YouVersion Logo
Search Icon

2 Corinthians 2

2
1 ខ្ញុំ​សម្រេចចិត្ដ​ដូច្នេះ​ថា​ ខ្ញុំ​មិន​មក​ជួប​អ្នក​រាល់គ្នា​ ទាំង​មាន​ការ​ព្រួយចិត្ដ​ទៀត​ឡើយ​
2 បើ​ខ្ញុំ​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ព្រួយ​ តើ​មាន​អ្នកណា​ធ្វើ​ឲ្យ​ខ្ញុំ​អរ​សប្បាយ​បាន‍​ក្រៅ​ពី​អ្នក​ដែល​ខ្ញុំ​ធ្វើ​ឲ្យ​ព្រួយ​ប៉ុណ្ណោះ​
3 ដូច្នេះ​ខ្ញុំ​បានសរសេរ​សេចក្ដី​នេះ​ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​មាន​ការ​ព្រួយចិត្ដ​ដោយសារ​អស់​អ្នក​ដែល​គួរ​ធ្វើ​ឲ្យ​ខ្ញុំ​ត្រេកអរ​នៅ​ពេល​ខ្ញុំ​មក​ដល់‍។​ ខ្ញុំ​ជឿ​ជាក់​ចំពោះ​អ្នក​ទាំង​អស់​គ្នា​ថា​ អំណរ​របស់​ខ្ញុំ​ ជា​អំណរ​របស់​អ្នក​ទាំង​អស់​គ្នា​ដែរ។​
4 ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់គ្នា​ ​ទាំង​ស្រក់​ទឹក​ភ្នែក​ ដោយ​មាន​សេចក្ដី​វេទនា​ជាច្រើន​ និង​ឈឺចាប់​ក្នុង​ចិត្ដ​ មិន​មែន​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ព្រួយ​ទេ​ គឺ​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ពី​សេចក្ដី​ស្រឡាញ់​ដែល​ខ្ញុំ​មាន​យ៉ាង​លើសលប់​ចំពោះ​អ្នក​រាល់គ្នា។​
5 ប៉ុន្ដែ​បើ​អ្នកណា​ម្នាក់​ធ្វើ​ឲ្យ​ព្រួយ​ អ្នក​នោះ​មិន​មែន​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​ទេ​ ប៉ុន្ដែ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ព្រួយ​ខ្លះ​ គឺ‍​ខ្ញុំ​មិន​បំផ្លើស​ទេ​
6 ហើយ​ការ​ដាក់​ទោសសម្រាប់​មនុស្ស​បែប​នេះពី​មនុស្ស​ភាគច្រើន​ នោះ​ល្មម​ហើយ​
7 ដូច្នេះអ្នក​រាល់គ្នា​គួរ​លើកលែង​ទោស​ ព្រមទាំង​កម្សាន្ដ​ចិត្ដ​គាត់​វិញ​ ក្រែងលោ​ការ​ព្រួយចិត្ដ​ហួស​ប្រមាណ​លេប​យក​អ្នក​នោះ​ទៅ​
8 ហេតុនេះ​ខ្ញុំសូម​ដាស់​តឿនអ្នក​រាល់គ្នា​ឲ្យ​បញ្ជាក់​ពី​សេចក្ដី​ស្រឡាញ់​ចំពោះ​គាត់។​
9 ខ្ញុំ​ក៏បាន​សរសេរ​សេចក្ដី​នេះ​ ដើម្បី​ឲ្យ​ខ្ញុំ​ដឹង​ពី​ភាព​ស្មោះត្រង់​របស់​អ្នក​រាល់គ្នា​ ​ថា​តើ​អ្នក​រាល់គ្នា​ស្ដាប់​បង្គាប់​តាម​គ្រប់​បែប​យ៉ាង​ដែរ‍​ឬ​ទេ​
10 បើ​អ្នក​រាល់គ្នា​លើកលែង​ទោស​រឿង​អ្វី​មួយ​ឲ្យ​អ្នកណា​ម្នាក់​ ខ្ញុំ​ក៏​លើកលែង​ទោស​ឲ្យ​អ្នក​នោះ​ដែរ​ ហើយ​រឿង​អ្វី​មួយ​ដែល​ខ្ញុំ​បាន​លើកលែង​ទោស​ហើយ​នោះ​ បើ​ខ្ញុំ​លើកលែង​ទោស​រឿង​អ្វី​មួយ​មែន​ គឺ​ខ្ញុំ​បាន​លើកលែង​ទោស​ដោយសារ​អ្នក​រាល់គ្នា​នៅ​ចំពោះ​ព្រះ​វត្តមាន​របស់​ព្រះគ្រិស្ដ​
11 ក្រែងលោ​អារក្ស​សាតាំង​បោកប្រាស់​យើង​ ដ្បិត​យើង​មិន​មែន​មិន​ដឹង​ពី​គំនិត​របស់​វា​ទេ។​
12 ពេល​ខ្ញុំ​ទៅ​ក្រុង​ទ្រអាស​ ដើម្បី​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះគ្រិស្ដ​ នោះ​ព្រះអម្ចាស់​បាន​បើក​ទ្វារ​ឲ្យ​ខ្ញុំ​
13 ប៉ុន្ដែ​ខ្ញុំ​មិន​មាន​ភាព​ធូរស្បើយ​នៅ​ក្នុង​វិញ្ញាណ​របស់​ខ្ញុំ​សោះ​ ព្រោះ​មិន​បាន​ជួប​លោក​ទីតុស​ជា​បងប្អូន​របស់​ខ្ញុំ​ ដូច្នេះ​ ខ្ញុំ​ក៏​លា​ពួកគេ​មក​ឯ​ស្រុក​ម៉ាសេដូន។​
14 ប៉ុន្ដែ​អរព្រះគុណ​ព្រះជាម្ចាស់​ដែល​តែងតែ​នាំ​យើង​ចូល​ក្នុង​ក្បួន​ជ័យជម្នះ​របស់​ព្រះគ្រិស្ដ​ជានិច្ច​ ហើយ​ព្រះអង្គ​សាយភាយ​ក្លិន​ដែល​នាំ​ឲ្យ​ស្គាល់​ព្រះអង្គ​ នៅ​គ្រប់ទី​កន្លែង​តាមរយៈ​យើង​
15 ព្រោះ​យើង​ជា​ក្លិន​ពិដោរ​របស់​ព្រះគ្រិស្ដ​ សម្រាប់​ព្រះជាម្ចាស់​ក្នុង​ចំណោម​ពួកអ្នក​ដែល​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ និង​ពួកអ្នក​ដែល​កំពុង​វិនាស​
16 សម្រាប់​ពួកអ្នក​ដែល​កំពុង​វិនាស​ យើង​ជា​ក្លិន​នៃ​សេចក្ដី​ស្លាប់​ដែល​នាំ​ឲ្យ​ស្លាប់‍​ ប៉ុន្ដែ​សម្រាប់​ពួកអ្នក​ដែល​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ យើង​ជា​ក្លិន​នៃ​ជីវិត​ដែល​នាំ​ឲ្យ​មាន​ជីវិត​ តើ​អ្នកណា​ស័ក្ដិសម​នឹង​កិច្ចការ​ទាំង​នេះ?​
17 ដ្បិត​យើង​មិន​ដូចជា​មនុស្ស​ជាច្រើន​ដែល​រក​ចំណេញ​ពី​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ទេ​ ប៉ុន្ដែ​យើង​និយាយ​ដោយ​អស់​ពី​ចិត្ដ​នៅ​ក្នុងព្រះគ្រិស្ដ​នៅ​ចំពោះ​ព្រះជាម្ចាស់​ ​ដូចជា​អ្នក​ដែល​ព្រះជាម្ចាស់​បាន​ចាត់ឲ្យ​មក។​

Currently Selected:

2 Corinthians 2: KCB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy