YouVersion Logo
Search Icon

រ៉ូម 8:18-39

រ៉ូម 8:18-39 គកស១៦

ខ្ញុំ​យល់​ឃើញ​ថា ទុក្ខ​លំបាក​នៅ​ពេល​បច្ចុប្បន្ន​នេះ មិន​អាច​ប្រៀប​ផ្ទឹម​នឹង​សិរី‌ល្អ ដែល​ត្រូវ​បើក​សម្ដែង​ឲ្យ​យើង​ឃើញ​បាន​ឡើយ។ ដ្បិត​អ្វីៗ​សព្វ​សារ​ពើ​ដែល​ព្រះ​បង្កើត​មក កំពុង​អន្ទះ​អន្ទែង រង់​ចាំ​ពួក​កូន​របស់​ព្រះ​លេច​មក ព្រោះ​អ្វីៗ​សព្វ​សារ​ពើ​ដែល​ព្រះ​បង្កើត​មក បែរ​ទៅ​ជា​ឥត​ប្រយោជន៍ មិន​មែន​ដោយ​ស្ម័គ្រ​ពី​ចិត្ត តែ​ដោយ​ព្រះ‌អង្គ​ដែល​បាន​តម្រូវ ដោយ​សង្ឃឹម​ថា អ្វីៗ​សព្វ​សារ​ពើ​ដែល​ព្រះ​បង្កើត​មក នឹង​បាន​រួច​ពី​ចំណង​នៃ​សេចក្តី​ពុក​រលួយ ហើយ​នឹង​បាន​សេរីភាព​នៃ​សិរី‌ល្អ​របស់​ពួក​កូន​ព្រះ។ យើង​ដឹង​ថា អ្វីៗ​សព្វ​សារ​ពើ​ទាំង​អស់​ដែល​ព្រះ​បង្កើត​មក កំពុង​ស្រែក​ថ្ងូរ​ទាំង​ឈឺ​ចាប់​ដូច​ស្ដ្រី​ហៀប​សម្រាល​កូន រហូត​មក​ទល់​ពេល​នេះ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ សូម្បី​តែ​ខ្លួន​យើង​ផ្ទាល់​ដែល​មាន​ផល​ដំបូង​របស់​ព្រះ‌វិញ្ញាណ ក៏​ថ្ងូរ​ក្នុង​ខ្លួន​ដែរ ទាំង​រង់​ចាំ​ការ​ទទួល​ជា​កូន គឺ​ជា​ការ​ប្រោស​លោះ​រូប‌កាយ​របស់​យើង។ ដ្បិត​យើង​បាន​សង្គ្រោះ​ដោយ​សង្ឃឹម តែ​សង្ឃឹម​ដែល​មើល​ឃើញ នោះ​មិន​ហៅ​ថា​សង្ឃឹម​ទេ ដ្បិត​អ្វី​ដែល​មើល​ឃើញ​ហើយ តើ​សង្ឃឹម​ធ្វើ​អ្វី​ទៀត? តែ​បើ​យើង​សង្ឃឹម​លើ​អ្វី​ដែល​មើល​មិន​ឃើញ នោះ​យើង​រង់​ចាំ​ដោយ​អំណត់។ ព្រះ‌វិញ្ញាណ​ក៏​ជួយ​ដល់​ភាព​ទន់​ខ្សោយ​របស់​យើង​បែប​ដូច្នោះ​ដែរ ដ្បិត​យើង​មិន​ដឹង​ថា​គួរ​អធិស្ឋាន​ដូច​ម្តេច​ទេ តែ​ព្រះ‌វិញ្ញាណ​ផ្ទាល់ ទ្រង់​ទូល​អង្វរ​ជំនួស​យើង ដោយ​ដំងូរ​ដែល​រក​ថ្លែង​ពុំ​បាន។ ឯ​ព្រះ‌អង្គ​ដែល​ឈ្វេង​យល់​ចិត្ត ទ្រង់​ជ្រាប​ពី​គំនិត​របស់​ព្រះ‌វិញ្ញាណ ព្រោះ​ព្រះ‌វិញ្ញាណ​ទូល​អង្វរ​ឲ្យ​ពួក​បរិសុទ្ធ ស្រប​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ។ យើង​ដឹង​ថា គ្រប់​ការ​ទាំង​អស់ ផ្សំ​គ្នា​ឡើង​សម្រាប់​ជា​សេចក្តី​ល្អ ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​អស់​អ្នក​ដែល​ព្រះ‌អង្គ​ត្រាស់​ហៅ ស្រប​តាម​គម្រោង​ការ​របស់​ព្រះ‌អង្គ។ ដ្បិត​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ស្គាល់​ជា​មុន ទ្រង់​ក៏​តម្រូវ​ទុក​ជា​មុន ឲ្យ​បាន​ត្រឡប់​ដូច​ជា​រូប​អង្គ​នៃ​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ ដើម្បី​ឲ្យ​ព្រះ‌រាជ‌បុត្រា​បាន​ធ្វើ​ជា​កូន​ច្បង ក្នុង​ចំណោម​បង‌ប្អូន​ជា​ច្រើន។ ឯ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​តម្រូវ​ទុក​ជា​មុន ទ្រង់​ក៏​បាន​ត្រាស់​ហៅ ហើយ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ ទ្រង់​ក៏​រាប់​ជា​សុចរិត ហើយ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​រាប់​ជា​សុចរិត ទ្រង់​ក៏​លើក​តម្កើង។ ដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូច​ម្តេច​ពី​សេចក្តី​ទាំង​នេះ? ប្រសិន‌បើ​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន? ព្រះ‌អង្គ​ដែល​មិន​បាន​សំចៃ​ទុក​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ​ផ្ទាល់ គឺ​បាន​លះ​បង់​ព្រះ​រាជ​បុត្រា​សម្រាប់​យើង​រាល់​គ្នា តើ​ទ្រង់​មិន​ប្រទាន​អ្វីៗ​ទាំង​អស់​មក​យើង រួម​ជា​មួយ​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ​ដែរ​ទេ​ឬ? តើ​អ្នក​ណា​អាច​ចោទ​ប្រកាន់​ទាស់​នឹង​ពួក​រើស​តាំង​របស់​ព្រះ​បាន? ដ្បិត​គឺ​ព្រះ​ហើយ​ដែល​រាប់​គេ​ជា​សុចរិត។ តើ​អ្នក​ណា​អាច​កាត់​ទោស​គេ​បាន? ដ្បិត​គឺ​ព្រះ‌គ្រីស្ទ​យេស៊ូវ​ហើយ​ដែល​បាន​សុគត មែន​ហើយ! ព្រះ‌អង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ព្រះ‌អង្គ​គង់​នៅ​ខាង​ស្តាំ​ព្រះ‌ហស្ត​របស់​ព្រះ គឺ​ព្រះ‌អង្គ​ហើយ​ជា​អ្នក​ទូល​អង្វរ​ឲ្យ​យើង។ តើ​អ្នក​ណា​អាច​ពង្រាត់​យើង​ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ‌គ្រីស្ទ​បាន? តើ​ទុក្ខ​លំបាក ឬ​សេចក្ដី​វេទនា ការ​បៀត​បៀន ការ​អត់​ឃ្លាន ភាព​អាក្រាត សេចក្តី​អន្តរាយ ឬ​មួយ​ដាវ? ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «ដោយ​ព្រោះ​ព្រះ‌អង្គ យើង​ត្រូវ​គេ​សម្លាប់​វាល់​ព្រឹក​វាល់​ល្ងាច គេ​រាប់​យើង​ទុក​ដូច​ជា​ចៀម​ដែល​ត្រូវ​គេ​យក​ទៅ​សម្លាប់ »។ ទេ ក្នុង​គ្រប់​សេចក្តី​ទាំង​នេះ យើង​វិសេស​លើស​ជាង​អ្នក​ដែល​មាន​ជ័យ​ជម្នះ​ទៅ​ទៀត តាម​រយៈ​ព្រះ‌អង្គ​ដែល​បាន​ស្រឡាញ់​យើង។ ដ្បិត​ខ្ញុំ​ជឿ​ជាក់​ថា ទោះ​ជា​សេចក្ដី​ស្លាប់​ក្ដី ជីវិត​ក្ដី ពួក​ទេវតា​ក្ដី ពួក​គ្រប់​គ្រង​ក្ដី អ្វីៗ​នា​ពេល​បច្ចុប្បន្ន​នេះ​ក្ដី អ្វីៗ​នៅ​ពេល​អនាគត​ក្ដី អំណាច​នានា​ក្ដី ទី​មាន​កម្ពស់​ក្ដី ទី​ជម្រៅ​ក្ដី ឬ​អ្វីៗ​ផ្សេង​ទៀត​ដែល​ព្រះ​បង្កើត​មក​ក្តី ក៏​មិន​អាច​ពង្រាត់​យើង ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​របស់​យើង​បាន​ឡើយ។

Free Reading Plans and Devotionals related to រ៉ូម 8:18-39