YouVersion Logo
Search Icon

Revelation 1

1
1 នេះ​ជា​ការ​បើក​សំដែង​របស់​ព្រះយេស៊ូ​គ្រិស្ត​ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​ដល់​ព្រះអង្គ​ ដើម្បី​បង្ហាញ​ពួក​បាវបម្រើ​របស់​ព្រះអង្គ​ឲ្យ​ឃើញ​ហេតុការណ៍​ដែល​ត្រូវ​កើត​ឡើង​ឆាប់ៗ​នេះ។​ ព្រះយេស៊ូ​បាន​បង្ហាញ​ ដោយ​ចាត់​ទេវតា​របស់​ព្រះអង្គ​ទៅ​ឯ​លោក​យ៉ូហាន​ ជា​បាវបម្រើ​របស់​ព្រះអង្គ។​
2 លោក​យ៉ូហាន​បាន​ធ្វើ​បន្ទាល់​ពី​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ និង​សេចក្ដី​បន្ទាល់​របស់​ព្រះយេស៊ូ​គ្រិស្ដ​ គឺ​ជា​ហេតុការណ៍​ទាំងឡាយ​ដែល​គាត់​បាន​ឃើញ។​
3 មាន​ពរ​ហើយ​អ្នកណា​ដែល​អាន​ និង​ស្ដាប់​ពាក្យ​ថ្លែង​ព្រះបន្ទូល​ទាំង​នេះ​ ហើយ​កាន់​តាម​សេចក្ដី​ទាំងឡាយ​ដែល​បាន​ចែងទុក​នៅ​ក្នុង​នោះ​ ដ្បិត​ពេល​កំណត់​ជិត​មក​ដល់​ហើយ។​
4 ខ្ញុំ​ យ៉ូហាន​ ជូន​ចំពោះ​ក្រុមជំនុំ​ទាំង​ប្រាំពីរ​នៅ​ស្រុក​អាស៊ី។​ សូម​ឲ្យ​អ្នក​រាល់គ្នា​ទទួល​បាន​ព្រះគុណ​ និង​សេចក្ដី​សុខសាន្ត​ពី​ព្រះអង្គ​ដែល​គង់​នៅ​សព្វ​ថ្ងៃ​ គង់​នៅ​តាំង​ពី​ដើម​ ហើយ​ដែល​ត្រូវ​យាង​មក​ និង​ពី​ព្រះវិញ្ញាណ​ទាំង​ប្រាំពីរ​ដែល​នៅ​ពី​មុខ​បល្ល័ង្ក​របស់​ព្រះអង្គ​
5 ព្រម​ទាំង​ពី​ព្រះយេស៊ូ​គ្រិស្ដ​ ជា​សាក្សី​ដ៏​ស្មោះត្រង់​ ជា​កូន​ច្បង​នៃ​ពួក​មនុស្ស​ស្លាប់​ និង​ជា​អ្នក​គ្រប់គ្រង​លើ​អស់​ទាំង​ស្ដេច​នៅ​ផែនដី។​ សូម​ឲ្យ​ព្រះអង្គ​ដែល​ស្រឡាញ់​យើង​ ហើយ​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​បាប​ដោយសារ​ឈាម​របស់​ព្រះអង្គ​
6 ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​ត្រលប់​ជា​នគរ​មួយ​ និង​ជា​ពួក​សង្ឃ​សម្រាប់​ព្រះជាម្ចាស់​ដែល​ជា​ព្រះ​វរ​បិតា​របស់​ព្រះអង្គ​បាន​ប្រកប​ដោយ​សិរី​រុងរឿង​ និង​ព្រះ​ចេស្ដា​រហូត​អស់កល្ប​ជានិច្ច។​ អាម៉ែន។​
7 មើល៍​ ព្រះអង្គ​យាង​មក​នៅ​លើ​ពពក​ នោះ​គ្រប់​ទាំង​ភ្នែក​នឹង​ឃើញ​ព្រះអង្គ​ សូម្បី​តែ​ពួកអ្នក​ដែល​បាន​ចាក់​ព្រះអង្គ​ផង​ ហើយ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​ទួញសោក​ដោយ​ព្រោះ​ព្រះអង្គ​ នោះ​ប្រាកដ​ជា​មាន​ដូច្នោះ​មែន។​ អាម៉ែន។​
8 ព្រះអម្ចាស់​ដ៏​ជា​ព្រះ​ដែល​គង់​នៅ​សព្វ​ថ្ងៃ​ គង់​នៅ​តាំង​ពី​ដើម​ ហើយ​ដែល​ត្រូវ​យាង​មក​ គឺ​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​លើ​អ្វីៗ​ទាំង​អស់​ ព្រះអង្គ​មាន​បន្ទូល​ថា៖​ «យើង​ជា​អាល់ផា​ និង​ជា​អូមេកា»។​
9 ខ្ញុំ​ យ៉ូហាន​ ជា​បងប្អូន​របស់​អ្នក​រាល់គ្នា​ ហើយ​ជា​អ្នក​រួម​ចំណែក​ជាមួយ​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះយេស៊ូ​ គឺ​នៅ​ក្នុង​សេចក្ដី​វេទនា​ នៅ​ក្នុង​នគរ​ និង​នៅ​ក្នុង​ការ​ស៊ូទ្រាំ។​ ខ្ញុំ​បាន​នៅ​លើ​កោះ​ប៉ាត់ម៉ុស​ដោយ​ព្រោះ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ និង​សេចក្ដី​បន្ទាល់​របស់​ព្រះយេស៊ូ។​
10 នៅ​ថ្ងៃ​របស់​ព្រះអម្ចាស់​ ខ្ញុំ​បាន​លង់​នៅ​ក្នុង​វិញ្ញាណ​ ហើយ​ខ្ញុំ​បាន​ឮ​សំឡេង​យ៉ាង​ខ្លាំង​មួយ​ដូច​ជា​សំឡេង​ត្រែ​នៅ​ពីក្រោយ​ខ្ញុំ​
11 បន្លឺ​ឡើង​ថា៖​ «អ្វី​ដែល​អ្នក​ឃើញ​ ចូរ​សរសេរ​ទុក​ក្នុង​សៀវភៅ​មួយ​ ហើយ​ផ្ញើ​ទៅ​ក្រុមជំនុំ​ទាំង​ប្រាំពីរ​ដែល​នៅ​ក្រុង​អេភេសូរ​ ក្រុង​ស្មឺណា​ ក្រុង​ពើការម៉ុស​ ក្រុង​ធាទេរ៉ា​ ក្រុង​សើដេស​ ក្រុង​ភីឡាដិលភា​ និង​ក្រុង​ឡៅឌីសេ»។​
12 ខ្ញុំ​ក៏​បែរ​ទៅ​មើល​សំឡេងដែល​មាន​បន្ទូល​មក​ខ្ញុំ​នោះ​ ពេល​បែរ​ទៅ​ហើយ​ ខ្ញុំ​ក៏​ឃើញ​ជើង​ចង្កៀង​មាស​ប្រាំពីរ​
13 ហើយ​នៅ​កណ្ដាល​ជើង​ចង្កៀង​នោះ​ មាន​ម្នាក់​ដូច​ជា​កូន​មនុស្ស​ ពាក់​អាវ​វែង​ដល់​ជើង​ ហើយ​ពាក់​ខ្សែ​ក្រវាត់​មាស​នៅ​ដើម​ទ្រូង​ផង។​
14 សក់​របស់​លោក​ស​ដូច​ជា​រោម​ចៀម​ពណ៌​ស​ គឺ​ស​ដូច​ជា​ព្រឹល​ ហើយ​ភ្នែក​របស់​លោក​ដូច​ជា​អណ្ដាត​ភ្លើង​
15 ជើង​របស់​លោក​ដូច​ជា​លង្ហិន​ដ៏​ភ្លឺ​រលោង​ដែល​គេ​ដុត​នៅ​ក្នុង‍​ឡភ្លើង​ ហើយ​សំឡេង​របស់​លោក​ដូច​ជា​សំឡេង​ទឹក​ជា​ច្រើន​ដែល​ឮ​យ៉ាង​ខ្លាំង។​
16 លោក​កាន់​ផ្កាយ​ប្រាំពីរ​នៅ​ដៃ​ស្ដាំ​ ក៏​មាន​ដាវ​មុខ​ពីរ​ដ៏​មុត​ ចេញ​ពី​មាត់​លោក​មក​ ហើយ​មុខ​លោក​ដូច​ជា​ដួង​អាទិត្យ​ភ្លឺ​ពេញ​កម្ដៅ។​
17 ពេល​ខ្ញុំ​ឃើញ​លោក​ ខ្ញុំ​ក៏​ដួល​នៅ​ទៀប​ជើង​របស់​លោក​ ដូច​ជា​មនុស្ស​ស្លាប់​ ប៉ុន្ដែ​លោក​បាន​ដាក់​ដៃ​ស្ដាំ​លើ​ខ្ញុំ​ ទាំង​និយាយ​ថា៖​ «កុំ​ខ្លាច​អី!​ យើង​ជា​មុនគេ​ និង​ជា​ក្រោយគេ​
18 ហើយ​ជា​ព្រះ​ដ៏​រស់​ យើង​បាន​ស្លាប់​ ប៉ុន្ដែ​មើល៍​ យើង​រស់នៅ​រហូត​អស់កល្ប​ជានិច្ច​ យើង​ក៏​មាន​កូន​សោ​នៃ​សេចក្ដី​ស្លាប់​ និង​កូន​សោ​នៃ​ស្ថាននរក​ដែរ។​
19 ដូច្នេះ​ចូរ​កត់ត្រា​ហេតុការណ៍​ទាំងឡាយ​ដែល​អ្នក​បាន​ឃើញ​ គឺ​ហេតុការណ៍​នៅ​ពេល​នេះ​ និង​ហេតុការណ៍​ដែល​នឹង​មក​តាម​ក្រោយ។​
20 រីឯ​អាថ៌កំបាំង​អំពី​ផ្កាយ​ទាំង​ប្រាំពីរ​ដែល​អ្នក​បាន​ឃើញ​នៅ​ដៃស្ដាំ​របស់​យើង​ និង​ជើង​ចង្កៀង​មាស​ទាំង​ប្រាំពីរ​នោះ​ គឺ​ដូច្នេះ​ ផ្កាយ​ទាំង​ប្រាំពីរ​ជា​ទេវតា​របស់​ក្រុមជំនុំ​ទាំង​ប្រាំពីរ​ ហើយ​ជើង​ចង្កៀង​ទាំង​ប្រាំពីរ​ជា​ក្រុមជំនុំ​ទាំង​ប្រាំពីរ​នោះ​ហើយ»។​

Currently Selected:

Revelation 1: KCB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy