1 Thessalonians 5
5
1 បងប្អូនអើយ! ចំពោះពេលវេលា និងពេលកំណត់ ខ្ញុំមិនចាំបាច់សរសរប្រាប់អ្នករាល់គ្នាទេ
2 ដ្បិតអ្នករាល់គ្នាដឹងច្បាស់ហើយថា ថ្ងៃរបស់ព្រះអម្ចាស់នឹងមកដូចជាចោរមកនៅពេលយប់។
3 កាលណាគេនិយាយថា មានសន្ដិភាពហើយ មានសន្ដិសុខហើយ ពេលនោះសេចក្ដីវិនាសនឹងកើតឡើងចំពោះគេមួយរំពេច ប្រៀបដូចជាស្ដ្រីមានផ្ទៃពោះឈឺចាប់ហៀបនឹងសម្រាលកូន ហើយគេចមិនរួចឡើយ។
4 រីឯអ្នករាល់គ្នាវិញ បងប្អូនអើយ! អ្នករាល់គ្នាមិនមែននៅក្នុងសេចក្ដីងងឹតដែលឲ្យថ្ងៃនោះមកដល់អ្នករាល់គ្នាដូចជាចោរឡើយ
5 ព្រោះអ្នករាល់គ្នាជាកូននៃពន្លឺ និងជាកូននៃថ្ងៃ។ យើងមិនមែនជាពួកនៃសេចក្ដីងងឹត ឬយប់ឡើយ
6 ដូច្នេះ យើងមិនត្រូវដេកលក់ដូចជាអ្នកឯទៀតឡើយ គឺយើងត្រូវប្រុងស្មារតី ហើយដឹងខ្លួនជានិច្ច។
7 ដ្បិតអ្នកដេក គេដេកនៅពេលយប់ ហើយអ្នកស្រវឹង ក៏ស្រវឹងនៅពេលយប់ដែរ
8 ប៉ុន្ដែយើងជាពួកនៃថ្ងៃ យើងត្រូវដឹងខ្លួនទាំងពាក់ជំនឿ និងសេចក្ដីស្រឡាញ់ជាអាវក្រោះ ព្រមទាំងយកសេចក្ដីសង្ឃឹមនៃសេចក្ដីសង្រ្គោះជាមួក
9 ពីព្រោះព្រះជាម្ចាស់មិនបានតម្រូវយើងទុកសម្រាប់សេចក្ដីក្រោធទេ គឺសម្រាប់ទទួលសេចក្ដីសង្គ្រោះវិញតាមរយៈព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើង
10 ព្រះអង្គបានសោយទិវង្គតជំនួសយើង ដើម្បីឲ្យយើងមានជីវិតជាមួយព្រះអង្គ ទោះបីយើងដឹងខ្លួន ឬដេកលក់ក៏ដោយ។
11 ដូច្នេះ ចូរកម្សាន្ដចិត្ដគ្នា ហើយស្អាងគ្នាទៅវិញទៅមកដូចដែលអ្នករាល់គ្នាកំពុងធ្វើស្រាប់។
12 ប៉ុន្ដែបងប្អូនអើយ! យើងសូមអង្វរអ្នករាល់គ្នា ចូរគោរពអស់អ្នកដែលធ្វើការនឿយហត់ក្នុងចំណោមអ្នករាល់គ្នា ទាំងដឹកនាំអ្នករាល់គ្នាក្នុងព្រះអម្ចាស់ និងដាស់តឿនអ្នករាល់គ្នា
13 រួចចូរឲ្យតម្លៃអ្នកទាំងនោះខ្ពស់បំផុតដោយសេចក្ដីស្រឡាញ់ ព្រោះតែកិច្ចការរបស់ពួកគេ។ ចូររស់នៅដោយសុខសាន្តជាមួយគ្នាចុះ។
14 បងប្អូនអើយ! យើងសូមដាស់តឿនអ្នករាល់គ្នាថា ចូរព្រមានអស់អ្នកដែលគ្មានសណ្ដាប់ធ្នាប់ ចូរលើកទឹកចិត្ដអស់អ្នកដែលបាក់ទឹកចិត្ដ ចូរជួយទ្រទ្រង់អស់អ្នកដែលខ្សោយ និងមានចិត្ដអត់ធ្មត់ចំពោះមនុស្សទាំងអស់។
15 ចូរប្រយ័ត្ន កុំឲ្យនរណាម្នាក់ប្រព្រឹត្ដអំពើអាក្រក់តបស្នងអំពើអាក្រក់ឡើយ ផ្ទុយទៅវិញ ចូរខំធ្វើអំពើល្អដល់គ្នាជានិច្ច និងដល់មនុស្សទាំងអស់។
16 ចូរអរសប្បាយជានិច្ច!
17 ចូរអធិស្ឋានឥតឈប់ឈរ!
18 ចូរអរព្រះគុណព្រះជាម្ចាស់ក្នុងគ្រប់ការទាំងអស់ ដ្បិតនេះជាបំណងរបស់ព្រះជាម្ចាស់សម្រាប់អ្នករាល់គ្នាដែលនៅក្នុងព្រះគ្រិស្ដយេស៊ូ។
19 កុំពន្លត់ព្រះវិញ្ញាណ
20 កុំមើលងាយការថ្លែងព្រះបន្ទូល
21 ប៉ុន្ដែចូរពិសោធគ្រប់ការទាំងអស់ ហើយប្រព្រឹត្ដអ្វីដែលល្អយ៉ាងខ្ជាប់ខ្ជួន
22 ចូរចៀសវាងសេចក្ដីអាក្រក់គ្រប់បែបយ៉ាង។
23 សូមព្រះជាម្ចាស់នៃសេចក្ដីសុខសាន្តញែកអ្នករាល់គ្នាជាបរិសុទ្ធទាំងស្រុង ហើយរក្សាព្រលឹង វិញ្ញាណ និងរូបកាយរបស់អ្នករាល់គ្នាឲ្យឥតបន្ទោសបាន រហូតដល់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើងយាងមក។
24 ព្រះអង្គដែលបានត្រាស់ហៅអ្នករាល់គ្នា ព្រះអង្គស្មោះត្រង់ ហើយព្រះអង្គនឹងសម្រេចការនោះមិនខាន។
25 បងប្អូនអើយ! សូមអធិស្ឋានសម្រាប់យើងផង។
26 ចូរជម្រាបសួរបងប្អូនទាំងអស់ដោយការថើបបរិសុទ្ធចុះ។
27 ខ្ញុំបង្គាប់អ្នករាល់គ្នានៅក្នុងព្រះអម្ចាស់ថា សូមអានសំបុត្រនេះឲ្យពួកបងប្អូនទាំងអស់ស្ដាប់ផង។
28 សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង៕
Currently Selected:
1 Thessalonians 5: KCB
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.