កាឡាទី 4
4
1ខ្ញុំសូមជម្រាបថា ដរាបណាកូនដែលត្រូវទទួលមត៌កនៅក្មេងនៅឡើយ គេមិនខុសពីខ្ញុំបម្រើទេ ថ្វីដ្បិតតែគេជាម្ចាស់លើទ្រព្យសម្បត្តិទាំងអស់ក៏ដោយ 2កូននោះនៅក្រោមការឃុំគ្រងរបស់អ្នកអាណាព្យាបាល និងអ្នកមើលខុសត្រូវលើទ្រព្យសម្បត្តិ រហូតដល់ពេលដែលឪពុកបានកំណត់ទុក។ 3រីឯយើងវិញក៏ដូច្នោះដែរ កាលនៅក្មេងខ្ចីនេះ 4ប៉ុន្ដែ លុះដល់ពេលកំណត់ហើយ អុលឡោះក៏ចាត់បុត្រារបស់ទ្រង់ឲ្យមកប្រសូតចេញពីស្ដ្រី ហើយប្រសូតក្រោមអំណាចរបស់ហ៊ូកុំផង 5ដើម្បីលោះអស់អ្នកដែលស្ថិតនៅក្រោមអំណាចហ៊ូកុំ និងឲ្យយើងទទួលឋានៈជាបុត្ររបស់ទ្រង់។ 6បងប្អូនពិតជាបុត្ររបស់អុលឡោះមែន ព្រោះទ្រង់បានចាត់រសនៃបុត្រារបស់ទ្រង់ ឲ្យមកសណ្ឋិតក្នុងចិត្ដយើង គឺរសអុលឡោះនេះហើយ ដែលបន្លឺសំឡេងឡើងថា «អ័ប្បា! ឱអុលឡោះជាបិតា!»។ 7ដូច្នេះ អ្នកមិនមែនជាខ្ញុំបម្រើទៀតទេ គឺអ្នកជាបុត្ររបស់ទ្រង់វិញ។ បើអ្នកជាបុត្រមែន អ្នកក៏ត្រូវទទួលមត៌កដែលអុលឡោះប្រទានឲ្យនោះដែរ។
លោកប៉ូលព្រួយបារម្ភអំពីអ្នកស្រុកកាឡាទី
8កាលពីដើម បងប្អូនពុំស្គាល់អុលឡោះទេ ហើយក៏ធ្វើជាខ្ញុំបម្រើរបស់ព្រះនានា ដែលមិនមែនជាព្រះពិតប្រាកដ។ 9តែឥឡូវនេះ បងប្អូនស្គាល់អុលឡោះ បើនិយាយឲ្យចំ ទ្រង់បានស្គាល់បងប្អូនហើយ ហេតុដូចម្ដេចបានជាបងប្អូនបែរជាវិលទៅចុះចូលនឹងអ្វីៗជាអរូប ដែលមានឥទ្ធិពលក្នុងលោកីយ៍ ហើយចង់បម្រើឥទ្ធិពលដ៏ទន់ខ្សោយ គ្មានអំណាចទាំងនោះសាជាថ្មីវិញដូច្នេះ? 10បើបងប្អូនគោរពថ្ងៃខែ គោរពរដូវ និងគោរពឆ្នាំ។ 11ខ្ញុំបារម្ភក្រែងតែការនឿយហត់ដែលខ្ញុំធ្វើសម្រាប់បងប្អូន ត្រឡប់ទៅជាឥតបានផលអ្វីសោះ។
12បងប្អូនអើយ ខ្ញុំអង្វរបងប្អូនថា សូមកាន់ចិត្ដឲ្យបានដូចខ្ញុំ ដូចខ្ញុំបានកាន់ចិត្ដដូចបងប្អូនដែរ។ បងប្អូនពុំបានធ្វើអ្វីខុសចំពោះខ្ញុំទេ។ 13បងប្អូនជ្រាបស្រាប់ហើយថា ខ្ញុំបាននាំដំណឹងល្អមកជូនបងប្អូនជាលើកទីមួយ មកពីខ្ញុំមានសុខភាពទន់ខ្សោយ។ 14ក៏ប៉ុន្ដែ ទោះបីជំងឺរបស់ខ្ញុំបានបណ្ដាលឲ្យបងប្អូនលំបាកយ៉ាងណាក៏ដោយ ក៏បងប្អូនពុំបានមើលងាយ ឬស្អប់ខ្ពើមខ្ញុំដែរ ផ្ទុយទៅវិញ បងប្អូនបានទទួលខ្ញុំ ទុកដូចទទួលម៉ាឡាអ៊ីកាត់របស់អុលឡោះ ឬដូចទទួលអាល់ម៉ាហ្សៀសអ៊ីសាដែរ។ 15តើអំណរសប្បាយដែលបងប្អូនធ្លាប់មានកាលពីមុននោះនៅឯណា? ដ្បិតខ្ញុំហ៊ានធ្វើជាសាក្សីថា នៅពេលនោះ សូម្បីតែភ្នែករបស់បងប្អូនក៏បងប្អូនសុខចិត្ដខ្វេះឲ្យខ្ញុំដែរ ប្រសិនបើបងប្អូនអាចធ្វើបាន។ 16ឥឡូវនេះ តើបងប្អូនចាត់ទុកខ្ញុំជាសត្រូវ មកពីខ្ញុំនិយាយសេចក្ដីពិតឬ?
17រីឯពួកគេវិញ គេយកចិត្ដទុកដាក់នឹងបងប្អូនណាស់ តែក្នុងគោលបំណងមិនល្អទេ គេចង់បំបែកបងប្អូនចេញពីយើង ដើម្បីឲ្យបងប្អូនយកចិត្ដទុកដាក់ចំពោះគេវិញតែប៉ុណ្ណោះ។ 18ការយកចិត្ដទុកដាក់ដោយមានគោលបំណងល្អគ្រប់ពេលវេលានោះ ត្រឹមត្រូវហើយ គឺមិនគ្រាន់តែនៅពេលដែលខ្ញុំនៅជាមួយប៉ុណ្ណោះទេ។ 19កូនចៅអើយ ខ្ញុំឈឺចាប់ក្នុងការបង្កើតអ្នករាល់គ្នាសាជាថ្មី ប្រៀបបីដូចស្ដ្រីឈឺចាប់នៅពេលហៀបនឹងឆ្លងទន្លេយ៉ាងនោះដែរ គឺរហូតទាល់តែអាល់ម៉ាហ្សៀសបានកើតជារូបរាងឡើង ក្នុងអ្នករាល់គ្នា។ 20ខ្ញុំចង់នៅជិតបងប្អូនឥឡូវនេះណាស់ ដើម្បីនិយាយជាមួយបងប្អូនផ្ទាល់ តាមរបៀបមួយផ្សេងទៀត ដ្បិតខ្ញុំទ័លគំនិត មិនដឹងជាត្រូវសរសេរយ៉ាងដូចម្ដេចមកបងប្អូនទេ។
សម្ពន្ធមេត្រីចាស់ និងសម្ពន្ធមេត្រីថ្មី
21បងប្អូនដែលជាអ្នកចង់ចុះចូលនឹងហ៊ូកុំអើយ សូមប្រាប់ខ្ញុំមើល៍ តើបងប្អូនមិនយល់សេចក្ដីដែលហ៊ូកុំចែងទុកមកទេឬ? 22ក្នុងគីតាបមានចែងទុកមកថា អ៊ីព្រហ៊ីមមានកូនប្រុសពីរនាក់ គឺម្នាក់ជាកូនរបស់ស្ដ្រីអ្នកងារ ម្នាក់ទៀតជាកូនរបស់ស្ដ្រីអ្នកជា ។ 23ក៏ប៉ុន្ដែ កូនរបស់ស្ដ្រីអ្នកងារនោះ ជាកូនកើតមកតាមរបៀបលោកីយ៍ រីឯកូនរបស់ស្ដ្រីអ្នកជាវិញ កើតមកតាមបន្ទូលសន្យារបស់អុលឡោះ។ 24យើងអាចចាត់ទុករឿងនេះជានិមិត្ដរូបមួយដែរ ដ្បិតស្ដ្រីទាំងពីរនេះជាតំណាងសម្ពន្ធមេត្រីពីរ ម្នាក់ជាតំណាងនៃសម្ពន្ធមេត្រីដែលចងនៅភ្នំស៊ីណៃ គឺនាងហាជើរដែលបង្កើតកូនជាខ្ញុំបម្រើ។ 25នាងហាជើរជាតំណាងភ្នំស៊ីណៃនៅស្រុកអារ៉ាប់ ជានិមិត្ដរូបនៃក្រុងយេរូសាឡឹមសព្វថ្ងៃនេះ ដ្បិតនាងហាជើរ និងកូនចៅរបស់នាង សុទ្ធតែជាអ្នកងារ។ 26រីឯក្រុងយេរូសាឡឹមនៅសូរ៉កាវិញ គឺស្ដ្រីអ្នកជាដែលជាម្តាយរបស់យើងហ្នឹងហើយ 27ដ្បិតមានចែងទុកមកថាៈ
«នាងជាស្ដ្រីអារ នាងជាស្ដ្រីមិនបាន
បង្កើតកូនអើយ ចូរអរសប្បាយឡើង!
នាងពុំធ្លាប់ឈឺផ្ទៃអើយ
ចូរបន្លឺសំឡេងស្រែកដោយអំណរឡើង!
ដ្បិតកូនរបស់ស្ដ្រីដែលប្ដីបោះបង់ចោលនោះ
នឹងមានចំនួនច្រើនជាងកូនរបស់ស្ដ្រី
ដែលមានប្ដីទៅទៀត។»
28បងប្អូនអើយ បងប្អូនបានកើតមក តាមបន្ទូលសន្យានៃអុលឡោះដូចអ៊ីសាហាក់ដែរ។ 29ប៉ុន្ដែ ពីអតីតកាលកូនដែលកើតមកតាមរបៀបលោកីយ៍ បានធ្វើទុក្ខបៀតបៀនកូន ដែលកើតមកតាមរសអុលឡោះយ៉ាងណានៅបច្ចុប្បន្នកាលក៏នឹងមានយ៉ាងនោះដែរ។ 30តើក្នុងគីតាបមានចែងទុកដូចម្ដេច? គឺមានចែងថាៈ «សូមបណ្ដេញស្ដ្រីបម្រើ និងកូនវាចេញទៅ ដ្បិតកូនរបស់ស្ដ្រីអ្នកងារពុំត្រូវទទួលមត៌ក រួមជាមួយកូនរបស់ស្ដ្រីអ្នកជាឡើយ»។ 31ហេតុនេះ បងប្អូនអើយយើងមិនមែនជាកូនរបស់ស្ដ្រីអ្នកងារទេ គឺជាកូនរបស់ស្ដ្រីអ្នកជា។
Currently Selected:
កាឡាទី 4: អគត
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.