សាការី 1
1
អំពាវនាវឲ្យកែប្រែចិត្ត
1នៅខែទីប្រាំបី ឆ្នាំទីពីរនៃរជ្ជកាលរបស់ដារីយុស ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ព្យាការីសាការីកូនរបស់បេរេគាដែលជាកូនរបស់អ៊ីដោថា៖ 2“ព្រះយេហូវ៉ាទ្រង់ព្រះពិរោធយ៉ាងក្រេវក្រោធនឹងដូនតារបស់អ្នករាល់គ្នា។ 3ដោយហេតុនេះ ចូរប្រាប់ពួកគេថា: ‘ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះថា: “ចូរត្រឡប់មកឯយើងវិញ——នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃពលបរិវារ——នោះយើងនឹងត្រឡប់មកឯអ្នករាល់គ្នាវិញដែរ”។ ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះហើយ។ 4កុំឲ្យបានដូចជាដូនតារបស់អ្នករាល់គ្នា ដែលពួកព្យាការីពីមុនបានស្រែកហៅទៅពួកគាត់ថា: “ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះថា: ឥឡូវនេះ ចូរបែរចេញពីផ្លូវអាក្រក់របស់អ្នករាល់គ្នា និងទង្វើអាក្រក់របស់អ្នករាល់គ្នាចុះ” ប៉ុន្តែពួកគាត់មិនបានស្ដាប់តាម ឬយកចិត្តទុកដាក់នឹងយើងឡើយ។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា’។ 5ដូនតារបស់អ្នករាល់គ្នា តើពួកគាត់នៅឯណា? ហើយពួកព្យាការីទាំងនោះ តើរស់នៅជារៀងរហូតឬ? 6យ៉ាងណាមិញ ពាក្យរបស់យើង និងបទបញ្ញត្តិរបស់យើង ដែលយើងបានបង្គាប់ដល់ពួកព្យាការីជាអ្នកបម្រើរបស់យើង តើមិនបានតាមទាន់ដូនតារបស់អ្នករាល់គ្នាទេឬ? ដូច្នេះ ពួកគាត់បានបែរមកវិញ ហើយពោលថា: ‘ដូចដែលព្រះយេហូវ៉ានៃពលបរិវារបានសម្រេចព្រះហឫទ័យធ្វើដល់យើងស្របតាមផ្លូវរបស់យើង និងទង្វើរបស់យើងយ៉ាងណា ព្រះអង្គក៏បានធ្វើដល់យើងយ៉ាងនោះដែរ’”។
និមិត្តពេលយប់
7នៅថ្ងៃទី២៤ ខែទីដប់មួយដែលត្រូវជាខែសេបាទ ក្នុងឆ្នាំទីពីរនៃរជ្ជកាលរបស់ដារីយុស ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ព្យាការីសាការីកូនរបស់បេរេគាដែលជាកូនរបស់អ៊ីដោដូចតទៅ:
និមិត្តទីមួយ: អ្នកជិះសេះ
8ខ្ញុំបានសង្កេតមើលនៅពេលយប់ នោះមើល៍! មានបុរសម្នាក់ជិះសេះសម្បុរក្រហម ឈរនៅកណ្ដាលចំណោមដើមមឺថលដែលនៅក្នុងជ្រលងភ្នំ ហើយខាងក្រោយអ្នកនោះមានសេះសម្បុរក្រហម សម្បុរត្នោត និងសម្បុរស។ 9ពេលនោះ ខ្ញុំសួរថា៖ “លោកម្ចាស់នៃខ្ញុំអើយ តើទាំងនេះជាអ្វី?”។
ទូតសួគ៌ដែលនិយាយនឹងខ្ញុំ ក៏ប្រាប់ខ្ញុំថា៖ “ខ្ញុំនឹងបង្ហាញអ្នកថា ទាំងនេះជាអ្វី”។
10នោះបុរសដែលឈរនៅកណ្ដាលចំណោមដើមមឺថលក៏ឆ្លើយឡើងថា៖ “ទាំងនេះជាពួកដែលព្រះយេហូវ៉ាបានចាត់ឲ្យដើរល្បាតផែនដី”។
11ពួកគេតបនឹងទូតសួគ៌របស់ព្រះយេហូវ៉ា ដែលឈរនៅកណ្ដាលចំណោមដើមមឺថលនោះថា៖ “ពួកយើងបានដើរល្បាតផែនដី នោះមើល៍! ផែនដីទាំងមូលនៅស្ថិតស្ថេរ និងស្ងប់ស្ងាត់”។
12ទូតសួគ៌របស់ព្រះយេហូវ៉ាក៏ពោលថា៖ “ព្រះយេហូវ៉ានៃពលបរិវារអើយ តើព្រះអង្គមិនអាណិតមេត្តាដល់យេរូសាឡិម និងទីក្រុងទាំងឡាយនៃយូដា ដែលព្រះអង្គបានព្រះពិរោធអស់រយៈពេលចិតសិបឆ្នាំមកហើយនោះ ដល់ពេលណាទៀត?”។ 13ពេលនោះ ព្រះយេហូវ៉ាទ្រង់ឆ្លើយនឹងទូតសួគ៌ដែលនិយាយនឹងខ្ញុំនោះ ដោយពាក្យល្អ និងពាក្យនៃការកម្សាន្តចិត្ត។
14ដូច្នេះ ទូតសួគ៌ដែលនិយាយនឹងខ្ញុំ ក៏ប្រាប់ខ្ញុំថា៖ “ចូរប្រកាសថា: ‘ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះថា: “យើងបានប្រច័ណ្ឌយេរូសាឡិម និងស៊ីយ៉ូន ដោយការប្រច័ណ្ឌយ៉ាងខ្លាំង។ 15យើងក៏ខឹងដោយកំហឹងដ៏ខ្លាំងនឹងបណ្ដាប្រជាជាតិឥតកង្វល់ដែរ ដ្បិតយើងបានខឹងតែបន្តិច ប៉ុន្តែពួកគេបានបង្កើនមហន្តរាយវិញ”។ 16ដោយហេតុនេះ ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា: “យើងបានត្រឡប់មកឯយេរូសាឡិមវិញជាមួយនឹងសេចក្ដីមេត្តាហើយ។ ដំណាក់របស់យើងនឹងត្រូវបានសង់ឡើងវិញនៅទីនេះ ហើយខ្សែរង្វាស់នឹងត្រូវបានសន្ធឹងនៅលើយេរូសាឡិម”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃពលបរិវារ’។
17“ចូរប្រកាសម្ដងទៀតថា: ‘ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះថា: “ទីក្រុងទាំងឡាយរបស់យើងនឹងរីកសាយដោយសេចក្ដីចម្រើនម្ដងទៀត ហើយព្រះយេហូវ៉ានឹងកម្សាន្តចិត្តស៊ីយ៉ូនម្ដងទៀត ព្រមទាំងជ្រើសរើសយេរូសាឡិមម្ដងទៀតផង”’”។
និមិត្តទីពីរ: ស្នែងបួន និងជាងដំដែកបួននាក់
18ខ្ញុំបានងើបភ្នែកឡើង ហើយសង្កេតមើល នោះមើល៍! មានស្នែងបួន។ 19ខ្ញុំសួរទូតសួគ៌ដែលនិយាយនឹងខ្ញុំ ថា៖ “តើទាំងនេះជាអ្វី?”។
ទូតសួគ៌ក៏ប្រាប់ខ្ញុំថា៖ “ទាំងនេះជាស្នែងដែលបានកម្ចាត់កម្ចាយយូដា អ៊ីស្រាអែល និងយេរូសាឡិម”។
20បន្ទាប់មក ព្រះយេហូវ៉ាទ្រង់បង្ហាញឲ្យខ្ញុំឃើញជាងដំដែកបួននាក់។ 21ខ្ញុំទូលសួរថា៖ “តើអ្នកទាំងនោះមកធ្វើអ្វី?”។
ព្រះអង្គក៏មានបន្ទូលថា៖ “ទាំងនេះជាស្នែងដែលកម្ចាត់កម្ចាយយូដា រហូតដល់គ្មានអ្នកណាបានងើបក្បាលឡើង ប៉ុន្តែអ្នកទាំងនោះបានមកដើម្បីបំភ័យស្នែងទាំងនេះ ហើយវាយទម្លាក់ស្នែងរបស់បណ្ដាប្រជាជាតិដែលបានលើកស្នែងឡើងទាស់នឹងដែនដីយូដាដើម្បីកម្ចាត់កម្ចាយគេ”៕
Currently Selected:
សាការី 1: GKHB
Highlight
Share
Compare
Copy
Want to have your highlights saved across all your devices? Sign up or sign in
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative