YouVersion Logo
Search Icon

២ ធីម៉ូថេ 2

2
ទាហាន​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ‌គ្រិស្ត
1ដូច្នេះ កូន​អើយ ចូរ​មាន​កម្លាំង​ឡើង ដោយ​ពឹង​ផ្អែក​លើ​ព្រះ‌គុណ​ដែល​យើង​មាន​ដោយ​រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ។ 2សេចក្ដី​ទាំង​អស់​ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ​នៅ​មុខ​សាក្សី​ជា​ច្រើន​នាក់ ត្រូវ​ប្រគល់​ឲ្យ​បងប្អូន​ណា​ដែល​ស្មោះ​ត្រង់ និង​មាន​សមត្ថ‌ភាព​អាច​បង្រៀន​បន្ត​ទៅ​អ្នក​ផ្សេង​ទៀត​ចុះ។
3ចូរ​រួម​រង​ទុក្ខ​លំបាក ក្នុង​ឋានៈ​ជា​ទាហាន​ដ៏​ល្អ​របស់​ព្រះគ្រិស្ត‌យេស៊ូ។ 4ពេល​ទាហាន​ចេញ​ទៅ​ច្បាំង គេ​មិន​គិត​ពី​បញ្ហា​ក្នុង​ជីវិត​សាមញ្ញ​នេះ​ទេ គឺ​គេ​គិត​តែ​ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​ដែល​កេណ្ឌ​ខ្លួន​ពេញ​ចិត្ត។ 5រីឯ​កីឡា‌ករ​វិញ គេ​អាច​ទទួល​ភួង​ជ័យ​បាន លុះ​ត្រា​តែ​គេ​ប្រកួត​ត្រឹម​ត្រូវ​តាម​ក្បួន។ 6កសិករ​ដែល​បាន​ធ្វើ​ការ​យ៉ាង​នឿយ‌ហត់ ត្រូវ​តែ​ទទួល​ភោគ​ផល​មុន​គេ។ 7ចូរ​ពិចារណា​ឲ្យ​យល់​សេចក្ដី​ដែល​ខ្ញុំ​និយាយ​នេះ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ប្រទាន​ឲ្យ​អ្នក​មាន​ប្រាជ្ញា​អាច​យល់​បាន​ទាំង​អស់។
8ចូរ​នឹក​ដល់​ព្រះ‌យេស៊ូ​គ្រិស្ត ដែល​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ព្រះអង្គ​ជាប់​ព្រះ‌ញាតិ​វង្ស​នឹង​ព្រះ‌បាទ​ដាវីឌ ស្រប​តាម​ដំណឹង‌ល្អ​ដែល​ខ្ញុំ​ប្រកាស។ 9ខ្ញុំ​រង‌ទុក្ខ​លំបាក​ព្រោះ​តែ​ដំណឹង‌ល្អ​នេះ រហូត​ដល់​ត្រូវ​គេ​ចាប់​ចង ដូច​ជា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់។ រីឯ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​វិញ គេ​ពុំ​អាច​ចាប់​ចង​ឡើយ។ 10ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុខ​ចិត្ត​ស៊ូ​ទ្រាំ​គ្រប់​យ៉ាង ដោយ​យល់​ដល់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស ដើម្បី​ឲ្យ​ពួក​គេ​ទទួល​ការ​សង្គ្រោះ ដោយ​រួម​ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ ព្រម​ទាំង​ទទួល​សិរី‌រុងរឿង​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​នោះ​ដែរ។
11ពាក្យ​នេះ​គួរ​ឲ្យ​ជឿ គឺ​ថា:
ប្រសិន​បើ​យើង​រួម​ស្លាប់​ជា​មួយ​ព្រះអង្គ
យើង​ក៏​នឹង​មាន​ជីវិត​រស់
រួម​ជា​មួយ​ព្រះអង្គ​ដែរ។
12 ប្រសិន​បើ​យើង​ស៊ូ‌ទ្រាំ
យើង​នឹង​បាន​គ្រង​រាជ្យ​ជា​មួយ​ព្រះអង្គ។
ប្រសិន​បើ​យើង​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះអង្គ
ព្រះអង្គ​ក៏​នឹង​បដិសេធ​មិន​ទទួល​ស្គាល់
យើង​វិញ​ដែរ។
13ប្រសិន​បើ​យើង​មិន​ស្មោះ​ត្រង់
ព្រះអង្គ​នៅ​តែ​ស្មោះ​ត្រង់​ដដែល
ដ្បិត​ព្រះអង្គ​ពុំ​អាច​បដិសេធ​ព្រះអង្គ​ផ្ទាល់
ឡើយ។
អ្នក​បម្រើ​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់
14អ្នក​ត្រូវ​រំឭក​ដាស់​តឿន​បងប្អូន ទាំង​បញ្ជាក់​យ៉ាង​ម៉ឺង‌ម៉ាត់ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ ឲ្យ​គេ​ចៀស​វាង​ឈ្លោះ​ប្រកែក​គ្នា​អំពី​ពាក្យ‌ពេចន៍ ព្រោះ​គ្មាន​ផល​ប្រយោជន៍​អ្វី​ឡើយ គឺ​នាំ​តែ​កើត​អន្តរាយ​ដល់​អ្នក​ស្ដាប់​ប៉ុណ្ណោះ។ 15ចូរ​ខំ​ប្រឹង​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ និង​ចូល​ជិត​ព្រះអង្គ ក្នុង​ឋានៈ​ជា​កម្មករ ដែល​គ្មាន​អ្វី​នាំ​ឲ្យ​អៀន​ខ្មាស ព្រោះ​ខ្លួន​បាន​ចែក​ផ្សាយ​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ។ 16ត្រូវ​ចៀស​វាង​ពាក្យ​ព្រោក‌ប្រាជ្ញ​ដែល​គ្មាន​ន័យ គ្មាន​ខ្លឹម‌សារ ដ្បិត​ពួក​អ្នក​ចូល​ចិត្ត​ពាក្យ​ព្រោក‌ប្រាជ្ញ​បែប​នេះ តែងតែ​ឃ្លាត​ចេញ​ពី​ព្រះ‌ជាម្ចាស់​កាន់​តែ​ឆ្ងាយ​ទៅៗ។ 17ពាក្យ​សម្ដី​របស់​ពួក​គេ​ប្រៀប​បី​ដូច​ជា​ដំបៅ ស៊ី​រូង​កាន់​តែ​ជ្រៅ​ទៅៗ ក្នុង​ចំណោម​អ្នក​ទាំង​នោះ​មាន​ហ៊ីមេ‌នាស និង​ភីលេត។ 18អ្នក​ទាំង​ពីរ​បាន​ឃ្លាត​ឆ្ងាយ​ពី​សេចក្ដី​ពិត ដោយ​ពោល​ថា មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ​រួច​ហើយ គេ​ក៏​បាន​បង្វែរ​បងប្អូន​ខ្លះ​ឲ្យ​លះ‌បង់​ជំនឿ។ 19 ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​គ្រឹះ​ដ៏​មាំ​ដែល​ព្រះ‌ជាម្ចាស់​បាន​ចាក់​នោះ​នៅ​តែ​ស្ថិត‌ស្ថេរ​រឹង‌ប៉ឹង​ដដែល ហើយ​នៅ​លើ​គ្រឹះ​នោះ​មាន​ចារឹក​ពាក្យ​ជា​សញ្ញា​សម្គាល់​ថា:
«ព្រះ‌អម្ចាស់​ស្គាល់​កូន​ចៅ​របស់​ព្រះអង្គ»
ហើយ «អ្នក​ណា​ប្រកាស​ថា​ខ្លួន​គោរព​
ព្រះ‌នាម​ព្រះ‌អម្ចាស់ អ្នក​នោះ​ត្រូវ​តែ​ងាក​ចេញ
ឲ្យ​ផុត​ពី​អំពើ​ទុច្ចរិត»
20នៅ​ក្នុង​ផ្ទះ​មួយ​ដ៏​ធំ​មិន​មែន​មាន​តែ​គ្រឿង​ប្រដាប់​ធ្វើ​ពី​មាស ឬ​ពី​ប្រាក់​ប៉ុណ្ណោះ​ទេ គឺ​មាន​គ្រឿង​ប្រដាប់​ធ្វើ​ពី​ឈើ និង​ធ្វើ​ពី​ដី​ដែរ មួយ​ផ្នែក​សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ឱកាស​ពិសេស មួយ​ផ្នែក​ទៀត​សម្រាប់​ប្រើ‌ប្រាស់​ជា​ធម្មតា។ 21ដូច្នេះ ប្រសិន​បើ​អ្នក​ណា​ម្នាក់​ជម្រះ​ខ្លួន​បាន​បរិសុទ្ធ ផុត​ពី​អំពើ​អាក្រក់​ទាំង​នេះ​ហើយ ព្រះ‌ជាម្ចាស់​នឹង​ប្រើ​អ្នក​នោះ​ទុក​ដូច​ជា​ឧបករណ៍​វិសេស​វិសុទ្ធ*​មាន​ប្រយោជន៍​ដល់​ម្ចាស់ និង​ប្រើ‌ប្រាស់​សម្រាប់​ធ្វើ​អំពើ​ល្អ​គ្រប់​យ៉ាង។
22ចូរ​គេច​ចេញ​ឲ្យ​ផុត​ពី​តណ្ហា​នៃ​យុវ‌វ័យ ហើយ​ខំ​ប្រឹង​ស្វែង​រក​សេចក្ដី​សុចរិត ជំនឿ សេចក្ដី​ស្រឡាញ់ សេចក្ដី​សុខ‌សាន្ត ជា​មួយ​អស់​អ្នក​ដែល​គោរព​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​បរិសុទ្ធ*​នោះ​វិញ។ 23ចូរ​ចៀស‌វាង​ការ​ជជែក​វែក‌ញែក​ដ៏​ល្ងី‌ល្ងើ​ផ្ដេស‌ផ្ដាស ត្រូវ​ដឹង​ថា ការ​ជជែក​វែក‌ញែក​បែប​នេះ​បង្ក​ឲ្យ​តែ​មាន​ជម្លោះ​ប៉ុណ្ណោះ 24រីឯ​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់​មិន​ត្រូវ​ឲ្យ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​រួស‌រាយ​ចំពោះ​មនុស្ស​ទួទៅ ត្រូវ​ចេះ​បង្រៀន និង​អធ្យាស្រ័យ​ដល់​គេ 25ត្រូវ​មាន​ចិត្ត​ស្លូត‌បូត ប្រដៅ​ពួក​អ្នក​ប្រឆាំង ក្រែង​លោ​ព្រះ‌ជាម្ចាស់​នឹង​ប្រោស​ប្រទាន​ឲ្យ​គេ​កែ​ប្រែ​ចិត្ត​គំនិត ដើម្បី​ឲ្យ​គេ​បាន​ស្គាល់​សេចក្ដី​ពិត​យ៉ាង​ច្បាស់ 26ព្រម​ទាំង​ភ្ញាក់​ស្មារតី​ឡើង​វិញ ហើយ​ដោះ​ខ្លួន​រួច​ពី​អន្ទាក់​របស់​មារ* ដែល​បាន​ចាប់​ចង​គេ បង្ខំ​ឲ្យ​ធ្វើ​តាម​បំណង​របស់​វា។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy