YouVersion Logo
Search Icon

Luke 23

23
1 រួច​អ្នកនៅ​ក្នុងអង្គ​ប្រជុំ​ទាំង​មូលក៏ក្រោកឡើង​នាំ​ព្រះអង្គ​ទៅជួប​លោក​ពីឡាត់​
2 ពួកគេ​ក៏​ចាប់​ផ្ដើម​ចោទ​ប្រកាន់​ព្រះអង្គ​ថា៖​ «យើង​បាន​ឃើញ​អ្នក​នេះ​កំពុង​នាំ​ជនជាតិ​របស់​យើង​បះបោរ​ និង​ហាម​ការ​បង់​ពន្ធដារ​ឲ្យ​ព្រះចៅ​អធិរាជ​ ព្រមទាំង​ហៅ​ខ្លួន​ឯង​ថា​ជា​ព្រះគ្រិស្ដ​ គឺ​ជា​ស្ដេច»។​
3 លោក​ពីឡាត់​ក៏​សួរ​ព្រះអង្គ​ថា៖​ «តើ​អ្នក​ជា​ស្ដេច​របស់​ជនជាតិ​យូដា​ឬ?»​ ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «លោក​និយាយ​ត្រូវ​ហើយ»​
4 លោក​ពីឡាត់​ក៏​និយាយ​ទៅ​ពួក​សម្ដេច​សង្ឃ​ និង​បណ្ដាជន​ថា៖​ «ខ្ញុំ​មិន​ឃើញ​ថា​ បុរស​ម្នាក់​នេះ​មាន​ទោស​សោះ»​
5 ប៉ុន្ដែ​ពួកគេ​និយាយ​ទទូច​ថា៖​ «គាត់​ញុះញង់​ប្រជាជន​ ទាំង​បង្រៀន​ពាសពេញ​ស្រុក​យូដា​ទាំង​មូល​ គឺ​ចាប់​ពី​ស្រុក​កាលីឡេ​រហូត​មក​ដល់​ទីនេះ»។​
6 ពេល​លោក​ពីឡាត់​ឮ​ដូច្នេះ​ ក៏​សាក​សួរ​ថា​ បុរស​ម្នាក់​នេះ​ជាអ្នក​ស្រុក​កាលីឡេ​មែន​ដែរ​ឬ​អត់​
7 កាល​ដឹង​ថា​ ព្រះអង្គ​ស្ថិត​ក្នុង​សិទ្ធិ​អំណាច​របស់​ស្ដេច​ហេរ៉ូឌ​ លោក​ពីឡាត់​ក៏​បញ្ជូន​ព្រះអង្គ​ទៅ​ឯ​ស្ដេច​ហេរ៉ូឌ​ ដ្បិត​នៅ​ថ្ងៃ​នោះ​ស្ដេច​ក៏​នៅ​ក្នុង​ក្រុង​យេរូសាឡិម​ដែរ​
8 ពេល​ស្ដេច​ជួប​ព្រះយេស៊ូ​ ក៏​ត្រេកអរ​ជា​ពន់ពេក​ ព្រោះ​ស្ដេច​បាន​ឮ​អំពី​ព្រះអង្គ​ និង​ចង់​ជួប​ព្រះអង្គ​ជា​យូរ​មក​ហើយ​ ស្ដេច​សង្ឃឹម​ថា​នឹង​ឃើញ​ព្រះអង្គ​សំដែង​ទីសំគាល់​អស្ចារ្យ​ណា​មួយ។​
9 ស្ដេច​ក៏​សួរ​ព្រះអង្គ​ជា​ច្រើន​ ប៉ុន្ដែ​ព្រះអង្គ​មិន​បាន​ឆ្លើយ​អ្វី​ឡើយ។​
10 ពួក​សម្ដេច​សង្ឃ​ និង​ពួក​គ្រូ​វិន័យ​ក៏​ក្រោក​ឈរ​ចោទ​ប្រកាន់​ព្រះអង្គ​យ៉ាង​ធ្ងន់ៗ។​
11 កាល​ស្ដេច​ហេរ៉ូឌ​ និង​ពួក​ទាហាន​របស់​ស្ដេច​ចំអក​មើលងាយ​ព្រះអង្គ​រួច​ ក៏​ពាក់​អាវ​ភ្លឺ​រលោង​ឲ្យ​ព្រះអង្គ​ ហើយ​ក៏​បញ្ជូន​ព្រះអង្គ​ទៅ​ឲ្យ​លោក​ពីឡាត់​វិញ។​
12 នៅ​ថ្ងៃ​នោះ​ លោក​ពីឡាត់​ និង​ស្ដេច​ហេរ៉ូឌ​ ទាំង​ពីរ​នាក់​បាន​ត្រលប់​ជា​មិត្ដ​សម្លាញ់​នឹង​គ្នា​ ដ្បិត​កាល​ពីមុន​ជា​សត្រូវ​នឹង​គ្នា។​
13 កាល​លោក​ពីឡាត់​ហៅ​ពួក​សម្ដេច​សង្ឃ​ ពួក​អាជ្ញាធរ​ និង​ប្រជាជន​មក​ជុំ​គ្នា​ហើយ​
14 ក៏​និយាយ​ទៅ​ពួកគេ​ថា៖​ «អ្នក​រាល់គ្នា​បាន​នាំ​បុរស​ម្នាក់​នេះ​មក​ឲ្យ​ខ្ញុំ​ ដោយ​ចោទ​ថា​ជា​អ្នក​ញុះញង់​ប្រជាជន​ ប៉ុន្ដែ ​មើល៍​ នៅ​ចំពោះ​មុខ​អ្នក​រាល់គ្នា​ ខ្ញុំ​បាន​សាក​សួរ​គាត់​អស់​ហើយ​ ឃើញ​ថា​បុរស​ម្នាក់​នេះ​គ្មាន​ទោស​ដូច​ដែល​អ្នក​រាល់គ្នា​ចោទ​ប្រកាន់​សោះ។​
15 ស្ដេច​ហេរ៉ូឌ​ក៏​ដូចគ្នា​ដែរ​ ដ្បិត​ស្ដេច​បាន​បញ្ជូន​បុរស​នេះ​មក​ឲ្យ​យើង​វិញ​ ហើយ​មើល៍​ គាត់​មិន​បាន​ប្រព្រឹត្ត​អ្វី​មួយ​ដែល​សម​នឹង​ស្លាប់​សោះ​
16 ដូច្នេះ​ពេល​ដាក់​ទណ្ឌកម្ម​គាត់​ហើយ​ ខ្ញុំ​នឹង​ដោះ​លែង​គាត់»​
17 [រៀង​រាល់​ថ្ងៃ​បុណ្យ​ លោក​ពីឡាត់​ធ្លាប់​ដោះលែង​អ្នក​ទោស​ម្នាក់​ឲ្យ​ពួកគេ]។​
18 ប៉ុន្ដែ​ពួកគេ​ស្រែក​ទាំង​អស់​គ្នា​ថា៖​ «សូម​យក​ម្នាក់​នេះ​ទៅ​ ហើយ​ដោះលែង​បារ៉ាបាស​ឲ្យ​យើង​វិញ!»​
19 បារ៉ាបាស​ត្រូវ​គេ​ចាប់​ដាក់​គុក​ ដោយព្រោះ​តែ​ការ​បះបោរ​ និង​ការ​កាប់​សម្លាប់​ដែល​បានកើត​ឡើង​នៅ​ក្នុង​ក្រុង។​
20 ដោយ​ចង់​ដោះលែង​ព្រះយេស៊ូ​ លោក​ពីឡាត់​ក៏​និយាយ​បញ្ជាក់​ទៅ​ពួកគេ​ម្ដងទៀត។​
21 ប៉ុន្ដែ​ពួកគេ​ស្រែក​ថា៖​ «ឆ្កាង​វា​ទៅ​ ឆ្កាង​វា​ទៅ!»​
22 លោក​ពីឡាត់​ក៏​និយាយ​ទៅ​ពួកគេ​ជា​លើក​ទី​បី​ថា៖​ «ហេតុអ្វី​ តើ​អ្នក​នេះ​បាន​ធ្វើ​អ្វី​អាក្រក់​ឬ?​ ខ្ញុំ​ឃើញ​ថា​គាត់​គ្មាន​ទោស​ត្រូវ​ស្លាប់​ទេ​ ដូច្នេះ​ពេល​ដាក់​ទណ្ឌកម្ម​ហើយ​ ខ្ញុំ​នឹង​ដោះ​លែង​គាត់!»​
23 ប៉ុន្ដែ​ពួកគេ​បាន​ទទូច​ដោយ​សំឡេង​ឮៗ​ទាមទារ​ឲ្យ​ឆ្កាង​ព្រះអង្គ​ ហើយ​សំឡេង​របស់​ពួកគេ​ក៏​យក​ឈ្នះ​បាន​
24 ដូច្នេះ​លោក​ពីឡាត់​ក៏​សម្រេច​ចិត្ដ​ធ្វើ​តាម​ការ​ទាមទារ​របស់​ពួកគេ​
25 ហើយ​លោក​ក៏​ដោះ​លែង​មនុស្ស​ម្នាក់​ដែល​ពួកគេ​បាន​សូម​ ជា​ម្នាក់​ដែល​ត្រូវ​គេ​ចាប់​ដាក់​គុក​ពី​បទ​បះបោរ​ និង​កាប់​សម្លាប់​ ឯ​ព្រះយេស៊ូ​វិញ​ លោក​បាន​ប្រគល់​ទៅ​តាម​ចិត្ដ​របស់​ពួកគេ។​
26 កាល​ពួកគេ​នាំ​ព្រះអង្គ​ទៅ​ ក៏​ចាប់​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ ជា​អ្នក​ក្រុង​គីរេន​ដែល​ទើប​មក​ពី​ចម្ការ​ គឺ​ពួកគេ​បាន​ដាក់​ឈើ​ឆ្កាង​លើ​គាត់​ឲ្យ​លី​ដើរ​តាម​ព្រះយេស៊ូ​
27 ហើយ​មាន​ប្រជាជន​ច្រើន​កុះករ​បាន​ដើរ​តាម​ព្រះអង្គ​ មាន​ទាំង​ពួក​ស្ដ្រី​កំពុង​កាន់ទុក្ខ​ និង​កំពុង​យំ​សោក​សម្រាប់​ព្រះអង្គ​ផង។​
28 ប៉ុន្ដែ​ព្រះយេស៊ូ​ងាក​មក​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «កូន​ស្រី​ក្រុង​យេរូសាឡិម​អើយ!​ កុំ​យំ​សម្រាប់​ខ្ញុំ​អី​ ចូរ​យំ​សម្រាប់​អ្នក​រាល់គ្នា​ និង​កូន​ចៅ​របស់​អ្នក​រាល់គ្នា​វិញ​ចុះ​
29 ដ្បិត​មើល៍​ នឹង​មាន​ថ្ងៃ​មួយ​មក​ដល់​ដែល​ពួកគេ​នឹង​និយាយ​ថា​ មាន​ពរ​ហើយ​ដល់​ពួក​ស្ដ្រីអារ​ និង​ផ្ទៃ​ដែល​មិន​បាន​បង្កើត​កូន ព្រម​ទាំង​ស្ដ្រី​ដែល​មិន​បាន​បំបៅ​កូន។​
30 ពេល​នោះ​ពួកគេ​នឹង​ចាប់​ផ្ដើម​និយាយ​ទៅ​កាន់​ភ្នំ​នានា​ថា​ សូម​ធ្លាក់​សង្កត់​យើង​ទៅ​ ហើយ​និយាយ​ទៅ​ទីទួល​នានា​ទៀត​ថា​ សូម​គ្រប​លើ​យើង​ទៅ​
31 ព្រោះ​កាល​ដើម​ឈើ​នៅ​ស្រស់​នៅ​ឡើយ​ ពួកគេ​ធ្វើ​ការ​ទាំង​នេះ​ទៅ​ហើយ​ ចុះ​ពេល​ដើម​ឈើ​ក្រៀម​ នោះ​តើ​នឹង​មាន​អ្វី​កើត​ឡើង?»​
32 គេ​នាំ​មនុស្ស​មាន​ទោស​ធ្ងន់​ពីរ​នាក់​ទៀត​ទៅ​ឆ្កាង​ជាមួយ​ព្រះអង្គ​ដែរ។​
33 កាល​មក​ដល់​កន្លែង​មួយ​ឈ្មោះ​លលាដ៌​ក្បាល​ ពួក​គេ​ក៏​ឆ្កាង​ព្រះអង្គ​ និង​មនុស្ស​មាន​ទោស​ធ្ងន់​ពីរ​នាក់​ទៀត​នៅ​ទីនោះ​ដែរ​ គឺ​ម្នាក់​នៅ​ខាង​ស្ដាំ​ព្រះអង្គ​ និង​ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង​ព្រះអង្គ។​
34 ព្រះយេស៊ូ​បាន​មាន​បន្ទូល​ថា៖​ «ឱ​ ព្រះវរបិតា​អើយ!​ សូម​លើក​លែង​ទោស​ដល់​ពួកគេ​ផង​ ដ្បិត​ពួកគេ​មិន​ដឹង​ថា​ ពួកគេ​កំពុង​ធ្វើ​អ្វី​ទេ»។​ ពួកគេ​បាន​ចាប់​ឆ្នោត​ចែក​អាវ​របស់​ព្រះអង្គ។​
35 ប្រជាជន​បាន​ឈរ​មើល​ព្រះអង្គ​ ឯ​ពួក​អាជ្ញាធរ​ក៏​មើលងាយ​ព្រះអង្គ​ដែរ​ ដោយ​និយាយ​ថា៖​ «វា​សង្គ្រោះ​អ្នក​ដទៃ​បាន​ ចូរ​ឲ្យ​វា​សង្គ្រោះ​ខ្លួន​ឯង​មើល៍​ បើ​វា​នេះ​ជា​ព្រះគ្រិស្ដ​ដែល​ព្រះជាម្ចាស់​រើសតាំង​មែន»​
36 ឯ​ពួក​ទាហាន​ក៏​ចំអក​ឲ្យ​ព្រះអង្គ​ដែរ​ និង​បាន​ចូល​មក​ជិត​ឲ្យ​ទឹក​ខ្មេះ​ដល់​ព្រះអង្គ​
37 ទាំង​និយាយ​ថា៖​ «បើ​ឯង​ជា​ស្ដេច​របស់​ជនជាតិ​យូដា​មែន​ ចូរ​សង្គ្រោះ​ខ្លួន​ឯង​មើល៍!»​
38 ហើយ​នៅ​ចំ​ពី​លើ​ព្រះអង្គ​មាន​ចំណារ​មួយ​ថា​ នេះ​ជា​ស្ដេច​របស់​ជនជាតិ​យូដា។​
39 មនុស្ស​មាន​ទោស​ធ្ងន់​ម្នាក់​ដែល​ត្រូវ​គេ​ឆ្កាង​ដែរ​នោះ​បាន​ប្រមាថ​ព្រះអង្គ​ថា៖​ «តើ​ឯង​មិន​មែន​ជា​ព្រះគ្រិស្ដ​ទេ​ឬ?​ ចូរ​សង្គ្រោះ​ខ្លួន​ឯង​ និង​យើង​មើល៍!»​
40 ប៉ុន្ដែ​ម្នាក់​ទៀត​បន្ទោស​ម្នាក់​នោះ​ថា៖​ «តើ​ឯង​មិន​កោត​ខ្លាច​ព្រះជាម្ចាស់​ទេ​ឬ​ ដ្បិត​ឯង​ក៏​ជាប់​ទោស​ដូចគ្នា?​
41 សម្រាប់​យើង​យុត្ដិធម៌​ហើយ​ ដ្បិត​យើង​ទទួល​ទោស​សម​នឹង​អ្វី​ដែល​យើង​បាន​ប្រព្រឹត្ដ​ ប៉ុន្ដែ​ម្នាក់​នេះ​មិន​បាន​ធ្វើ​ខុស​អ្វី​សោះ»។​
42 រួច​គាត់​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ព្រះយេស៊ូ​អើយ!​ ពេល​ព្រះអង្គ​ចូល​ទៅ​ក្នុង​នគរ​របស់​ព្រះអង្គ​ សូម​នឹក​ចាំ​ពី​ខ្ញុំ​ផង»។​
43 ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​វិញ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា​ ថ្ងៃ​នេះ​អ្នក​នឹង​នៅ​ស្ថានសួគ៌​ជាមួយ​ខ្ញុំ»។​
44 ប្រហែល​ជា​ម៉ោង​ដប់​ពីរ​ថ្ងៃ​ត្រង់​ ភាព​ងងឹត​បាន​គ្រប​ដណ្ដប់​លើ​តំបន់​នោះ​ទាំង​មូល​រហូត​ដល់​ម៉ោង​បី​រសៀល​
45 ដួងអាទិត្យ​បាន​បាត់​រស្មី​ ហើយ​វាំង​នន​នៅ​ក្នុង​ព្រះវិហារ​បាន​រហែក​ជា​ពីរ​
46 ព្រះយេស៊ូ​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ថា៖​ «ព្រះវរបិតា​អើយ!​ ខ្ញុំ​សូម​ប្រគល់​វិញ្ញាណ​របស់​ខ្ញុំ​ទៅ​ក្នុង​ព្រះហស្ដ​របស់​ព្រះអង្គ​វិញ»​ ពេល​មាន​បន្ទូល​បែប​នេះ​ហើយ​ ព្រះអង្គ​ផុតដង្ហើម​ទៅ។​
47 កាល​នាយ​ទាហាន​ម្នាក់​បាន​ឃើញ​ហេតុការណ៍​ដែល​កើត​ឡើង​ ក៏​សរសើរ​តម្កើង​ព្រះជាម្ចាស់​ថា៖​ «បុរស​នេះ​ជា​មនុស្ស​សុចរិត​មែន»​
48 រីឯ​បណ្ដាជន​ទាំង​អស់​ដែល​ជួបជុំ​គ្នា​មើល​ហេតុការណ៍​នេះ​ កាល​បាន​សង្កេត​ឃើញ​ហេតុការណ៍​ដែល​បានកើត​ឡើង​ ក៏​ត្រលប់​ទៅ​វិញ​ទាំង​គក់​ទ្រូង។​
49 ពួក​អ្នក​ដែល​ស្គាល់​ព្រះអង្គ​ទាំង​អស់​ និង​ពួក​ស្ដ្រី​ដែល​បាន​ដើរ​តាម​ព្រះអង្គ​ពី​ស្រុក​កាលីឡេ​មក​បាន​ឈរ​មើល​ហេតុការណ៍​ទាំង​នេះ​ពី​ចម្ងាយ។​
50 មើល៍​ មាន​បុរស​ម្នាក់​ឈ្មោះ​យ៉ូសែប​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​ប្រឹក្សា​កំពូល​ និង​ជា​មនុស្ស​ល្អ​ ហើយ​សុចរិត។​
51 គាត់​មិន​បាន​យល់​ស្រប​ជាមួយ​ផែនការ​ និង​អំពើ​របស់​ពួកគេ​នេះ​ទេ។​ គាត់​មក​ពី​ក្រុង​អើរីម៉ាថេ​ ជា​ក្រុង​មួយ​នៃ​ស្រុក​យូដា​ គាត់​ជា​អ្នក​ដែល​កំពុង​រង់ចាំ​នគរ​ព្រះជាម្ចាស់​
52 គាត់​បាន​ចូល​ទៅ​ជួប​លោក​ពីឡាត់​សុំ​យក​សព​ព្រះយេស៊ូ។​
53 កាល​គាត់​ដាក់​សព​ចុះ​ហើយ​ ក៏​រុំ​នឹង​សំពត់​ទេសឯក​ ហើយ​បាន​បញ្ចុះ​សព​នោះ​នៅ​ក្នុង​ផ្នូរ​ដែល​ដាប់​ទៅ​ក្នុង​ថ្ម​ ជា​កន្លែង​ដែល​មិន​ទាន់​បាន​បញ្ចុះ​សព​ណា​នៅ​ឡើយ។​
54 ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀបចំ​ ហើយ​ថ្ងៃ​សប្ប័ទ​បាន​ខិត​ជិត​មក​ដល់​
55 ឯ​ពួក​ស្ដ្រី​ដែល​ចេញ​មក​ពី​ស្រុក​កាលីឡេ​ជាមួយ​ព្រះអង្គ​ បាន​ដើរ​តាមទៅ​មើល​ផ្នូរ​ និង​របៀប​ដែល​គេ​ដាក់​សព​របស់​ព្រះអង្គ។​
56 កាល​បាន​ត្រលប់​មក​វិញ​ ពួកគេ​ក៏​រៀបចំ​គ្រឿង​ក្រអូប​ និង​ប្រេង​ក្រអូប​ ហើយ​បាន​សម្រាក​នៅ​ថ្ងៃ​សប្ប័ទ​តាម​បញ្ញត្ដិ។​

Currently Selected:

Luke 23: KCB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy