YouVersion Logo
Search Icon

លូកា 6:27-49

លូកា 6:27-49 GKHB

“យ៉ាងណាមិញ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ដែល​កំពុង​ស្ដាប់​ថា ចូរ​ស្រឡាញ់​ខ្មាំងសត្រូវ​របស់អ្នករាល់គ្នា ហើយ​ធ្វើ​ល្អ​ដល់​អ្នក​ដែល​ស្អប់​អ្នករាល់គ្នា​; ចូរ​ឲ្យពរ​អ្នក​ដែល​ប្រទេចផ្ដាសា​អ្នករាល់គ្នា ហើយ​អធិស្ឋាន​សម្រាប់​អ្នក​ដែល​បៀតបៀន​អ្នករាល់គ្នា​។ ចំពោះ​អ្នក​ដែល​ទះកំផ្លៀង​ម្ខាង​របស់​អ្នក ចូរ​ឲ្យ​គេទះ​ម្ខាងទៀត​ដែរ​; ចំពោះ​អ្នក​ដែល​យក​អាវវែង​របស់អ្នក ក៏​កុំ​ឃាត់មិនឲ្យ​គេយក​អាវខាងក្នុង​ឡើយ​។ ចូរ​ឲ្យ​ដល់​អស់អ្នក​ដែល​សុំ​អ្នក ហើយ​កុំ​ទារមកវិញ​ពី​អ្នក​ដែល​យក​អ្វី​ដែល​ជា​របស់អ្នក​ឡើយ​។ ដូចដែល​អ្នករាល់គ្នា​ចង់ឲ្យ​គេ​ប្រព្រឹត្ត​ដល់​អ្នករាល់គ្នា​យ៉ាងណា ចូរ​ប្រព្រឹត្ត​ដល់​គេ​យ៉ាងនោះដែរ​។ ប្រសិនបើ​អ្នករាល់គ្នា​ស្រឡាញ់​អ្នក​ដែល​ស្រឡាញ់​អ្នករាល់គ្នា តើ​មាន​អ្វី​គួរឲ្យសរសើរ​ដល់​អ្នករាល់គ្នា​? តាមពិត សូម្បីតែ​ពួក​មនុស្សបាប​ក៏​ស្រឡាញ់​អ្នក​ដែល​ស្រឡាញ់​ពួកគេ​ដែរ​។ ប្រសិនបើ​អ្នករាល់គ្នា​ធ្វើល្អ ចំពោះ​តែ​អ្នក​ដែល​ធ្វើល្អ​ដល់​អ្នករាល់គ្នា តើ​មាន​អ្វី​គួរឲ្យសរសើរ​ដល់​អ្នករាល់គ្នា​? សូម្បីតែ​ពួក​មនុស្សបាប​ក៏​ធ្វើ​ដូច្នោះ​ដែរ​។ ប្រសិនបើ​អ្នករាល់គ្នា​ឲ្យ​គេ​ខ្ចី ដោយ​សង្ឃឹម​ថា​នឹង​បាន​ពី​គេ​មកវិញ តើ​មាន​អ្វី​គួរឲ្យសរសើរ​ដល់​អ្នករាល់គ្នា​? សូម្បីតែ​ពួក​មនុស្សបាប​ក៏​ឲ្យ​មនុស្សបាប​ខ្ចី​ដែរ ដើម្បី​ទទួលបាន​គ្រប់ចំនួន​វិញ​។ ប៉ុន្តែ​ចូរ​ស្រឡាញ់​ខ្មាំងសត្រូវ​របស់អ្នករាល់គ្នា ចូរ​ធ្វើល្អ​ដល់គេ ហើយ​ចូរ​ឲ្យ​គេ​ខ្ចី ដោយ​មិន​សង្ឃឹមថានឹងបានមកវិញ​ឡើយ​។ នោះ​រង្វាន់​របស់អ្នករាល់គ្នា​នឹង​បានជា​ធំ ហើយ​អ្នករាល់គ្នា​នឹង​ទៅជា​កូន​របស់​ព្រះ​ដ៏ខ្ពស់បំផុត ដ្បិត​ព្រះអង្គ​មាន​ព្រះហឫទ័យសប្បុរស​ចំពោះ​មនុស្ស​អកតញ្ញូ និង​មនុស្ស​អាក្រក់​ដែរ​។ ចូរ​មានចិត្តមេត្តាករុណា ដូចដែល​ព្រះ​បិតា​របស់អ្នករាល់គ្នា​មានព្រះហឫទ័យមេត្តាករុណា​ដែរ​។ “កុំ​វិនិច្ឆ័យ​គេ នោះ​អ្នករាល់គ្នា​នឹង​មិន​ត្រូវបាន​វិនិច្ឆ័យ​សោះឡើយ​; កុំ​ផ្ដន្ទាទោស​គេ នោះ​អ្នករាល់គ្នា​នឹង​មិន​ត្រូវបាន​ផ្ដន្ទាទោស​សោះឡើយ​; ចូរ​លើកលែងទោស​ឲ្យ​គេ នោះ​អ្នករាល់គ្នា​ក៏​នឹង​ត្រូវបាន​លើកលែងទោស​ដែរ​។ ចូរ​ឲ្យ នោះ​នឹង​ប្រទាន​ឲ្យ​អ្នករាល់គ្នា​ដែរ​។ រង្វាល់​ដ៏គ្រប់បរិបូរ ទាំង​ញាត់ ទាំង​រលាក់ រហូតដល់​ហូរហៀរ នឹង​ត្រូវបាន​ដាក់​លើ​ភ្លៅ​របស់អ្នករាល់គ្នា​។ ដ្បិត​អ្នករាល់គ្នា​នឹង​ត្រូវបាន​វាល់​ឲ្យ តាម​រង្វាល់​ដែល​អ្នករាល់គ្នា​វាល់​ឲ្យគេ”។ ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ជា​ពាក្យឧបមា​ទៀត​ថា​៖“មនុស្ស​ខ្វាក់ភ្នែក​មិន​អាច​នាំផ្លូវ​មនុស្ស​ខ្វាក់ភ្នែក​បាន​ទេ មែនទេ​? តើ​មិន​ធ្លាក់​ទៅក្នុង​រណ្ដៅ​ទាំងពីរ​នាក់​ទេ​ឬ​? សិស្ស​មិន​លើ​គ្រូ​ទេ ប៉ុន្តែអស់អ្នក​ដែល​ទទួល​ការ​ហ្វឹកហាត់ពេញលេញ​ហើយ នោះ​នឹង​បាន​ដូច​គ្រូ​របស់​ខ្លួន​។ “ហេតុអ្វីបានជា​អ្នក​មើលឃើញ​កម្ទេច​នៅក្នុង​ភ្នែក​របស់​បងប្អូន​អ្នក ប៉ុន្តែ​មិន​ចាប់អារម្មណ៍​នឹង​ធ្នឹម​នៅក្នុង​ភ្នែក​ខ្លួនឯង​? តើ​អ្នក​អាច​និយាយ​ទៅ​បងប្អូន​របស់អ្នក​ថា​: ‘បងប្អូន​អើយ ឲ្យ​ខ្ញុំ​យក​កម្ទេច​នៅក្នុង​ភ្នែក​របស់អ្នក​ចេញ’ យ៉ាងដូចម្ដេច​បាន នៅពេល​ខ្លួនអ្នក​មិន​ឃើញ​ធ្នឹម​នៅក្នុង​ភ្នែក​របស់ខ្លួនឯង​ផង​? មនុស្សមានពុត​អើយ​! ចូរ​យក​ធ្នឹម​ចេញ​ពី​ភ្នែក​របស់អ្នក​ជាមុនសិន ទើប​អ្នក​នឹង​មើលឃើញច្បាស់ ដើម្បី​យក​កម្ទេច​នៅក្នុង​ភ្នែក​របស់​បងប្អូន​អ្នក​ចេញ​។ “គ្មាន​ដើមឈើ​ល្អ​ណា​ដែល​បង្កើត​ផល​អាក្រក់​ឡើយ ហើយក៏​គ្មាន​ដើមឈើ​អាក្រក់​ណា​ដែល​បង្កើត​ផល​ល្អ​ដែរ​។ ព្រោះថា​ដើមឈើ​នីមួយៗ​នឹង​សម្គាល់​បាន​ដោយ​ផលផ្លែ​របស់វា​។ ដ្បិត​គេ​មិនដែល​ប្រមូល​ផ្លែល្វា​ពី​គុម្ពបន្លា​ទេ ហើយក៏មិនដែល​បេះ​ផ្លែទំពាំងបាយជូរ​ពី​ដើមបន្លា​ដែរ​។ មនុស្ស​ល្អ​តែងតែ​បញ្ចេញ​សេចក្ដី​ល្អ​ពី​សម្បត្តិ​ដ៏ល្អ​នៃ​ចិត្ត រីឯ​មនុស្ស​អាក្រក់​ក៏​តែងតែ​បញ្ចេញ​សេចក្ដី​អាក្រក់​ពី​សម្បត្តិ​ដ៏​អាក្រក់​នៃ​ចិត្ត​ដែរ ដ្បិត​មាត់​របស់​មនុស្ស​តែងតែ​និយាយ​ចេញពី​ភាពបរិបូរ​នៃ​ចិត្ត​។ “ហេតុអ្វីបានជា​អ្នករាល់គ្នា​ហៅ​ខ្ញុំ​ថា ‘ព្រះអម្ចាស់ ព្រះអម្ចាស់’ ប៉ុន្តែ​មិន​ប្រព្រឹត្តតាម​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​ដូច្នេះ​? ខ្ញុំ​នឹង​បង្ហាញ​ដល់​អ្នករាល់គ្នា​ថា អស់អ្នក​ដែល​មករក​ខ្ញុំ ហើយ​ឮ​ពាក្យ​របស់ខ្ញុំ រួច​ប្រព្រឹត្តតាម អ្នកនោះ​ប្រៀបដូចជា​មនុស្ស​បែបណា គឺ​ប្រៀបដូចជា​អ្នក​សាងសង់​ផ្ទះ​ដែល​ជីក​ដី​យ៉ាងជ្រៅ ហើយ​ចាក់​គ្រឹះ​នៅលើ​ថ្មដា​។ នៅពេល​មាន​ទឹកជំនន់ ហើយ​ចរន្តទឹក​ប៉ះទង្គិច​នឹង​ផ្ទះ​នោះ ក៏​មិន​អាច​ធ្វើឲ្យ​ផ្ទះនោះ​រង្គើ​បាន​ទេ ពីព្រោះ​ត្រូវបាន​សាងសង់​យ៉ាងរឹងមាំ​។ ផ្ទុយទៅវិញ អ្នក​ដែល​ឮ​ពាក្យរបស់ខ្ញុំ ហើយ​មិន​ប្រព្រឹត្តតាម ប្រៀបដូចជា​អ្នក​សាងសង់​ផ្ទះ​នៅលើ​ដី​ដោយគ្មាន​គ្រឹះ​។ នៅពេល​ចរន្តទឹក​ប៉ះទង្គិច​នឹង​ផ្ទះនោះ វា​ក៏​រលំ​ភ្លាម ហើយ​ការខូចខាត​នៃ​ផ្ទះ​នោះ​ធ្ងន់ធ្ងរ​ណាស់”៕

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy