យ៉ូប 37
37
1ពេលនេះធ្វើឲ្យបេះដូងខ្ញុំញ័រ
វាលោតខុសចង្វាក់ហើយ។
2ចូរស្តាប់ ឱសូមស្តាប់សូរគឹកកង
នៃសំឡេងព្រះអង្គផង
គឺជាសូររំពងពីព្រះឧស្ឋរបស់ព្រះអង្គ
3ព្រះអង្គតែងកម្ចាយឲ្យឮពេញក្រោមផ្ទៃមេឃ
ព្រះអង្គឲ្យឃើញផ្លេកបន្ទោររបស់ព្រះអង្គ
ទៅដល់ចុងផែនដីបំផុត
4រួចមកមានឮសូរគំរាមគ្រាំគ្រេង
ព្រះអង្គបញ្ចេញផ្គរដោយសំឡេងនៃឫទ្ធានុភាពព្រះអង្គ
ព្រះអង្គមិនឃាត់ផ្លេកបន្ទោរ
ក្នុងកាលដែលសំឡេងព្រះអង្គបានឮនោះទេ។
5ព្រះបញ្ចេញសំឡេងជាផ្គរលាន់យ៉ាងអស្ចារ្យ
ក៏ធ្វើការយ៉ាងធំដែលយើងរាល់គ្នា
រកយល់មិនបាន។
6ដ្បិតព្រះអង្គបង្គាប់ដល់ហិមៈថា
"ចូរធ្លាក់ទៅលើផែនដី"
ក៏បង្គាប់ដល់ភ្លៀងមួយមេ
និងភ្លៀងធំរបស់ព្រះអង្គយ៉ាងដូច្នោះដែរ។
7ព្រះអង្គបំបិទដៃមនុស្សទាំងឡាយ
ដើម្បីឲ្យមនុស្សទាំងប៉ុន្មាន
ដែលព្រះអង្គបានបង្កើតបានដឹង។
8គ្រានោះ សត្វព្រៃរកទីជ្រក
ហើយក៏នៅតែក្នុងរូងរបស់វា។
9ខ្យល់ព្យុះផាត់មកពីទិសខាងត្បូង
ហើយរងាក៏មកពីខាងជើង។
10ព្រះទ្រង់ប្រទានឲ្យមានទឹកកក
ដោយសារខ្យល់ដង្ហើមព្រះអង្គ
ឯទីទឹកទាំងប៉ុន្មានក៏កករួញទៅដែរ។
11ព្រះអង្គផ្ទុកពពកយ៉ាងក្រាស់ ដោយចំហាយទឹក
ហើយព្រះអង្គផ្សាយពពក
នៃផ្លេកបន្ទោរព្រះអង្គឲ្យសុសសាយ។
12ពពកនោះក៏អណ្តែត្រសែត
ទៅតាមព្រះហឫទ័យព្រះអង្គ
ដើម្បីឲ្យបានធ្វើគ្រប់ទាំងអស់ដែលព្រះអង្គបង្គាប់
នៅលើទីផ្សេងៗនៅផែនដី
ដែលមានមនុស្សនៅ។
13ព្រះអង្គធ្វើឲ្យកើតយ៉ាងដូច្នេះ
ដើម្បីជាការផ្ចាញ់ផ្ចាល
ឬសម្រាប់ស្រោចដីគេ
ដោយសេចក្ដីសប្បុរសរបស់ព្រះអង្គ។
14ឱលោកយ៉ូបអើយ សូមស្តាប់សេចក្ដីនេះចុះ
សូមឈរឲ្យនឹង ហើយពិចារណា
អស់ទាំងការអស្ចារ្យរបស់ព្រះសិន។
15តើលោកជ្រាបពីព្រះដាក់កម្រិតរបស់ទាំងនោះ
ជាយ៉ាងណា
ពីព្រះអង្គធ្វើឲ្យផ្លេកបន្ទោរ
នៃពពកព្រះអង្គភ្លឺផ្លេកៗដូចម្តេចឬទេ?
16តើលោកយល់ពីទម្ងន់នៃពពកជាយ៉ាងណា
គឺជាកិច្ចការអស្ចារ្យរបស់ព្រះ
ដ៏មានតម្រិះសព្វគ្រប់ឬទេ?
17តើលោកជ្រាបពីហេតុអ្វី
ដែលសម្លៀកបំពាក់លោកក្តៅពេក
ក្នុងកាលដែលផែនដីស្ងប់
ដោយខ្យល់បក់មកពីខាងត្បូងឬ?
18តើលោកអាចនឹងជួយព្រះអង្គក្នុងការផែផ្ទៃមេឃ
រឹងជាងផែនកញ្ចក់សិតបានឬទេ?
19សូមបង្ហាញសេចក្ដីដែលយើងរាល់គ្នា
ត្រូវទូលដល់ព្រះអង្គ
ដ្បិតនៅក្នុងសេចក្ដីងងឹតដែលគ្របលើយើង
នោះយើងមិនចេះរៀបចំពាក្យសម្ដីទេ។
20តើត្រូវមានអ្នកណាទូលព្រះអង្គ
ពីខ្ញុំកំពុងតែទូលឬ?
បើអ្នកណាទូល
នោះនឹងត្រូវលេបបាត់ជាពិតប្រាកដ។
21រីឯមនុស្ស គេមើលថ្ងៃដែលភ្លឺ
នៅលើមេឃមិនឃើញទេ
ទាល់តែមានខ្យល់បក់មកផាត់
ពពកឲ្យស្រឡះទៅ។
22ពីទិសខាងជើងមានចេញជារស្មីដ៏រុងរឿង
តែព្រះមានឫទ្ធានុភាពគួរស្ញែងខ្លាច។
23ឯព្រះដ៏មានគ្រប់ព្រះចេស្តា
យើងរាល់គ្នាពុំអាចនឹងរកព្រះអង្គឃើញទេ
ព្រះអង្គមានតេជានុភាពដ៏ខ្ពស់បំផុត
តែដោយព្រះអង្គមានសេចក្ដីយុត្តិធម៌
និងសេចក្ដីសុចរិតពោរពេញ
បានជាព្រះអង្គនឹងមិនធ្វើទុក្ខទេ។
24ហេតុនោះបានជាមនុស្ស
តែងតែកោតខ្លាចព្រះអង្គ
តែព្រះអង្គមិនយោគយល់អ្នកណា
ដោយសារគេមានប្រាជ្ញានោះទេ»។
Currently Selected:
យ៉ូប 37: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies