YouVersion Logo
Search Icon

យ៉ាកុប 1:12-25

យ៉ាកុប 1:12-25 គកស១៦

មាន​ពរ​ហើយ​អ្នក​ណា​ដែល​ស៊ូ​ទ្រាំ​នឹង​សេចក្តី​ល្បួង ដ្បិត​កាល​ណា​ត្រូវ​ល្បង​ល ឃើញ​ថា​ខ្ជាប់‌ខ្ជួន​ហើយ អ្នក​នោះ​នឹង​ទទួល​បាន​មកុដ​នៃ​ជីវិត ដែល​ព្រះ‌អម្ចាស់​សន្យា​នឹង​ប្រទាន​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ។ ពេល​អ្នក​ណា​ម្នាក់​ជួបសេចក្ដី​ល្បួង មិន​ត្រូវ​ពោល​ថា «ព្រះ‌ទ្រង់​ល្បួង​ខ្ញុំ»​ឡើយ ដ្បិត​អំពើ​អាក្រក់​ពុំ​អាច​នឹង​ល្បួង​ព្រះ‌បាន​ឡើយ ហើយ​ព្រះ‌អង្គ​ក៏​មិន​ដែល​ល្បួង​អ្នក​ណា​ដែរ។ ប៉ុន្ដែ ដែល​គ្រប់​គ្នា​ជួប​សេចក្ដី​ល្បួង នោះ​គឺ​ដោយ​សារ​តែ​បំណង​ប្រាថ្នា​របស់​ខ្លួន​នាំ​ប្រទាញ ហើយ​លួង​លោម​ប៉ុណ្ណោះ រួច​កាល​ណា​បំណង​ប្រាថ្នា​ជាប់​មាន​ជា​ផ្ទៃ នោះ​សម្រាល​ចេញ​មក​ជា​អំពើ​បាប ហើយ​កាល​ណា​អំពើ​បាប​បាន​ពោរ‌ពេញ​ឡើង នោះ​ក៏​បង្កើត​ជា​សេចក្តី​ស្លាប់។ បង‌ប្អូន​ស្ងួន‌ភ្ងា​របស់​ខ្ញុំ​អើយ កុំ​ឲ្យ​យល់​ច្រឡំ​ឡើយ។ គ្រប់​ទាំង​អ្វីៗ​ល្អ​ដែល​ព្រះ​ប្រទាន​មក និង​គ្រប់​ទាំង​អំណោយ‌ទាន​ដ៏​គ្រប់​លក្ខណ៍ នោះ​សុទ្ធ​តែ​មក​ពី​ស្ថាន​លើ គឺ​មក​ពី​ព្រះ‌វរបិតា​នៃ​ពន្លឺ ដែល​ព្រះ‌អង្គ​មិន​ចេះ​ប្រែ​ប្រួល សូម្បី​តែ​ស្រមោល​នៃ​ការ​ផ្លាស់​ប្រែ​ក៏​គ្មាន​ដែរ។ ព្រះ​បាន​បង្កើត​យើង​មក តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ដោយ​សារ​ព្រះ‌បន្ទូល​ដ៏​ពិត ប្រយោជន៍​ឲ្យ​យើង​បាន​ដូច​ជា​ផល​ដំបូងនៃ​អ្វីៗ​ទាំង​អស់​ដែល​ព្រះ‌អង្គ​បង្កើត​មក។ បង‌ប្អូន​ស្ងួន‌ភ្ងា​អើយ ចូរ​ឲ្យ​គ្រប់​គ្នា​បាន​ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ។ ដ្បិត​កំហឹង​របស់​មនុស្ស មិន​ដែល​សម្រេច​តាម​សេចក្ដី​សុចរិត​របស់​ព្រះ​ឡើយ។ ហេតុ​នេះ ចូរ​ទទួល​ព្រះ‌បន្ទូល​ដែល​បាន​ដាំ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ដោយ​ចិត្ត​សុភាព​ចុះ ទាំង​លះ​ចោល​អស់​ទាំង​អំពើ​ស្មោក​គ្រោក និង​អំពើ​គម្រក់​ទាំង​ប៉ុន្មាន​ចេញ ដ្បិត​ព្រះ‌បន្ទូល​នោះ​អាច​នឹង​សង្គ្រោះ​ព្រលឹង​អ្នក​រាល់​គ្នា។ ចូរ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូល កុំ​គ្រាន់​តែ​ស្តាប់ ហើយ​បញ្ឆោត​ខ្លួន​ឯង​ប៉ុណ្ណោះ​នោះ​ឡើយ។ ដ្បិត​បើ​អ្នក​ណា​ស្តាប់​ព្រះ‌បន្ទូល​ហើយ តែ​មិន​ប្រព្រឹត្ត​តាម អ្នក​នោះ​ធៀប​ដូច​ជា​មនុស្ស​ដែល​ឆ្លុះ​មុខ​ក្នុង​កញ្ចក់ អ្នក​នោះ​គ្រាន់​តែ​ឆ្លុះ​មើល រួច​ចេញ​បាត់​ទៅ ទាំង​ភ្លេច​ពី​រូប​ភាព​របស់​ខ្លួន​ជា​យ៉ាង​ណា​ភ្លាម។ រីឯ​អ្នក​ដែល​ពិនិត្យ​មើល​ក្នុង​ក្រឹត្យ‌វិន័យ​ដ៏​គ្រប់​លក្ខណ៍ គឺ​ជា​ក្រឹត្យ‌វិន័យ​ខាង​ឯ​សេរី‌ភាព ហើយ​ជាប់​ចិត្ត ឥត​មាន​ភ្លេច​នឹង​សេចក្ដី​ដែល​ស្តាប់ គឺ​ប្រព្រឹត្ត​តាម អ្នក​នោះ​នឹង​មាន​ពរ​ក្នុង​គ្រប់​ទាំង​កិច្ច​ការ​ដែល​ខ្លួន​ធ្វើ​ជាមិន​ខាន។