YouVersion Logo
Search Icon

Philippians 4

4
1 ដូច្នេះ​ បងប្អូន​ជា​ទី​ស្រឡាញ់​ ជា​ទី​នឹក​រឮក​បំផុត​ ជា​អំណរ​ និង​ជា​កិត្ដិយស​របស់​ខ្ញុំ​អើយ‍!​ ចូរ​បងប្អូន​ឈរ​ឲ្យ​មាំមួន​ដូច្នេះ​នៅ​ក្នុង​ព្រះអម្ចាស់​ចុះ​
2 ខ្ញុំ​សូម​ដាស់តឿន​ដល់​នាង​អេរ៉ូឌី​ និង​នាង​ស៊ុនទីច​ឲ្យ​មាន​គំនិត​តែ​មួយ​ក្នុង​ព្រះអម្ចាស់​
3 អ្នក​រួម​ការងារ​ដ៏​ពិត​ប្រាកដ​របស់​ខ្ញុំ​អើយ!​ ខ្ញុំ​ក៏​សុំ​អ្នក​រាល់គ្នា​ដែរ​ថា​ ចូរ​ជួយ​ស្រ្ដី​ទាំង​ពីរ​នាក់​នោះ​ផង​ ដ្បិត​ពួក​នាង​បាន​តស៊ូ​ជាមួយ​ខ្ញុំ​នៅ​ក្នុង​ដំណឹង​ល្អ​ ព្រមទាំង​ជាមួយ​លោក​ក្លេម៉ង់​ និង​ពួកអ្នក​រួម​ការងារ​របស់​ខ្ញុំ​ផ្សេង​ទៀត​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ជីវិត​ដែរ។​
4 ចូរ​អរ​សប្បាយ​នៅ​ក្នុង​ព្រះអម្ចាស់​ជានិច្ច​ ខ្ញុំ​ប្រាប់​ម្ដង​ទៀត​ថា​ ចូរ​អរ​សប្បាយ​ឡើង!​
5 ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ស្គាល់​ចិត្ដ​ស្លូតបូត​របស់​អ្នក​រាល់គ្នា​ចុះ‍។​ ព្រះអម្ចាស់​នៅ​ជិត​បង្កើយ។​
6 ចូរ​កុំ​ខ្វល់ខ្វាយ​អ្វី​ឡើយ​ ផ្ទុយ​ទៅ​វិញ​ គ្រប់​ការ​ទាំង​អស់​ ចូរ​ទូល​ព្រះជាម្ចាស់​ឲ្យ​ជ្រាប​ពី​សំណូម​របស់​អ្នក​រាល់គ្នា​ដោយ​សេចក្ដី​អធិស្ឋាន​ និង​ការ​ទូល​អង្វរ​ ទាំង​អរព្រះគុណ​ផង​
7 នោះ​សេចក្ដី​សុខសាន្ដ​របស់​ព្រះជាម្ចាស់​ដែល​វិសេស​លើស​អស់​ទាំង​គំនិត​របស់​មនុស្ស​នឹង​ការពារ​ចិត្ដ​គំនិត​របស់​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ។​
8 នៅ​ទីបញ្ចប់​នេះ​ បងប្អូន​អើយ‍!​ សេចក្ដី​ណា​ដែល​ពិត​ សេចក្ដី​ណា​ដែល​គួរ​គោរព​ សេចក្ដី​ណា​ដែល​សុចរិត​ សេចក្ដី​ណា​ដែល​បរិសុទ្ធ​ សេចក្ដី​ណា​ដែល​គួរ​ស្រឡាញ់​ សេចក្ដី​ណា​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្អ​ បើ​មាន​សេចក្ដី​ល្អ​ ឬ​សេចក្ដី​គួរ​សរសើរ​ណា​មួយ​ ចូរ​ពិចារណា​អំពី​សេចក្ដី​ទាំង​នោះ​ចុះ​
9 ហើយ​សេចក្ដី​ទាំងឡាយ​ដែល​អ្នក​រាល់គ្នា​បាន​រៀន​ បាន​ទទួល​ បាន​ឮ​ និង​បាន​ឃើញ​នៅ​ក្នុង​ខ្ញុំ​ ចូរ​អ្នក​រាល់គ្នា​ធ្វើ​តាម​ចុះ​ នោះ​ព្រះជាម្ចាស់​នៃ​សេចក្ដី​សុខសាន្ដ​នឹង​គង់​ជាមួយ​អ្នក​រាល់គ្នា។​
10 ខ្ញុំ​មាន​អំណរ​ក្នុង​ព្រះអម្ចាស់​ណាស់​ដែល​អ្នក​រាល់គ្នា​បាន​គិត​ដល់​ខ្ញុំ​ជា​ថ្មី​នៅ​ទីបំផុត​នេះ​ ដ្បិត​អ្នក​រាល់គ្នា​ពិត​ជា​បាន​គិត​ដល់​ខ្ញុំ​មែន​ ប៉ុន្ដែ​អ្នក​រាល់គ្នា​គ្មាន​ឱកាស​
11 ខ្ញុំ​និយាយ​បែប​នេះ​មិន​មែន​មក​ពី​ខ្ញុំ​ខ្វះខាត​ទេ​ ដ្បិត​ខ្ញុំ​ចេះ​ស្កប់​ចិត្ត​នៅ​គ្រប់​កាលៈទេសៈ​ទាំង​អស់​
12 ខ្ញុំ​ស្គាល់​ភាព​ទ័លក្រ​ជា​យ៉ាង​ណា​ ហើយ​ភាព​ហូរហៀរ​ជា​យ៉ាង​ណា​ គឺ​ខ្ញុំ​ចេះ​រស់​គ្រប់​កាលៈទេសៈ​ទាំង​អស់​ មិន​ថា​ពេល​ឆ្អែត​ ពេល​ឃ្លាន​ ពេល​ហូរហៀរ​ ឬ​ពេល​ខ្វះខាត​ទេ។​
13 ខ្ញុំ​អាច​ធ្វើ​អ្វីៗ​បាន​ទាំង​អស់​ដោយសារ​ព្រះអង្គ​ដែល​ចម្រើន​កម្លាំង​ដល់​ខ្ញុំ​
14 លើស​ពី​នេះ​ អ្នក​រាល់គ្នា​បាន​រួម​ចំណែក​ជាមួយ​ខ្ញុំ​យ៉ាង​ប្រសើរ​ នៅ​ពេល​ខ្ញុំ​មាន​សេចក្ដី​វេទនា។​
15 ឱ​ពួកអ្នក​ក្រុង​ភីលីព​អើយ‍!​ អ្នក​រាល់គ្នា​ក៏​ដឹង​ដែរ​ថា​ តាំង​ពី​ខ្ញុំ​ចាប់​ផ្ដើម​ប្រកាស​ដំណឹង​ល្អ​នៅ​ពេល​ដែល​ខ្ញុំ​បាន​ចាក​ចេញ​ពី​ស្រុក​ម៉ាសេដូន​មក​នោះ​ គ្មាន​ក្រុមជំនុំ​ណា​រួម​ចំណែក​ជួយ​ខ្ញុំ​ខាង​ផ្នែក​ជំនួយ​ឡើយ​ ក្រៅ​ពី​អ្នក​រាល់គ្នា​ប៉ុណ្ណោះ​
16 ហើយ​សូម្បី​តែ​កាល​ខ្ញុំ​នៅ​ក្រុង​ថែស្សាឡូនីច​នោះ​ អ្នក​រាល់គ្នា​ក៏​បាន​ផ្ញើ​ម្ដង​ពីរ​ដង​រួច​មក​ហើយ​ ដើម្បី​ផ្គត់ផ្គង់​សេចក្ដី​ត្រូវការ​របស់​ខ្ញុំ។​
17 ខ្ញុំ​និយាយ​នេះ​ មិន​មែន​រក​ជំនួយ​ទេ​ គឺ​ខ្ញុំ​រក​ផលផ្លែ​ដែល​ចម្រើន​ដល់​អ្នក​រាល់គ្នា​វិញ​
18 ដ្បិត​ខ្ញុំ​មាន​អ្វីៗ​គ្រប់​បែប​យ៉ាង​ទាំង​ហូរហៀរ​ទៀត​ផង‍។​ ខ្ញុំ​បាន​ទទួល​អ្វីៗ​គ្រប់គ្រាន់​ហើយ​ពី​អ្នក​រាល់គ្នា​តាមរយៈ​លោក​អេប៉ាប្រូឌីត​ គឺ​ជា​តង្វាយ​ដ៏​សែន​ក្រអូប​ ជា​យញ្ញ​បូជា​ដែល​ព្រះជាម្ចាស់​ទទួល​យក​ទាំង​សព្វ​ព្រះហឫទ័យ‍។​
19 ព្រះជាម្ចាស់​របស់​ខ្ញុំ​នឹង​បំពេញ​គ្រប់​ទាំង​សេចក្ដី​ត្រូវការ​របស់​អ្នក​រាល់គ្នា​ស្រប​តាម​ភាព​បរិបូរ​របស់​ព្រះអង្គ​ប្រកប​ដោយ​សិរី​រុងរឿង​ ដែល​មាន​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​
20 សូម​ឲ្យ​ព្រះជាម្ចាស់​ដ៏​ជា​ព្រះវរបិតា​របស់​យើង​បាន​ប្រកប​ដោយ​សិរី​រុងរឿង​រហូត​អស់កល្ប​ជានិច្ច​ អាម៉ែន។​
21 សូម​ជម្រាបសួរ​ដល់​ពួក​បរិសុទ្ធ​ទាំង​អស់​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ រីឯ​បងប្អូន​ទាំងឡាយ​ដែល​នៅ​ជាមួយ​ខ្ញុំ​ក៏​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ដែរ​
22 ពួក​បរិសុទ្ធ​ទាំង​អស់​ ជា​ពិសេស​ពួកអ្នក​នៅ​ក្នុង​ដំណាក់​ស្ដេច​ក្រុង​រ៉ូម​ក៏​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ដែរ​
23 សូម​ឲ្យ​វិញ្ញាណ​របស់​អ្នក​រាល់គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ​របស់​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ។​

Currently Selected:

Philippians 4: KCB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy