ម៉ាថាយ 15
15
ទំនៀមទម្លាប់របស់មនុស្ស
1ពេលនោះ មានពួកផារិស៊ី និងពួកគ្រូវិន័យពីយេរូសាឡិមចូលមកជិតព្រះយេស៊ូវ ទូលថា៖ 2“ហេតុអ្វីបានជាពួកសិស្សរបស់លោកបំពានទំនៀមទម្លាប់របស់ចាស់បុរាណដូច្នេះ? ដ្បិតពួកគេមិនលាងដៃរបស់ខ្លួននៅពេលហូបនំប៉័ងទេ!”។
3ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“ចុះអ្នករាល់គ្នា ហេតុអ្វីបានជាបំពានសេចក្ដីបង្គាប់របស់ព្រះ ដោយសារតែទំនៀមទម្លាប់របស់អ្នករាល់គ្នាទៅវិញ? 4ដ្បិតព្រះបានបង្គាប់ថា:
‘ចូរគោរពឪពុក និងម្ដាយរបស់អ្នក’ # 15:4 《និក្ខមនំ》 20:12; 《ទុតិយកថា》 5:16។ ហើយថា:
‘ត្រូវតែប្រហារជីវិតអ្នកដែលជេរប្រមាថឪពុក ឬម្ដាយ’ # 15:4 《និក្ខមនំ》 21:17; 《លេវីវិន័យ》 20:9។ ។
5 ប៉ុន្តែអ្នករាល់គ្នាវិញ អ្នករាល់គ្នានិយាយថា: ‘អ្នកណាក៏ដោយដែលនិយាយនឹងឪពុក ឬម្ដាយថា: “អ្វីក៏ដោយដែលខ្ញុំត្រូវជូនលោកឪពុកអ្នកម្ដាយ ទៅជាតង្វាយថ្វាយព្រះហើយ” 6អ្នកនោះមិនបាច់គោរពឪពុកម្ដាយ#15:6 ឪពុកម្ដាយ―ឯកសារបុរាណខ្លះថា “ឪពុក”។របស់ខ្លួនទៀតឡើយ’។ អ្នករាល់គ្នាបានធ្វើឲ្យព្រះបន្ទូល#15:6 ព្រះបន្ទូល―ឯកសារបុរាណខ្លះថា “បទបញ្ជា”។របស់ព្រះទៅជាមោឃៈដូច្នេះ ដោយសារតែទំនៀមទម្លាប់របស់អ្នករាល់គ្នា។ 7ពួកមនុស្សមានពុតអើយ! អេសាយបានព្យាករអំពីអ្នករាល់គ្នាត្រូវហើយ ថា:
8 ‘ប្រជាជននេះគោរពយើងដោយបបូរមាត់ # 15:8 ប្រជាជននេះគោរពយើងដោយបបូរមាត់―ឯកសារបុរាណខ្លះថា “ប្រជាជននេះមកជិតយើងដោយមាត់ ហើយគោរពយើងដោយបបូរមាត់”។
ប៉ុន្តែចិត្តរបស់ពួកគេនៅឆ្ងាយពីយើង។
9 ពួកគេថ្វាយបង្គំយើងឥតប្រយោជន៍សោះ
ដ្បិតពួកគេបង្រៀនបទបញ្ញត្តិរបស់មនុស្សជាគោលលទ្ធិ # 15:9 ពួកគេបង្រៀនបទបញ្ញត្តិរបស់មនុស្សជាគោលលទ្ធិ―ឬ “គោលលទ្ធិដែលពួកគេបង្រៀនជាបទបញ្ញត្តិរបស់មនុស្ស”។ ’ # 15:8-9 《អេសាយ》 29:13។ ”។
សេចក្ដីសៅហ្មងមកពីខាងក្នុង
10បន្ទាប់មក ព្រះយេស៊ូវទ្រង់ហៅហ្វូងមនុស្សមក ហើយមានបន្ទូលនឹងពួកគេថា៖“ចូរស្ដាប់ ហើយយល់ចុះ 11មិនមែនអ្វីដែលចូលតាមមាត់ ធ្វើឲ្យមនុស្សសៅហ្មងនោះឡើយ គឺអ្វីដែលចេញមកពីមាត់វិញទេ ដែលធ្វើឲ្យមនុស្សសៅហ្មង”។
12ពេលនោះ ពួកសិស្សចូលមកជិត ទូលព្រះអង្គថា៖ “តើព្រះអង្គជ្រាបឬទេថា ពួកផារិស៊ីទាស់ចិត្ត ពេលឮព្រះបន្ទូលនេះ?”។
13ព្រះយេស៊ូវមានបន្ទូលតបថា៖“អស់ទាំងរុក្ខជាតិដែលព្រះបិតាសួគ៌របស់ខ្ញុំមិនបានដាំ នឹងត្រូវបានដកចោល។ 14បណ្ដោយពួកគេចុះ! ពួកគេជាមនុស្សខ្វាក់ភ្នែកដែលនាំផ្លូវមនុស្សខ្វាក់ភ្នែក#15:14 មនុស្សខ្វាក់ភ្នែកដែលនាំផ្លូវមនុស្សខ្វាក់ភ្នែក―ឯកសារបុរាណខ្លះថា “អ្នកនាំផ្លូវដែលខ្វាក់ភ្នែករបស់មនុស្សខ្វាក់ភ្នែក”។។ ប្រសិនបើមនុស្សខ្វាក់ភ្នែកនាំផ្លូវមនុស្សខ្វាក់ភ្នែក អ្នកទាំងពីរនឹងធ្លាក់ទៅក្នុងរណ្ដៅ”។
15ពេត្រុសទូលព្រះអង្គថា៖ “សូមពន្យល់ពាក្យឧបមានេះដល់យើងខ្ញុំផង”។
16ព្រះយេស៊ូវមានបន្ទូលថា៖“តើអ្នករាល់គ្នាក៏នៅតែខ្វះសមត្ថភាពយល់ដឹងដែរឬ? 17តើអ្នករាល់គ្នាមិនយល់ទេឬថា អ្វីៗទាំងអស់ដែលចូលតាមមាត់ គឺចូលក្នុងពោះ ហើយចេញទៅក្នុងបង្គន់? 18ផ្ទុយទៅវិញ អ្វីៗដែលចេញមកពីមាត់ គឺចេញមកពីចិត្តទេ អ្វីៗទាំងនេះហើយ ដែលធ្វើឲ្យមនុស្សសៅហ្មង។ 19ដ្បិតគំនិតអាក្រក់ចេញមកពីចិត្ត ដូចជាការកាប់សម្លាប់ ការផិតក្បត់ អំពើអសីលធម៌ខាងផ្លូវភេទ ការលួច ការធ្វើបន្ទាល់ភូតភរ និងការមួលបង្កាច់។ 20ការទាំងនេះហើយ ជាអ្វីដែលធ្វើឲ្យមនុស្សសៅហ្មង រីឯការហូបដោយដៃមិនបានលាង មិនធ្វើឲ្យមនុស្សសៅហ្មងឡើយ”។
ជំនឿរបស់ស្ត្រីសាសន៍ដទៃ
21ព្រះយេស៊ូវយាងចាកចេញពីទីនោះ ហើយចេញទៅតំបន់ទីរ៉ុស និងស៊ីដូន។ 22ពេលនោះ មើល៍! មានស្ត្រីជនជាតិកាណានម្នាក់ពីតំបន់នោះបានចេញមក ស្រែកឡើងថា៖ “ព្រះអម្ចាស់អើយ! បុត្រដាវីឌអើយ! សូមអាណិតមេត្តាខ្ញុំម្ចាស់ផង! កូនស្រីរបស់ខ្ញុំម្ចាស់មានអារក្សធ្វើទុក្ខយ៉ាងវេទនាណាស់”។
23ប៉ុន្តែព្រះយេស៊ូវមិនបានតបនឹងនាងមួយម៉ាត់សោះ។ ដូច្នេះពួកសិស្សរបស់ព្រះអង្គចូលមកជិត ទូលសុំព្រះអង្គថា៖ “សូមឲ្យនាងទៅវិញទៅ ពីព្រោះនាងកំពុងតែស្រែកពីក្រោយយើង”។
24ព្រះយេស៊ូវមានបន្ទូលតបថា៖“ខ្ញុំត្រូវបានចាត់ឲ្យមកឯចៀមវង្វេងនៃពូជពង្សអ៊ីស្រាអែលតែប៉ុណ្ណោះ”។
25ស្ត្រីនោះក៏ចូលមកថ្វាយបង្គំព្រះអង្គ ទូលថា៖ “ព្រះអម្ចាស់អើយ! សូមជួយខ្ញុំម្ចាស់ផង!”។
26ព្រះយេស៊ូវមានបន្ទូលតបថា៖“ការដែលយកនំប៉័ងរបស់កូនៗបោះទៅឲ្យកូនឆ្កែ មិនត្រូវទេ”។
27នាងទូលថា៖ “ច៎ា ព្រះអម្ចាស់អើយ! ប៉ុន្តែសូម្បីតែកូនឆ្កែក៏ស៊ីកម្ទេចអាហារដែលជ្រុះពីតុរបស់ម្ចាស់វាដែរ”។
28ពេលនោះ ព្រះយេស៊ូវមានបន្ទូលតបនឹងនាងថា៖“ឱ ស្ត្រីអើយ! ជំនឿរបស់នាងខ្លាំងណាស់! ចូរឲ្យបានសម្រេចតាមដែលនាងប្រាថ្នាចុះ”។ កូនស្រីរបស់នាងក៏ត្រូវបានប្រោសឲ្យជានៅវេលានោះឯង។
ការប្រោសឲ្យជានៅមាត់បឹងកាលីឡេ
29ព្រះយេស៊ូវយាងចាកចេញពីទីនោះទៅមាត់បឹង#15:29 បឹង―ឬ “សមុទ្រ”។កាលីឡេ ហើយយាងឡើងទៅលើភ្នំ គង់ចុះនៅទីនោះ។ 30មានហ្វូងមនុស្សជាច្រើនចូលមកជិតព្រះអង្គ ទាំងនាំមនុស្សខ្វិន មនុស្សខ្វាក់ភ្នែក មនុស្សពិការដៃជើង មនុស្សគ និងមនុស្សផ្សេងទៀតជាច្រើនមកជាមួយពួកគេដែរ ហើយដាក់អ្នកទាំងនោះនៅទៀបព្រះបាទារបស់ព្រះយេស៊ូវ ព្រះអង្គក៏ប្រោសពួកគេឲ្យជា។ 31ដូច្នេះ នៅពេលឃើញមនុស្សគនិយាយ មនុស្សពិការដៃជើងជា មនុស្សខ្វិនដើរ និងមនុស្សខ្វាក់ភ្នែកមើលឃើញ ហ្វូងមនុស្សក៏ស្ងើច ហើយលើកតម្កើងសិរីរុងរឿងដល់ព្រះនៃអ៊ីស្រាអែល។
ប្រទាននំប៉័ងឲ្យបួនពាន់នាក់
32ព្រះយេស៊ូវទ្រង់ហៅពួកសិស្សរបស់ព្រះអង្គមក មានបន្ទូលថា៖“ខ្ញុំអាណិតហ្វូងមនុស្សនេះ ពីព្រោះពួកគេនៅជាមួយខ្ញុំបីថ្ងៃហើយ គ្មានអ្វីហូបសោះ។ ខ្ញុំមិនចង់ឲ្យពួកគេទៅវិញទាំងឃ្លានទេ ក្រែងលោពួកគេសន្លប់តាមផ្លូវ”។
33ពួកសិស្សទូលថា៖ “នៅទីរហោស្ថាននេះ តើឲ្យយើងខ្ញុំយកនំប៉័ងដ៏ច្រើនម្ល៉េះមកពីណា ដើម្បីចម្អែតមនុស្សជាច្រើនសន្ធឹកដូច្នេះ?”។
34ព្រះយេស៊ូវទ្រង់សួរពួកគេថា៖“តើអ្នករាល់គ្នាមាននំប៉័ងប៉ុន្មាន?”។
ពួកគេទូលឆ្លើយថា៖ “មានប្រាំពីរ និងមានត្រីតូចៗខ្លះដែរ”។
35ព្រះអង្គក៏បង្គាប់ហ្វូងមនុស្សឲ្យអង្គុយនៅលើដី។ 36នៅពេលយកនំប៉័ងប្រាំពីរ និងត្រីទាំងនោះ ព្រះអង្គក៏អរព្រះគុណ រួចកាច់ប្រទានដល់ពួកសិស្ស ហើយពួកសិស្សក៏ចែកឲ្យហ្វូងមនុស្ស។ 37ពួកគេទាំងអស់គ្នាបានហូបឆ្អែត។ បន្ទាប់មក ពួកគេប្រមូលបំណែកដែលសេសសល់បានប្រាំពីរកញ្ឆេពេញ។ 38អ្នកដែលហូបនោះ មានមនុស្សប្រុសបួនពាន់នាក់ ដោយមិនរាប់មនុស្សស្រី និងកូនក្មេងទេ។ 39ក្រោយពីឲ្យហ្វូងមនុស្សទៅវិញ ព្រះយេស៊ូវក៏ជិះទូក ហើយទៅដល់តំបន់ម៉ាកាដាន់#15:39 ម៉ាកាដាន់―ឯកសារបុរាណខ្លះថា “ម៉ាក់ដាឡា”។៕
Currently Selected:
ម៉ាថាយ 15: GKHB
Highlight
Share
Compare
Copy
Want to have your highlights saved across all your devices? Sign up or sign in
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative