ម៉ាថាយ 12
12
ព្រះអម្ចាស់លើថ្ងៃសប្ប័ទ
1នៅគ្រានោះ ព្រះយេស៊ូវយាងកាត់វាលស្រែនៅថ្ងៃសប្ប័ទ។ ពួកសិស្សរបស់ព្រះអង្គក៏ឃ្លាន ហើយចាប់ផ្ដើមកាច់កួរស្រូវមកហូប។ 2នៅពេលឃើញដូច្នេះ ពួកផារិស៊ីក៏ទូលព្រះអង្គថា៖ “មើល៍! ពួកសិស្សរបស់លោកកំពុងធ្វើអ្វីដែលច្បាប់ហាមមិនឲ្យធ្វើនៅថ្ងៃសប្ប័ទ”។
3ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“តើអ្នករាល់គ្នាមិនដែលអានអ្វីដែលដាវីឌបានធ្វើ នៅពេលលោក និងពួកអ្នកដែលនៅជាមួយលោកឃ្លានទេឬ? 4គឺរបៀបដែលលោកចូលទៅក្នុងដំណាក់របស់ព្រះ ហើយនាំគ្នាហូបនំប៉័ងតាំងថ្វាយ#12:4 ហើយនាំគ្នាហូបនំប៉័ងតាំងថ្វាយ―ឯកសារបុរាណខ្លះថា “ហើយហូបនំប៉័ងតាំងថ្វាយ”។ដែលច្បាប់ហាមមិនឲ្យលោក និងពួកអ្នកដែលនៅជាមួយលោកហូបឡើយ លើកលែងតែពួកបូជាចារ្យប៉ុណ្ណោះ។ 5មួយវិញទៀត តើអ្នករាល់គ្នាមិនដែលអានក្នុងក្រឹត្យវិន័យទេឬថា នៅថ្ងៃសប្ប័ទពួកបូជាចារ្យក្នុងព្រះវិហារល្មើសថ្ងៃសប្ប័ទក៏គ្មានទោសដែរ? 6ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកដែលធំជាងព្រះវិហារ នៅទីនេះហើយ! 7ប្រសិនបើអ្នករាល់គ្នាយល់ពាក្យដែលថា:‘យើងចង់បានសេចក្ដីមេត្តា មិនមែនយញ្ញបូជាទេ’#12:7 《ហូសេ》 6:6។មានន័យដូចម្ដេច ម្ល៉េះសមអ្នករាល់គ្នាមិនបានផ្ដន្ទាទោសអ្នកដែលគ្មានទោសឡើយ។ 8ដ្បិតកូនមនុស្សជាព្រះអម្ចាស់លើថ្ងៃសប្ប័ទ”។
ប្រោសមនុស្សស្វិតដៃឲ្យជា
9ព្រះយេស៊ូវយាងចាកចេញពីទីនោះ ចូលទៅក្នុងសាលាប្រជុំរបស់គេ 10ពេលនោះ មើល៍! មានបុរសម្នាក់ស្វិតដៃម្ខាង។ មានគេទូលសួរព្រះអង្គថា៖ “តើការដែលប្រោសឲ្យជានៅថ្ងៃសប្ប័ទ ត្រូវច្បាប់ឬទេ?”។ នេះគឺដើម្បីឲ្យបានចោទប្រកាន់ព្រះអង្គ។
11ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“តើមាននរណាក្នុងចំណោមអ្នករាល់គ្នាដែលមានចៀមមួយក្បាល ហើយប្រសិនបើវាធ្លាក់ទៅក្នុងរណ្ដៅនៅថ្ងៃសប្ប័ទ ក៏មិនចាប់លើកវាឡើង? 12ចុះមនុស្សវិញ តើមានតម្លៃលើសជាងចៀមអម្បាលម៉ានទៅទៀត! ដូច្នេះ ការដែលធ្វើល្អនៅថ្ងៃសប្ប័ទ ត្រូវច្បាប់ហើយ”។ 13បន្ទាប់មក ព្រះអង្គមានបន្ទូលនឹងបុរសនោះថា៖“ចូរលាតដៃរបស់អ្នកចុះ!”។ គាត់ក៏លាតដៃ នោះដៃរបស់គាត់បានដូចដើមវិញ គឺល្អដូចដៃម្ខាងទៀត។ 14ពួកផារិស៊ីបានចេញទៅ ពិគ្រោះគ្នាទាស់នឹងព្រះអង្គ ដើម្បីបំផ្លាញជីវិតព្រះអង្គ។
អ្នកបម្រើរបស់ព្រះ
15នៅពេលជ្រាបអំពីការនេះ ព្រះយេស៊ូវក៏យាងចាកចេញពីទីនោះ។ មានហ្វូងមនុស្សជាច្រើនទៅតាមព្រះអង្គ ហើយព្រះអង្គក៏ប្រោសពួកគេឲ្យជាទាំងអស់គ្នា 16ព្រមទាំងហាមពួកគេមិនឲ្យផ្សាយអំពីព្រះអង្គឡើយ។ 17នេះគឺដើម្បីឲ្យសេចក្ដីដែលបានថ្លែងមកតាមរយៈព្យាការីអេសាយត្រូវបានបំពេញឲ្យសម្រេច ដែលថា:
18 “មើល៍! អ្នកបម្រើរបស់យើងដែលយើងបានជ្រើសរើស
អ្នកដែលជាទីស្រឡាញ់របស់យើង ដែលយើងពេញចិត្ត។
យើងនឹងដាក់វិញ្ញាណរបស់យើងលើគាត់
ហើយគាត់នឹងប្រកាសសេចក្ដីយុត្តិធម៌ដល់សាសន៍ដទៃ។
19 គាត់មិនឈ្លោះប្រកែក ឬស្រែកគំហកឡើយ
ហើយក៏គ្មានអ្នកណានឹងឮសំឡេងរបស់គាត់នៅតាមផ្លូវ # 12:19 តាមផ្លូវ―ឬ “កន្លែងសាធារណៈ”។ ដែរ។
20 គាត់នឹងមិនកាច់ដើមត្រែងដែលទក់ទេ
ហើយក៏មិនពន្លត់ប្រឆេះដែលជិតរលត់ដែរ
រហូតដល់គាត់នាំសេចក្ដីយុត្តិធម៌ឲ្យមានជ័យជម្នះ
21 ហើយបណ្ដាសាសន៍ដទៃនឹងសង្ឃឹមលើនាមរបស់គាត់”។ # 12:18-21 《អេសាយ》 42:1-4។
ការបាក់បែកផ្ទៃក្នុង
22ពេលនោះ មានបុរសអារក្សចូលម្នាក់ដែលខ្វាក់ភ្នែកផងគផង ត្រូវគេនាំមកឯព្រះយេស៊ូវ។ ព្រះអង្គទ្រង់ប្រោសគាត់ឲ្យជា មនុស្សគនោះក៏និយាយបាន ហើយមើលឃើញផង។ 23ហ្វូងមនុស្សទាំងអស់ក៏ភ្ញាក់ផ្អើល ហើយនិយាយថា៖ “អ្នកនេះជាពូជពង្សរបស់ដាវីឌទេដឹង?”។
24ប៉ុន្តែនៅពេលពួកផារិស៊ីឮដូច្នេះ ក៏និយាយថា៖ “អ្នកនេះមិនអាចដេញអារក្សបានទេ លើកលែងតែដោយបេលសេប៊ូលមេអារក្សប៉ុណ្ណោះ!”។
25ព្រះយេស៊ូវទ្រង់ជ្រាបគំនិតរបស់ពួកគេ ក៏មានបន្ទូលនឹងពួកគេថា៖“អស់ទាំងអាណាចក្រដែលបាក់បែកផ្ទៃក្នុង នឹងត្រូវវិនាស ហើយអស់ទាំងទីក្រុង ឬគ្រួសារដែលបាក់បែកផ្ទៃក្នុង ក៏នៅឈរមិនបានដែរ។ 26ប្រសិនបើសាតាំងដេញសាតាំង គឺវាបាក់បែកផ្ទៃក្នុងហើយ។ បើដូច្នេះ តើអាណាចក្ររបស់វានៅឈរដូចម្ដេចកើត? 27ហើយប្រសិនបើខ្ញុំដេញអារក្សដោយបេលសេប៊ូលមែន ចុះកូនចៅរបស់អ្នករាល់គ្នាដេញពួកវាដោយនរណាវិញ? ដូច្នេះ កូនចៅរបស់អ្នករាល់គ្នានឹងធ្វើជាចៅក្រមរបស់អ្នករាល់គ្នា។ 28ផ្ទុយទៅវិញ ប្រសិនបើខ្ញុំដេញអារក្សដោយព្រះវិញ្ញាណរបស់ព្រះ នោះអាណាចក្ររបស់ព្រះបានមកដល់អ្នករាល់គ្នាហើយ។ 29តើគេអាចចូលទៅក្នុងផ្ទះរបស់មនុស្សខ្លាំងពូកែ ហើយដណ្ដើមយករបស់របរគាត់យ៉ាងដូចម្ដេចបាន បើសិនមិនចងមនុស្សខ្លាំងពូកែនោះជាមុនសិន? បើសិនចង ទើបប្លន់ផ្ទះរបស់គាត់បាន។ 30អ្នកដែលមិននៅខាង#12:30 ខាង―ន័យត្រង់គឺ “ជាមួយ”។ខ្ញុំ គឺប្រឆាំងនឹងខ្ញុំ ហើយអ្នកដែលមិនប្រមូលជាមួយខ្ញុំ គឺកម្ចាត់កម្ចាយវិញ។ 31ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា មនុស្សនឹងត្រូវបានលើកលែងទោស ចំពោះអស់ទាំងបាប និងពាក្យប្រមាថព្រះ ប៉ុន្តែការនិយាយប្រមាថទាស់នឹងព្រះវិញ្ញាណ នឹងមិនត្រូវបានលើកលែងទោសឡើយ។ 32អ្នកណាក៏ដោយដែលពោលពាក្យទាស់នឹងកូនមនុស្ស អ្នកនោះនឹងត្រូវបានលើកលែងទោស ប៉ុន្តែអ្នកណាក៏ដោយដែលពោលពាក្យទាស់នឹងព្រះវិញ្ញាណដ៏វិសុទ្ធ អ្នកនោះនឹងមិនត្រូវបានលើកលែងទោសឡើយ ទោះជានៅលោកបច្ចុប្បន្នក្ដី ឬនៅលោកខាងមុខក្ដី។
ដើមឈើ និងផលរបស់វា
33 “ធ្វើឲ្យដើមឈើល្អ ផលវាក៏ល្អ ឬធ្វើឲ្យដើមឈើអាក្រក់ ផលវាក៏អាក្រក់ដែរ; ដ្បិតដើមឈើនឹងសម្គាល់បានដោយផលផ្លែរបស់វា។ 34ពូជពស់វែកអើយ! តើអ្នករាល់គ្នាអាចនិយាយល្អយ៉ាងដូចម្ដេចបាន នៅពេលអ្នករាល់គ្នាអាក្រក់ដូច្នេះ? ព្រោះថាមាត់តែងតែនិយាយចេញពីភាពបរិបូរនៃចិត្ត។ 35មនុស្សល្អតែងតែបញ្ចេញសេចក្ដីល្អពីសម្បត្តិដ៏ល្អនៃចិត្ត#12:35 ឯកសារបុរាណខ្លះគ្មាន “នៃចិត្ត”។រីឯមនុស្សអាក្រក់ក៏តែងតែបញ្ចេញសេចក្ដីអាក្រក់ពីសម្បត្តិដ៏អាក្រក់នៃចិត្តដែរ។ 36ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃនៃការជំនុំជម្រះ មនុស្សនឹងរៀបរាប់អំពីពាក្យឥតប្រយោជន៍ទាំងអស់ដែលគេបាននិយាយ 37ដ្បិតអ្នកនឹងត្រូវបានរាប់ជាសុចរិតដោយពាក្យសម្ដីរបស់អ្នក ហើយអ្នកនឹងត្រូវបានផ្ដន្ទាទោសក៏ដោយពាក្យសម្ដីរបស់អ្នកដែរ”។
ទីសម្គាល់របស់យ៉ូណាស
38ពេលនោះ អ្នកខ្លះក្នុងពួកគ្រូវិន័យ និងពួកផារិស៊ីទូលព្រះអង្គថា៖ “លោកគ្រូ យើងខ្ញុំចង់ឃើញទីសម្គាល់មួយពីលោក”។
39ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“ជំនាន់ដ៏អាក្រក់ និងផិតក្បត់ទាមទារទីសម្គាល់ ប៉ុន្តែទីសម្គាល់នឹងមិនប្រទានឲ្យគេឡើយ លើកលែងតែទីសម្គាល់របស់ព្យាការីយ៉ូណាសប៉ុណ្ណោះ។ 40ពោលគឺ ដូចដែលយ៉ូណាសនៅក្នុងពោះត្រីធំបីថ្ងៃបីយប់យ៉ាងណា កូនមនុស្សនឹងនៅក្នុងផ្ចិតផែនដីបីថ្ងៃបីយប់យ៉ាងនោះដែរ។ 41នៅគ្រាជំនុំជម្រះ ពួកអ្នកនីនីវេនឹងរស់ឡើងវិញ#12:41 រស់ឡើងវិញ―ឬ “ក្រោកឡើង”។ជាមួយជំនាន់នេះ ហើយផ្ដន្ទាទោសជំនាន់នេះ ពីព្រោះអ្នកនីនីវេបានកែប្រែចិត្តដោយសារតែការប្រកាសរបស់យ៉ូណាស ហើយមើល៍! អ្នកដែលធំជាងយ៉ូណាសនៅទីនេះហើយ! 42នៅគ្រាជំនុំជម្រះ មហាក្សត្រិយានីនៃភាគខាងត្បូង#12:42 មហាក្សត្រិយានីនៃភាគខាងត្បូង―គឺ “មហាក្សត្រិយានីស្រុកសេបា”។នឹងត្រូវបានលើកឲ្យរស់ឡើងវិញ#12:42 ត្រូវបានលើកឲ្យរស់ឡើងវិញ―ឬ “ក្រោកឡើង”។ជាមួយជំនាន់នេះ ហើយផ្ដន្ទាទោសជំនាន់នេះ ពីព្រោះព្រះនាងបានមកពីចុងបំផុតនៃផែនដី ដើម្បីស្ដាប់ប្រាជ្ញារបស់សាឡូម៉ូន ហើយមើល៍! អ្នកដែលធំជាងសាឡូម៉ូននៅទីនេះហើយ!
វិញ្ញាណអសោចត្រឡប់មកវិញ
43 “កាលណាវិញ្ញាណអសោចចេញពីមនុស្សម្នាក់ វាក៏ដើរចុះឡើងតាមកន្លែងហួតហែងរកទីឈប់សម្រាក ប៉ុន្តែរកមិនបាន 44ដូច្នេះវានិយាយថា: ‘អញនឹងត្រឡប់ទៅផ្ទះរបស់អញវិញ គឺកន្លែងដែលអញបានចេញមក’។ នៅពេលវាមកដល់ក៏ឃើញទីនោះនៅទំនេរ ហើយត្រូវបានបោសសម្អាត ព្រមទាំងមានសណ្ដាប់ធ្នាប់ផង 45វាក៏ចេញទៅ នាំវិញ្ញាណប្រាំពីរផ្សេងទៀតដែលអាក្រក់ជាងវាមកជាមួយ ហើយចូលទៅរស់នៅទីនោះ។ សភាពចុងក្រោយរបស់អ្នកនោះបានអាក្រក់ជាងសភាពដើមទៅទៀត។ ជំនាន់អាក្រក់នេះនឹងបានដូច្នេះដែរ”។
សាច់ញាតិដ៏ពិត
46ខណៈដែលព្រះយេស៊ូវកំពុងតែមានបន្ទូលនឹងហ្វូងមនុស្សនៅឡើយ មើល៍! ម្ដាយ និងប្អូនៗ#12:46 ប្អូនៗ―ន័យត្រង់គឺ “បងប្អូនប្រុស”។របស់ព្រះអង្គឈរនៅខាងក្រៅ ចង់និយាយជាមួយព្រះអង្គ។ 47មានម្នាក់ទូលព្រះអង្គថា៖ “មើល៍! ម្ដាយ និងប្អូនៗរបស់លោកកំពុងឈរនៅខាងក្រៅ ចង់និយាយជាមួយលោក”។#12:47 ឯកសារបុរាណខ្លះគ្មានខនេះ។
48ប៉ុន្តែព្រះអង្គមានបន្ទូលតបនឹងអ្នកនោះថា៖“តើនរណាជាម្ដាយរបស់ខ្ញុំ? តើនរណាជាបងប្អូនរបស់ខ្ញុំ?”។ 49ព្រះអង្គលាតព្រះហស្តទៅលើពួកសិស្ស ហើយមានបន្ទូលថា៖“មើល៍! ម្ដាយរបស់ខ្ញុំ និងបងប្អូនរបស់ខ្ញុំ! 50ដ្បិតអ្នកណាក៏ដោយដែលប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះបិតាខ្ញុំដែលគង់នៅស្ថានសួគ៌ អ្នកនោះហើយ ជាបងប្អូនប្រុសស្រី និងជាម្ដាយរបស់ខ្ញុំ”៕
Currently Selected:
ម៉ាថាយ 12: GKHB
Highlight
Share
Compare
Copy
Want to have your highlights saved across all your devices? Sign up or sign in
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative