YouVersion Logo
Search Icon

កាឡាទី 6

6
ការ​ជួយ​ធុរៈ​គ្នា​ទៅ​វិញ​ទៅ​មក
1បងប្អូន​អើយ ប្រសិន​បើ​មាន​នរណា​ម្នាក់​ត្រូវ​គេ​ទាន់ នៅ​ពេល​កំពុង​តែ​ធ្វើ​អំពើ​អាក្រក់​ណា​មួយ បងប្អូន​ដែល​មាន​ព្រះ‌វិញ្ញាណ​នៅ​ក្នុង​ខ្លួន​ត្រូវ​កែ​តម្រង់​អ្នក​នោះ ដោយ​ចិត្ត​ស្លូត‌បូត។ ប៉ុន្តែ តោង​ប្រយ័ត្ន​ខ្លួន ក្រែង​លោ​អ្នក​ត្រូវ​ធ្លាក់​ក្នុង​ការ​ល្បួង​ដូច​គេ​ដែរ។ 2ត្រូវ​ជួយ​រំលែក​ទុក្ខ‌ធុរៈ​គ្នា​ទៅ​វិញ​ទៅ​មក ធ្វើ​យ៉ាង​នេះ ទើប​បងប្អូន​បំពេញ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌គ្រិស្ត*​ទាំង​ស្រុង។ 3ប្រសិន​បើ​នរណា​ម្នាក់​ស្មាន​ថា​ខ្លួន​ជា​មនុស្ស​សំខាន់ តែ​តាម​ពិត ខ្លួន​ជា​អ្នក​ឥត​បាន​ការ អ្នក​នោះ​បញ្ឆោត​ខ្លួន​ឯង​ហើយ។ 4ម្នាក់ៗ​ត្រូវ​ពិនិត្យ‌ពិច័យ​មើល​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត ប្រសិន​បើ​រក​ឃើញ​ហេតុ​ដែល​ធ្វើ​ឲ្យ​ខ្លួន​ឯង​ខ្ពស់​មុខ​នោះ គឺ​រក​ឃើញ​តែ​នៅ​ក្នុង​ខ្លួន​ឯង​ផ្ទាល់ មិន​មែន​ដោយ​ប្រៀប​ផ្ទឹម​ទៅ​នឹង​អ្នក​ដទៃ​ទេ 5ដ្បិត​ម្នាក់ៗ​ទទួល​ខុស​ត្រូវ​លើ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។
6ចំពោះ​អ្នក​ដែល​ទទួល​ការ​អប់រំ​ខាង​ព្រះ‌បន្ទូល ត្រូវ​យក​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​មាន​មួយ​ចំណែក មក​ចែក​ដល់​អ្នក​ដែល​អប់រំ​ខ្លួន​នោះ​ផង។
7សូម​បងប្អូន​កុំ​យល់​ច្រឡំ គ្មាន​នរណា​មើល‌ងាយ​ព្រះ‌ជាម្ចាស់​បាន​ទេ។ បើ​មនុស្ស​ម្នាក់​សាប​ព្រោះ​គ្រាប់​ពូជ​ណា គេ​នឹង​ច្រូត​បាន​ផល តាម​ពូជ​នោះ​ឯង។ 8អ្នក​ណា​សាប​ព្រោះ​តាម​និស្ស័យ​លោកីយ៍​របស់​ខ្លួន អ្នក​នោះ​ក៏​នឹង​ច្រូត​យក​ផល​ដែល​តែងតែ​រលួយ​មក​ពី​លោកីយ៍​ដែរ។ រីឯ​អ្នក​ដែល​សាប​ព្រោះ​ខាង​ព្រះ‌វិញ្ញាណ​វិញ នឹង​ច្រូត​យក​ផល​ជា​ជីវិត​អស់‌កល្ប​ជានិច្ច មក​ពី​ព្រះ‌វិញ្ញាណ។ 9យើង​មិន​ត្រូវ​នឿយ‌ណាយ​នឹង​ប្រព្រឹត្ត​អំពើ​ល្អ​ឡើយ ដ្បិត​ប្រសិន​បើ​យើង​មិន​បាក់​ទឹក​ចិត្ត​ទេ​នោះ ដល់​ពេល​កំណត់ យើង​នឹង​ច្រូត​បាន​ផល​ជា​មិន​ខាន។ 10ហេតុ​នេះ ពេល​យើង​មាន​ឱកាស​នៅ​ឡើយ យើង​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ​ចំពោះ​មនុស្ស​ទាំង​អស់ ជា​ពិសេស ចំពោះ​បងប្អូន​រួម​ជំនឿ។
ពាក្យ​រំឭក​ដាស់‌តឿន​ចុង​បញ្ចប់
11តួ​អក្សរ​ធំៗ​ដែល​បងប្អូន​ឃើញ​នេះ គឺ​ខ្ញុំ​បាន​សរសេរ​មក​បងប្អូន​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់។
12អស់​អ្នក​ដែល​ចង់​បាន​កិត្តិយស​ខាង​លោកីយ៍ បាន​បង្ខំ​បងប្អូន​ឲ្យ​កាត់​ស្បែក* ក្នុង​គោល​បំណង​កុំ​ឲ្យ​មាន​គេ​បៀត‌បៀន ព្រោះ​តែ​ឈើ​ឆ្កាង​របស់​ព្រះ‌គ្រិស្ត​ប៉ុណ្ណោះ។ 13ចំពោះ​អ្នក​ដែល​កាត់​ស្បែក​ទាំង​នោះ ខ្លួន​គេ​ផ្ទាល់​ពុំ​កាន់​តាម​ក្រឹត្យ‌វិន័យ​ទេ គឺ​គេ​ចង់​ឲ្យ​បងប្អូន​កាត់​ស្បែក ដើម្បី​ឲ្យ​គេ​អាច​អួត​ខ្លួន​ថា គេ​បាន​កាត់​ស្បែក​ឲ្យ​បងប្អូន។ 14រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​អួត​ខ្លួន​អំពី​អ្វី ក្រៅ​ពី​ឈើ​ឆ្កាង​របស់​ព្រះ‌យេស៊ូ​គ្រិស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង​ឡើយ។ ដោយ‌សារ​ឈើ​ឆ្កាង​នេះ អ្វីៗ​ក្នុង​ពិភព​លោក​លែង​មាន​ទាក់‌ទាម​នឹង​ខ្ញុំ​ទៀត​ហើយ ហើយ​ខ្ញុំ​ក៏​លែង​មាន​ទាក់‌ទាម​អ្វី​នឹង​ពិភព​លោក​ទៀត​ដែរ ។ 15ការ​កាត់​ស្បែក ឬ​មិន​កាត់​ស្បែក មិន​សំខាន់​អ្វី​ទេ មាន​តែ​ការ​កើត​ជា​ថ្មី​វិញ​ឯ‌ណោះ ទើប​សំខាន់។ 16សូម​ព្រះ‌ជាម្ចាស់​ប្រទាន​សេចក្ដី​សុខ‌សាន្ត និង​មេត្តា‌ករុណា​ដល់​អស់​អ្នក​ដែល​អនុវត្ត​តាម​គោល​គំនិត​នេះ និង​ដល់​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល​របស់​ព្រះអង្គ។
17អំណើះ​ត​ទៅ សូម​កុំ​ឲ្យ​នរណា​ម្នាក់​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ទៀត​ឡើយ ដ្បិត​ខ្ញុំ​មាន​ស្លាក‌ស្នាម របស់​ព្រះ‌យេស៊ូ នៅ​ក្នុង​រូប​កាយ​ខ្ញុំ​ស្រាប់​ហើយ។
18បងប្អូន​អើយ សូម​ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត​នៃ​យើង ស្ថិត​នៅ​ជា​មួយ​វិញ្ញាណ​របស់​បងប្អូន។ អាម៉ែន។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy