YouVersion Logo
Search Icon

2 Thessalonians 2

2
1 បងប្អូន​អើយ!​ ចំពោះ​ការ​យាង​មក​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ និង​ការ​ដែល​យើង​ត្រូវ​ជួបជុំ​គ្នា​នៅ​ចំពោះ​មុខ​របស់​ព្រះអង្គ​នោះ​ យើង​អង្វរ​អ្នក​រាល់គ្នា​ថា​
2 កុំ​ប្រញាប់​ជ្រួល​ច្របល់​ ឬ​ស្លន់ស្លោ​ឡើយ​ ទោះបី​ដោយសារ​វិញ្ញាណ​ណា​ ពាក្យ​សំដី​ណា​ ឬ​សំបុត្រ​ណា​ដែល​ទំនង​ជា​មក​ពី​យើង​ក្ដី​ដែល​ថា​ ថ្ងៃ​របស់​ព្រះអម្ចាស់​បាន​មក​ដល់ហើយ។​
3 កុំ​ឲ្យ​អ្នកណា​ម្នាក់​បញ្ឆោត​អ្នក​រាល់គ្នា​បាន​ដោយ​របៀប​ណា​មួយ​ឡើយ​ ដ្បិត​ថ្ងៃ​នោះ​នឹង​មិន​មក​ដល់​ឡើយ​ លុះត្រា​តែ​ការ​បះបោរ​ និង​អា​ប្រឆាំង​ច្បាប់​ គឺ​កូន​នៃ​សេចក្ដី​វិនាស​លេច​មក​ជា​មុន​សិន​
4 វា​គឺ​ជា​អ្នក​ប្រឆាំង​ ហើយ​លើក​តម្កើង​ខ្លួន​ខ្ពស់​ជាង​អ្វីៗ​ដែល​គេ​ហៅ​ថា​ព្រះ​ ឬ​អ្វីៗ​ដែល​គេ​ថ្វាយបង្គំ​ផង​ ដូច្នេះ​ហើយ​បាន​ជា​វា​អង្គុយ​ក្នុង​ព្រះវិហារ​របស់​ព្រះជាម្ចាស់​ ហើយ​តាំង​ខ្លួន​ជា​ព្រះ​ទៀត​ផង។​
5 តើ​អ្នក​រាល់គ្នា​មិន​ចាំ​ថា​ កាល​ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ទាំង​នេះ​ហើយ​ទេ​ឬ?​
6 ហើយ​ឥឡូវ​នេះ​ អ្នក​រាល់គ្នា​ស្គាល់​អ្វី​ដែល​ឃាត់​វា​ហើយ​ ដើម្បី​ឲ្យ​វា​លេច​មក​តាម​ពេល​កំណត់​របស់​វា។​
7 ដ្បិត​អាថ៌កំបាំង​របស់​ការ​ប្រឆាំង​ច្បាប់​កំពុង​ធ្វើ​សកម្មភាព​ស្រាប់​ហើយ​ គ្រាន់តែ​ឥឡូវ​នេះ​មាន​អ្នក​កំពុង​ឃាត់​វា​ លុះត្រា​តែ​អ្នក​នោះ​ត្រូវ​ដក​ចេញ​
8 ទើប​អា​ប្រឆាំង​ច្បាប់​នោះ​លេច​មក​ ហើយ​ព្រះអម្ចាស់​យេស៊ូ​នឹង​សម្លាប់​វា​ដោយ​ខ្យល់​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ​ ទាំង​ធ្វើ​ឲ្យ​វា​វិនាស​ដោយ​រស្មី​នៃ​ការ​យាង​មក​របស់​ព្រះអង្គ​
9 អា​ប្រឆាំង​ច្បាប់​នោះ​នឹង​មក​ដោយសារ​អំណាច​របស់​អារក្ស​សាតាំង​ ទាំង​មាន​ឫទ្ធិ​ ទីសំគាល់​ និង​ការ​អស្ចារ្យ​ក្លែងក្លាយ​គ្រប់​បែប​យ៉ាង​
10 ព្រមទាំង​ការ​ឆបោក​ដ៏​ទុច្ចរិត​គ្រប់​យ៉ាង​ចំពោះ​អស់​អ្នក​ដែល​ត្រូវ​វិនាស​ ព្រោះ​ពួកគេ​មិន​ព្រម​ស្រឡាញ់​សេចក្ដី​ពិត​ ដើម្បី​ឲ្យ​បាន​សង្គ្រោះ​ឡើយ។​
11 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់​ចាត់​ឲ្យ​សេចក្ដី​បោកប្រាស់​ដ៏​មាន​អំណាច​មក​ ដើម្បី​ឲ្យ​ពួកគេ​ជឿ​លើ​សេចក្ដី​ភូតភរ​
12 និង​ដើម្បី​ឲ្យ​អស់​អ្នក​ដែល​មិន​ជឿ​លើ​សេចក្ដី​ពិត​ ប៉ុន្តែ​ពេញ​ចិត្ត​នឹង​សេចក្ដី​ទុច្ចរិត​ត្រូវ​ទទួល​ទោស។​
13 ឱ​ បងប្អូន​ដែល​ព្រះអម្ចាស់​ស្រឡាញ់​អើយ!​ យើង​ត្រូវ​អរព្រះគុណ​ព្រះជាម្ចាស់​សម្រាប់​អ្នក​រាល់គ្នា​ជានិច្ច​ ព្រោះ​ព្រះជាម្ចាស់​បាន​ជ្រើសរើស​អ្នក​រាល់គ្នា​ទុក​ជា​ផល​ដំបូង​សម្រាប់​សេចក្ដី​សង្គ្រោះ​ដោយសារ​ព្រះវិញ្ញាណ​ញែក​អ្នក​រាល់គ្នា​ជា​បរិសុទ្ធ​ ហើយ​ដោយសារ​អ្នក​រាល់គ្នា​មាន​ជំនឿ​លើ​សេចក្ដី​ពិត។​
14 ព្រះអង្គ​បាន​ត្រាស់​ហៅ​អ្នក​រាល់គ្នា​សម្រាប់​សេចក្ដី​សង្គ្រោះ​នេះ​តាមរយៈ​ដំណឹង​ល្អ​របស់​យើង​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ទទួល​បាន​សិរី​រុងរឿង​របស់​ព្រះយេស៊ូគ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង។​
15 ដូច្នេះ​ បងប្អូន​អើយ!​ ចូរ​ឈរ​ឲ្យ​មាំមួន​ ហើយ​កាន់​តាម​សេចក្ដី​ដែល​យើង​បាន​បង្រៀន​អ្នក​រាល់គ្នា​ចុះ​ ទោះបី​ដោយ​ពាក្យ​សំដី​ ឬ​សំបុត្រ​ក្ដី។​
16 សូម​ឲ្យ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​ និង​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​ ដែល​ព្រះអង្គ​ស្រឡាញ់​យើង​ ព្រមទាំង​ប្រទាន​សេចក្ដី​កម្សាន្ដ​ចិត្ដ​ដ៏​អស់កល្ប​ជានិច្ច​ និង​សេចក្ដី​សង្ឃឹម​ដ៏​ប្រសើរ​តាមរយៈ​ព្រះគុណ​
17 លើក​ទឹកចិត្ត​អ្នក​រាល់គ្នា​ ហើយ​ពង្រឹង​អ្នក​រាល់គ្នា​ឲ្យ​មាំមួន​ឡើង​ក្នុង​គ្រប់​កិច្ចការ​ល្អ​ និង​ពាក្យ​សំដី​ផង។​

Currently Selected:

2 Thessalonians 2: KCB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy