោក​បាន​សង់​អាសនៈ​មួយ​កាល​ពី​មុន។ លោក​ក៏​គោរព​បម្រើ​ព្រះ‌នាម​ព្រះ‌អម្ចាស់​នៅ​ទី​នោះ។
5លោក​ឡុត​ដែល​មក​ជា​មួយ​លោក​អាប់រ៉ាម ក៏​មាន​ហ្វូង​ចៀម ហ្វូង​គោ និង​មាន​ជំរំ​ជា​ច្រើន​ដែរ។ 6ស្រុក​នោះ​ពុំ​មាន​លទ្ធ‌ភាព​ឲ្យ​លោក​ទាំង​ពីរ​នៅ​ជា​មួយ​គ្នា​បាន​ឡើយ ដ្បិត​លោក​ទាំង​ពីរ​មាន​សម្បត្តិ​ច្រើន​ពេក ជា​ហេតុ​ធ្វើ​ឲ្យ​រស់​នៅ​ជា​មួយ​គ្នា​មិន​កើត។ 7ពេល​នោះ ពួក​គង្វាល​ហ្វូង​សត្វ​របស់​លោក​អាប់រ៉ាម និង​ពួក​គង្វាល​ហ្វូង​សត្វ​របស់​លោក​ឡុត កើត​វិវាទ​នឹង​គ្នា។ រីឯ​ជន‌ជាតិ​កាណាន និង​ជន‌ជាតិ​ពេរិ‌ស៊ីត ក៏​រស់​នៅ​ក្នុង​ស្រុក​នោះ​ដែរ។ 8លោក​អាប់រ៉ាម​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ឡុត​ថា៖ «អ៊ំ​សូម​អង្វរ​ក្មួយ​ថា សុំ​កុំ​ឲ្យ​មាន​ជម្លោះ​រវាង​អ៊ំ និង​ក្មួយ ឬ​រវាង​ពួក​គង្វាល​របស់​អ៊ំ និង​ពួក​គង្វាល​របស់​ក្មួយ​ឡើយ ដ្បិត​យើង​ជា​បងប្អូន​នឹង​គ្នា។ 9មើល​នៅ​ចំពោះ​មុខ​ក្មួយ មាន​ស្រុក​ទាំង​មូល​នៅ​ទំនេរ ដូច្នេះ ចូរ​ក្មួយ​បែក​ចេញ​ពី​អ៊ំ​ទៅ​ចុះ បើ​ក្មួយ​ទៅ​ខាង​ឆ្វេង អ៊ំ​នឹង​ទៅ​ខាង​ស្ដាំ ហើយ​បើ​ក្មួយ​ទៅ​ខាង​ស្ដាំ នោះ​អ៊ំ​នឹង​ទៅ​ខាង​ឆ្វេង​វិញ»។
10 លោក​ឡុត​ងើប​មុខ​ឡើង សម្លឹង​មើល​ទៅ​ឃើញ​តំបន់​ទន្លេ​យ័រដាន់​ទាំង​មូល មាន​ទឹក​នៅ​គ្រប់​ទី​កន្លែង។ នៅ​មុន​ពេល​ដែលព្រះ‌អម្ចាស់​រំលាយ​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ទឹក​ដី​នៅ​កន្លែង​នោះ រហូត​ដល់​ស្រុក​សូអារ ប្រៀប​បាន​ទៅ​នឹង​សួន​ឧទ្យាន​របស់​ព្រះ‌អម្ចាស់ គឺ​ដូច​ទឹក​ដី​នៅ​ស្រុក​អេស៊ីប​ដែរ។ 11លោក​ឡុត​ជ្រើស‌រើស​យក​តំបន់​ទន្លេ​យ័រដាន់​ទាំង​មូល​សម្រាប់​គាត់ ហើយ​ក៏​ចេញ​ឆ្ពោះ​ទៅ​ទិស​ខាង​កើត។ លោក​ទាំង​ពីរ​បាន​បែក​ពី​គ្នា តាម​របៀប​នេះ​ឯង។ 12លោក​អាប់រ៉ាម​រស់​នៅ​ក្នុង​ស្រុក​កាណាន រីឯ​លោក​ឡុត​រស់​នៅ​តាម​ទីក្រុង​នានា​ក្នុង​តំបន់​នោះ ហើយ​បោះ​ជំរំ​នៅ​ក្បែរ​ក្រុង​សូដុម។ 13អ្នក​ក្រុង​សូដុម​សុទ្ធ​តែ​ជា​ជន​ពាល ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់
ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អម្ចាស់
14ក្រោយ​ពេល​លោក​ឡុត​បែក​ចេញ​ពី​លោក​អាប់រ៉ាម​ទៅ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អាប់រ៉ាម​ថា៖ «ចូរ​ងើប​មុខ​មើល​ពី​កន្លែង​ដែល​អ្នក​នៅ​នោះ ហើយ​សម្លឹង​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង ទិស​ខាង​កើត និង​ទិស​ខាង​លិច​ទៅ! 15 ដ្បិត​យើង​នឹង​ប្រគល់​ស្រុក​ទាំង​មូល​ដែល​អ្នក​មើល​ឃើញ​នេះ​ឲ្យ​អ្នក និង​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​រហូត​ត​ទៅ។ 16យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន​ដូច​ធូលី​ដី គ្មាន​នរណា​អាច​រាប់​ពូជ‌ពង្ស​របស់​អ្នក​បាន​ឡើយ គឺ​ដូច​ជា​គេ​ពុំ​អាច​រាប់​ធូលី​បាន​យ៉ាង​នោះ​ដែរ។ 17ចូរ​ក្រោក​ឡើង ដើរ​ឲ្យ​សព្វ​ទី​កន្លែង​ក្នុង​ស្រុក​នេះ​ទៅ ដ្បិត​យើង​ប្រគល់​ឲ្យ​អ្នក​ហើយ»។ 18លោក​អាប់រ៉ាម​រើ​ជំរំ​មក​បោះ​នៅ​តំបន់​ដើម​ជ្រៃ​របស់​លោក​តា​ម៉ាមរ៉េ ជិត​ក្រុង​ហេ‌ប្រុន។ នៅ​ទី​នោះ លោក​បាន​សង់​អាសនៈ​មួយ សម្រាប់​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អម្ចាស់

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy