YouVersion Logo
Search Icon

ម៉ាថាយ 24

24
ប្រាប់ជាមុនអំពីការបំផ្លាញព្រះវិហារ
1នៅពេល​ព្រះយេស៊ូវ​កំពុង​យាង​ចេញ​ពី​ព្រះវិហារ ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ចូលមកជិត​ចង្អុល​បង្ហាញ​ព្រះអង្គ​ពី​អគារ​ព្រះវិហារ​។ 2ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖“តើ​អ្នករាល់គ្នា​មិន​ឃើញ​អ្វីៗ​ទាំងអស់​នេះ​ទេ​ឬ​? ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា នៅ​ទីនេះ​គ្មាន​ថ្ម​ណាមួយ​ដែល​សល់​នៅលើ​ថ្ម​មួយទៀត ដោយ​មិន​ត្រូវ​រំលំ​ចោល​ឡើយ”។
ទីសម្គាល់នៃគ្រាចុងក្រោយ
3ព្រះយេស៊ូវ​គង់ចុះ​នៅលើ​ភ្នំ​ដើមអូលីវ ពួក​សិស្ស​ក៏​ចូលមកជិត​ព្រះអង្គ​តែក្រុមពួកគេ ទូល​សួរថា​៖ “សូម​ប្រាប់​យើងខ្ញុំ​ផង តើ​ការទាំងនេះ​នឹង​កើតឡើង​នៅ​ពេលណា​? តើ​មាន​អ្វី​ជា​ទីសម្គាល់​នៃ​ការមកដល់​របស់លោក និង​ចុងបញ្ចប់​នៃពិភពលោក​?”។
4ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖“ចូរ​ប្រុងប្រយ័ត្ន ក្រែងលោ​មាន​អ្នកណា​បោកបញ្ឆោត​អ្នករាល់គ្នា​។ 5ដ្បិត​មាន​មនុស្ស​ជាច្រើន​នឹង​មក​ក្នុង​នាម​របស់ខ្ញុំ ដោយ​និយាយថា​: ‘គឺ​ខ្ញុំ​ហ្នឹងហើយ ជា​ព្រះ​គ្រីស្ទ’ ហើយ​ពួកគេ​នឹង​បោកបញ្ឆោត​មនុស្ស​ជាច្រើន​។ 6អ្នករាល់គ្នា​ជិត​ឮ​អំពី​សង្គ្រាម និង​ដំណឹង​អំពី​សង្គ្រាម​។ ត្រូវប្រាកដថា កុំ​ភ័យស្លន់ស្លោ​ឡើយ ដ្បិត​ការទាំងនេះ​ត្រូវតែ​កើតឡើង ប៉ុន្តែ​មិនទាន់​ដល់​ទីបញ្ចប់​នៅឡើយទេ​។ 7ពេលនោះ ប្រជាជាតិ​មួយ​នឹង​ក្រោកឡើង​តទល់នឹង​ប្រជាជាតិ​មួយទៀត អាណាចក្រ​មួយ​តទល់នឹង​អាណាចក្រ​មួយទៀត ហើយ​នៅ​កន្លែង​ផ្សេងៗ​នឹង​មាន​ទុរ្ភិក្ស#24:7 ឯកសារបុរាណខ្លះបន្ថែម “ជំងឺរាតត្បាត”។និង​រញ្ជួយផែនដី​។ 8ទាំងអស់​នេះ​ជា​ការចាប់ផ្ដើម​នៃ​ការឈឺពោះឆ្លងទន្លេ​។
ប្រាប់ជាមុនអំពីការបៀតបៀន
9 “បន្ទាប់មក ពួកគេ​នឹង​ប្រគល់​អ្នករាល់គ្នា​ទៅក្នុង​ទុក្ខវេទនា ព្រមទាំង​សម្លាប់​អ្នករាល់គ្នា ហើយ​អ្នករាល់គ្នា​នឹង​ត្រូវ​ប្រជាជាតិ​ទាំងអស់​ស្អប់ ដោយសារតែ​នាម​របស់ខ្ញុំ​។ 10ពេលនោះ មនុស្ស​ជាច្រើន​នឹង​ត្រូវបាន​ធ្វើឲ្យជំពប់ដួល ពួកគេ​នឹង​ក្បត់​គ្នាទៅវិញទៅមក ហើយ​ស្អប់​គ្នាទៅវិញទៅមក​; 11មាន​ព្យាការីក្លែងក្លាយ​ជាច្រើន​នឹង​ក្រោកឡើង ហើយ​បោកបញ្ឆោត​មនុស្ស​ជាច្រើន​; 12ដោយសារ​ការឥតច្បាប់​កើនឡើង ធ្វើឲ្យ​សេចក្ដីស្រឡាញ់​របស់​មនុស្ស​ជាច្រើន​រសាយ​ទៅ​។ 13ប៉ុន្តែ​អ្នក​ដែល​ស៊ូទ្រាំ​ដល់​ទីបញ្ចប់ អ្នកនោះ​នឹង​បាន​សង្គ្រោះ​។ 14ដំណឹងល្អ​អំពី​អាណាចក្រ​ស្ថានសួគ៌​នេះ នឹង​បាន​ប្រកាស​នៅក្នុង​ពិភពលោក​ទាំងមូល ដើម្បី​ជា​ទីបន្ទាល់​ដល់​ប្រជាជាតិ​ទាំងអស់ បន្ទាប់មក​ទើប​ទីបញ្ចប់​នឹង​មកដល់​។
គ្រានៃមហាទុក្ខវេទនា
15 “កាលណា​អ្នករាល់គ្នា​ឃើញ‘តួគួរឲ្យស្អប់ខ្ពើម # 24:15 តួគួរឲ្យស្អប់ខ្ពើម―ឬ “វត្ថុគួរឲ្យស្អប់ខ្ពើម”។ នៃ​ភាពហិនវិនាស’ # 24:15 《ដានីយ៉ែល》 9:27; 11:31; 12:11។ ដែល​ត្រូវបាន​ថ្លែង​មក​តាមរយៈ​ព្យាការី​ដានីយ៉ែល ឈរ​នៅ​ទីវិសុទ្ធ​——​ចូរឲ្យ​អ្នក​អាន​យល់​ចុះ​—— 16ពេលនោះ ចូរឲ្យ​អ្នក​ដែល​នៅ​យូឌា​រត់គេច​ទៅ​ភ្នំ​ទៅ 17កុំឲ្យ​អ្នក​ដែល​នៅលើ​ដំបូលផ្ទះ​ចុះមក​យក​អ្វី​ពី​ផ្ទះ​របស់​ខ្លួន​ឡើយ 18រីឯ​អ្នក​ដែល​នៅ​ស្រែចម្ការ​ក៏​កុំឲ្យ​ត្រឡប់មក​វិញ យក​សម្លៀកបំពាក់​របស់​ខ្លួន​ដែរ​។ 19នៅ​គ្រានោះ វេទនា​ហើយ​! ស្ត្រី​ដែល​មានផ្ទៃពោះ និង​ស្ត្រី​ដែល​បំបៅកូន​។ 20ចូរ​អ្នករាល់គ្នា​អធិស្ឋាន ដើម្បីកុំឲ្យ​ការរត់គេច​របស់អ្នករាល់គ្នា​កើតឡើង​នៅ​រដូវរងា ឬ​នៅ​ថ្ងៃសប្ប័ទ​ឡើយ 21ដ្បិត​នៅ​ពេលនោះ​នឹង​មាន​ទុក្ខវេទនា​យ៉ាងខ្លាំង ដែល​តាំងពី​ដើមដំបូង​នៃ​ពិភពលោក រហូតមកដល់​សព្វថ្ងៃនេះ មិន​ធ្លាប់​កើតឡើង​ទេ ហើយក៏​មិន​កើតឡើង​ទៀត​ដែរ​។ 22ប្រសិនបើ​ថ្ងៃ​ទាំងនោះ​មិន​ត្រូវបាន​បន្ថយ​ទេ គ្មាន​មនុស្ស#24:22 មនុស្ស―ន័យត្រង់គឺ “សាច់”។ណាម្នាក់​បាន​សង្គ្រោះ​ឡើយ ប៉ុន្តែ​ដោយយោគយល់​ដល់​អ្នក​ដែល​ត្រូវបានជ្រើសតាំង ថ្ងៃ​ទាំងនោះ​នឹង​ត្រូវបាន​បន្ថយ​។
23 “ពេលនោះ ប្រសិនបើ​មាន​អ្នកណា​ប្រាប់​អ្នករាល់គ្នា​ថា​: ‘មើល៍! ព្រះ​គ្រីស្ទ​នៅ​ទីនេះ’ ឬ​ថា​: ‘នៅ​ទីនោះ​!’ កុំ​ជឿ​ឡើយ​។ 24ដ្បិត​ព្រះគ្រីស្ទ​ក្លែងក្លាយ និង​ព្យាការីក្លែងក្លាយ​នឹង​ក្រោកឡើង ហើយ​ពួកគេ​នឹង​សម្ដែង​ទីសម្គាល់ និង​ការអស្ចារ្យ​ដ៏ធំ ដើម្បី​នាំ​មនុស្ស​ឲ្យវង្វេង សូម្បីតែ​អ្នក​ដែល​ត្រូវបានជ្រើសតាំង ប្រសិនបើ​អាច​។ 25មើល៍! ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ទុកមុន​រួចហើយ​។ 26ដូច្នេះ ប្រសិនបើ​គេ​ប្រាប់​អ្នករាល់គ្នា​ថា​: ‘មើល៍! ព្រះអង្គ​នៅ​ទីរហោស្ថាន​!’ កុំ​ចេញទៅ​ឡើយ​; ឬ​បើ​គេ​ថា​: ‘មើល៍! ព្រះអង្គ​នៅក្នុង​បន្ទប់’ ក៏​កុំ​ជឿ​គេ​ដែរ 27ដ្បិត​ដូចដែល​ផ្លេកបន្ទោរ​ចេញ​ពី​ទិសខាងកើត ភ្លឺផ្លេក​ទៅ​ដល់​ទិសខាងលិច​យ៉ាងណា ការមកដល់​របស់​កូនមនុស្ស​ក៏​នឹង​ជា​យ៉ាងនោះដែរ​។ 28ទីណាក៏ដោយដែល​មាន​សាកសព ត្មាត​នឹង​ផ្ដុំគ្នា​នៅ​ទីនោះ​។
ការយាងមកវិញរបស់កូនមនុស្ស
29 “ក្រោយពី​ទុក្ខវេទនា​នៃ​គ្រានោះ​ភ្លាម
‘ព្រះអាទិត្យ​នឹង​ងងឹត
ព្រះចន្ទ​ក៏​លែង​បញ្ចេញ​ពន្លឺ
ផ្កាយ​ទាំងឡាយ​នឹង​ធ្លាក់​ចុះ​ពី​លើមេឃ
ហើយ​អំណាច​នានា​នៅ​លើមេឃ​នឹង​ត្រូវ​កក្រើករំពើក’។
30 ពេលនោះ ទីសម្គាល់​របស់​កូនមនុស្ស​នឹង​លេចមក​នៅ​លើមេឃ ហើយ​ពូជសាសន៍​ទាំងអស់​នៅលើ​ផែនដី​នឹង​យំគក់ទ្រូង​។ ពួកគេ​នឹង​ឃើញ​កូនមនុស្ស​មក​ក្នុង​ពពក​លើមេឃ ប្រកបដោយ​ព្រះចេស្ដា និង​សិរីរុងរឿង​ដ៏មហិមា​។ 31លោក​នឹង​ចាត់​បណ្ដា​ទូតសួគ៌​របស់​លោក​ឲ្យទៅ​ដោយ​សំឡេង​ត្រែ​យ៉ាងកងរំពង ហើយ​ទូតទាំងនោះ​នឹង​ប្រមូល​អ្នក​ដែល​ត្រូវបានជ្រើសតាំង​របស់​លោក​ពី​ទិសទាំងបួន ចាប់ពី​ជើងមេឃម្ខាង​ដល់​ជើងមេឃម្ខាង​ទៀត​។
ពាក្យឧបមាអំពីដើមល្វា
32 “ចូរ​រៀន​ពាក្យឧបមា​នេះ​ពី​ដើមល្វា​ចុះ​: កាលណា​មែក​របស់​វា​ត្រឡប់ជា​ទន់ ហើយ​លាស់​ស្លឹក អ្នករាល់គ្នា​ដឹង​ថា​ជិតដល់​រដូវក្ដៅ​ហើយ​។ 33អ្នករាល់គ្នា​ក៏​ដូច្នេះ​ដែរ កាលណា​អ្នករាល់គ្នា​ឃើញ​ការ​ទាំងអស់​នេះ អ្នករាល់គ្នា​ក៏​ដឹង​ថា​កូនមនុស្ស#24:33 កូនមនុស្ស―ន័យត្រង់គឺ “គាត់” ឬ “វា”; សំដៅទៅលើ “កូនមនុស្ស” ឬ “គ្រានោះ”។នៅ​ជិត​ហើយ គឺ​នៅ​មាត់ទ្វារ​។ 34ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ជំនាន់​នេះ​មិន​ផុតទៅ​ឡើយ ទាល់តែ​ការ​ទាំងអស់​នេះ​បាន​កើតឡើង​។ 35ផ្ទៃមេឃ និងផែនដី​នឹង​ផុតទៅ ប៉ុន្តែ​ពាក្យ​របស់ខ្ញុំ​នឹង​មិន​ផុតទៅ​សោះឡើយ​។
គ្មានអ្នកណាដឹងអំពីថ្ងៃ ឬម៉ោងឡើយ
36 “ចំពោះ​ថ្ងៃ និង​ម៉ោង​នោះ គ្មានអ្នកណា​ដឹង​ឡើយ សូម្បីតែ​បណ្ដា​ទូតសួគ៌​នៃ​ស្ថានសួគ៌ ឬ​ព្រះបុត្រា​ក៏មិន​ជ្រាប​ដែរ # 24:36 ឯកសារបុរាណខ្លះគ្មាន “ឬ​ព្រះបុត្រាក៏​មិន​ជ្រាប​ដែរ”។ មានតែ​ព្រះ​បិតា​តែមួយអង្គ​គត់​ប៉ុណ្ណោះ​ដែល​ជ្រាប​។ 37ព្រោះថា​សម័យ​ណូអេ​ជា​យ៉ាងណា ការមកដល់​របស់​កូនមនុស្ស​ក៏​នឹង​កើតមាន​យ៉ាងនោះដែរ 38គឺ​ដូច​នៅ​គ្រា​មុន​ទឹកជំនន់​នោះ ពួកគេ​ស៊ីផឹក និង​រៀបការជាប្ដីប្រពន្ធ រហូតដល់​ថ្ងៃ​ដែល​ណូអេ​ចូលទៅ​ក្នុង​ទូកធំ 39ហើយ​ពួកគេ​មិន​ដឹង​រហូតទាល់តែ​ទឹកជំនន់​បាន​មក​ឆក់យក​អ្វីៗ​ទាំងអស់​។ ការមកដល់​របស់​កូនមនុស្ស​ក៏​នឹង​កើតមាន​ដូច្នោះ​ដែរ​។ 40ពេលនោះ នឹង​មាន​ពីរ​នាក់​នៅ​ស្រែចម្ការ ម្នាក់​នឹង​ត្រូវបាន​យកទៅ ហើយ​ម្នាក់ទៀត​នឹង​ត្រូវបាន​ទុកចោល​។ 41នឹង​មាន​ស្ត្រី​ពីរ​នាក់​កំពុង​កិនម្សៅ​ដោយ​ត្បាល់កិន ម្នាក់​នឹង​ត្រូវបាន​យកទៅ ហើយ​ម្នាក់ទៀត​នឹង​ត្រូវបាន​ទុកចោល​។ 42ដូច្នេះ ចូរ​ប្រុងស្មារតី​ចុះ ដ្បិត​អ្នករាល់គ្នា​មិន​ដឹង​ថា​ព្រះអម្ចាស់​របស់អ្នករាល់គ្នា​នឹង​យាង​មកវិញ​នៅ​ថ្ងៃ​ណា#24:42 ថ្ងៃ​ណា‍―ឯកសារបុរាណខ្លះថា “ម៉ោងណា”។ទេ​។ 43យ៉ាងណាមិញ ចូរ​អ្នករាល់គ្នា​ដឹង​ការ​នេះ​ថា ប្រសិនបើ​ម្ចាស់ផ្ទះ​ដឹង​ថា​ចោរ​នឹង​មក​នៅ​ម៉ោង#24:43 ម៉ោង​―ន័យត្រង់គឺ “យាម”។ណា គាត់​មុខជា​ប្រុងស្មារតី មិន​បណ្ដោយឲ្យ​វា​គាស់ចូល​ផ្ទះ​របស់​ខ្លួន​ឡើយ​។ 44ហេតុនេះហើយបានជា​អ្នករាល់គ្នា​ក៏​ត្រូវតែ​ប្រុងប្រៀបជានិច្ច​ដែរ ដ្បិត​កូនមនុស្ស​នឹង​មក​ក្នុង​ពេលវេលា​ដែល​អ្នករាល់គ្នា​មិន​នឹកស្មាន​ដល់​។
បាវបម្រើស្មោះត្រង់ និងបាវបម្រើអាក្រក់
45 “ចុះ​តើ​នរណា​ជា​បាវបម្រើ​ស្មោះត្រង់ ហើយ​មានប្រាជ្ញា ដែល​ចៅហ្វាយ​បាន​តែងតាំងឲ្យត្រួត​លើ​អ្នកផ្ទះ​របស់​លោក ដើម្បី​ចែក​អាហារ​ឲ្យ​ពួកគេ​តាម​ពេលកំណត់​? 46មានពរ​ហើយ បាវបម្រើ​នោះ​ដែល​ចៅហ្វាយ​ឃើញ​គាត់​កំពុង​ធ្វើ​ដូច្នេះ នៅពេល​លោក​មក​វិញ​។ 47ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចៅហ្វាយ​នឹង​តែងតាំង​គាត់​ឲ្យត្រួត​លើ​អ្វីៗ​ទាំង​អស់​ដែល​លោក​មាន​។ 48ផ្ទុយទៅវិញ ប្រសិនបើ​បាវបម្រើ​អាក្រក់​នោះ​គិត​ក្នុង​ចិត្ត​ថា​: ‘ចៅហ្វាយ​របស់អញ​ក្រមកដល់’ 49រួច​ចាប់ផ្ដើម​វាយ​បាវបម្រើជាគ្នា​គាត់ ព្រមទាំង​ស៊ីផឹក​ជាមួយ​ពួក​អ្នក​ប្រមឹក​ផង 50នោះ​ចៅហ្វាយ​របស់​បាវបម្រើ​នោះ​នឹង​មកវិញ​នៅ​ថ្ងៃ​ដែល​គាត់​មិន​នឹកស្មាន​ដល់ និង​នៅ​ម៉ោង​ដែល​គាត់​មិន​ដឹង 51ហើយ​ដាក់ទោស​គាត់​យ៉ាងធ្ងន់ធ្ងរ#24:51 ដាក់ទោសគាត់យ៉ាងធ្ងន់ធ្ងរ―ន័យត្រង់គឺ “កាត់គាត់ជាពីរ”។ទាំង​ឲ្យ​គាត់​មាន​ចំណែក​ជាមួយ​ពួក​មនុស្សមានពុត​។ នៅ​ទីនោះ​នឹង​មាន​ការទួញសោក និង​ការសង្កៀត​ធ្មេញ”៕

Currently Selected:

ម៉ាថាយ 24: GKHB

Highlight

Share

Compare

Copy

None

Want to have your highlights saved across all your devices? Sign up or sign in