YouVersion Logo
Search Icon

1 Corinthians 16

16
1 ចំពោះ​ការ​រៃអង្គាស​សម្រាប់​ពួក​បរិសុទ្ធ​ ចូរ​អ្នក​រាល់គ្នា​ធ្វើ​ដូច​ដែល​ខ្ញុំ​បាន​បង្គាប់​ដល់​ក្រុមជំនុំ​ទាំងឡាយ​នៅ​ស្រុក​កាឡាទី​ចុះ​
2 គឺ​រាល់​ថ្ងៃ​ទី​មួយ​នៃ​សប្ដាហ៍​ ចូរ​ឲ្យ​ម្នាក់ៗ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​សន្សំ​ទុក​ដោយ​ខ្លួន​ឯង​ នូវ​អ្វីៗ‍ដែល​ព្រះអម្ចាស់​បាន​ចម្រើន​ឲ្យ​ចុះ​ ដើម្បី​ពេល​ណា​ខ្ញុំ​មក​ នោះ​មិន​បាច់​មាន​ការ​រៃអង្គាស​ទៀត​ឡើយ។​
3 ​នៅ​ពេល​ខ្ញុំ​មក​ដល់​ ខ្ញុំ​នឹង​ចាត់​អ្នកណា​ក៏​ដោយ​ដែល​អ្នក​រាល់គ្នា​ជ្រើសរើស​ឲ្យ​នាំ​សំបុត្រ​ និង​អំណោយ​របស់​អ្នក​រាល់គ្នា​ទៅ‍ឯ​ក្រុង​យេរូសាឡិម​
4 ប៉ុន្ដែ​បើ​គួរ​ឲ្យ​ខ្ញុំ​ទៅ​ដែរ​ នោះ​ពួកគេ​នឹង​ទៅ​ជាមួយ​ខ្ញុំ។​
5 ពេល​ខ្ញុំ​ឆ្លង​កាត់​ស្រុក​ម៉ាសេដូន​ហើយ​ ខ្ញុំ​នឹង​មក​ជួប​អ្នក​រាល់គ្នា​ ដ្បិត​ខ្ញុំ​នឹង​ឆ្លង​កាត់​ស្រុក​ម៉ាសេដូន​ទៅ​
6 ​ប្រហែល​ជា​ខ្ញុំ​នឹង​ស្នាក់​នៅ​ជាមួយ​អ្នក​រាល់គ្នា​ ឬ​នៅ​ជាមួយ​អ្នក​រាល់គ្នា​ពេញ​មួយ​រដូវ​រងារ​ផង​ ដើម្បី​ឲ្យអ្នក​រាល់គ្នា​ជូន​ដំណើរ​ខ្ញុំ​បន្ដ​ទៅ​កន្លែង​ដែល​ខ្ញុំ​នឹង​ទៅ។​
7 ខ្ញុំ​មិន​ចង់​ជួប​អ្នក​រាល់គ្នា​ពេល​ធ្វើ​ដំណើរ​ឆ្លង​កាត់​នៅ​ពេល​នេះ​ទេ​ ព្រោះ​ខ្ញុំ​សង្ឃឹម​ថា​នឹង​ស្នាក់​នៅ​ជាមួយ​អ្នក​រាល់គ្នា​មួយ​រយៈ​ បើ​ព្រះអម្ចាស់​អនុញ្ញាត។​
8 ប៉ុន្ដែ​ខ្ញុំ​នឹង​ស្នាក់​នៅ​ក្នុង​ក្រុង​អេភេសូរ​ រហូត​ដល់​ថ្ងៃ​បុណ្យ​ទី​ហាសិប​
9 ដ្បិត​មាន​ទ្វារ​យ៉ាង​ធំបាន​បើក​ចំហ​សម្រាប់​ខ្ញុំធ្វើ​ការ​យ៉ាង​មាន​ប្រសិទ្ធភាព​ ប៉ុន្ដែ​មាន​អ្នក​ប្រឆាំង​ច្រើន​ណាស់‍។​
10 បើ​ធីម៉ូថេ​មក​ដល់​ ចូរ​ធានា​ថា​ គាត់​នៅ​ជាមួយ​អ្នក​រាល់គ្នា​ ដោយ​ឥត​បារម្ភ​ ព្រោះ​គាត់​ក៏​បម្រើ​កិច្ចការ​របស់​ព្រះអម្ចាស់​ដូច​ខ្ញុំ​ដែរ​
11 ដូច្នេះ​ កុំ​ឲ្យ​អ្នកណា​ម្នាក់​មើល​ងាយ​គាត់​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ចូរ​ជូន​ដំណើរ​គាត់​បន្ដទៀត​ដោយ​សុខសាន្ដ​ ដើម្បី​ឲ្យ​គាត់​មក​ដល់​ខ្ញុំ​ ដ្បិត​ខ្ញុំ​កំពុង​រង់ចាំ​គាត់​ និង​ពួក​បងប្អូន​ឯទៀត។​
12 ចំពោះ​លោក​អ័ប៉ុឡូស​ជា​បងប្អូន​ ខ្ញុំ​បាន​លើក​ទឹក​ចិត្ដ​គាត់​យ៉ាង​ខ្លាំង​ឲ្យ​មក‍​ជួប​អ្នក​រាល់គ្នា​ជាមួយ​ពួក​បងប្អូន​ផ្សេង​ទៀត​ ប៉ុន្ដែ​គាត់​មិន​ចង់​មក​នៅ​ពេល​នេះ​ទេ​ ​គាត់​នឹង​មក​នៅ​ពេល​មាន​ឱកាស‍​វិញ។​
13 ចូរ​ប្រុង​ស្មារតី​ ចូរ​ឈរ​ឲ្យ​មាំមួន​នៅ​ក្នុង​ជំនឿ​ ចូរ​ក្លាហាន​ ហើយ​រឹងមាំ​ឡើង។​
14 ចូរ​ធ្វើ​អ្វីៗ​ទាំង​អស់​ដោយ​សេចក្ដី​ស្រឡាញ់​ចុះ‍​
15 បងប្អូន​អើយ!​ ខ្ញុំ​សូម​ដាស់​តឿន​អ្នក​រាល់គ្នា​ អ្នក​រាល់គ្នា​ក៏​ស្គាល់​ហើយ​ថា​ ក្រុម​គ្រួសារ​របស់​លោក​ស្ទេផាណាស​ជា​ផល​ដំបូង​នៅ​ស្រុក​អាខៃ​ ព្រមទាំង​បាន​ដាក់​ខ្លួន​នៅ​ក្នុង​មុខងារ​បម្រើ​ពួក​បរិសុទ្ធ​
16 ដូច្នេះ​ចូរ​អ្នក​រាល់គ្នា​ចុះចូល​នឹង​មនុស្ស​បែប​នេះ​ដែរ​ចុះ​ ព្រមទាំង​មនុស្ស​ទាំង​អស់​ដែល​ចូល​រួម​ជួយ​ និង​ធ្វើ​ការ​យ៉ាង​នឿយ​ហត់។​
17 ខ្ញុំ​ត្រេកអរ​ណាស់​ចំពោះ​ការ​មក​ដល់​របស់​លោក​ស្ទេផាណាស​ លោក​ភ័រទូណាស​ និង​លោក​អ័ខៃកុស​ ព្រោះ​ពួកគេ​បាន​បំពេញ​សេចក្ដី​ខ្វះខាត​របស់​អ្នក​រាល់គ្នា​
18 ហើយ​ពួកគេ​បាន​ធ្វើ​ឲ្យ​វិញ្ញាណ​របស់​ខ្ញុំ​ និង​វិញ្ញាណ​របស់​អ្នក​រាល់គ្នា​ធូរស្បើយ​ ដូច្នេះ​ ចូរ​ទទួល​ស្គាល់​មនុស្ស​បែប​នេះ​ចុះ‍។​
19 ក្រុមជំនុំ​ទាំងឡាយ​នៅ​ស្រុក​អាស៊ី​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ ហើយ​លោក​អ័គីឡា​ និង​នាង​ព្រីសីល​ ​ព្រមទាំង​ក្រុមជំនុំ​ដែល​ប្រជុំ​គ្នា​នៅ​ផ្ទះ​របស់​ពួកគេ​ក៏​ជម្រាបសួរ​អស់​ពី​ចិត្ដ​មក​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះអម្ចាស់​ដែរ។​
20 ពួក​បងប្អូន​ទាំង​អស់​ក៏​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ដែរ​ ចូរ​ជម្រាបសួរ​គ្នា​ទៅវិញ​ទៅមក​ដោយ​ការ​ថើប​បរិសុទ្ធ​
21 ពាក្យ​ជម្រាបសួរ​នេះ​សរសេរ​ដោយ​ដៃ​របស់​ខ្ញុំផ្ទាល់​ គឺ​ប៉ូល។​
22 បើ​អ្នកណា​មិន​ស្រឡាញ់​ព្រះអម្ចាស់​ ចូរ​ឲ្យ​អ្នក​នោះ​ត្រូវ​បណ្តាសា​ចុះ‍​ ម៉ារ៉ាណាថា‍!​
23 សូម​ឲ្យ​អ្នក​រាល់គ្នា​ប្រកប​ដោយ​ព្រះគុណ​របស់​ព្រះអម្ចាស់​យេស៊ូ។​
24 សូម​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ នៅ​ជាប់​ជាមួយ​អ្នក​ទាំង​អស់​គ្នា​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ។​

Currently Selected:

1 Corinthians 16: KCB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy