កាឡាទី 6:8-18
កាឡាទី 6:8-18 គកស១៦
អ្នកណាដែលសាបព្រោះខាងសាច់ឈាមរបស់ខ្លួន អ្នកនោះនឹងច្រូតបានជាសេចក្ដីពុករលួយពីសាច់ឈាមនោះ តែអ្នកណាដែលសាបព្រោះខាងព្រះវិញ្ញាណ អ្នកនោះនឹងច្រូតបានជីវិតអស់កល្បជានិច្ច ពីព្រះវិញ្ញាណវិញ។ យើងមិនត្រូវណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើយើងមិនរសាយចិត្តទេ ដល់ពេលកំណត់ យើងនឹងច្រូតបានហើយ។ ដូច្នេះ ពេលយើងមានឱកាស យើងត្រូវប្រព្រឹត្តអំពើល្អដល់មនុស្សទាំងអស់ ជាពិសេសេ ដល់បងប្អូនរួមជំនឿ។ សូមមើលអក្សរធំៗទាំងនេះ ដែលខ្ញុំសរសេរដោយដៃខ្ញុំផ្ទាល់ ផ្ញើមកអ្នករាល់គ្នា។ អស់អ្នកដែលចង់សម្ញែងខ្លួនខាងសាច់ឈាម គេបង្ខំអ្នករាល់គ្នាឲ្យទទួលពិធីកាត់ស្បែក គឺដើម្បីឲ្យគេបានរួចពីការបៀតបៀន ដោយព្រោះឈើឆ្កាងរបស់ព្រះគ្រីស្ទប៉ុណ្ណោះ ដ្បិតសូម្បីតែអស់អ្នកដែលទទួលពិធីកាត់ស្បែក ខ្លួនគេផ្ទាល់មិនទាំងកាន់តាមក្រឹត្យវិន័យផង តែគេចង់ឲ្យអ្នករាល់គ្នាទទួលពិធីកាត់ស្បែក ដើម្បីឲ្យគេបានអួតខាងសាច់ឈាមរបស់អ្នករាល់គ្នា។ ឯខ្ញុំវិញ សូមកុំឲ្យខ្ញុំអួតខ្លួនពីអ្វី ក្រៅពីឈើឆ្កាងរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងឡើយ ដែលដោយសារឈើឆ្កាងនោះ លោកីយ៍បានជាប់ឆ្កាងខាងឯខ្ញុំ ហើយខ្ញុំក៏ជាប់ឆ្កាងខាងឯលោកីយ៍ដែរ។ ដ្បិតការកាត់ស្បែកមិនសំខាន់អ្វីទេ ហើយការមិនកាត់ស្បែក នោះក៏មិនសំខាន់អ្វីដែរ តែដែលសំខាន់គឺ ការកើតជាថ្មី។ សូមឲ្យអស់អ្នកដែលដើរតាមគោលការណ៍នេះ ព្រមទាំងសាសន៍អ៊ីស្រាអែលរបស់ព្រះផង បានប្រកបដោយសេចក្ដីសុខសាន្ត និងសេចក្ដីមេត្តាករុណា។ ពីពេលនេះតទៅ សូមកុំឲ្យអ្នកណារំខានចិត្តខ្ញុំទៀតឡើយ ដ្បិតខ្ញុំមានស្លាកស្នាម របស់ព្រះយេស៊ូវ ជាប់ក្នុងរូបកាយខ្ញុំហើយ។ បងប្អូនអើយ សូមព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ស្ថិតនៅជាប់ជាមួយវិញ្ញាណរបស់អ្នករាល់គ្នា។ អាម៉ែន។:៚