យ៉ូហាន 15:1-12
យ៉ូហាន 15:1-12 គកស១៦
«ខ្ញុំជាដើមទំពាំងបាយជូរដ៏ពិត ហើយព្រះវរបិតាខ្ញុំជាអ្នកដាំ។ អស់ទាំងមែកណាដុះចេញពីខ្ញុំ ដែលមិនបង្កើតផលផ្លែ ព្រះអង្គកាត់ចោល តែអស់ទាំងមែកណាដែលបង្កើតផលផ្លែ ព្រះអង្គលួសមែកនោះវិញ ដើម្បីឲ្យបានផលផ្លែជាច្រើនឡើង។ អ្នករាល់គ្នាបានស្អាតហើយ ដោយសារពាក្យដែលខ្ញុំបានប្រាប់។ ចូរនៅជាប់នឹងខ្ញុំ ដូចជាខ្ញុំនៅជាប់នឹងអ្នករាល់គ្នាចុះ ប្រៀបដូចជាមែក បើមិននៅជាប់នឹងដើម នោះមិនអាចនឹងបង្កើតផលបានទេ អ្នករាល់គ្នាក៏ដូច្នោះដែរ ទាល់តែនៅជាប់នឹងខ្ញុំ។ ខ្ញុំជាដើម អ្នករាល់គ្នាជាមែក អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នកនោះ ទើបអ្នកនោះបង្កើតផលជាច្រើន ដ្បិតបើដាច់ពីខ្ញុំ អ្នករាល់គ្នាមិនអាចធ្វើអ្វីបានឡើយ។ អ្នកណាមិននៅជាប់នឹងខ្ញុំ អ្នកនោះត្រូវបោះចោលទៅខាងក្រៅ ហើយក៏ក្រៀមទៅដូចជាមែកដែរ រួចគេប្រមូលបោះទៅក្នុងភ្លើងឆេះអស់ទៅ។ បើអ្នករាល់គ្នានៅជាប់នឹងខ្ញុំ ហើយពាក្យខ្ញុំនៅជាប់នឹងអ្នករាល់គ្នា ចូរសូមអ្វីតាមតែប្រាថ្នាចុះ សេចក្ដីនោះនឹងបានសម្រេចដល់អ្នករាល់គ្នាជាមិនខាន។ ព្រះវរបិតាខ្ញុំបានតម្កើងឡើង ដោយសារការនេះឯង គឺដោយអ្នករាល់គ្នាបានបង្កើតផលជាច្រើន ហើយធ្វើជាសិស្សរបស់ខ្ញុំពិតប្រាកដ។ ខ្ញុំបានស្រឡាញ់អ្នករាល់គ្នា ដូចព្រះវរបិតាស្រឡាញ់ខ្ញុំដែរ ចូរនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ខ្ញុំចុះ។ បើអ្នករាល់គ្នាកាន់តាមបទបញ្ជារបស់ខ្ញុំ នោះនឹងនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ខ្ញុំ ដូចជាខ្ញុំបានកាន់តាមបទបញ្ជារបស់ព្រះវរបិតាខ្ញុំ ហើយក៏នៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គដែរ។ ខ្ញុំនិយាយសេចក្តីទាំងនេះប្រាប់អ្នករាល់គ្នា ដើម្បីឲ្យអំណររបស់ខ្ញុំបាននៅជាប់ក្នុងអ្នករាល់គ្នា ហើយឲ្យអំណររបស់អ្នករាល់គ្នាបានពោរពេញផង។ នេះជាបទបញ្ជារបស់ខ្ញុំ គឺឲ្យអ្នករាល់គ្នាស្រឡាញ់ដល់គ្នាទៅវិញទៅមក ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។