YouVersion Logo
Search Icon

អេសាយ 65

65
ចម្លើយរបស់ព្រះយេហូវ៉ា
1ព្រះយេហូវ៉ា​មានបន្ទូលថា​៖
“យើង​ត្រូវបាន​ស្វែងរក​ដោយ​ពួកអ្នកដែល​មិន​បាន​សួររក​យើង​;
យើង​ត្រូវបាន​រកឃើញ​ដោយ​ពួកអ្នកដែល​មិន​បាន​ប្រឹងរក​យើង​។
ចំពោះ​ប្រជាជាតិ​មួយ​ដែល​មិន​ត្រូវបាន​ហៅ​តាម​នាម​របស់យើង
យើង​បាន​និយាយថា​: ‘មើល៍! យើង​នៅទីនេះ​! មើល៍! យើង​នៅទីនេះ​!’។
2យើង​បាន​លាត​ដៃ​របស់យើង​វាល់ព្រឹកវាល់ល្ងាច
ទៅរក​ប្រជាជន​ដែល​បះបោរ
ដែល​ដើរ​តាម​ផ្លូវ​មិន​ល្អ
គឺ​តាម​គំនិត​របស់ខ្លួន
3ជា​ប្រជាជន​ដែល​បង្ករឿង​ដាក់​មុខ​យើង​ជានិច្ច
ដោយ​ថ្វាយយញ្ញបូជា​នៅក្នុង​សួនច្បារ
ហើយ​ដុតគ្រឿងក្រអូប​នៅលើ​ឥដ្ឋ
4ជា​ពួកអ្នក​អង្គុយ​នៅតាម​ផ្នូរ ហើយ​ស្នាក់នៅពេលយប់​នៅ​ទីលាក់កំបាំង
ជា​ពួកអ្នក​ស៊ី​សាច់​ជ្រូក ហើយ​មាន​សម្ល​សាច់អសោច​នៅក្នុង​ភាជនៈ​របស់ពួកគេ
5ជា​ពួកអ្នកដែល​ពោលថា​:
‘ចូរ​ឈរនៅ​ដោយឡែក​ទៅ កុំ​ចូលមកជិត​អញ​ឡើយ ពីព្រោះ​អញ​វិសុទ្ធ​ជាង​ឯង’។
អ្នកទាំងនោះ​ជា​ផ្សែង​នៅ​រន្ធច្រមុះ​របស់យើង
ជា​ភ្លើង​ដែល​ឆេះ​វាល់ព្រឹកវាល់ល្ងាច​។
6មើល៍! មាន​សរសេរ​ទុក​នៅចំពោះ​យើង​ថា
យើង​នឹង​មិន​នៅស្ងៀម​ឡើយ
យើង​នឹង​តបសង​ជាប្រាកដ
គឺ​យើង​នឹង​តបសង​ទៅលើ​ទ្រូង​របស់ពួកគេ
7នូវ​អំពើទុច្ចរិត​របស់អ្នករាល់គ្នា
និង​អំពើទុច្ចរិត​របស់​ដូនតា​អ្នករាល់គ្នា​ផង
ដោយព្រោះ​អ្នករាល់គ្នា​បាន​ដុតគ្រឿងក្រអូប​នៅលើ​ភ្នំ​នានា
ហើយ​ត្មះតិះដៀល​យើង​នៅលើ​ទីទួល​ទាំងឡាយ
ដូច្នេះ​យើង​នឹង​វាល់​សំណង​នៃទង្វើ​ពីមុន​របស់ពួកគេ ដាក់​លើ​ទ្រូង​របស់ពួកគេ”។
8ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖
“ដូចដែល​គេ​រកបាន​ស្រាទំពាំងបាយជូរថ្មី​ក្នុង​ចង្កោមទំពាំងបាយជូរ​មួយ
ហើយ​ពោលថា​: ‘កុំ​បំផ្លាញ​វា​ឡើយ ពីព្រោះ​មាន​ពរ​នៅក្នុង​វា’ យ៉ាងណា
យើង​ក៏​ធ្វើ​យ៉ាងនោះដែរ ដោយយល់ដល់​អ្នកបម្រើ​របស់យើង
ដើម្បីកុំឲ្យ​បំផ្លាញ​ទាំងអស់​ឡើយ​។
9យើង​នឹង​ឲ្យ​មាន​ពូជពង្ស​មួយ​ចេញ​ពី​យ៉ាកុប
ក៏​នឹង​ឲ្យ​មាន​អ្នកដែល​ទទួល​ភ្នំ​របស់យើង​ជាមរតក​ចេញ​ពី​យូដា​;
ពួក​អ្នកដែលត្រូវបានជ្រើសរើស​របស់យើង​នឹង​ទទួល​ស្រុកនោះ​ជាមរតក
ហើយ​ពួក​អ្នកបម្រើ​របស់យើង​នឹង​រស់នៅ​ទីនោះ​។
10សារ៉ូន​នឹង​បានជា​វាលស្មៅ​របស់​ហ្វូងចៀម
ហើយ​ជ្រលងភ្នំ​អាកោរ​នឹង​បានជា​កន្លែងដែល​ហ្វូងគោ​ដេក
សម្រាប់​ប្រជារាស្ត្រ​របស់យើង​ដែល​ស្វែងរក​យើង​។
11រីឯ​អ្នករាល់គ្នា​ដែល​បោះបង់ចោល​ព្រះយេហូវ៉ា
ដែល​ភ្លេច​ភ្នំ​ដ៏វិសុទ្ធ​របស់យើង
ដែល​រៀប​តុអាហារ​ថ្វាយ ‘ព្រះមានលាភ’
ដែល​ចាក់​ស្រាលាយ​ឲ្យពេញ​ថ្វាយ ‘ព្រះវាសនា’
12យើង​នឹង​តម្រូវ​អ្នករាល់គ្នា​សម្រាប់​ដាវ
នោះ​អ្នកទាំងអស់គ្នា​នឹង​លុតចុះ​ឲ្យ​កាប់សម្លាប់
ដ្បិត​យើង​បាន​ហៅ ប៉ុន្តែ​អ្នករាល់គ្នា​មិន​ឆ្លើយ​ទេ
យើង​បាន​និយាយ ប៉ុន្តែ​អ្នករាល់គ្នា​មិន​ស្ដាប់តាម​ឡើយ
ហើយ​អ្នករាល់គ្នា​បាន​ប្រព្រឹត្ត​អ្វី​ដែល​អាក្រក់​ក្នុង​ភ្នែក​របស់យើង
ក៏​បាន​ជ្រើសរើស​អ្វីដែល​យើង​មិន​ពេញចិត្ត​ផង”។
13ដោយហេតុនេះ ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា មានបន្ទូល​ដូច្នេះ​ថា​៖
“មើល៍! ពួក​អ្នកបម្រើ​របស់យើង​នឹង​ហូប
ប៉ុន្តែ​អ្នករាល់គ្នា​នឹង​ឃ្លាន​!
មើល៍! ពួក​អ្នកបម្រើ​របស់យើង​នឹង​ផឹក
ប៉ុន្តែ​អ្នករាល់គ្នា​នឹង​ស្រេក​!
មើល៍! ពួក​អ្នកបម្រើ​របស់យើង​នឹង​អរសប្បាយ
ប៉ុន្តែ​អ្នករាល់គ្នា​នឹង​អាម៉ាស់មុខ​!
14មើល៍! ពួក​អ្នកបម្រើ​របស់យើង​នឹង​ស្រែកហ៊ោសប្បាយ​ដោយ​មាន​អំណរ​នៃ​ចិត្ត
ប៉ុន្តែ​អ្នករាល់គ្នា​នឹង​ស្រែកឡើង​ដោយ​មាន​ការឈឺចាប់​នៃ​ចិត្ត
ក៏​នឹង​ទ្រហោយំ​ដោយ​មាន​ការឈឺផ្សា​ខាង​វិញ្ញាណ​!
15អ្នករាល់គ្នា​នឹង​ទុក​ឈ្មោះ​របស់ខ្លួន​ឲ្យ​ពួក​អ្នកដែលត្រូវបានជ្រើសរើស​របស់យើង សម្រាប់​ជា​បណ្ដាសា
ហើយ​ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នឹង​សម្លាប់​អ្នក
ប៉ុន្តែ​ព្រះអង្គ​នឹង​ដាក់ឈ្មោះ​ផ្សេងទៀត​ឲ្យ​ពួក​បាវបម្រើ​របស់ព្រះអង្គ​។
16អ្នកដែល​ឲ្យពរ​ខ្លួនឯង​នៅលើ​ផែនដី នឹង​ឲ្យពរ​ខ្លួនឯង​ដោយនូវ​ព្រះ​ដ៏ពិតត្រង់
អ្នកដែល​ស្បថ​នៅលើ​ផែនដី នឹង​ស្បថ​ដោយ​អាង​ព្រះ​ដ៏ពិតត្រង់
ដ្បិត​ទុក្ខវេទនា​ពីមុន​ត្រូវបាន​ភ្លេច
ហើយ​ត្រូវបាន​បំបាំង​ពី​ភ្នែក​របស់យើង​ហើយ”។
ផ្ទៃមេឃថ្មី និងផែនដីថ្មី
17“ដ្បិត​មើល៍! យើង​នឹង​និម្មិតបង្កើត​ផ្ទៃមេឃ​ថ្មី និង​ផែនដី​ថ្មី
រីឯ​អ្វីៗ​ពីមុន​នឹង​មិន​ត្រូវបាន​នឹកចាំ​ឡើយ
ក៏​នឹង​មិន​ចូលមក​ក្នុង​គំនិត​ទៀត​ដែរ​;
18ផ្ទុយទៅវិញ ចូរ​រីករាយ ហើយ​ត្រេកអរ​ជារៀងរហូត​ចំពោះ​អ្វីដែល​យើង​បាន​និម្មិតបង្កើត​នោះ
ដ្បិត​មើល៍! យើង​នឹង​និម្មិតបង្កើត​យេរូសាឡិម​សម្រាប់ជា​អំណរ
ក៏​នឹង​និម្មិតបង្កើត​ប្រជាជន​របស់នាង​សម្រាប់ជា​សេចក្ដីរីករាយ​។
19យើង​នឹង​ត្រេកអរ​នឹង​យេរូសាឡិម
យើង​នឹង​រីករាយ​នឹង​ប្រជារាស្ត្រ​របស់យើង​;
សំឡេង​យំសោក និង​សំឡេង​កាន់ទុក្ខ នឹង​មិន​ឮ​នៅក្នុង​ទីក្រុងនោះ​ទៀត​ឡើយ​។
20នៅ​ទីនោះ​នឹង​លែង​មាន​ទារក​ដែលរស់បានតែ​ប៉ុន្មាន​ថ្ងៃ
ឬ​មនុស្ស​ចំណាស់​ដែល​រស់​មិន​បាន​ពេញ​អាយុ​របស់ខ្លួន​នោះ​ទៀតឡើយ
ដ្បិត​អ្នកណាដែល​ស្លាប់​ក្នុង​អាយុ​មួយរយ​ឆ្នាំ គឺរាប់ជា​ក្មេង
ហើយ​អ្នកណាដែល​អាយុ​មិនដល់​មួយរយ​ឆ្នាំ គឺរាប់ជា​អ្នកដែល​ត្រូវបណ្ដាសា​។
21គេ​នឹង​សាងសង់​ផ្ទះ ហើយ​រស់នៅ​ក្នុងនោះ
គេ​នឹង​ធ្វើ​ចម្ការទំពាំងបាយជូរ ហើយ​ហូប​ផល​របស់វា​។
22គ្មាន​ការដែល​គេ​សាងសង់ តែ​អ្នកផ្សេង​រស់នៅ​ទីនោះ​វិញ​នោះ​ទេ
គ្មាន​ការដែល​គេ​ដាំ តែ​អ្នកផ្សេង​ហូប​វិញ​នោះ​ឡើយ
ដ្បិត​អាយុ​របស់​ប្រជារាស្ត្រ​យើង​នឹងបាន​ដូចជា​អាយុ​របស់​ដើមឈើ
ហើយ​ពួក​អ្នកដែលត្រូវបានជ្រើសរើស​របស់យើង​នឹង​រីករាយ​នឹង​កិច្ចការ​នៃ​ដៃ​របស់ពួកគេ​បានយូរ​។
23ពួកគេ​នឹង​មិន​ធ្វើការនឿយហត់​ជា​ឥតប្រយោជន៍​ឡើយ
ក៏​មិន​បង្កើត​កូន​សម្រាប់​សេចក្ដីអន្តរាយ​ដែរ
ដ្បិត​ពួកគេ​ជា​ពូជពង្ស​ដ៏​មានព្រះពរ​របស់​ព្រះយេហូវ៉ា
ហើយ​កូនចៅ​របស់ពួកគេ​ក៏ដូច្នោះ​ជាមួយ​ពួកគេ​ដែរ​។
24ពេលនោះ មុនពេល​ពួកគេ​ស្រែកហៅ យើង​នឹង​ឆ្លើយ
ខណៈដែល​ពួកគេ​កំពុងតែ​និយាយ​នៅឡើយ យើង​នឹង​ស្ដាប់​។
25ចចក និង​កូនចៀម​នឹង​ស៊ីស្មៅ​ជាមួយគ្នា
តោ​នឹង​ស៊ី​ចំបើង​ដូច​គោ
រីឯ​ពស់​នឹង​មាន​ធូលី​ជា​អាហារ​របស់វា
វា​នឹង​មិន​ធ្វើអាក្រក់
ក៏​មិន​បំផ្លាញ​នៅ​ភ្នំ​ដ៏វិសុទ្ធ​ទាំងមូល​របស់យើង​ឡើយ”។
ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ហើយ​៕

Currently Selected:

អេសាយ 65: GKHB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy