YouVersion Logo
Search Icon

អេភេសូ 2

2
គ្រិស្ត​បរិស័ទ​ឆ្លង​ផុត​ពី​សេចក្ដី​ស្លាប់​ទៅ​ដល់​ជីវិត
1 ចំពោះ​បងប្អូន បងប្អូន​បាន​ស្លាប់ ព្រោះ​តែ​កំហុស និង​អំពើ​បាប​របស់​បងប្អូន​រួច​ផុត​ទៅ​ហើយ។ 2ពី​ដើម បងប្អូន​បាន​រស់​នៅ​តាម​របៀប​លោកីយ៍​នេះ គឺ​តាម​វត្ថុ​ស័ក្តិ‌សិទ្ធិ​ដែល​គ្រប់‌គ្រង​ពិភព​លោក​នេះ ជា​វិញ្ញាណ​ដែល​មាន​ឥទ្ធិ‌ពល​នៅ​ក្នុង​អស់​អ្នក​ប្រឆាំង​នឹង​ព្រះ‌ជាម្ចាស់​នៅ​បច្ចុប្បន្ន‌កាល​នេះ។ 3រីឯ​យើង​ទាំង​អស់​គ្នា​វិញ ពី​ដើម យើង​ក៏​ដូច​ពួក​គេ​ដែរ យើង​បាន​បណ្ដោយ​ខ្លួន​ទៅ​តាម​តណ្ហា​លោភ‌លន់​នៃ​និស្ស័យ​លោកីយ៍​របស់​យើង យើង​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​តាម​បំណង​ចិត្ត​គំនិត​របស់​លោកីយ៍។ ពី​កំណើត​មក យើង​ជា​មនុស្ស​ដែល​ត្រូវ​តែ​ទទួល​ទោស ​ពី​ព្រះ‌ជាម្ចាស់ ដូច​មនុស្ស​ឯ​ទៀតៗ​ដែរ 4ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​ដែល​តែងតែ​មាន​ព្រះ‌ហឫទ័យ​អាណិត​មេត្តា​ដ៏​ច្រើន​ពន់​ប្រមាណ​នោះ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង​ខ្លាំង​បំផុត 5គឺ​ទោះ​បី​យើង​ស្លាប់​ដោយ‌សារ​អំពើ​បាប​របស់​យើង​ហើយ​ក៏​ដោយ ក៏​ព្រះអង្គ​បាន​ប្រោស​ប្រទាន​ឲ្យ​យើង​មាន​ជីវិត​រស់​រួម​ជា​មួយ​ព្រះ‌គ្រិស្ត​វិញ​ដែរ។ ព្រះ‌ជាម្ចាស់​បាន​សង្គ្រោះ​បងប្អូន​ដោយ‌សារ​ព្រះ‌គុណ។ 6ព្រះអង្គ​បាន​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ និង​ឲ្យ​យើង​អង្គុយ​លើ​បល្ល័ង្ក​នៅ​ស្ថាន​បរម‌សុខ រួម​ជា​មួយ​ព្រះអង្គ​ដែរ។ 7ព្រះអង្គ​បង្ហាញ​ព្រះ‌ហឫទ័យ​សប្បុរស​ចំពោះ​យើង ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ​ដូច្នេះ ដើម្បី​បង្ហាញ​ឲ្យ​មនុស្ស​គ្រប់​ជំនាន់​ខាង​មុខ ស្គាល់​ព្រះ‌គុណ​ដ៏​ប្រសើរ​លើស‌លុប​បំផុត​របស់​ព្រះអង្គ 8ព្រះអង្គ​សង្គ្រោះ​បងប្អូន​ដោយ‌សារ​ព្រះ‌គុណ តាម​រយៈ​ជំនឿ។ ការ​សង្គ្រោះ​មិន​មែន​មក​ពី​បងប្អូន​ទេ គឺ​ជា​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់ 9ហើយ​ក៏​មិន​មែន​មក​ពី​មនុស្ស​ប្រព្រឹត្ត​អំពើ​ល្អ​ដែរ ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​អួត​ខ្លួន​បាន។ 10យើង​ជា​ស្នា​ព្រះ‌ហស្ដ​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មក ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ ដើម្បី​ឲ្យ​យើង​ប្រព្រឹត្ត​អំពើ​ល្អ ដែល​ព្រះអង្គ​បាន​បម្រុង​ទុក​ជា​មុន សម្រាប់​ឲ្យ​យើង​ប្រព្រឹត្ត​តាម។
ការ​រួប‌រួម​គ្នា​ក្នុង​អង្គ​ព្រះ‌គ្រិស្ត
11ដូច្នេះ សូម​បងប្អូន​ចង​ចាំ​ថា: ពី​ដើម បងប្អូន​កើត​មក​ជា​សាសន៍​ដទៃ ហើយ​សាសន៍​យូដា​ដែល​ចាត់​ទុក​ថា​ខ្លួន​ជា «ពួក​កាត់​ស្បែក» ហៅ​បងប្អូន​ថា «ពួក​មិន​កាត់​ស្បែក» ព្រោះ​គេ​សម្គាល់​ទៅ​លើ​សញ្ញា​មួយ​ដែល​គេ​ធ្វើ​លើ​រូប​កាយ។ 12កាល​ណោះ បងប្អូន​នៅ​ឆ្ងាយ​ពី​ព្រះ‌គ្រិស្ត គ្មាន​សិទ្ធិ​ចូល​ជាតិ​អ៊ីស្រា‌អែល គ្មាន​ទំនាក់‌ទំនង​អ្វី​នឹង​សម្ពន្ធ‌មេត្រី* ដែល​ចង​ឡើង​ដោយ​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌ជាម្ចាស់​ទេ បងប្អូន​រស់​នៅ​ក្នុង​លោក​នេះ ដោយ​គ្មាន​ទី​សង្ឃឹម ហើយ​ក៏​គ្មាន​ព្រះ‌ជាម្ចាស់​ដែរ។ 13កាល​ពី​ដើម បងប្អូន​នៅ​ឆ្ងាយ​មែន ក៏​ប៉ុន្តែ ឥឡូវ​នេះ ដោយ​បងប្អូន​រួម​ក្នុង​អង្គ​ព្រះ‌យេស៊ូ​គ្រិស្ត បងប្អូន​បាន​មក​នៅ​ជិត​ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌គ្រិស្ត។ 14គឺ​ព្រះ‌គ្រិស្ត​ហើយ​ដែល​ជា​សន្តិ‌ភាព​របស់​យើង ព្រះអង្គ​បាន​ប្រមូល​សាសន៍​ទាំង​ពីរ ឲ្យ​រួម​គ្នា​មក​ជា​ប្រជា‌រាស្ត្រ​តែ​មួយ។ ក្នុង​ព្រះ‌កាយ​របស់​ព្រះអង្គ ព្រះអង្គ​បាន​រំលំ​ជញ្ជាំង​ដែល​បំបាក់​បំបែក​យើង​ឲ្យ​ទៅ​ជា​បច្ចា​មិត្ត​នឹង​គ្នា។ 15 ព្រះអង្គ​បាន​លុប​បំបាត់​ក្រឹត្យ‌វិន័យ*​ដែល​មាន​បទ‌បញ្ជា និង​ក្បួន​តម្រា​ផ្សេងៗ​ចោល ដើម្បី​បង្រួប‌បង្រួម​សាសន៍​ទាំង​ពីរ​ឲ្យ​ទៅ​ជា​មនុស្ស​ថ្មី​តែ​មួយ ក្នុង​ព្រះអង្គ​ផ្ទាល់ ព្រម​ទាំង​នាំ​សន្តិ‌ភាព​មក​ផង។ 16 ដោយ​ព្រះអង្គ​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង ព្រះអង្គ​បាន​សម្រុះ‌សម្រួល​សាសន៍​ទាំង​ពីរ​ឲ្យ​រួម​គ្នា​ជា​រូប​កាយ​តែ​មួយ និង​ធ្វើ​ឲ្យ​គេ​ស្រុះ‌ស្រួល​ជា​មួយ​ព្រះ‌ជាម្ចាស់​វិញ ទាំង​កម្ចាត់​ការ​ស្អប់​គ្នា​ចោល​ផង។ 17 ព្រះអង្គ​បាន​យាង​មក «ទាំង​នាំ​ដំណឹង‌ល្អ*​អំពី​សន្តិ‌ភាព​មក​ឲ្យ​បងប្អូន​ដែល​នៅ​ឆ្ងាយ និង​នាំ​សន្តិ‌ភាព​មក​ឲ្យ​អស់​អ្នក​ដែល​នៅ​ជិត​ដែរ»18ដោយ‌សារ​ព្រះ‌គ្រិស្ត​នេះ​ហើយ ដែល​យើង​ទាំង​ពីរ​សាសន៍​មាន​ផ្លូវ​ចូល​ទៅ​រក​ព្រះ‌បិតា ដោយ​រួម​ក្នុង​ព្រះ‌វិញ្ញាណ​តែ​មួយ។
19ហេតុ​នេះ បងប្អូន​លែង​ជា​ជន​បរទេស ឬ​ជា​អាណិក‌ជន​ទៀត​ហើយ គឺ​បងប្អូន​ជា​ជន​រួម​ជាតិ​ជា​មួយ​ប្រជា‌ជន​ដ៏វិសុទ្ធ* និង​ជា​ក្រុម​គ្រួសារ​របស់​ព្រះ‌ជាម្ចាស់។ 20ព្រះអង្គ​បាន​កសាង​បងប្អូន​ឡើង​ជា​សំណង់ ដោយ​មាន​ក្រុម​សាវ័ក* និង​ព្យាការី* ជា​គ្រឹះ និង​មាន​ព្រះគ្រិស្ត‌យេស៊ូ​ផ្ទាល់​ជា​ថ្ម​ដ៏​សំខាន់។ 21គឺ​ព្រះ‌គ្រិស្ត​ហើយ ដែល​ធ្វើ​ឲ្យ​សំណង់​ទាំង​មូល​ភ្ជាប់​គ្នា​យ៉ាង​មាំ និង​ធ្វើ​ឲ្យ​ចម្រើន​ឡើង ទៅ​ជា​ព្រះ‌វិហារ*​ដ៏វិសុទ្ធ​មួយ​រួម​ជា​មួយ​ព្រះ‌អម្ចាស់។ 22រីឯ​បងប្អូន​ក៏​ដូច្នោះ​ដែរ ដោយ​បងប្អូន​រួម​ជា​មួយ​ព្រះអង្គ បងប្អូន​បាន​ផ្គុំ​គ្នា​ឡើង ធ្វើ​ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ក្នុង​ព្រះ‌វិញ្ញាណ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy