YouVersion Logo
Search Icon

សាការី 6

6
និមិត្តទីប្រាំបី: រទេះចម្បាំងបួន
1ខ្ញុំ​ងើបភ្នែកឡើង​ម្ដងទៀត ហើយ​សង្កេតមើល នោះ​មើល៍! មាន​រទេះចម្បាំង​បួន​ចេញមក​ពី​កណ្ដាល​ភ្នំ​ពីរ​។ ភ្នំ​ទាំងនោះ​ជា​ភ្នំ​លង្ហិន​។ 2រទេះចម្បាំង​ទីមួយ​ទឹមដោយ​សេះ​សម្បុរក្រហម រទេះចម្បាំង​ទីពីរ​ទឹមដោយ​សេះ​សម្បុរខ្មៅ 3រទេះចម្បាំង​ទីបី​ទឹមដោយ​សេះ​សម្បុរស ហើយ​រទេះចម្បាំង​ទីបួន​ទឹមដោយ​សេះ​សម្បុរអុជៗ​។ ទាំងបួននោះ​មានកម្លាំងខ្លាំង​។ 4ខ្ញុំ​សួរ​ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ​នោះ ថា​៖ “លោកម្ចាស់​នៃខ្ញុំ​អើយ តើ​ទាំងនេះ​ជា​អ្វី​?”។
5ទូតសួគ៌​ក៏​តប​នឹង​ខ្ញុំ​ថា​៖ “ទាំងនេះ​ជា​ខ្យល់​ទាំង​បួន​ទិស​នៃ​មេឃ​ដែល​ចេញមក ក្រោយពី​ឈរ​នៅចំពោះ​ព្រះអម្ចាស់​នៃ​ផែនដី​ទាំងមូល​។ 6រទេះចម្បាំង​ដែល​ទឹមដោយ​សេះ​សម្បុរខ្មៅ នឹង​ចេញ​ទៅ​ស្រុក​ខាងជើង ហើយ​សេះ​សម្បុរស​ក៏​ចេញទៅ​តាម​ក្រោយ#6:6 តាម​ក្រោយ―ឬ “ស្រុកខាងលិច”។ រីឯ​សេះ​សម្បុរអុជៗ​នឹង​ចេញ​ទៅ​ស្រុក​ខាងត្បូង”។ 7ពួកសេះ​ដែល​មានកម្លាំងខ្លាំង​ទាំងនោះ បាន​ចេញមក ហើយ​អន្ទះសា​នឹង​ចេញទៅ ដើម្បី​ដើរល្បាត​ផែនដី​។ ទូតសួគ៌​ក៏​និយាយថា​៖ “ទៅ​ចុះ ចូរ​ដើរល្បាត​ផែនដី​ចុះ” ដូច្នេះ​ពួកវា​ក៏​ដើរល្បាត​ផែនដី​។ 8បន្ទាប់មក ទូតសួគ៌​ស្រែកហៅ​ខ្ញុំ ហើយ​និយាយ​នឹង​ខ្ញុំ​ថា​៖ “មើល៍! ពួកដែល​ចេញ​ទៅ​ស្រុក​ខាងជើង បាន​ធ្វើឲ្យ​វិញ្ញាណ​របស់ខ្ញុំ​ស្ងប់​ក្នុង​ស្រុក​ខាងជើង​ហើយ​!”។
អភិសេក “លំពង់”
9ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​មកដល់​ខ្ញុំ​ទៀត​ថា​៖ 10“ចូរ​យក​តង្វាយ​ពី​ពួក​ជនជម្លៀស គឺ​ពី​ហេលដាយ ថូប៊ីយ៉ា និង​យេដាយ៉ា រួច​ក្នុង​ថ្ងៃ​ដដែល​នោះ ចូរ​ទៅ​ផ្ទះ​របស់​យ៉ូសៀស​កូន​របស់​សេផានា​; ពួកគេ​បាន​មក​ពី​បាប៊ីឡូន​។ 11ចូរ​យក​ប្រាក់ និង​មាស ហើយ​ធ្វើ​មកុដ បំពាក់​លើ​ក្បាល​របស់​មហាបូជាចារ្យ​យ៉ូស្វេ​កូន​របស់​យ៉ូសាដាក 12ហើយ​ប្រាប់​គាត់​ថា​: ‘ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​មានបន្ទូល​ដូច្នេះ​ថា​: មើល៍! មនុស្ស​ដែល​មាន​ឈ្មោះ​ថា “លំពង់” នឹង​ដុះឡើង​ពី​កន្លែង​របស់ខ្លួន ហើយ​សាងសង់​ព្រះវិហារ​របស់​ព្រះយេហូវ៉ា​។ 13អ្នកនោះ​នឹង​សាងសង់​ព្រះវិហារ​របស់​ព្រះយេហូវ៉ា ហើយ​ស្លៀកពាក់#6:13 ស្លៀកពាក់―ន័យត្រង់គឺ “ផ្ទុក”។​សិរីរុងរឿង ក៏​អង្គុយ​គ្រប់គ្រង​នៅលើ​បល្ល័ង្ក​របស់ខ្លួន​។ នឹង​មាន​បូជាចារ្យ​ម្នាក់​នៅលើ​បល្ល័ង្ក​របស់អ្នកនោះ ហើយ​មាន​ការប្រឹក្សា​នៃ​សន្តិភាព​រវាង​ពួកគេ​ទាំង​ពីរ​។ 14រីឯ​មកុដ​នោះ​នឹង​នៅ​ក្នុង​ព្រះវិហារ​របស់​ព្រះយេហូវ៉ា ទុកជា​ទីរលឹក​ដល់​ហេលលេម#6:14 ហេលលេម―ជាឈ្មោះមួយទៀតរបស់ហេលដាយ។ ថូប៊ីយ៉ា យេដាយ៉ា និង​ហិន#6:14 ហិន―ជាឈ្មោះមួយទៀតរបស់យ៉ូសៀស។​កូន​របស់​សេផានា​។ 15ចំណែកឯ​ពួកអ្នកដែល​នៅឆ្ងាយ​នឹង​មក ហើយ​សាងសង់​ព្រះវិហារ​របស់​ព្រះយេហូវ៉ា​ដែរ’។ នោះ​អ្នករាល់គ្នា​នឹង​ដឹង​ថា ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​ចាត់​ខ្ញុំ​ឲ្យមក​ឯ​អ្នករាល់គ្នា ហើយ​ការនេះ​នឹង​កើតឡើង ប្រសិនបើ​អ្នករាល់គ្នា​ស្ដាប់ដោយប្រុងប្រយ័ត្ន​តាម​ព្រះសូរសៀង​របស់​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់អ្នករាល់គ្នា”៕

Currently Selected:

សាការី 6: GKHB

Highlight

Share

Compare

Copy

None

Want to have your highlights saved across all your devices? Sign up or sign in