លោកុប្បត្តិ 1:26-31
លោកុប្បត្តិ 1:26-31 គកស១៦
ព្រះមានព្រះបន្ទូលថា៖ «ចូរយើងបង្កើតមនុស្ស ឲ្យដូចជារូបយើង ឲ្យមានភាពដូចយើង ហើយចូរឲ្យគេមានអំណាចលើត្រីសមុទ្រ លើសត្វហើរលើអាកាស លើសត្វជើងបួន និងលើផែនដីទាំងមូល ព្រមទាំងសត្វលូនវារ ដែលវារនៅលើផែនដីផង»។ ព្រះបានបង្កើតមនុស្សឲ្យដូចជារូបអង្គទ្រង់ គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯង ព្រះអង្គបានបង្កើតគេ ជាប្រុសជាស្រី។ ព្រះបានប្រទានពរគេ គឺព្រះអង្គមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពាសពេញលើផែនដីចុះ ត្រូវបង្ក្រាបផែនដី ហើយមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាស និងជីវិតផងទាំងឡាយដែលកម្រើកនៅលើផែនដីផង»។ ព្រះទ្រង់មានព្រះបន្ទូលថា៖ «មើល៍! យើងឲ្យគ្រប់ទាំងតិណជាតិដែលមានគ្រាប់ពូជដុះនៅលើផែនដី និងគ្រប់ទាំងរុក្ខជាតិទាំងឡាយដែលមានផ្លែ ហើយមានគ្រាប់បន្តពូជ ទុកជាអាហារដល់អ្នក។ យើងក៏ឲ្យគ្រប់ទាំងតិណជាតិខ្ចីៗ ទុកជាអាហារដល់អស់ទាំងសត្វនៅផែនដី សត្វហើរលើអាកាស និងសត្វលូនវារនៅដី ដែលមានជីវិតទាំងប៉ុន្មានដែរ» នោះក៏កើតមានដូច្នោះមែន។ ព្រះទ្រង់ទតអ្វីៗទាំងអស់ដែលព្រះអង្គបានបង្កើតមក ឃើញថាល្អប្រពៃណាស់ នោះក៏មានល្ងាច មានព្រឹក ជាថ្ងៃទីប្រាំមួយ។