ដានីយ៉ែល 1
1
ដានីយ៉ែលជាប់ជាឈ្លើយសឹកនៅបាប៊ីឡូន
1នៅឆ្នាំទីបីនៃរជ្ជកាលរបស់យេហូយ៉ាគីមស្ដេចនៃយូដា នេប៊ូក្នេសាស្ដេចនៃបាប៊ីឡូន បានយាងមកយេរូសាឡិម ហើយឡោមព័ទ្ធទីក្រុងនោះ។ 2ព្រះអម្ចាស់ទ្រង់ប្រគល់យេហូយ៉ាគីមស្ដេចនៃយូដាទៅក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសា ព្រមទាំងភាជនៈមួយចំនួននៅក្នុងដំណាក់របស់ព្រះផង នោះទ្រង់ក៏នាំទៅដែនដីស៊ីណើរ ទៅវិហារនៃព្រះរបស់ទ្រង់ ហើយដាក់ភាជនៈទាំងនោះក្នុងឃ្លាំងសម្បត្តិនៃព្រះរបស់ទ្រង់។
3ពេលនោះ ស្ដេចទ្រង់បញ្ជាអាសផ្នាសមេមហាតលិករបស់ទ្រង់ ឲ្យនាំកូនចៅអ៊ីស្រាអែលខ្លះពីពូជពង្សស្ដេច និងពីពួកអភិជនមក 4ជាយុវជនដែលឥតមានភាពខ្ចោះណាមួយនៅលើពួកគេ មានរូបឆោមល្អ ឈ្លាសវៃក្នុងគ្រប់ទាំងប្រាជ្ញា ចេះចំណេះដឹង មានការយល់ច្បាស់ក្នុងចំណេះវិជ្ជា ហើយមានសមត្ថភាពឈរចាំបម្រើក្នុងរាជវាំងរបស់ស្ដេច ដើម្បីបង្រៀនពួកគេនូវអក្សរសាស្ដ្រ និងភាសារបស់ជនជាតិខាល់ដេ។ 5ស្ដេចទ្រង់តម្រូវចំណែកប្រចាំថ្ងៃសម្រាប់ពួកគេពីអាហាររបស់អង្គទ្រង់ និងពីស្រាទំពាំងបាយជូរដែលទ្រង់សោយ ហើយឲ្យបង្ហាត់ពួកគេបីឆ្នាំ។ លុះផុតពេលវេលានោះ ពួកគេត្រូវបម្រើនៅចំពោះស្ដេច។ 6រីឯក្នុងអ្នកទាំងនោះ មានដានីយ៉ែល ហាណានា មីសាអែល និងអ័សារា ពីកូនចៅយូដា។ 7មេមហាតលិកក៏ដាក់ឈ្មោះឲ្យពួកគេ គឺដានីយ៉ែល លោកដាក់ឈ្មោះថាបេលថិស្សាសារ; ហាណានា លោកដាក់ឈ្មោះថាសាដ្រាក់; មីសាអែល លោកដាក់ឈ្មោះថាមែសាក់; អ័សារា លោកដាក់ឈ្មោះថាអ័បេឌនេកោ។
ភាពស្មោះត្រង់របស់ដានីយ៉ែល
8ដានីយ៉ែលបានសម្រេចក្នុងចិត្តថា មិនឲ្យខ្លួនទៅជាសៅហ្មងដោយអាហាររបស់ស្ដេច ឬដោយស្រាទំពាំងបាយជូរដែលទ្រង់សោយនោះឡើយ ដូច្នេះគាត់ក៏សុំមេមហាតលិក ដើម្បីកុំឲ្យខ្លួនទៅជាសៅហ្មង។ 9ព្រះបានប្រោសឲ្យដានីយ៉ែលទទួលការគាប់ចិត្ត និងក្ដីមេត្តានៅចំពោះមេមហាតលិក 10ឯមេមហាតលិកក៏និយាយនឹងដានីយ៉ែលថា៖ “យើងខ្លាចស្ដេចជាចៅហ្វាយរបស់យើង ដែលបានតម្រូវអាហាររបស់ពួកអ្នក និងគ្រឿងផឹករបស់ពួកអ្នក។ ហេតុអ្វីបានជាត្រូវឲ្យទ្រង់ទតឃើញមុខពួកអ្នកអាក្រក់ជាងពួកយុវជនដែលស្រករនឹងអាយុរបស់ពួកអ្នក? ធ្វើដូច្នោះ ពួកអ្នកធ្វើឲ្យយើងប្រថុយក្បាលនៅចំពោះស្ដេចហើយ!”។
11ពេលនោះ ដានីយ៉ែលនិយាយនឹងមេការដែលមេមហាតលិកបានតាំងឲ្យត្រួតលើដានីយ៉ែល ហាណានា មីសាអែល និងអ័សារាថា៖ 12“សូមសាកល្បងបាវបម្រើរបស់លោកដប់ថ្ងៃមើល៍ចុះ! សូមឲ្យយើងខ្ញុំហូបតែបន្លែ ហើយផឹកតែទឹកប៉ុណ្ណោះ 13រួចសូមលោកពិនិត្យមើលភិនភាគយើងខ្ញុំ និងភិនភាគពួកយុវជនដែលហូបអាហាររបស់ស្ដេច ហើយប្រព្រឹត្តនឹងបាវបម្រើរបស់លោកតាមអ្វីដែលលោកយល់ឃើញចុះ”។ 14លោកក៏ស្ដាប់តាមពួកគេក្នុងរឿងនេះ ហើយសាកល្បងពួកគេដប់ថ្ងៃ។ 15លុះផុតដប់ថ្ងៃទៅ ភិនភាគពួកគេត្រូវបានឃើញថាប្រសើរជាង ហើយធាត់ជាងអស់ទាំងពួកយុវជនដែលហូបអាហាររបស់ស្ដេចទៅទៀត។ 16ដូច្នេះ មេការក៏យកអាហាររបស់ពួកគេ និងស្រាទំពាំងបាយជូរជាគ្រឿងផឹករបស់ពួកគេចេញ ហើយឲ្យបន្លែដល់ពួកគេវិញ។
ព្រះប្រទានប្រាជ្ញា
17រីឯយុវជនទាំងបួននាក់នេះ ព្រះបានប្រទានចំណេះដឹងដល់ពួកគេ ហើយឲ្យឈ្លាសវៃក្នុងគ្រប់ទាំងអក្សរសាស្ត្រ និងប្រាជ្ញា ព្រមទាំងឲ្យដានីយ៉ែលបានយល់ច្បាស់នូវអស់ទាំងនិមិត្ត និងយល់សប្តិ។ 18លុះផុតថ្ងៃទាំងនោះ ហើយដល់ពេលកំណត់ដែលស្ដេចបានមានរាជឱង្ការឲ្យនាំពួកគេមក មេមហាតលិកក៏នាំពួកគេមកនៅចំពោះនេប៊ូក្នេសា។ 19ស្ដេចមានរាជឱង្ការនឹងពួកគេ ហើយក្នុងចំណោមពួកគេទាំងអស់នោះ ទ្រង់រកមិនឃើញអ្នកណាផ្ទឹមស្មើនឹងដានីយ៉ែល ហាណានា មីសាអែល និងអ័សារាឡើយ ដូច្នេះពួកគេក៏បានបម្រើនៅចំពោះស្ដេច។ 20គ្រប់ទាំងរឿងខាងប្រាជ្ញា និងការយល់ដឹង ដែលស្ដេចបានសួរពួកគេ នោះក៏ឃើញថាពួកគេលើសជាងអស់ទាំងពួកគ្រូធ្មប់ និងពួកហោរ ដែលនៅក្នុងអាណាចក្ររបស់ទ្រង់ទាំងមូល ដប់ដងទៅទៀត។ 21ដានីយ៉ែលនៅចំពោះស្ដេច#1:21 ចំពោះស្ដេច―ជាពាក្យជំនួយ។ រហូតដល់ឆ្នាំទីមួយនៃរជ្ជកាលរបស់ព្រះបាទស៊ីរូស៕
Currently Selected:
ដានីយ៉ែល 1: GKHB
Highlight
Share
Compare
Copy
Want to have your highlights saved across all your devices? Sign up or sign in
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative