YouVersion Logo
Search Icon

1 Timothy 1

1
1 ខ្ញុំ​ប៉ូល​ជា​សាវក​របស់​ព្រះគ្រិស្ដ​យេស៊ូ​ស្រប​តាម​សេចក្ដី​បង្គាប់​របស់​ព្រះជាម្ចាស់​ដែល​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ និង​ព្រះគ្រិស្ដ​យេស៊ូ​ដែល​ជា​ក្ដី​សង្ឃឹម​របស់​យើង​
2 ជូន​ចំពោះ​ធីម៉ូថេ​ ជា​កូន​ពិត​ប្រាកដ​របស់​ខ្ញុំ​ខាង‍​ឯ​ជំនឿ។​ សូម​ឲ្យ​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​ និង​ព្រះគ្រិស្ដ​យេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ប្រទាន​ព្រះគុណ​ សេចក្ដី​មេត្ដា​ករុណា​ និង​សេចក្ដី​សុខសាន្ដ​ដល់​អ្នក។​
3 ពេល​ខ្ញុំ​រៀប​ទៅ​ស្រុក​ម៉ាសេដូន​ ខ្ញុំ​បាន​លើក​ទឹកចិត្ដ​អ្នក​ឲ្យ​ស្នាក់​នៅ​ក្នុង​ក្រុង​អេភេសូរ​ ដើម្បី​ឲ្យ​អ្នក​បង្គាប់​អ្នក​ខ្លះ​កុំ​ឲ្យ​បង្រៀន​សេចក្ដី​ផ្សេង​
4 ឬ​ចាប់​អារម្មណ៍​នឹង​រឿង​ព្រេង​ និង​បញ្ជី​វង្ស​ត្រកូល​ដែល​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នោះ​ឡើយ​ ព្រោះ​រឿង​ទាំង​នោះ​ធ្វើ​ឲ្យ​មាន​ការ​ជជែក​ដេញ​ដោល​គ្នា​ជា​ជាង​ការ​បម្រើ​ព្រះជាម្ចាស់​ដោយ​ជំនឿ។​
5 គោល​បំណង​របស់​សេចក្ដី​បង្គាប់​នេះ​ គឺ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ដែល​កើត​ចេញ​ពី​ចិត្ដ​បរិសុទ្ធ​ ពី​មនសិការ​ល្អ​ និង​ពី​ជំនឿ​ដ៏​ឥត​ពុត​ត្បុត​
6 ដ្បិត​អ្នក​ខ្លះបាន​វង្វេង​ចេញ​ពី​សេចក្ដី​ទាំង​នេះ​ ហើយ​បែរ​ទៅ​រក​ការ​និយាយ​ឥត​ប្រយោជន៍​វិញ​
7 ពួកគេ​ចង់​ធ្វើ​ជា​គ្រូ​គម្ពីរ​វិន័យ​ ប៉ុន្ដែ​ពួកគេ​មិន​យល់​សេចក្ដី​ដែល​ពួកគេ​និយាយ​ ឬ​សេចក្ដី​ដែល​ពួកគេ​អះអាង​ផង។​
8 យើង​ដឹង​ថា​គម្ពីរ​វិន័យ​ល្អ​ បើ​គេ​ប្រើ​បាន​ត្រឹមត្រូវ​
9 យើង​ក៏​ដឹង​ការ​នេះ​ដែរ​ថា​ ក្រឹត្យវិន័យ​មិន​មែន​បង្កើត​មក​សម្រាប់​មនុស្ស​សុចរិត​ទេ​ គឺ​សម្រាប់​មនុស្ស​ល្មើស​ច្បាប់​ មនុស្ស​មិន​ស្ដាប់​បង្គាប់​ មនុស្ស​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ មនុស្ស​បាប មនុស្ស​មិន​បរិសុទ្ធ​ មនុស្ស​ប្រមាថ​ព្រះជាម្ចាស់​ មនុស្ស​សម្លាប់​ឪពុក​ម្ដាយ​ មនុស្ស​សម្លាប់​គេ​
10 មនុស្ស​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ មនុស្ស​រួម​ភេទ​ជាមួយ​ភេទ​ដូច​គ្នា​ ពួក​ជួញ​ដូរ​មនុស្ស​ ពួក​កុហក​ ពួក​ស្បថ​បំពាន​ និង​ការ​អ្វី​ផ្សេង​ទៀត​ដែល​ប្រឆាំង​នឹង​សេចក្ដី​បង្រៀន​ត្រឹមត្រូវ​
11 ដែល​ស្រប​ទៅ​តាម​ដំណឹង​ល្អ​ដ៏​រុងរឿង​របស់​ព្រះជាម្ចាស់​ដ៏​មាន​ពរ​ គឺ​ជា​ដំណឹង​ល្អ​ដែល​បាន​ផ្ទុកផ្ដាក់​ដល់​ខ្ញុំ។​
12 ខ្ញុំ​សូម​អរព្រះគុណ​ព្រះគ្រិស្ដ​យេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ ដែល​បាន​ចម្រើន​កម្លាំង​ដល់​ខ្ញុំ​ ដ្បិត​ព្រះអង្គ​បាន​រាប់​ខ្ញុំ​ជា​មនុស្ស​ស្មោះត្រង់​ ហើយ​បាន​តែង​តាំង​ខ្ញុំ​ឲ្យ​បម្រើ​ព្រះអង្គ​
13 ទោះបី​កាល​ពីដើម​ ខ្ញុំ​ជា​អ្នក​ប្រមាថ​ព្រះជាម្ចាស់​ ជា​អ្នក​បៀតបៀន​ ហើយ​ជា​មនុស្ស​ព្រហើន​ក៏​ដោយ​ ក៏​ព្រះអង្គ​បាន​អាណិត​មេត្ដា​ដល់​ខ្ញុំ​ដែរ​ ព្រោះ​ខ្ញុំ​បាន​ប្រព្រឹត្ដ​ដោយ​មិន​យល់​ និង​ដោយ​គ្មាន​ជំនឿ។​
14 ព្រះអម្ចាស់​របស់​យើង​បាន​ប្រទាន​ព្រះគុណ​ដល់​ខ្ញុំ​យ៉ាង​ច្រើន​ហួស​ប្រមាណ​ ព្រម​ជាមួយ​នឹង​ជំនឿ​ និង​សេចក្ដី​ស្រឡាញ់​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ផង។​
15 ពាក្យ​នេះ​គួរ​ឲ្យ​ជឿ​ ហើយ​សម​នឹង​ទទួល​យក​ទាំង​ស្រុង​ គឺ​ថា​ ព្រះគ្រិស្ដ​យេស៊ូ​បាន​យាង​មក​ក្នុង​ពិភព​លោក​នេះ​ ដើម្បី​សង្គ្រោះ​មនុស្ស​បាប​ ហើយ​ក្នុង​ចំណោម​នោះ​ ខ្ញុំ​ជា​មនុស្ស​បាប​បំផុត​
16 ប៉ុន្ដែ​ព្រះអង្គ​អាណិត​មេត្ដា​ដល់​ខ្ញុំ​ដូច្នេះ​ គឺ​ដើម្បី​ឲ្យ​ព្រះគ្រិស្ដ​យេស៊ូ​បង្ហាញ​សេចក្ដី​អត់ធ្មត់​ដ៏​ពេញ​លេញ​របស់​ព្រះអង្គ​ដល់​ខ្ញុំ​ ដែល​ជា​មនុស្ស​បាប​បំផុត​ និង​ទុក​ជា​គំរូ​ដល់​អស់​អ្នក​ដែល​នឹង​ជឿ​លើ​ព្រះអង្គ​ដើម្បី​ឲ្យ​បាន​ជីវិត​អស់កល្ប​ជានិច្ច។​
17 សូម​ឲ្យ​ព្រះ​មហាក្សត្រ​ដែល​គង់​នៅ​អស់កល្ប​ជានិច្ច​ ជា​ព្រះជាម្ចាស់​តែ​មួយ​ដែល​មាន​ព្រះជន្ម​មិន​ចេះ​សាបសូន្យ​ ដែល​មនុស្ស​មិន​អាច​មើល​ឃើញ បាន​ប្រកប​ដោយ​ព្រះ​កិត្ដិយស​ និង​សិរី​រុងរឿង​អស់កល្ប​ជានិច្ច​ អាម៉ែន។​
18 ធីម៉ូថេ​កូន​អើយ!​ ខ្ញុំ​ប្រគល់​សេចក្ដី​បង្គាប់​នេះ​ដល់​អ្នក​ស្រប​តាម​ព្រះបន្ទូល​ដែល​បាន​ថ្លែង​ទុក​អំពី​អ្នក​ ដើម្បី​ឲ្យ​អ្នក​តយុទ្ធ​បាន​យ៉ាង​ល្អ​ដោយសារ​សេចក្ដី​ទាំង​នេះ​
19 និង​ដើម្បី​ឲ្យ​អ្នក​រក្សា​ជំនឿ​ និង​មនសិការ​ល្អ​ ដ្បិត​អ្នក​ខ្លះ​បាន​បោះបង់​ចោល​សេចក្ដី​ទាំង​នេះ​ដែល​បណ្ដាល​ឲ្យ​ជំនឿ​របស់​ពួកគេ​លិច​លង់។​
20 ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ មាន​លោក​ហ៊ីមេនាស​ និង​លោក​អាឡិចសន់ឌើ​ ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អារក្ស​សាតាំង​ដើម្បី​ប្រដៅ​ពួកគេ​កុំ​ឲ្យ​ប្រមាថ​ព្រះជាម្ចាស់​ទៀត។​

Currently Selected:

1 Timothy 1: KCB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy