យ៉ូហាន 5:24-47
យ៉ូហាន 5:24-47 គកស១៦
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលស្តាប់ពាក្យខ្ញុំ ហើយជឿដល់ព្រះអង្គដែលចាត់ខ្ញុំឲ្យមក អ្នកនោះមានជីវិតអស់កល្បជានិច្ច ហើយមិនត្រូវជំនុំជម្រះឡើយ គឺបានរួចផុតពីសេចក្តីស្លាប់ទៅដល់ជីវិតវិញ។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ពេលវេលានោះនឹងមកដល់ គឺឥឡូវនេះហើយ ដែលមនុស្សស្លាប់នឹងឮសំឡេងព្រះរាជបុត្រារបស់ព្រះ ហើយអស់អ្នកណាដែលឮនឹងបានរស់។ ដ្បិតដែលព្រះវរបិតាមានជីវិតក្នុងអង្គទ្រង់យ៉ាងណា ព្រះអង្គក៏បានប្រទានឲ្យព្រះរាជបុត្រាមានជីវិត ក្នុងអង្គទ្រង់យ៉ាងនោះដែរ ហើយព្រះវរបិតាបានប្រទានឲ្យព្រះរាជបុត្រា មានអំណាចជំនុំជម្រះ ព្រោះព្រះអង្គជាកូនមនុស្ស។ កុំឲ្យឆ្ងល់ពីសេចក្តីនេះឡើយ ដ្បិតពេលវេលានោះនឹងមកដល់ ដែលអស់ទាំងខ្មោចនៅក្នុងផ្នូរនឹងឮសំឡេងព្រះអង្គ ហើយចេញមក។ អ្នកដែលបានប្រព្រឹត្តល្អ គេនឹងរស់ឡើងវិញឲ្យបានជីវិត ហើយពួកអ្នកដែលបានប្រព្រឹត្តអាក្រក់ គេនឹងរស់ឡើងវិញឲ្យជាប់មានទោស»។ «ខ្ញុំមិនអាចធ្វើអ្វីដោយខ្លួនខ្ញុំបានទេ ខ្ញុំជំនុំជម្រះតាមដែលខ្ញុំឮ ហើយការជំនុំជម្រះរបស់ខ្ញុំសុចរិត ព្រោះខ្ញុំមិនធ្វើតាមបំណងចិត្តខ្ញុំទ្បើយ គឺតាមព្រះហឫទ័យរបស់ព្រះអង្គដែលចាត់ខ្ញុំឲ្យមក។ ប្រសិនបើខ្ញុំធ្វើបន្ទាល់ពីខ្លួនខ្ញុំ បន្ទាល់របស់ខ្ញុំមិនពិតទេ។ ប៉ុន្តែ មានម្នាក់ទៀតដែលធ្វើបន្ទាល់អំពីខ្ញុំ ហើយខ្ញុំដឹងថា បន្ទាល់ដែលអ្នកនោះថ្លែងអំពីខ្ញុំ នោះពិតប្រាកដមែន។ អ្នករាល់គ្នាបានចាត់គេឲ្យទៅរកលោកយ៉ូហាន ហើយលោកក៏ធ្វើបន្ទាល់តាមសេចក្តីពិត។ បន្ទាល់ដែលខ្ញុំទទួលមិនមែនមកពីមនុស្សទេ ប៉ុន្តែ ខ្ញុំនិយាយសេចក្តីទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នាបានសង្គ្រោះ។ ឯលោកយ៉ូហាន លោកជាចង្កៀងដែលឆេះ ហើយភ្លឺ អ្នករាល់គ្នាក៏ចូលចិត្ត អរសប្បាយក្នុងពន្លឺរបស់លោកមួយគ្រាដែរ។ ប៉ុន្តែ ខ្ញុំមានបន្ទាល់ វិសេសជាងបន្ទាល់របស់លោកយ៉ូហានទៅទៀត ព្រោះកិច្ចការដែលព្រះវរបិតាបានប្រគល់ឲ្យខ្ញុំបង្ហើយ គឺកិច្ចការដែលខ្ញុំធ្វើនេះហើយ ដែលធ្វើបន្ទាល់អំពីខ្ញុំថា ព្រះវរបិតាបានចាត់ខ្ញុំឲ្យមក។ ព្រះវរបិតាដែលចាត់ខ្ញុំឲ្យមក ទ្រង់បានធ្វើបន្ទាល់អំពីខ្ញុំ ហើយអ្នករាល់គ្នាមិនដែលឮសំឡេងព្រះអង្គ ក៏មិនដែលឃើញរូបរាងព្រះអង្គផង។ អ្នករាល់គ្នាគ្មានព្រះបន្ទូលរបស់ព្រះអង្គ នៅជាប់ក្នុងខ្លួនសោះ ព្រោះអ្នករាល់គ្នាមិនជឿព្រះអង្គ ដែលព្រះវរបិតាបានចាត់ឲ្យមក។ អ្នករាល់គ្នាសិក្សាគម្ពីរ ដោយស្មានថា បានជីវិតអស់កល្បជានិច្ចពីគម្ពីរនោះ ដ្បិតគម្ពីរនោះហើយ ដែលធ្វើបន្ទាល់អំពីខ្ញុំ តែអ្នករាល់គ្នាមិនព្រមមករកខ្ញុំ ឲ្យបានជីវិតឡើយ។ ខ្ញុំមិនទទួលកិត្តិសព្ទពីមនុស្សទេ។ ប៉ុន្តែ ខ្ញុំដឹងថា អ្នករាល់គ្នាគ្មានសេចក្តីស្រឡាញ់របស់ព្រះនៅក្នុងខ្លួនសោះ។ ខ្ញុំមកក្នុងព្រះនាមរបស់ព្រះវរបិតាខ្ញុំ តែអ្នករាល់គ្នាមិនទទួលខ្ញុំទេ ប្រសិនបើមានអ្នកណាម្នាក់ទៀតមក ក្នុងនាមរបស់គេ អ្នករាល់គ្នានឹងទទួលអ្នកនោះវិញ។ ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាជឿបាន បើអ្នករាល់គ្នាទទួលកិត្តិសព្ទតែពីគ្នាទៅវិញទៅមក តែមិនស្វែងរកកិត្តិសព្ទដែលមកពីព្រះអង្គ ជាព្រះតែមួយអង្គដូច្នេះ? កុំស្មានថា ខ្ញុំនឹងប្តឹងព្រះវរបិតាពីអ្នករាល់គ្នានោះឡើយ មានម្នាក់ដែលប្តឹងពីអ្នករាល់គ្នាហើយ គឺលោកម៉ូសេ ដែលអ្នករាល់គ្នាយកជាទីសង្ឃឹម។ ប្រសិនបើអ្នករាល់គ្នាជឿដល់លោកម៉ូសេ អ្នករាល់គ្នានឹងជឿដល់ខ្ញុំមិនខាន ព្រោះលោកបានចែងទុកអំពីខ្ញុំ។ ប៉ុន្តែ បើអ្នករាល់គ្នាមិនជឿសេចក្តីដែលលោកបានចែងទុកមកទេ ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាជឿពាក្យរបស់ខ្ញុំបាន?»