YouVersion Logo
Search Icon

ម៉ាថាយ ពាក្យ​លំនាំ

ពាក្យ​លំនាំ
លោក​ម៉ាថាយ ជា​អ្នក​ទារ‌ពន្ធ​ជាតិ​យូដា​ម្នាក់ ដែល​ពី​ដើម​មាន​ឈ្មោះ​ថា​លេវី។ ព្រះ‌យេស៊ូវ​បាន​ត្រាស់​ហៅ​លោក​មក​ធ្វើ​ជា​សិស្ស ព្រម​ទាំង​បាន​តែង​តាំង​លោក​ជា​សាវក​ផង។
គោល​បំណង​របស់​លោក​ម៉ាថាយ
លោក​បាន​តែង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​នេះ ក្រោម​ការ​បំភ្លឺ​របស់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដើម្បី​ណែនាំ​ជនជាតិ​យូដា​ឲ្យ​ជឿ​ថា ព្រះ‌យេស៊ូវ​ពិត​ជា​ព្រះ‌គ្រីស្ទ ដែល​បាន​យាង​មក​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ។ លោក​ចង់​បង្ហាញ​ថា ព្រះ‌យេស៊ូវ​យាង​មក​ក្នុង​លោក​នេះ ដើម្បី​បំពេញ​កិច្ច‌ការ​ទាំង​អស់ ស្រប​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ​កាល​ពី​ដើម និង​ស្រប​តាម​ពាក្យ​ដែល​ពួក​ហោរា​ថ្លែង​ទុក​មក​ផង​ដែរ។
លោក​ម៉ាថាយ​ចង់​ពន្យល់​ទៀត​ថា ព្រះ‌យេស៊ូវ​ក៏​ដូច​ជា​លោក​ម៉ូសេ​ដែរ ព្រះ‌អង្គ​យាង​មក​ប្រទាន​ក្រឹត្យ‌វិន័យ តែ​ក្រឹត្យ‌វិន័យ​ថ្មី​នេះ​ធ្វើ​ឲ្យ​ក្រឹត្យ‌វិន័យ​ពី​ដើម​មាន​អត្ថន័យ និង​មាន​តម្លៃ​ពេញ​លក្ខណៈ​ថែម​ទៀត។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​ចូល​ចិត្ដ​ដក​ស្រង់​ឃ្លា​ជា​ច្រើន​ពី​ព្រះ‌គម្ពីរ​សញ្ញា​ចាស់ ដែល​ជនជាតិ​យូដា​ចាំ​ច្បាស់​មក​ចម្លង​ដាក់​ក្នុង​គម្ពីរ​របស់​លោក ដើម្បី​ធ្វើ​ជា​ភស្ដុតាង​បញ្ជាក់​ថា ព្រះ‌យេស៊ូវ​ពិត​ជា​យាង​មក​ផ្ដល់​អត្ថន័យ​ឲ្យ​ព្រះ‌គម្ពីរ​សញ្ញា​ចាស់​បាន​ពេញ‌លេញ។
លោក​ម៉ាថាយ​ក៏​ចង់​ពន្យល់​ជនជាតិ​យូដា​ថា ក្រុម​គ្រីស្ទ‌បរិស័ទ​គ្រប់​ជាតិ​គ្រប់​សាសន៍​ពិត​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ។ រីឯ​ជនជាតិ​អ៊ីស្រា‌អែល​ដែល​មិន​ព្រម​ជឿ​ព្រះ‌យេស៊ូវ លែង​មាន​សិទ្ធិ​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ទៀត​ហើយ។ លោក​ម៉ាថាយ​យក​ចិត្ដ​ទុក​ដាក់​ដាស់​តឿន ក្រុម​គ្រីស្ទ‌បរិស័ទ​ដែល​ហៅ​ថា "ក្រុម‌ជំនុំ" ដ្បិត​ក្រុម​ជំនុំ​នេះ​ហើយ ដែល​បាន​ទទួល​អំណាច​ពី​ព្រះ‌គ្រីស្ទ និង​បន្ដ​បេសកកម្ម​របស់​ព្រះ‌អង្គ​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ។
លោក​ម៉ាថាយ​សរសេរ​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​នេះ​តាម​គំនិត​របស់​ជនជាតិ​យូដា គឺ​លោក​មិន​ហ៊ាន​សរសេរ​ព្រះ‌នាម​របស់​ព្រះ​ទេ តែ​លោក​ប្រើ​ពាក្យ «ស្ថាន‌សួគ៌» ជំនួស​វិញ ឧទាហរណ៍ លោក​ប្រើ​ពាក្យ «ព្រះរាជ្យ​នៃ​ស្ថាន​សួគ៌» ជំនួស​ពាក្យ «ព្រះរាជ្យ​របស់​ព្រះ»។
អ្នក​អាន​មុខ​ជា​ឃើញ​ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​ម៉ាថាយ​ថា ព្រះ‌យេស៊ូវ​យាង​មក​ផែនដី​នេះ ដើម្បី​កសាង​ពិភព​លោក​មួយ​ថ្មី គឺ «ព្រះរាជ្យ​របស់​ព្រះ» ហើយ​ព្រះ‌អង្គ​ប្រៀន​ប្រដៅ​អស់​អ្នក​ដែល​មក​តាម​ព្រះ‌អង្គ​អំពី​របៀប​រស់​នៅ​សម​ស្រប​នឹង​ព្រះរាជ្យ​នៃ​ព្រះ​នេះ ដើម្បី​ឲ្យ​គេ​អាច​ធ្វើ​ជា​បន្ទាល់ នាំ​ដំណឹង​ល្អ​អំពី​ព្រះរាជ្យ​របស់​ព្រះ​ទៅ​ប្រកាស​ប្រាប់​មនុស្ស​ទាំង​អស់​នៅ​សព្វ​ទី​កន្លែង រហូត​ដល់​អវសាន‌កាល​នៃ​ពិភព​លោក។
គម្រោង​របស់​គម្ពីរ​ម៉ាថាយ៖
• បញ្ជីរាយ​នាម​បុព្វ‌បុរស​របស់​ព្រះ‌យេស៊ូវ និង​ការ​ប្រសូត​របស់​ព្រះ‌អង្គ (១.១-២.២៣)
• បេសកកម្ម​របស់​លោក​យ៉ូហាន-បាទីស្ទ (៣.១-១២)
• ព្រះ‌យេស៊ូវ​ទទួល​ពិធី​ជ្រមុជ​ទឹក និង​ឈ្នះ​ការ​ល្បួង (៣.១៣-៤.១១)
• ព្រះ‌យេស៊ូវ​ប្រកាស​ដំណឹង​ល្អ​នៅ​ស្រុក​កាលីឡេ (៤.១២-១៨.៣៥)
• ព្រះ‌យេស៊ូវ​យាង​ពី​ស្រុក​កាលីឡេ​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡិម (១៩.១-២៩.៣៤)
• សបា្ដហ៍​ចុង​ក្រោយ​នៅ​ក្រុង​យេរូ‌សាឡិម និង​ភូមិ​ដែល​នៅ​ជុំ‌វិញ (២១.១-២៧.៦៦)
• ព្រះ‌យេស៊ូវ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ និង​បង្ហាញ​ខ្លួន​ឲ្យ​អ្នក​ជឿ​ឃើញ (២៨.១-២០)

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy