YouVersion Logo
Search Icon

២ ធីម៉ូថេ 1

1
សេចក្ដី​ផ្ដើម
1ខ្ញុំ ប៉ូល ជា​សាវ័ក​របស់​ព្រះគ្រិស្ត‌យេស៊ូ តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់ ខ្ញុំ​បាន​ទទួល​មុខងារ​ប្រកាស​អំពី​ជីវិត ដែល​យើង​មាន​ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ ស្រប​តាម​ព្រះ‌បន្ទូល​សន្យា 2 មក​ដល់​ធីម៉ូថេ ជា​កូន​ដ៏​ជា​ទី​ស្រឡាញ់ សូម​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា និង​ព្រះគ្រិស្ត‌យេស៊ូ ជា​ព្រះ‌អម្ចាស់​នៃ​យើង ប្រទាន​ព្រះ‌គុណ ព្រះ‌ហឫទ័យ​មេត្តា‌ករុណា និង​សេចក្ដី​សុខ‌សាន្ត​ដល់​អ្នក។
លោក​ប៉ូល​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ និង​លើក​ទឹក​ចិត្ត​លោក​ធីម៉ូថេ
3ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ដែល​ខ្ញុំ​គោរព​បម្រើ​បន្ដ​ពី​បុព្វបុរស* ដោយ​មន‌សិការ​បរិសុទ្ធ* ហើយ​រាល់​ពេល​ខ្ញុំ​អធិស្ឋាន* ខ្ញុំ​តែងតែ​នឹក​គិត​ដល់​អ្នក​ទាំង​យប់​ទាំង​ថ្ងៃ ឥត​ឈប់​ឈរ។ 4ខ្ញុំ​នឹក​ឃើញ​ទឹក​ភ្នែក​របស់​អ្នក ហើយ​ចង់​ជួប​អ្នក​ជា​ថ្មី​យ៉ាង​ខ្លាំង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ពោរ‌ពេញ​ដោយ​អំណរ។ 5 ខ្ញុំ​ក៏​នៅ​នឹក​ចាំ​ពី​ជំនឿ ឥត​លាក់​ពុត​របស់​អ្នក គឺ​ជា​ជំនឿ​ដែល​លោក​យាយ​ឡូអ៊ីស ជា​ជីដូន និង​អ្នក​ស្រី​អឺនីស ជា​ម្ដាយ​របស់​អ្នក ធ្លាប់​មាន​មុន​អ្នក ខ្ញុំ​ជឿ​ជាក់​ថា អ្នក​ក៏​មាន​ជំនឿ​នេះ​ដែរ។ 6ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​រំឭក​ដាស់​តឿន​អ្នក​ថា ចូរ​ធ្វើ​ឲ្យ​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់ ដែល​អ្នក​បាន​ទទួល ដោយ​ខ្ញុំ​ដាក់​ដៃ*​លើ​នោះ មាន​សកម្ម‌ភាព​ឡើង​វិញ 7ដ្បិត​ព្រះ‌ជាម្ចាស់​ពុំ​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ​ដែល​នាំ​ឲ្យ​ខ្លាច​ទេ គឺ​ព្រះអង្គ​ប្រទាន​ឲ្យ​យើង​ទទួល​វិញ្ញាណ​ដែល​ផ្ដល់​កម្លាំង សេចក្ដី​ស្រឡាញ់ និង​ចិត្ត​ធ្ងន់។ 8ដូច្នេះ មិន​ត្រូវ​ខ្មាស​នឹង​ផ្ដល់​សក្ខីភាព​អំពី​ព្រះ‌អម្ចាស់​របស់​យើង ឬ​ខ្មាស​នឹង​ខ្ញុំ​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​ព្រះអង្គ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ អ្នក​ត្រូវ​តែ​រង‌ទុក្ខ​វេទនា​រួម​ជា​មួយ​ខ្ញុំ សម្រាប់​ដំណឹង‌ល្អ* ដោយ​ពឹង​ផ្អែក​លើ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់។ 9ព្រះអង្គ​ហ្នឹង​ហើយ ដែល​បាន​សង្គ្រោះ​យើង និង​បាន​ត្រាស់​ហៅ​យើង​ឲ្យ​មក​ធ្វើ​ជា​ប្រជា‌រាស្ត្រ​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ ។ ព្រះអង្គ​ត្រាស់​ហៅ​យើង​ដូច្នេះ មិន​មែន​មក​ពី​អំពើ​ដែល​យើង​បាន​ប្រព្រឹត្ត​នោះ​ទេ គឺ​ស្រប​តាម​គម្រោង‌ការ និង​ស្រប​តាម​ព្រះ‌គុណ ដែល​ព្រះអង្គ​បាន​ប្រទាន​មក​យើង ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ តាំង​ពី​មុន​កាល​សម័យ​ទាំង​អស់​មក​ម៉្លេះ។ 10ឥឡូវ​នេះ ព្រះអង្គ​បាន​សម្តែង​ឲ្យ​យើង​ស្គាល់​ព្រះ‌គុណ​របស់​ព្រះអង្គ ដោយ​ព្រះគ្រិស្ត‌យេស៊ូ​ជា​ព្រះ‌សង្គ្រោះ​របស់​យើង​យាង​មក​ក្នុង​លោក​នេះ ។ ព្រះ‌គ្រិស្ត​បាន​បំបាត់​អំណាច​នៃ​សេចក្ដី​ស្លាប់ ព្រម​ទាំង​បំភ្លឺ​យើង​ឲ្យ​ស្គាល់​ជីវិត​អមតៈ​ដោយ‌សារ​ដំណឹង‌ល្អ*។
11 ព្រះ‌ជាម្ចាស់​បាន​តែង‌តាំង​ខ្ញុំ​ឲ្យ​ប្រកាស​ដំណឹង‌ល្អ​នេះ ក្នុង​ឋានៈ​ជា​សាវ័ក និង​ជា​គ្រូ​អប់រំ។ 12ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​រង‌ទុក្ខ​លំបាក​ទាំង​នេះ ប៉ុន្តែ ខ្ញុំ​មិន​ខ្មាស​ឡើយ ដ្បិត​ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ជឿ​លើ​ព្រះអង្គ​ណា ហើយ​ខ្ញុំ​ក៏​ជឿ​ជាក់​ថា ព្រះអង្គ​នោះ​មាន​ឫទ្ធា‌នុភាព​នឹង​រក្សា​អ្វីៗ ដែល​ព្រះអង្គ​ផ្ញើ​ទុក​នឹង​ខ្ញុំ ឲ្យ​បាន​គង់‌វង្ស រហូត​ដល់​ថ្ងៃ​ព្រះអង្គ​យាង​មក។
13ចូរ​ចង​ចាំ​ព្រះ‌បន្ទូល​ដ៏​ត្រឹម‌ត្រូវ​របស់​ព្រះ‌អម្ចាស់​ដែល​អ្នក​បាន​ទទួល​ពី​ខ្ញុំ ទុក​ធ្វើ​ជា​គោល​នៃ​ជំនឿ និង​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន ដោយ​រួម​ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ។ 14អ្វីៗ​ដ៏​ល្អ​ដែល​ព្រះអង្គ​ផ្ញើ​ទុក​នឹង​អ្នក ត្រូវ​រក្សា​ឲ្យ​បាន​គង់‌វង្ស ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​ដែល​សណ្ឋិត​នៅ​ក្នុង​យើង។
15បងប្អូន​នៅ​ស្រុក​អាស៊ី​បាន​បោះ​បង់​ខ្ញុំ​ចោល​ទាំង​អស់​គ្នា មាន​ភីកែ‌ឡូស និង​ហ៊ើម៉ូ‌គេន​ជា​ដើម ដូច​អ្នក​ដឹង​ស្រាប់​ហើយ។ 16សូម​ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដល់​ក្រុម​គ្រួសារ​របស់​លោក​អូនេ‌ស៊ីភ័រ ដ្បិត​គាត់​តែងតែ​លើក​ទឹក​ចិត្ត​ខ្ញុំ​ជា​ញឹក​ញាប់ ហើយ​គាត់​ក៏​មិន​ដែល​ខ្មាស ព្រោះ​តែ​ខ្ញុំ​ជាប់​ឃុំ‌ឃាំង​នោះ​ឡើយ។ 17មិន​តែ​ប៉ុណ្ណោះ​សោត ពេល​គាត់​មក​ដល់​ក្រុង​រ៉ូម គាត់​បាន​ស្វះ‌ស្វែង​ដើរ​រក​ខ្ញុំ​ទាល់​តែ​ជួប។ 18សូម​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​គាត់​បាន​ទទួល​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ពី​ព្រះ‌អម្ចាស់ នៅ​ថ្ងៃ​ព្រះអង្គ​យាង​មក។ អ្នក​ដឹង​ច្បាស់​ជាង​គេ​ស្រាប់​ហើយ​ថា កាល​ខ្ញុំ​នៅ​ក្រុង​អេភេសូ គាត់​បាន​ជួយ​ជ្រោម‌ជ្រែង​ខ្ញុំ​យ៉ាង​ណា​ខ្លះ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy