កាឡាទី 5:16-21
កាឡាទី 5:16-21 គកស១៦
ប៉ុន្ដែ ខ្ញុំសូមជម្រាបថា ចូរដើរដោយព្រះវិញ្ញាណ មិនត្រូវបំពេញសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។ ដ្បិតសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម តែងតែទាស់នឹងព្រះវិញ្ញាណ ហើយសេចក្ដីប៉ងប្រាថ្នារបស់ព្រះវិញ្ញាណ ក៏ទាស់នឹងសាច់ឈាមដែរ ព្រោះទាំងពីរនេះប្រឆាំងគ្នា ក៏រាំងរាអ្នករាល់គ្នាមិនឲ្យធ្វើការ ដែលអ្នករាល់គ្នាចង់ធ្វើទៅកើត។ ប៉ុន្ដែ ប្រសិនបើព្រះវិញ្ញាណដឹកនាំអ្នករាល់គ្នា នោះអ្នករាល់គ្នាមិននៅក្រោមបន្ទុកក្រឹត្យវិន័យទៀតឡើយ។ រីឯកិច្ចការរបស់សាច់ឈាម នោះប្រាកដច្បាស់ហើយ គឺសហាយស្មន់ ស្មោកគ្រោក អាសអាភាស ថ្វាយបង្គំរូបព្រះ មន្តអាគម សម្អប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក ច្រណែន [កាប់សម្លាប់] ប្រមឹក ស៊ីផឹកជ្រុល និងអំពើផ្សេងៗទៀតដែលស្រដៀងការទាំងនេះ។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាមុន ដូចខ្ញុំបានប្រាប់រួចមកហើយថា អស់អ្នកដែលប្រព្រឹត្តអំពើដូច្នេះ មិនអាចទទួលព្រះរាជ្យរបស់ព្រះទុកជាមត៌កបានឡើយ។